ការបើកចិត្តឱ្យទូលាយក្នុងការទទួលយក និងការបង្ហាញក្តីអាណិតស្រឡាញ់ពីសំណាក់ក្រុមគ្រួសារ អ្នកជុំវិញខ្លួន និងជាពិសេសសង្គមទាំងមូល គឺជាសំណូមពរ និងក្តីសង្ឃឹមដ៏មានតម្លៃរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
ចាប់តាំងពីពេលដឹងក្តីមក លោក ទុយ រស្មី (ជាងារក្រោយពីគាត់បានប្តូរពីភេទស្រីមកជាភេទប្រុស) តែងតែមានអារម្មណ៍ថាខ្លួនឯងមិនដូចជាក្មេងស្រីដទៃ តែងចូលចិត្តការស្លៀកពាក់ និងអាកប្បកិរិយាដែលដូចទៅនឹងមនុស្សប្រុស។ ភាពមិនច្បាស់លាស់នៃអត្តសញ្ញាណខ្លួនឯងនេះ បានផ្លាស់ប្ដូរនៅពេលដែលគាត់ដឹងខ្លួនច្បាស់ថា គាត់មានចិត្តស្រឡាញ់មនុស្សស្រីដូចគ្នាតាំងពីថ្នាក់បឋមសិក្សា។ ប៉ុន្តែគាត់ក៏នៅតែសម្រេចចិត្តដើរតាមធាតុពិតរបស់ខ្លួន ទោះបីជាមានបញ្ហាប្រឈមនឹងការរើសអើងជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកនៅក្នុងសង្គមក្តី។ ជាសំណាងល្អ ពេលនេះគាត់ក៏បានរកឃើញដៃគូជីវិតរបស់គាត់ និងធ្វើពិធីសេចក្តីថ្លែងទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១៨ មក។
ក្រៅពីនេះ លោក រស្មី ក៏ជាជំនួយការផ្នែកទំនាក់ទំនងនៅអង្គការសហគមន៍ឥន្ទធនូកម្ពុជា (Rainbow Community Kampuchea Organization) ឬហៅកាត់ថា Rock ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងការជួយគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា លោក ទុយ រស្មី (Tuy Reaksmey) បានចែករំលែកព័ត៌មានសំខាន់ៗមកកាន់ Focus អំពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា និងពីបញ្ហាប្រឈមដែលអ្នកនៅក្នុងសហគមន៍តែងតែជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ថ្លែងមកកាន់ Focus លោក រស្មី សម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានឹងទទួលបានសិទ្ធិពេញលេញ និងជៀសផុតពីការរើសអើងនៅក្នុងសង្គម។
តើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាអ្វី?
សម្រាប់ពាក្យនេះ ជារួមសហគមន៍របស់យើងប្រើវាជាពាក្យសម្រាប់សម្គាល់អ្នកដែលកំណត់ខ្លួនឯងថាស្រឡាញ់ភេទដូចគ្នា។
ឧទាហរណ៍ដូចជា៖
- Lesbian៖ ជាពាក្យសម្រាប់សម្គាល់មនុស្សស្រីដែលស្រឡាញ់ស្រីដូចគ្នា
- Gay៖ ពាក្យសម្រាប់សម្គាល់មនុស្សប្រុសដែលស្រឡាញ់ប្រុស
- Bisexual៖ ពាក្យសម្រាប់សម្គាល់អ្នកដែលស្រឡាញ់ទាំងភេទប្រុស ទាំងភេទស្រី
- Transgender៖ ពាក្យសម្រាប់សម្គាល់អ្នកដែលប្តូរយេនឌ័រពីប្រុសទៅស្រី ឬពីស្រីទៅប្រុសជាដើម
សូមបញ្ជាក់ផងដែរថា នៅមានពាក្យសម្គាល់ពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនទៀតដែលមិនបានលើកមករៀបរាប់អស់។
តើអង្គការ Rock មានទិន្នន័យរបស់អ្នកនៅក្នុងសហគមន៍ LGBT នៅក្នុងប្រទេសកម្ពុជាដែរឬទេ? បើមាន តើចំនួនអ្នកដែលចាត់ទុកខ្លួនឯងជា LGBTQ+ នៅក្នុងប្រទេសកម្ពុជាមានចំនួនប៉ុន្មាន?
យើងមិនមានទិន្នន័យច្បាស់លាស់នៅទូទាំងប្រទេសកម្ពុជាពីចំនួនអ្នកស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែបើតាមទិន្នន័យនៃអ្នកដែលជាសមាជិកផ្លូវការរបស់សហគមន៍យើងមានប្រមាណជាង ២ពាន់នាក់ដែលបានចាត់ទុកខ្លួនឯងនៅក្នុង LGBT community ដែលពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការធ្វើសកម្មភាពផ្សេងៗជាមួយសហគមន៍របស់យើង។
តើអ្វីខ្លះជាបញ្ហាប្រឈមដែល LGBT community នៅក្នុងប្រទេសកម្ពុជាកំពុងជួបប្រទះ?
បើយោងតាមការសិក្សាស្រាវជ្រាវរបស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក) ស្ដីពីការយល់ឃើញ អាកប្បកិរិយា និងឥរិយាបថចំពោះអ្នកស្រឡាញ់ភេទដូចគ្នាដែលជាស្ត្រីអាយុក្រោម ៣៥ឆ្នាំចំនួន ៦១នាក់កាលពីឆ្នាំ២០១៥ បានបង្ហាញថា បញ្ហាចម្បងដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាតែងតែជួបប្រទះ គឺការរើសអើងពីសំណាក់ក្រុមគ្រួសារ សាលារៀន កន្លែងធ្វើការ និងផ្នែកផ្លូវច្បាប់។
ការសិក្សានេះបានរកឃើញថា ៨១% គឺជាជនរងគ្រោះនៃអំពើហិង្សាផ្នែកផ្លូវចិត្តដោយការមិនទទួលស្គាល់អត្តសញ្ញាណរបស់ខ្លួនពីអ្នកដទៃ និងការបង្ខិតបង្ខំផ្នែកផ្លូវចិត្តដើម្បីបំពេញតាមតម្រូវការ និងការទាមទារពីសំណាក់ក្រុមគ្រួសារខ្លួនឯងផ្ទាល់ ដូចជាការប្រើពាក្យសម្ដីមិនសមរម្យ ការបង្ខំឱ្យស្លៀកពាក់ជាស្រី ការបង្ខំឱ្យរៀបការ ការបណ្តេញចេញពីផ្ទះជាដើម។ ទិន្នន័យនេះទៀតសោតក៏រាប់បញ្ចូលទាំងអំពើហិង្សាផ្នែករាងកាយ និងហិរញ្ញវត្ថុ និងផ្លូវភេទថែមទៀតផង។
ទិន្នន័យដែលបានមកពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញថាការរើសអើងពីសាលារៀន ឬកន្លែងធ្វើការវិញមានប្រមាណ ៧៩% ដែលអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេបដិសេធការងារដោយផ្អែកលើអត្តសញ្ញាណរបស់ខ្លួន ហើយប្រមាណ ៩៦% បានទទួលរងនូវការបៀតបៀនដោយពាក្យសម្ដី។
ចំណែកឯការរើសអើងផ្លូវច្បាប់សំដៅទៅលើការផ្តល់សិទ្ធិ និងការការពារដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានោះ ពុំទាន់មានភាពពេញលេញនៅឡើយទេ ដូចជាការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ច្បាប់ក្នុងការស្មុំកូនស្របច្បាប់ ការទទួលអត្តសញ្ញាណប័ណ្ណយេនឌ័រ និងជាពិសេសច្បាប់ប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា វាជាតម្រូវការផ្នែកផ្លូវច្បាប់ដែលចាំបាច់សម្រាប់សហគមន៍យើង។
តើអ្នកគិតថាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានភាពបើកចំហ និងទទួលស្គាល់សហគមន៍ LGBT ជាងមុនដែរឬទេ?
ផ្អែកទៅលើការចងក្រងព័ត៌មានរបស់សហគមន៍ យើងឃើញថាប្រជាជនយើងមានការបើកចិត្តទូលាយជាងមុនក្នុងការទទួលស្គាល់កូនជាអ្នកស្រឡាញ់ភេទដូចគ្នា។ ចំណែកឯអាជ្ញាធរក្នុងមូលដ្ឋានក៏បានយកចិត្តទុកដាក់ និងជួយការពារយើងជាងមុន។ លើសពីនេះក៏ឃើញមានការគាំទ្រ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំផ្សេងៗដូចជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី ក្រសួងព័ត៌មានជាដើម ហើយទាំងនេះវាជាសញ្ញាវិជ្ជមានមួយដែលធ្វើឱ្យពួកយើងមានក្តីសង្ឃឹមរស់នៅក្នុងសង្គមមួយនេះ។
ប៉ុន្តែយើងក៏នៅមើលឃើញពីបញ្ហានេះដូចគ្នា ដោយគ្រួសារមួយចំនួននៅតែបង្ខំឱ្យកូនកែប្រែខ្លួន ការបង្ខំឱ្យរៀបការ ការកាត់កាលចោលឬបណ្តេញចេញពីផ្ទះនៅតែកើតមានឡើង ហើយបើនៅក្នុងសហគមន៍វិញគឺយើងនៅតែទទួលបាននូវសំណួរប្លែកៗពីអត្តសញ្ញាណរបស់យើង និងការរស់នៅក្រោមខ្សែភ្នែកមើលងាយដដែល។ ជាពិសេសនៅក្នុងសង្គមពុំទាន់មានច្បាប់គាំទ្រ និងការពារអ្នកស្រឡាញ់ភេទដូចគ្នានៅឡើយទេ។
សរុបមក វាមានភាពប្រសើរឡើងតែវាមិនមានការការពារពេញលេញនៅឡើយទេ។
តើអ្នកមានសំណូមពរអ្វីខ្លះដើម្បីធ្វើឱ្យសហគមន៍ LGBT មានការទទួលស្គាល់ច្រើនជាងមុន?
- សូមបងប្អូនដែលជាអ្នកស្រឡាញ់ភេទដូចគ្នាមេត្តាកុំអស់សង្ឃឹម និងបន្តការខិតខំប្រឹងប្រែងធ្វើការជាកូនល្អ ពលរដ្ឋល្អ និងបុគ្គលដែលឱ្យតម្លៃទៅលើភាពជាខ្លួនឯង ដើម្បីបង្ហាញពីតម្លៃ និងសមត្ថភាពរបស់យើង ហើយពួកយើងមិនបានរស់នៅឯកោនោះទេ។
- សូមបងប្អូនដែលជាឪពុកម្តាយ អាណាព្យាបាល បងប្អូនបើកចិត្តទូលាយក្នុងការឈ្វេងយល់ និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នា ពីព្រោះក្រុមគ្រួសារជាអាវរងាដ៏សំខាន់ដែលផ្តល់ភាពកក់ក្តៅ និងជួយបំពេញនូវការរស់នៅដ៏ពេញលេញរបស់យើង។
- សុំឱ្យអាជ្ញាធរមូលដ្ឋានចូលរួមទទួលស្គាល់ការពារអ្នកស្រឡាញ់ភេទដូចគ្នាឱ្យបានសមស្រប ដើម្បីរស់នៅក្នុងសហគមន៍មួយដែលប្រកបដោយសុវត្ថិភាព និងភាពស្មើគ្នាក្នុងការអភិវឌ្ឍឱ្យបានពេញលេញ។
- សុំឱ្យអ្នកសារព័ត៌មានជួយបន្តផ្សព្វផ្សាយពីភាពវិជ្ជមាន និងការពិតពីធម្មជាតិរបស់យើង ដើម្បីឱ្យសង្គមមើលឃើញពីគុណតម្លៃក្នុងភាពជាមនុស្សរបស់យើង ក៏ដូចជាផ្តល់ឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គម។
- សុំឱ្យថ្នាក់ដឹកនាំជាតិបើកចិត្តឱ្យទូលាយក្នុងការសិក្សា និងបង្កើតច្បាប់ដើម្បីការពារសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាឱ្យរួចផុតពីការរើសអើង ស្អប់ខ្ពើមនៅក្នុងសង្គម ព្រោះច្បាប់ជាអាវក្រោះដ៏រឹងមាំបំផុតដែលអាចការពារយើង និងផ្តល់ឱកាសឱ្យការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងឧត្តមប្រយោជន៍របស់យើង៕