តើអ្វីទៅជាភាពខុសគ្នារវាងអ្នកចូលចិត្តលេងហ្គេម និងអ្នកញៀនហ្គេម?
ការលេងហ្គេមអាចផ្តល់ចំណុចវិជ្ជមានដល់ការលូតលាស់ផ្នែកការយល់ដឹងសម្រាប់មនុស្សពេញវ័យ និងកុមារ។ ជាមួយគ្នានេះ វាក៏អាចធ្វើឱ្យអ្នកលេងមានអារម្មណ៍ចង់ដឹង ចង់ឃើញរឿងរ៉ាវផ្សេងៗជាច្រើនទៀត។ អត្ថប្រយោជន៍ផ្សេងទៀតនៃការលេងហ្គេមក៏រួមមានការពង្រឹងតុល្យភាព ការពង្រឹងជំនាញលើការដោះស្រាយបញ្ហា ការបង្កើនការចងចាំ ការបង្កើនការផ្ដោតអារម្មណ៍ក៏ដូចជាការអភិវឌ្ឍជំនាញគិតឱ្យបានរហ័ស។
ជាធម្មតា អ្នកលេងហ្គេមតែងតែយល់បែបនេះដែរ។ កញ្ញា ឈុន ស្រីគុណ សុជាតា ដែលមានបទពិសោធន៍លេងហ្គេមរយៈពេល ១៣ឆ្នាំមកហើយបាននិយាយថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថាការលេងហ្គេមអាចជួយឱ្យខ្ញុំមានការគិត និងដំណើរការនៃការធ្វើអ្វីផ្សេងៗបានលឿន។ ខ្ញុំគិតថាខ្ញុំមានភាពបត់បែនល្អជាងមុន ពីព្រោះតែការលេងហ្គេមហ្នឹងហើយ»។
ភាពជឿនលឿននៃបច្ចេកវិទ្យាបានធ្វើឱ្យការលេងហ្គេមកាន់តែលឿន ដោយអាចឱ្យគេលេងហ្គេមបានតាមកុំព្យូទ័រលើតុ ទូរទស្សន៍ ថេប្លេត (tablet) ឬស្មាតហ្វូន (smartphone) ហើយស្មាតហ្វូនរឹតតែអាចផ្តល់ភាពងាយស្រួលក្នុងការលេងហ្គេមនៅគ្រប់ពេល និងគ្រប់ទីកន្លែង។
របាយការណ៍របស់ទីផ្សារហ្គេមពិភពលោក (Global Games Market) នៅឆ្នាំ២០១៩ បានឱ្យដឹងថា នៅលើពិភពលោកមានអ្នកលេងហ្គេមសរុបចំនួនប្រហែលជាង ២.៥០០លាននាក់ ដែលចំនួននេះស្មើប្រមាណ ៣០% នៃប្រជាជនសរុបនៅលើពិភពលោក។ ស្មាតហ្វូនបានក្លាយជាជម្រើសដ៏ល្អបំផុតដល់មនុស្សគ្រប់ៗគ្នា ដូច្នេះហើយគេសង្កេតឃើញថាចំនួនពាក់កណ្តាលនៃអ្នកលេងហ្គេមប្រើប្រាស់ទូរស័ព្ទដៃដើម្បីលេងហ្គេម។
កញ្ញា សុជាតា បាននិយាយទៀតថា៖ «ខ្ញុំចំណាយពេលជាមធ្យមពី ២ ទៅ ៣ម៉ោងលើការលេងហ្គេមក្នុងមួយថ្ងៃ។ ខ្ញុំមិនគិតថាខ្ញុំញៀនលេងហ្គេមនោះទេ ហើយខ្ញុំគ្រាន់តែយល់ថាវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំឧស្សាហ៍លេងហ្គេម ប៉ុន្តែខ្ញុំលេងក៏បានអត់ក៏បាន»។
ទោះបីជាហ្គេមអាចផ្តល់ភាពរីករាយ និងអត្ថប្រយោជន៍មួយចំនួន តែការលេងហ្គេមជ្រុលពេកអាចបង្កឱ្យមានបញ្ហាបាន។
វាមានបន្ទាត់ច្បាស់លាស់កំណត់រវាងអ្នកចូលចិត្តលេងហ្គេម និងអ្នកញៀនហ្គេម។ ប្រសិនបើអ្នកជាអ្នកចូលចិត្តលេងហ្គេម ការលេងឬក៏អត់វាមិនមែនជាបញ្ហានោះទេ ពីព្រោះអ្នកអាចលេងហ្គេមនៅពេលទំនេរ។ ជាមួយគ្នានេះដែរ អ្នកក៏នៅតែមានទំនាក់ទំនងនៅក្នុងសង្គមបានធម្មតា ដោយណាត់ជួបដើរលេងជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារ។
ក៏ប៉ុន្តែអ្នកញៀនហ្គេមក៏មិនមានលក្ខណៈខុសពីអ្នកញៀនស្រា ឬញៀនគ្រឿងញៀនដែរ។ ពួកគេទំនងជាមានអាការមួយចំនួនដូចជា៖
- ការគិតអំពីហ្គេមគ្រប់ពេលវេលា
- ភាគច្រើនមានអារម្មណ៍មិនល្អនៅពេលពួកគេមិនអាចលេងហ្គេម
- ត្រូវការពេលលេងច្រើនទៅៗដើម្បីឱ្យមានអារម្មណ៍ស្ងប់ចិត្ត
- ពិបាកបញ្ឈប់ការលេងហ្គេម ឬលេងតិចជាងមុន
- លែងចង់ធ្វើអ្វីដែលពួកគេធ្លាប់ចូលចិត្ត
- អាចនឹងបង្កបញ្ហានៅក្នុងសាលារៀន កន្លែងធ្វើការ ឬនៅផ្ទះ
- និយាយកុហកទៅកាន់អ្នកដទៃអំពីពេលចំណាយក្នុងការលេងហ្គេម
- ប្រើប្រាស់ការលេងហ្គេមដើម្បីលុបបំបាត់អារម្មណ៍មិនល្អ
នៅឆ្នាំ២០១៩ អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ការញៀនវីដេអូហ្គេមថាជាបញ្ហាអាកប្បកិរិយាមួយ។ ការចង្អុលបង្ហាញពីបញ្ហាការញៀនហ្គេមនេះនៅពេលដែលការលេងល្បែងត្រូវបានបុគ្គលណាម្នាក់ចាប់អារម្មណ៍ខ្លាំងជាងកិច្ចការផ្សេងទៀត ហើយនៅតែមានចំណង់លេងហ្គេមទោះបីជាវាបានផ្តល់ផលអវិជ្ជមានយ៉ាងណាក៏ដោយ ហើយគេអាចកំណត់បានថាបុគ្គលណាម្នាក់ជាមនុស្សញៀនហ្គេម នៅពេលដែលពួកគេបង្ហាញនូវអាកប្បកិរិយាបែបនេះក្នុងរយៈពេលជាង ១២ខែ។
ការកំណត់របស់អង្គការសុខភាពពិភពលោកទទួលបានការរិះគន់ជាច្រើន ពីព្រោះប្រធានបទនៃការញៀនហ្គេមនេះតែងតែទទួលបានមតិចម្រូងចម្រាសនៅក្នុងសង្គម។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចំនួនអ្នកដែលលេងហ្គេមហើយមានឱកាសវិវឌ្ឍទៅជាការញៀនហ្គេមនេះមានមិនលើសពី ៣%។ ចំណែកសារព័ត៌មាន Associated Press បានរកឃើញភាគរយទាបជាង ១% នៃអ្នកញៀនហ្គេមទៅទៀត។ អ្នកជំនាញខ្លះបាននិយាយថា ចាំបាច់ត្រូវមានការស្រាវជ្រាវបន្ថែមទៀតលើបញ្ហានេះជាមុនសិន មុនពេលកំណត់ថាវាជាបញ្ហាញៀនហ្គេម។ ទោះបីជាយ៉ាងណាក៏ដោយ ការញៀនលេងហ្គេមនេះក៏អាចផ្តល់ផលប៉ះពាល់ដល់អ្នកដែលទទួលនូវឥទ្ធិពលនៃការញៀនហ្គេមនេះផងដែរ។
លោក ខាត់ ជីវ័ន្ត មានអាយុ ៣៨ឆ្នាំបាននិយាយថា៖ «ខ្ញុំធ្លាប់លេងហ្គេមវីដេអូ ២យប់ ២ថ្ងៃដោយមិនដេក»។ លោក ជីវ័ន្ត ក៏បានសារភាពថាខ្លួនបានញៀននឹងហ្គេមកាលពីប៉ុន្មានឆ្នាំមុននេះ។ គាត់ធ្លាប់ចំណាយពេលភាគច្រើនរបស់គាត់ទៅលើហ្គេម ជាពិសេសហ្គេមផ្សងព្រេងដូចជាហ្គេម JX និង Dota ហើយគាត់និងសមាជិកក្រុមរបស់គាត់បានចូលរួមការប្រកួតហ្គេមមួយ និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀតផង។ សម្រាប់គាត់ ហ្គេមជាអាទិភាពទីមួយរបស់គាត់ ហើយមិត្តភក្ដិ ការងារ និងគ្រួសារវិញគឺស្ថិតនៅលំដាប់បន្តបន្ទាប់។ គាត់ដឹងថាការជក់ហ្គេមវាអាក្រក់ ប៉ុន្តែគាត់មិនអាចដកខ្លួនបានទេ ពីព្រោះការលេងហ្គេមវាពិតជាមានភាពសប្បាយរីករាយណាស់។
លោក ជីវ័ន្ត បានបន្តទៀតថា៖ «កាលពីឆ្នាំមុនខ្ញុំដឹងថាខ្ញុំញៀននឹងហ្គេម ព្រោះអ្នកនៅជុំវិញខ្ញុំតែងតែនិយាយណែនាំលើទម្លាប់ការលេងហ្គេមរបស់ខ្ញុំ។ បន្ទាប់មកដោយសារតែអាយុ និងទំនួលខុសត្រូវរបស់ខ្ញុំ ខ្ញុំក៏បានព្យាយាមកាត់បន្ថយពេលវេលាចំណាយលើហ្គេមផងដែរ។ ខ្ញុំលេងតែពេលទំនេរទេ ហើយឥឡូវនេះខ្ញុំព្យាយាមលេងហ្គេមតាមទូរស័ព្ទជាជាងលេងហ្គេមតាមកុំព្យូទ័រលើតុ»។
ដោយសារការលេងហ្គេមបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់គាត់ហើយ ដូច្នេះវាជាការលំបាកសម្រាប់គាត់នៅពេលដំបូងដែលត្រូវកាត់បន្ថយ។ នៅពេលបច្ចុប្បន្ន គាត់លេងហ្គេមជាមធ្យម ៤ម៉ោងនៅពេលទំនេរ។ អ្វីដែលជំរុញឱ្យគាត់កាត់បន្ថយទម្លាប់លេងហ្គេមនេះ គឺនៅពេលដែលខ្លួនគាត់ចាប់ផ្តើមយល់ដឹងពីផលប៉ះពាល់របស់ហ្គេមដែលជះឥទ្ធិពលមិនល្អដល់ជីវិតរបស់គាត់ ដែលរាប់បញ្ចូលទាំងបញ្ហាជំងឺបេះដូង និងកង្វះទំនាក់ទំនងសង្គមជាមួយមនុស្សដទៃទៀតផង។
លោក ជីវ័ន្ត និយាយថា៖ «នៅពេលណាដែលខ្ញុំកំពុងលេងហ្គេម ហើយមានគេរំខានខ្ញុំ ខ្ញុំពិតជាខឹងខ្លាំងណាស់កាលពីពេល (ខ្ញុំ) ជក់លេងខ្លាំង»៕