យុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី បានចប់នៅថ្ងៃនេះ។ ហេតុអ្វីបានកម្ពុជាចូលរួមក្នុងយុទ្ធនាការនេះ?
យុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃទី ២៥ ខែ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែ ធ្នូ។ ចលនានេះជាចលនាសកលមួយ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅ ឆ្នាំ ១៩៩៩ និងប្រារព្ធឡើងនៅកម្ពុជាជាផ្លូវការនៅឆ្នាំ ២០០០។
រៀងរាល់ឆ្នាំ ស្ថាប័នផ្សេងៗបានរៀបចំគម្រោង ដើម្បីគៀងគរមហាជនឲ្យយល់ដឹងបន្ថែម និងបញ្ឈប់អំពើហិង្សាគ្រប់ រូបភាពលើស្រ្តី។ ក្រសួងកិច្ចការនារី និងស្ថាប័ននានាដែលធ្វើការទាក់ទងនឹងស្ត្រី រួមមានការិយាល័យពីរសំខាន់ៗរបស់អង្គការសហប្រជាជាតិចូលរួមគឺ UNFPA និង UN Women បានសហការគ្នា រៀបចំកម្មវិធីនិងសិក្ខាសាលាផ្សេងៗ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ទៅដល់តំបន់ជាច្រើនក្នុងអំឡុងពេល ១៦ ថ្ងៃនៃយុទ្ធនាការនេះ។
ដោយឡែកនៅឆ្នាំ ២០២០ ដែលជាអំឡុងពេលរាតត្បាតរបស់មេរោគកូវីដ ១៩ យុទ្ធនាការនេះ បានផ្តោតលើការផ្សព្វផ្សាយតាមឌីជីថលវិញ តាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗ ហើយក្នុងនោះមានកម្មវិធីដូចជា វីដេអូអំពីការពិភាក្សាតុមូល រវាងវាគ្មិនផ្សេងៗអំពីហិង្សាលើស្រ្តីជាដើម។
«ការផ្លាស់ប្ដូរឥរិយាបទសង្គម ឲ្យទៅជាវិជ្ជមាន ត្រូវការពេលវេលាយូរ» នេះបើតាមការលើកឡើងរបស់អ្នកស្រី ឃុន សុភា អ្នកតំណាងប្រចាំប្រទេសស្ដីទីរបស់ UN Women នៅកម្ពុជា អំពីកត្តាប្រឈមមួយចំនួនដែលអង្គការផ្សេងៗបានជួបប្រទះ អំឡុងពេលលើកកម្ពស់ការយល់ដឹងទៅលើបញ្ហានេះ។
ដោយសារតែយុទ្ធនាការនេះជាចលនាធំមួយ អ្នកស្រីពោលថា ការស្រង់មតិ ដើម្បីវាស់វែងការយល់ដឹង របស់មហាជនគឺជារឿងលំបាក។ លើសពីនេះទៅទៀត ការប៉ាន់ស្មានអំពីថាតើអំពីហិង្សាលើស្រ្តីបានធ្លាប់ចុះ ចាប់តាំង ពីមានការបង្កើតយុទ្ធនាការនេះឡើង ក៏ជាការងារមួយដែលលំបាក ដោយវាតម្រូវការឲ្យមានទិន្នន័យ និងធនធានច្រើន។
ថ្វីបើមិនមានតួលេខជាក់ស្តែង អ្នកស្រីធ្លាប់បានឮមតិវិជ្ជមានមួយចំនួន ពីយុវវ័យ អំពីការប្ដេជ្ញាចិត្ត បញ្ឈប់អំពើហិង្សាលើស្រ្តី។
យោងទៅតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិស្ថិតិ ស្រ្តីកម្ពុជា ១ ក្នុងចំណោម ៥ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦៤ ឆ្នាំ បានរាយការណ៍ថា ខ្លួនបានទទួលរងអំពើហិង្សាលើរាងកាយ ឬក៏អំពើហិង្សាផ្លូវភេទពីដៃគូរបស់ ពួកគាត់។ ដូច្នេះបន្ទាប់ពីយុទ្ធនាការ ១៦ ថ្ងៃនេះ អង្គការដែលចូលរួមអនុវត្តសង្ឃឹមថា ការបញ្រ្ជាបចំណេះដឹង និងការអំពាវនាវនេះ នឹងធ្វើឲ្យមនុស្សគ្រប់រូបភ្ញាក់រលឹកថា អំពើហិង្សាលើស្រ្តីមិនអាចអត់អោនបានឡើយ។
អ្នកស្រី សុភា បានបន្ថែមទៀតថា ការចូលរួមក្នុងយុទ្ធនាការនេះ មានសារសំខាន់ មិនថាចំនួនតិចឬច្រើនឡើយ។ បុគ្គលអាចចាប់ផ្ដើមដោយការបង្រៀនក្មេងប្រុសៗ ឲ្យក្លាយទៅជាមនុស្សប្រុសប្រកបទៅដោយទំនួលខុសត្រូវខ្ពស់ ក្នុងការនិយាយ និងពិភាក្សាជាមួយ គ្រួសារ និងសហគមន៍របស់យើង អំពីផលប៉ះពាល់របស់អំពើហិង្សាលើស្រ្តី និងការចូលរួមធ្វើយ៉ាងណាដើម្បីឲ្យយើង រស់នៅក្នុងផ្ទះមួយដោយគ្មានអំពើហិង្សា។
នេះជាវិធីសាស្រ្តគោលដែលអង្គការដូចជា UNWomen បានអំពាវនាវ ដល់មហាជនអំឡុងពេល ១៦ ថ្ងៃនេះ។ យ៉ាងណាមិញ ទោះបីជាយុទ្ធនាការ ១៦ ថ្ងៃនេះបានបញ្ចប់ទៅក៏ដោយ អ្នកស្រីបានបន្ថែមថា ស្ថាប័នអ្នកស្រីនឹងបន្តការលើកកម្ពស់ក្នុងការយល់ដឹង និងបញ្ឈប់អំពើហិង្សាលើស្រ្តីជានិច្ច។