ការត្រូវបានបដិសេធការងារ ឬការបាត់បង់ឱកាសក្នុងការធ្វើកិច្ចការអ្វីមួយ ដែលអ្នកគិតថាមានតម្លៃសម្រាប់ជីវិត និងអនាគតរបស់អ្នក មិនមែនសុទ្ធតែជារឿងអាក្រក់សម្រាប់ជីវិតទាំងអស់នោះទេ ព្រោះអ្នកអាចរកបាននូវកំណប់សំខាន់ៗក្នុងជីវិតជាច្រើន ដែលអ្នកមិនអាចនឹកស្មានមិនដល់។
ការត្រូវបានបដិសេធ ឬការបាត់បង់ឱកាស គឺកើតឡើងជាធម្មតានៅក្នុងដំណើរជីវិតរបស់មនុស្សគ្រប់រូប។ សូម្បីតែបុគ្គលជោគជ័យមួយចំនួន សុទ្ធបានឆ្លងកាត់បទពិសោធន៍ទាំងនេះ ដូចជាអ្នកនិពន្ធសៀវភៅដ៏ល្បី គឺអ្នកស្រី J. K. Rowling ដែលត្រូវបានបដិសេធជាច្រើនដង ក្នុងការបោះពុម្ពស្នាដៃសៀវភៅរឿងវេទមន្ត Harry Potter របស់ខ្លួន និងលោក Steve Job ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Apple ដ៏ធំមួយក្នុងពិភពលោក ក៏ត្រូវបានបណ្តេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើតផ្ទាល់តែម្តង កាលពីឆ្នាំ ១៩៨៥។
អ្វីដែលមនុស្សភាគច្រើន តែងតែគិតដល់មុនគេ នៅពេលដែលខ្លួនជួបប្រទះបញ្ហាទាំងអស់នេះគឺ ការកើតទុក្ខ ស្តីបន្ទោសខ្លួនឯង បន្ទោសព្រេងវាសនា ឬទំលាក់កំហុសលើអ្នកដទៃទៅវិញ។ ប៉ុន្តែចំណុចសំខាន់ដែលយើងគ្រប់គ្នាតែងតែមើលរំលងនោះគឺ អត្ថប្រយោជន៍ដែលទទួលបានពីការបដិសេធ។ ក្រៅពីភាពល្អក់កករនៃការបដិសេធនោះ តើមានភាពល្អបរិសុទ្ធអ្វីខ្លះដែលបានបង្កប់នៅក្នុងនោះ?
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៤ ដែលអ្នកគួរពិចារណាប្រសិនបើការបដិសេធនេះបានចូលមកបង្អាក់ដំណើរជីវិតរបស់អ្នក។
អ្នកជាមនុស្ស
អ្នកអាចក្រើនរំលឹកខ្លួនឯងថា ធម្មជាតិរបស់មនុស្ស មិនមានអ្នកណាពូកែគ្រប់ដប់ និងជោគជ័យក្នុងការងារគ្រប់បែបយ៉ាងនោះទេ ទោះបីជាអ្នកចង់ជឿ ឬមិនចង់ជឿក៏ដោយ។ ទោះបីជាមនុស្សដែលពូកែ ឬឈ្លាសវៃដល់កម្រិតណាវាជៀសមិនផុតពីការបង្កើតកំហុសនិងទទួលបានការបដិសេធពីនរណាម្នាក់ឡើយ។
លើកទឹកចិត្តខ្លួនឯងឱ្យធ្វើកាន់តែបានល្អ និងខ្លាំងជាងមុន
មនុស្សនឹងមិនមានភាពរឹងមាំនោះទេ នៅពេលដែលធ្វើតែកិច្ចការដដែលៗ និងងាយស្រួល។ ប៉ុន្តែនៅពេលដែលយើងជួបប្រទះបញ្ហា ឬការបាត់បង់អ្វីមួយសំខាន់ វាបានបង្ហាញពីភាពខ្លាំង និងភាពខ្សោយនៃសមត្ថភាពរបស់យើង។ហេតុនេះ ប្រសិនបើអ្នកពិតជាចង់សម្រេចគោលដៅអ្នកត្រូវតែស៊ូទ្រាំ និងពង្រឹងសមត្ថភាពខ្លួនឯងទាំងផ្លូវកាយ និងចិត្ត ក្រោយពេលពេលបរាជ័យ ដើម្បីដើរទៅដល់ភាពជោគជ័យពេលក្រោយ។
ផ្លាស់ប្តូរយុទ្ធសាស្រ្ត និងស្វែងរកឱកាសសម្រាប់ការលូតលាស់
ពេលខ្លះការទទួលបានការបដិសេធ គឺជាមេរៀនដែលប្រាប់ជីវិតយើងថា ត្រូវរកផ្លូវដើរផ្សេង ដើម្បីទៅកន្លែងដែលយើងចង់ទៅ។ ប្រហែលជាផ្លូវដែលយើងកំពុងព្យាយាមដើរឆ្ពោះទៅរកគោលដៅរបស់យើងនោះ គឺមិនបានសមស្របនឹងយើង ឬប្រហែលជាមានវិធីល្អជាងនេះ ដែលយើងត្រូវតែស្វះស្វែងរក។ ការបដិសេធអាចជាបទពិសោធន៍វិជ្ជមាន ប្រសិនបើអ្នកសុខចិត្តដើរលើផ្លូវមួយផ្សេងទៀត ឬសាកល្បងវិធីថ្មីដើម្បីសម្រេចបានដូចគ្នា។
ប្រយោជន៍ល្អដល់សុខភាព
បទពិសោធន៍ដ៏ស្មុគស្មាញនេះ បានធ្វើឱ្យអ្នកមានពេលវេលាសោកសៅ។ ការសិក្សា របស់ The National Center for Biotechnology Information មជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យាដែលជាផ្នែកមួយរបស់វិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិកបានបង្ហាញថាទឹកភ្នែករបស់មនុស្សមានផ្ទុកអរម៉ូនស្ត្រេស ជាសារធាតុជាច្រើន ដូចជាសារធាតុ ខតធីសល(cortisol) ជាដើម។ ហេតុនេះនៅពេលដែលយំ យើងនឹងបញ្ចេញភាពតានតឹងចេញពីក្នុងខ្លួនរបស់យើង ហើយយើងអាចត្រលប់ទៅរកសភាពស្រស់ស្រាយធម្មតាវិញ។ ចំពោះការសោកសៅដោយសារក្តីសុបិន្ត និងឱកាសដែលបាត់បង់ដូចគ្នានេះ មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ផ្ទុយទៅវិញវាជាសញ្ញានៃភាពខ្លាំង។ ខួរក្បាលរបស់មនុស្សត្រូវការសម្រាក ហើយក្តីសោកសៅអាចជួយឱ្យខួរក្បាលមនុស្សសម្រាកពីការគិតផ្សេងៗមួយរយៈ និងអាចធ្វើឱ្យ ដំណើរការក្នុងការស្តុកទុកនូវពត៌មានបានល្អជាងមុន។ បើមិនដូច្នោះទេ រឿងអាក្រក់ទាំងនោះ វាត្រូវបានជាប់គាំងនៅក្នុងការគិតរបស់អ្នក ហើយក្លាយជាបទពិសោធន៍ដ៏ឈឺចាប់ ដែលអាចរារាំងការរីកចម្រើននៅថ្ងៃមុខថែមទៀតផង៕