តើអ្នកធ្លាប់ឃើញសំរាមពេលក្រឡេកមើលឆ្វេងនិងស្តាំដែរឬទេ? តើអ្នកចង់ឱ្យសហគមន៍របស់អ្នកស្អាតដែរឬទេ? ប្រសិនបើមានការអនុវត្តដែលយើងអាចធ្វើបាន តើអ្នកនឹងស្ម័គ្រចិត្តធ្វើតាមវិធីទាំងនោះដែរឬទេ?
ការប្រើប្រាស់ប្លាស្ទិកបានក្លាយជាទម្លាប់មួយនៅក្នុងជីវិតរបស់ប្រជាជនកម្ពុជា ជាពិសេសនៅពេលទៅផ្សារទិញគ្រឿងទេស និងខ្ចប់អាហារ។ ប៉ុន្តែប្រជាជនភាគច្រើនប្រហែលជាមិនបានខ្វាយខ្វល់ពីផលប៉ះពាល់នៃថង់ប្លាស្ទិកនៅក្នុងសហគមន៍របស់ខ្លួននោះទេ។ ថង់ប្លាស្ទិកមាននៅគ្រប់ទីកន្លែងទាំងអស់ សូម្បីតែនៅក្នុងព្រៃជ្រៅក៏ដោយ ដែលនេះហាក់ដូចជាបង្ហាញថាទីណាមានមនុស្សទៅដល់ ទីនោះមានសំរាម។
យោងទៅតាមអង្គការ UNDP នៅកម្ពុជាបានឱ្យដឹងថា នៅទីក្រុងភ្នំពេញ ការប្រើប្រាស់ថង់ប្លាស្ទិកមានចំនួនប្រមាណជាង ១០លានថង់ក្នុងមួយថ្ងៃ។ ទោះបីជាអាជីវកម្មមួយចំនួនបានប្រើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយប្រើប្រាស់នូវបំពង់បឺតធ្វើពីឫស្សី ឬលោហៈ ថង់ដែលអាចរលាយបានតាមលក្ខណៈធម្មជាតិ ការបញ្ចុះតម្លៃលើភេសជ្ជៈបើមានដបដាក់ទឹកឬកាហ្វេខ្លួនឯងក៏ដោយ ក៏សំរាមនៅតែជាបញ្ហាដែលពិបាកដោះស្រាយផងដែរនៅក្នុងប្រទេសកម្ពុជា។ បើក្រឡេកមើលនៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរចាប់តាំងពីអ្នកលក់រហូតដល់ហាងកាត់ខោអាវ សម្ភារៈភាគច្រើនសុទ្ធតែមានខ្ចប់ថង់ប្លាស្ទិក។
ការពិតពីថង់ប្លាស្ទិក
យោងតាមអង្គការ UNDP នៅកម្ពុជាបានឱ្យដឹងថា៖
- ពិភពលោកផលិតប្លាស្ទិក ៤៤០លានតោនក្នុងមួយឆ្នាំ
- រៀងរាល់មួយនាទីមានដបទឹកប្លាស្ទិកចំនួន ១លានដបត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក
- ក្នុងចំណោមប្លាស្ទិកដែលប្រើប្រាស់ មានតែ ៩% ត្រូវបានកែច្នៃឡើងវិញត្រឹមត្រូវ ហើយ ៩១% ទៀត ត្រូវបានចោលនៅក្នុងគំនរសំរាមដែលបំពុលដល់សហគមន៍ និងប្រភពទឹករបស់យើង
- ប្លាស្ទិកមិនអាចរលាយក្នុងរយៈពេលរាប់រយឆ្នាំ
- ប្រសិនបើយើងដុតប្លាស្ទិក វានឹងបំពុលខ្យល់។ ប្រសិនបើយើងបោះប្លាស្ទិកទៅក្នុងទឹក វាបំពុលទឹក និងធ្វើឱ្យត្រីងាប់។ ប្រសិនបើយើងកប់ប្លាស្ទិក វាបំពុលដីប៉ះពាល់ដល់ជីវជាតិដី។
តើខ្លួនអ្នកផ្ទាល់ អាចធ្វើអ្វីបានខ្លះដើម្បីកាត់បន្ថយប្លាស្ទិកនៅកម្ពុជា?
ការអនុវត្ត 4R ត្រូវបានណែនាំនៅគ្រប់បណ្តាប្រទេសក្នុងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី ការប្រែប្រួលអាកាសធាតុ និងដើម្បីរក្សាភាពស្អាតក្នុងទីក្រុង។ ហើយការអនុវត្តនេះ ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងបរិស្ថាន សង្គមស៊ីវិល និងសកម្មជនបរិស្ថាន។
១- ការបដិសេធ (Refuse)
អត្ថន័យ៖ អ្នកអាចបដិសេធចំពោះការប្រើប្រាស់ថង់ប្លាស្ទិករាល់ពេលទិញម្ហូប ភេសជ្ជៈ ឬគ្រឿងទេស
សកម្មភាពដែលអាចធ្វើបាន៖
- ប្រសិនបើអ្នកលក់ដាក់ខ្ចប់ថង់ឱ្យ យើងអាចបដិសេធមិនយក ព្រោះថាយើងមានថង់យាម ឬកន្ត្រកដាក់ម្ហូប
- បដិសេធទិញសម្ភារៈដែលមានវេចខ្ចប់ដោយថង់ប្លាស្ទិកច្រើនពេក ព្រោះថាយើងអាចជ្រើសរើសយកផលិតផលដែលមិនត្រូវការការវេចខ្ចប់
- បដិសេធថង់ប្លាស្ទិក ឬសម្ភារៈដែលមិនចាំបាច់នៅពេលទិញអាហារ ឬភេសជ្ជៈ ឬកាហ្វេជាដើម
២- ការកាត់បន្ថយ (Reduce)
អត្ថន័យ៖ អ្នកអាចកាត់បន្ថយការប្រើប្រាស់ ដោយមាន ឬមិនមានការដាក់កំហិតទិញរបស់ខ្លួនដោយជៀសវាងការទិញសម្ភារៈ ឬម្ហូបអាហារច្រើនពេកលើសពីអ្វីដែលខ្លួនត្រូវការ។ ការកាត់បន្ថយនេះ ក៏អាចជាវិធីមួយក្នុងការសន្សំសំចៃប្រាក់កាសផងដែរ។
សកម្មភាពដែលអាចធ្វើបាន៖
- ព្យាយាមការដាក់កំហិតខ្លួនឯងរយៈពេល ៣ថ្ងៃ ដើម្បីជៀសវាងការទិញតាមចំណង់។ ប្រសិនបើអ្នកចង់ទិញទំនិញណាមួយ អ្នកអាចរង់ចាំរយៈពេល ៣ថ្ងៃសិន ហើយបើនៅតែគិតពីទំនិញនោះ អ្នកអាចទិញវាបាន ប៉ុន្តែជាធម្មតាអ្នកនឹងអាចភ្លេចពីចំណង់ទិញ។
- ជៀសវាងការទិញសម្ភារៈក្នុងបរិមាណច្រើនប្រើមិនអស់មុនពេលផុតកំណត់
- បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ ឬដកឌុយសាកគ្រឿងអេឡិចត្រូនិកផ្សេងៗនៅពេលមិនប្រើប្រាស់
៣- ការប្រើប្រាស់ឡើងវិញ (Reuse)
អត្ថន័យ៖ ការប្រើប្រាស់សម្ភារៈចាស់ៗដែលគិតថានឹងត្រូវបោះចោលដើម្បីបង្កើតបានជារបស់អ្វីមួយ
សកម្មភាពដែលអាចធ្វើបាន៖
- ប្រអប់ជ័រដាក់អាហារពីភោជនីយដ្ឋាន ឬកំប៉ុងកាហ្វេ អាចលាងប្រើប្រាស់ឡើងវិញដោយអាចទុកដាក់ម្ហូបសល់ ឬធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងទៀតនៅក្នុងផ្ទះ ហើយដបកែវផ្សេងៗអាចប្រើប្រាស់ជាថូដាក់ផ្កា ឬដាក់ទឹកទុកក្លាសេជាដើម។
- ប្រើប្រាស់ខោអាវចាស់ៗប្រើជាកន្ទប ឬក្រណាត់ជូតជើង ឬបរិច្ចាគខោអាវទាំងអស់ទៅឱ្យអ្នកដែលត្រូវការ
- លក់ចោល ឬបរិច្ចាគគ្រឿងអេឡិចត្រូនិកដែលឈប់ប្រើប្រាស់ទៅឱ្យហាងជួសជុល និងលក់គ្រឿងអេឡិចត្រូនិក យកគ្រឿងបន្លាស់ទុកជួសជុលផ្លាស់ប្ដូរ
៤- ការកែច្នៃឡើងវិញ (Recycle)
អត្ថន័យ៖ អ្នកអាចបែងចែកសំរាមដាក់តាមប្រភេទរបស់វា ដែលក្រុមហ៊ុនប្រមូលសំរាមអាចយកទៅកែច្នៃបាន
សកម្មភាពដែលអាចធ្វើបាន៖
- បង្កើតទម្លាប់បែងចែកសំរាម ជាពិសេសសំរាមសើមសល់ចេញពីសំណល់អាហារដាក់ដាច់ដោយឡែក ទោះបីមិនទាន់មានការប្រមូលសំរាមដោយមានការបែងចែកក៏ដោយ
- ជួយគាំទ្រផលិតផលដែលធ្វើមកពីសម្ភារៈកែច្នៃឡើងវិញ
អត្ថប្រយោជន៍នៃការអនុវត្ត 4R
- ការសន្សំសំចៃថវិកា
- ការធ្វើឱ្យសហគមន៍បៃតង និងអ្នករស់នៅប្រកបដោយសុខភាពល្អ និងភាពស្រស់ស្រាយ
- ការការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង
- ចូលរួមចំណែកក្នុងយុទ្ធនាការជាអ្នកផ្លាស់ប្ដូរ និងស្រឡាញ់បរិស្ថាន
- ចេះចែករំលែក និងយល់ដឹងពីសុខទុក្ខអ្នកដទៃ៕