ដល់ពេលចូលរៀនវិញហើយ Focus សូមណែនាំអ្នកឱ្យស្គាល់ពីកម្មវិធីលើទូរស័ព្ទដៃ និងកុំព្យូទ័ររទាំងអស់នេះ ដែលជួយអ្នកក្នុងការសិក្សា និងរៀបចំកិច្ចការសាលាឱ្យបានកាន់តែប្រសើរ។
Todoist
Todoist គឺជាកម្មវិធីសម្រាប់ការរៀបចំកិច្ចការសាលាដូចជា កិច្ចការផ្ទះជាដើម។ កម្មវិធីនេះអាចឲ្យអ្នកភ្ជាប់ជាមួយនឹង ប្រតិទិនរបស់អ្នក ដើម្បីឲ្យមានភាពងាយស្រួលក្នុងការដឹង អំពីពេលវេលាដែលអ្នកត្រូវបញ្ចប់កិច្ចការណាមួយ។ Todoist មានរចនាបទ សាមញ្ញ ងាយស្រួលក្នុងការប្រើប្រាស់។ អ្នកក៏អាចតភ្ជាប់កម្មវិធីនេះទៅកម្មវិធីផ្សេងៗទៀត ដូចជា Google Drive ជាដើមផងដែរ។ កម្មវិធី Todoist មានមុខងារបន្ថែម ដូចជាការកំណត់គោលដៅសម្រាប់កិច្ចការប្រចាំថ្ងៃ ឬសប្តាហ៍ ប៉ុន្តែដើម្បីប្រើមុខងារទាំងនេះ អ្នកត្រូវដំឡើងការជាវរបស់អ្នកទៅ Premium បាន។ បើមិនដូច្នោះទេ អ្នកក៏អាចប្រើកម្មវិធីនេះ ដោយឥតគិតថ្លៃផងដែរ ក្នុងមុខងារដែលមានកម្រិត។ Todoist មានទាំងនៅក្នុងទូរស័ព្ទដៃ និងកុំព្យូទ័រ។
Insight Timer
តើអ្នកលំបាកក្នុងការផ្ដោតអារម្មណ៍អំឡុងពេលសិក្សាដែរឬទេ? កម្មវិធី Insight Timer អាចជួយអ្នកបាន។ កម្មវិធីនេះផ្ដល់នូវភ្លេងជាច្រើនដែលអ្នកអាចជ្រើសរើស ដើម្បីជួយអ្នកក្នុងការសមាធិ ផ្ចិតផ្ចង់ស្មារតី សម្រាប់ការសិក្សា ការគេង និងការសម្រួលអារម្មណ៍ផ្សេងៗ។ អ្នកអាចប្រើប្រាស់កម្មវិធី នេះដោយឥតគិតថ្លៃបាន។
Text Scanner (OCR)
កម្មវិធី Text Scanner (OCR) នេះ អនុញ្ញាតឲ្យអ្នកថតរូបពីក្រដាសដែលមានអក្សរណាមួយ រួចស្គេនវាទៅជាឯកសារអេឡិចត្រូនិក ដែលអ្នកអាចកែសម្រួលបាន។ តាមរយៈកម្មវិធីនេះ អ្នកអាចកែប្រែឯកសារទាំងអស់ ទៅជាឯកសារអេឡិចត្រូនិកបាន និងរក្សាទុកក្នុងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។
Google Keep
កម្មវិធី Google Keep គឺជាកម្មវិធីសម្រាប់ការកត់ត្រាមួយរបស់ក្រុមហ៊ុន Google តាមរយៈការប្រើប្រាស់អ៊ីម៉ែល Gmail។ អ្នកអាចកត់ត្រាមេរៀន ព័ត៌មាន កិច្ចការផ្ទះ និងកំណត់ចំណាំផ្សេងៗទៀតបានយ៉ាងងាយស្រួល។ ប្រសិនបើអ្នកចង់ប្រើប្រាស់កម្មវិធីនេះ លើទូរស័ព្ទលើសពីមួយគ្រឿង និងនៅតែអាចចូលមើលកំណត់ត្រាដដែលទាំងអស់ អ្នកគួរប្រើប្រាស់អ៊ីមែលតែមួយសម្រាប់ការចុះឈ្មោះ។
Notion
ស្រដៀងទៅនឹង Todoist ដែរ កម្មវិធី Notion គឺជាកម្មវិធីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ រចនាប្រព័ន្ធនៃរបៀបធ្វើការរបស់ពួកគេបាន។ អ្នកអាចរចនាកម្មវិធីនេះ ទៅតាមចំណង់ចំណូលចិត្តដែលអ្នកគិតថាមានប្រសិទ្ធិភាពសម្រាប់អ្នក ដូចជាជ្រើសរើសតាម ប្រតិទិន កិច្ចការសាលា មេរៀន កំណត់ត្រាប្រចាំថ្ងៃ និងផ្សេងៗទៀត។ ហើយដូចទៅនឹង Google Keep ដែរ អ្នកអាចប្រើប្រាស់អ៊ីមែលតែមួយ ហើយអ្នកអាចរកឯកសារដែលអ្នកបានបង្កើតតាមរយៈទូរស័ព្ទដៃ និងកុំព្យូទ័រជាដើម៕