អផ្សុក តែចង់ធ្វើអ្វីឱ្យមានប្រយោជន៍ លើសពីការមើលរឿងសម្រាប់តែការកំសាន្ត? Focus សូមណែនាំភាពយន្តឯកសារចំនួន៥ ដែលជាប្រភេទខ្លឹមសារអប់រំ ផ្តល់ចំណេះដឹងទៅលើវិស័យជាច្រើន និងអាចទស្សនាបាននៅលើ Netflix បាន។

អផ្សុក តែចង់ធ្វើអ្វីឱ្យមានប្រយោជន៍ លើសពីការមើលរឿងសម្រាប់តែការកំសាន្ត? Focus សូមណែនាំភាពយន្តឯកសារចំនួន៥ ដែលអ្នកអាចទស្សនាបាន នៅលើ Netflix បាន។ ភាពយន្តឯកសារទាំងប្រាំនេះ គឺជាប្រភេទខ្លឹមសារអប់រំ ដែលផ្តល់ចំណេះដឹងទៅលើវិស័យជាច្រើន។
David Attenborough: A Life On Our Planet
ព្រៃឈើត្រូវបានបំផ្លិចបំផ្លាញ។ ភាវៈរស់ផុតពូជ។ ធនធានធម្មជាតិបាត់បង់។ អាកាសធាតុប្រែប្រួល។ នេះសុទ្ធតែជា លទ្ធផលនៃការជឿនលឿនរបស់មនុស្សលោក។ នៅក្នុងភាពយន្តឯកសារមួយនេះ លោក David Attenborough ដែលជាប្រវត្តវិទូផ្នែកធម្មជាតិម្នាក់ បានកត់ត្រាពីដំណើរស្រាវជ្រាវពីធម្មជាតិរបស់លោក។ ក្នុងនោះដែរ លោកបានពន្យល់អំពីអ្វីដែលមនុស្សលោកយើង បានបំផ្លិចបំផ្លាញ ហើយព្រមទាំងផ្ដល់នូវដំណោះស្រាយ ដែលបុគ្គល ស្ថាប័ន និងប្រទេសនីមួយៗ គួរតែអនុវត្ត ប្រសិនបើយើង ចង់មានផែនដី ដើម្បីរស់នៅតទៅមុខទៀត។
The Great Hack
ភាពយន្តឯកសារនេះ និយាយអំពីរឿងអាស្រូវទាក់ទងទៅនឹងក្រុមហ៊ុនទិន្នន័យមួយឈ្មោះ Cambridge Analytica បានផ្ទុះឡើងកាលពីឆ្នាំ ២០១៨ នៅពេលដែលគេមានការសង្ស័យថា ក្រុមហ៊ុននេះបាន រួមដៃជាមួយយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump តាមរយៈការប្រើប្រាស់ ទិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយអសីលធម៌ និងគ្មានការអនុញ្ញាតពីសាមីខ្លួន ក្នុងការទាញយកសម្លេងឆ្នោតពីប្រជាជនរបស់សហរដ្ឋអាមេរិក នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០១៦។
Street Food Asia
ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើដំណើរកំសាន្ត និងញ៉ាំម្ហូបតាមតំបន់ផ្សេងៗ ភាពយន្តឯកសារនេះប្រហែលជាអ្វីដែលបំពេញចំណង់អ្នកបាន ជាពិសេសក្នុងអំឡុងពេលដែលការធ្វើដំណើរត្រូវបានរឹតត្បិតដោយសារជំងឺកូវីដ។ ភាពយន្តឯកសារជាស៊េរីនេះ នឹងនាំអ្នកទៅកាន់ ១០ ប្រទេសជុំវិញភូមិភាគអាសុី ដើម្បីធ្វើដំណើរផ្សងព្រេង រួមទាំងយល់ដឹងពីមុខម្ហូបផ្សេងៗ និងប្រវត្តិរបស់មុខម្ហូបទាំងអស់នោះ។
100 Humans
មនុស្សចំនួន ១០០ នាក់ មានប្រវត្តិខុសគ្នាៗ បានចូលរួម ក្នុងការពិសោធន៍មួយ ដើម្បីយល់ដឹងបន្ថែមពី អាយុ ភេទ សេចក្ដីសុខ និងប្រធានបទផ្សេងៗទៀត ដែលទាក់ទងទៅនឹងភាពជាមនុស្ស។ ភាពយន្តឯកសារនេះ សាកសមសម្រាប់អ្នកដែលចូលចិត្តសំណួរបែបចិត្តសាស្ត្រ។
Minimalism
ភាពយន្តឯកសារនេះ ផ្តោតសំខាន់ទៅលើគំនិតអំពីអ្វីដែលបុគ្គលនីមួយៗ ឱ្យតម្លៃបំផុតនៅក្នុងជីវិតរបស់ពួកគេ។ នៅក្នុងភាពយន្តឯកសារនេះ បុរសពីរនាក់ ដែលបានអនុវត្តការរស់នៅបែបសាមញ្ញ (minimalist lifestyle) គិតថា របស់របរមានតម្លៃ មិនបានផ្ដល់ជូននូវសេចក្ដីសុខ ហើយរួមទាំងរៀបរាប់ពីផ្នត់គំនិត «តិចតែច្រើន»៕