តើអ្នកចង់សាកដាំរុក្ខជាតិលម្អក្នុងផ្ទះដែរឬទេ? អ្នកអាចចាប់ផ្តើមពីរុក្ខជាតិដាំក្នុងផ្ទះទាំង៥ខាងក្រោម។
ប្រជាជនរស់នៅក្នុងទីតាំងតូចនៅទីក្រុង ក៏ដូចជាបុគ្គលិកធ្វើការក្នុងការិយាល័យបិទជិត ងាយនឹងមានអាការៈមួយហៅថា “Sick Building Symdrome” ។ នោះគឺជាអាការៈងាយធុញទ្រាន់ តប់ប្រមល់ជារឿយៗមួយ ដែលគេសន្មត់ថា កើតមានឡើងចំពោះអ្នកនៅក្នុងអគារ និងកន្លែងបិទជិតក្នុងរយៈពេលយូរ។ គុណភាពឬកម្រិតខ្យល់ចេញចូលក្នុងអគារ ក៏រួមចំណែកធ្វើឱ្យមនុស្សមានអាការៈនេះដែរ។ ការដាំរុក្ខជាតិតូចៗ គឺជាដំណោះស្រាយមួយដើម្បីកាត់បន្ថយអាការៈនេះ។
នៅពេលមានការរាតត្បាតពីជំងឺកូវីដ១៩ បានធ្វើឱ្យមនុស្សជាច្រើនត្រូវចំណាយពេលនៅផ្ទះកាន់តែច្រើន ។ ក្នុងអំឡុងពេលនោះដែរ គេមើលឃើញថា មានមនុស្សជាច្រើនបានងាកមកមានចំណាប់អារម្មណ៍ ទៅលើការដាំរុក្ខជាតិក្នុងផ្ទះ កាន់តែច្រើនឡើង ហើយចំណង់ចំណូលចិត្តលើការដាំរុក្ខជាតិក្នុងផ្ទះ បាននឹងកំពុងកើនឡើងដែរ ក្នុងចំណោមយុវជនកម្ពុជាផងដែរ។
Focus សូមណែនាំប្រភេទដើមឈើដែលងាយដាំដុះ ៥ប្រភេទ សម្រាប់អ្នកចង់ចាប់ផ្ដើមដំបូង ក្នុងការដាំរុក្ខជាតិក្នុងផ្ទះ ឬការិយាល័យ ព្រមទាំងអត្ថប្រយោជន៍របស់ដើមឈើទាំងនោះ៖
ដើមប្រទាលកន្ទុយក្រពើ (Aloe Vera)៖ អ្នកប្រហែលជាធ្លាប់ឃើញដើមប្រទាលកន្ទុយក្រពើ ជាញឹកញាប់នៅតាមកន្លែងនានា។ ហេតុផលនោះ គឺដោយសារវាជារុក្ខជាតិដែលងាយដាំមួយ។ មុខងារចម្បងរបស់ដើមប្រទាលកន្ទុយក្រពើគឺ បញ្ចេញអុកស៊ីសែន និងបន្សាបជាតិពុល។ អ្នកអាចបំបែកជាដើមមួយៗ ដាក់ក្នុងផើងតូចៗ ដាក់ក្បែរបង្អួច ដើម្បីបង្កើនសោភ័ណភាព តាំងលម្អបរិវេណខាងក្នុងផ្ទះ ឬការិយាល័យ។
ដើមពីងពាង (Spider Plant)៖ ដោយសារជារុក្ខជាតិដែលធន់នឹងអាកាសធាតុ រុក្ខជាតិនេះគឺជាជម្រើសល្អមួយ សម្រាប់ទើបតែចាប់ផ្ដើមដាំរុក្ខជាតិដំបូងៗ។ អត្ថប្រយោជន៍ធំៗរបស់រុក្ខជាតិនេះ គឺការជួយឱ្យបន្ទប់មានសំណើម និង ធ្វើឱ្យខ្យល់មានភាពបរិសុទ្ធ។ ផ្អែកតាមការសិក្សារបស់ អង្គការ NASA រុក្ខជាតិប្រភេទអាចជួយស្រូបយកសារជាតិ Formaldehyde ដែលជាឧស្ម័នគ្មានពណ៌ម្យ៉ាងនៅតាមផ្ទះ ដែលអាចបង្កឱ្យមានអាការៈរមាស់លើស្បែក ប្រសិនបើយើងស្ថិតនៅក្នុងបរិយាកាសដែលមានឧស្ម័ននេះច្រើន។
ដើម Chinese Evergreen៖ ស្រដៀងគ្នានឹងដើមពីងពាង ដែរ ដើម Chinese Evergreen ត្រូវបានអង្គការ NASA បង្ហាញថាវាជាជម្រើសដ៏មួយសម្រាប់ចាប់ផ្តើមដាំដើមឈើដំបូង ព្រោះវាអាចសម្របខ្លួនបាន គ្រប់តាមស្ថានភាព។ រុក្ខជាតិនេះ អាចជួយបង្កើនផលិតភាព ការចងចាំ និង កាត់បន្ថយភាពតានតឹង។
ផ្កាអ័រគីដេ (Orchid)៖ ផ្កាអ័រគីដេ គឺជាផ្កាដែលងាយស្រួលដាំដុះមួយ ហើយផ្ដល់អត្ថប្រយោជន៍ច្រើនដល់មនុស្ស។ ក្រៅពីផ្តល់សោភ័ណភាពតាមរយៈផ្កាដែលមានពណ៌ស្រស់ស្អាត ក្នុងនោះផ្កាអ័រគីដេក៏រួមចំណែក កាត់បន្ថយភាពតានតឹង បន្សាបជាតិពុលក្នុងខ្យល់ និងជួយសម្រួលដំណេក។
ដើមលុយ (Chinese Money Plant)៖ ដើមលុយ គឺជារុក្ខជាតិមួយប្រភេទដែលងាយស្រួលថែរក្សាបំផុត។ រុក្ខជាតិមួយនេះត្រូវការពន្លឺច្រើន ប៉ុន្តែមិនមែនពន្លឺថ្ងៃចំពេកនោះទេ។ក្រៅពីជួយបន្ថែមសោភ័ណភាព នៅតាមផ្ទះឬការិយាល័យ និងបន្សាបជាតិពុលក្នុងខ្យល់ វាគឺជានិមិត្តរូបនៃសំណាងល្អ និងលុយកាក់។ មនុស្សជាច្រើនជឿថា ដើម្បីមានសំណាងល្អ និងលុយកាក់ហូរហៀរ អ្នកដាំគួរតែដាក់លុយ ឬកាក់ទៅក្នុងផើង៕