ពេលខ្លះ ចង់អានសៀវភៅជាភាសាខ្មែរ និពន្ធដោយខ្មែរ។ ប៉ុន្តែ មិនដឹងថា គួរអានសៀវភៅពីគ្រឹះស្ថានបោះពុម្ពក្នុងស្រុកណា ដែលមានខ្លឹមសារល្អៗ?
ជាមួយនឹងការងើបឡើងនៃជំងឺកូវីដ១៩ កម្មវិធីពិព័ណ៍សៀវភៅដ៏ធំប្រចាំឆ្នាំ «ពិព័ណ៍សៀវភៅកម្ពុជា» ដែលមនុស្ស ក៏ដូចជាយុវជនជាច្រើន នៅរាជធានីភ្នំពេញទន្ទឹងរង់ចាំ ត្រូវបានរំសាយ។ យុវសិស្សជាច្រើន ត្រូវបន្តការរៀនពីចម្ងាយ។ ក្នុងអំឡុងពេលនេះ គឺជាពេលសាកសមបំផុត ដែលអ្នកអាចបង្កើនទម្លាប់អានសៀវភៅ ឬវប្បធម៌នៃការអានសៀវភៅ ជាពិសេសសៀវភៅជាភាសាខ្មែរ។
Focus ចង់ណែនាំគ្រឹះស្ថានបោះពុម្ពក្នុងស្រុក ៥ ដែលអ្នកគួរតែស្គាល់៖
គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar
សម្រាប់អ្នកដែលធំដឹងក្តី អំឡុងពេលសហសវត្សរ៍ថ្មីបានចាប់ផ្តើម អ្នកប្រហែលជាធ្លាប់ឃើញ និង អានសៀវភៅរបស់អង្គការ Sipar យ៉ាងហោចណាស់ម្តង។ គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar មានវត្តមានដំបូងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ជាផ្នែកមួយនៃអង្គការ Sipar ក្នុងគោលបំណងជំរុញឱ្យមានសៀវភៅជាភាសាខ្មែរ ប្រកបដោយគុណភាពខ្ពស់។ ចាប់តាំងពីការបង្កើតឡើងមក Sipar បានបោះពុម្ពផ្សាយ អក្សរសិល្ប៍និងសៀវភៅអប់រំជាច្រើន រូមមានទាំងរឿងពិតនិងរឿងប្រឌិត ខ្លឹមសារដើម សម្រាប់អ្នកអានគ្រប់វ័យ ជាពិសេសកុមារ អាចអានបាន ដើម្បីបង្កើនចំណេះដឹង។ ការចេញផ្សាយលេចធ្លោជាងគេរបស់គ្រឹះស្ថានបោះពុម្ព Sipar គឺសៀវភៅ «ខ្ញុំចង់ដឹង» និង «ខ្ញុំចង់អាន»។
គ្រឹះស្ថានបោះពុម្ពផ្សាយ កម្ពុមេរា (KampuMera)
កម្ពុមេរា គឺជាគ្រឹះស្ថានបោះពុម្ពផ្សាយក្នុងស្រុកមួយ ដែលបង្កើតដោយស្ត្រីពីររូប នៅក្នុងឆ្នាំ២០១៥។ គ្រឹះស្ថាននេះ ចេញផ្សាយសៀវភៅជាច្រើន ជាប្រភេទកម្រងរឿងខ្លី។ សៀវភៅដំបូងបង្អស់របស់កម្ពុមេរា មានចំណងជើងថា «ធ្លាក់ក្នុងអន្លង់ស្នេហ៍» ដែលជាកម្រងរឿងខ្លីៗចំនួន ៩រឿង និយាយរៀបរ៉ាប់ពីស្ត្រីខ្មែរក្នុងសង្គមបច្ចុប្បន្ន។ មកទល់សព្វថ្ងៃនេះ កម្ពុមេរានៅតែបន្តចេញផ្សាយស្នាដៃដើម ជាច្រើនបន្តបន្ទាប់។ ការចេញផ្សាយចុងក្រោយបង្អស់របស់ កម្ពុមេរា គឺការបកប្រែអក្សរសិល្ប៍បារាំងដ៏ល្បីល្បាញមួយ និពន្ធឡើងដោយអ្នកនិពន្ធ អាល់ប៊ែរ កាមុយ (Albert Camus) ដែលមានឈ្មោះដើមថា «The Outsider» ដែលត្រូវបានបកខ្មែរថា «មិនចុះសម្រុងនឹងជីវិត»។
យសោធរ
យសោធរ ជាស្ថាប័នខ្មែរឯករាជ្យមួយ ដែលត្រូវបានបង្កើតក្នុងគោលបំណងលើកស្ទួយវប្បធម៌ខ្មែរ។ យសោធរ ចាប់ផ្តើមដំបូងក្នុងទម្រង់ជាទស្សនាវដ្តី ស្រាវជ្រាវពីវប្បធម៌ខ្មែរមួយឈ្មោះថា «ឧទ័យ»។ ដោយមើលឃើញថា ការស្រាវជ្រាវទាក់ទងនឹងវប្បធម៌ខ្មែរ ដែលចងក្រងជាភាសាខ្មែរ ក្នុងទម្រង់សម្រាយដែលងាយយល់សម្រាប់មនុស្សទូទៅ នៅមានកម្រិតនៅឡើយ យសោធរ បានចេញផ្សាយសៀវភៅប្រចាំឆ្នាំមួយ ឈ្មោះថា «បណ្តាញពត៌មានវប្បធម៌ខ្មែរ» ដើម្បីបំពេញគម្លាតនេះ។ បណ្តាញពត៌មានវប្បធម៌ខ្មែរ ជាកម្រងអត្ថបទខ្លីទាក់ទងនឹងវប្បធម៌ ដូចជារបរចិញ្ចឹមជីវិត ជំនឿទំនៀមទំលាប់ មរតកបុរាណជាដើម។ គិតត្រឹមពេលបច្ចុប្បន្ន បណ្តាញពត៌មានវប្បធម៌ខ្មែរ មានសរុប ១៩លេខ ដែលអ្នកអាចរកជាវបាននៅតាម បណ្ណាគារនានានៅភ្នំពេញ និងសៀមរាប។
គ្រឹះស្ថានបោះពុម្ភផ្សាយ រៃយំ (Reyum Publishing)
គ្រឹះស្ថានបោះពុម្ពផ្សាយ រៃយំ គឺជាគ្រឹះស្ថានបោះពុម្ពផ្សាយរបស់ អង្គការរៃយំ ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមួយ ធ្វើការទាក់ទងនឹង សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ខ្មែរ។ គោលបំណងចម្បងរបស់រៃយំ គឺការជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងចងក្រងបន្ថែមជុំវិញវប្បធម៌ខ្មែរ ដើម្បីជាឯកសារយោង និងសម្រាប់មនុស្សជំនាន់ក្រោយ។ ការចេញផ្សាយរបស់ រៃយំ កន្លងមកនេះ រួមមាន ម្ហូបក្នុងសង្គមខ្មែរ ក្បាច់ខ្មែរ មរតកតន្ត្រីខ្មែរ កំណើតកុនខ្មែរ និង រង្វាស់រង្វាល់ ជាដើម។ បច្ចុប្បន្ន រៃយំ មិនមានចេញផ្សាយសៀវភៅថ្មីទៀតនោះទេ ប៉ុន្តែអ្នកនៅអាចរកជាវសៀវភៅដែលចេញផ្សាយរួចបាននៅបណ្ណាគារ Monument Books បាន។
គ្រឹះស្ថានបោះពុម្ព សៀវភៅជីវិត
គ្រឹះស្ថានបោះពុម្ពក្នុងស្រុកមួយនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងគុណភាពអក្សរសាស្ត្រខ្មែរ។ សៀវភៅ ជីវិត ផ្តល់ជូនសៀវភៅ ទាំងប្រភេទប្រលោមលោកស្នេហា ប្រលោមលោកតាមជីវិតពិត និងសៀវភៅជីវប្រវត្ត ក៏ដូចជាទាក់ទងនឹងការអភិវឌ្ឍខ្លួន យ៉ាងសំបូរបែប។ គ្រឹះស្ថាននេះឱ្យតម្លៃយ៉ាងខ្លាំងលើការគាំពាកម្មសិទ្ធបញ្ញារបស់អ្នកនិពន្ធ៕