រឿងរ៉ាវពីស្ត្រីទាំងអស់ដែលត្រូវបានលើកបង្ហាញ ធ្វើឱ្យយើងអាចទទួលបានការបំផុសទឹកចិត្ត របៀបជំនះឧបសគ្គ ក៏ដូចជាការណ៍ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនយើង ទទួលយកនូវអ្វីដែលខ្លួនយើងចង់បាន។
Focus សូមណែនាំភាពយន្តចំនួន៥ ដែលផ្អែកលើរឿងលើរឿងពិតរបស់ស្ត្រីចំនួន ៥ មកពីវិស័យការងារផ្សេងៗគ្នា។ តើអ្វីដែលយើងអាចរៀនបានពីស្ត្រី នៅក្នុងភាពយន្តទាំងនេះ? រឿងរ៉ាវពីស្ត្រីទាំងអស់ដែលត្រូវបានលើកបង្ហាញ ធ្វើឱ្យយើងអាចទទួលបានការបំផុសទឹកចិត្ត របៀបជំនះឧបសគ្គ ក៏ដូចជាការណ៍ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនយើង ទទួលយកនូវអ្វីដែលខ្លួនយើងចង់បាន។
The Post
ដឹកនាំដោយ Steven Spielberg | ឆ្នាំ២០១៧
ណែនាំដោយ វុទ្ធតី
The Post គឺជាភាពយន្តផ្អែកតាមរឿងរ៉ាវពិតរបស់ស្ត្រីម្នាក់ឈ្មោះ Katharine Graham ដែលទើបនឹងឡើងជាចាងហ្វាងកាសែត The Washington Post។ អ្នកស្រីមិនមែនត្រឹមតែជាចាងហ្វាងស្រីដំបូងបង្អស់នៃកាសែតនោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសអាមេរិកផ្ទាល់ផងដែរ។
តំណាលនៅក្នុងឆ្នាំ១៩៧១ កាលដែលដំណើរការឧស្សាហកម្មកាសែតគឺជារឿងលំបាក ហើយត្រូវការប្រើប្រាស់ពលកម្មច្រើន និងមានការប្រកួតប្រជែងខ្ពស់។ អ្នកស្រី Katharine ត្រូវសម្រេចចិត្ត ថាតើកាសែតអ្នកស្រីនៅតែបោះពុម្ពផ្សាយឯកសារសម្ងាត់ «Pentagon Papers» ដែរឬទេ បើទោះបីជាដឹងខ្លួនថា នឹងប្រឈមចំពោះមុខច្បាប់ និងអាចឈានទៅដល់ការបិទដំណើរការរបស់កាសែត ដោយសារឯកសារនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក ចាត់ទុកជាការប៉ះពាល់ដល់សន្តិសុខជាតិ (National Security) ទោះបីវាជាការពិតក៏ដោយ។ សំណំឯកសារ Pentagon Papers នេះ គឺបង្ហាញអំពីការលូកដៃជាង២០ឆ្នាំ របស់រដ្ឋាភិបាលអាមេរិក ក្នុងសង្គ្រាមវៀតណាមនៅក្នុងអំឡុងឆ្នាំ១៩៤០។
មូលហេតុនៃការណែនាំ៖
ស្ថិតនៅក្នុងពេលមួយដែលតម្រូវឱ្យសម្រេចចិត្ត រវាងការលាតត្រដាងការពិតពាក់ព័ន្ធនឹងសន្តិសុខជាតិ (National Security) និងវិជ្ជាជីវៈសារព័ត៌មានក្នុងការផ្សព្វផ្សាយ។ The Post ក្រោមការដឹកនាំរបស់ Katherine សម្រេចចិត្តបម្រើសាធារណៈជនដោយជ្រើសរើសចុះផ្សាយព័ត៌មាននោះ ហើយប្រឈមមុខនឹងជនមានអំណាច ទោះបីវាមានន័យថា នឹងដាក់ខ្លួនឯង និងក្រុមហ៊ុនទៅក្នុងហានិភ័យក៏ដោយ។ ខ្សែភាពយន្តបានបង្ហាញពីភាពអាចធ្វើបាន និងភាពស្នើគ្នារបស់ស្ត្រីនៅក្នុងវិស័យសារព័ត៌មាន ដែលជានិច្ចកាលត្រូវបានគេហៅថាវិស័យរបស់មនុស្សប្រុស។ ខ្សែភាពយន្ត ដែលលាយឡំពីប្រវត្តិសាស្ត្រ នយោបាយ និងទិដ្ឋភាពសង្គមពិតមួយនេះ អាចដើរតួជាការដាស់តឿនស្ត្រីឯទៀត ដែលកំពុងប្រយុទ្ធនឹងភាពមិនស្មើគ្នាបាន៕
The Lady
ដឹកនាំដោយ Luc Besson | ឆ្នាំ២០១១
ណែនាំដោយ គីមឡុង
The Lady គឺជាខ្សែភាពយន្តមួយ និយាយពីជីវិតពិតរបស់អ្នកស្រីអ៊ុងសាន ស៊ូជី ដែលជាបុគ្គលសំខាន់ម្នាក់នៅក្នុងនយោបាយប្រទេសមីយ៉ាន់ម៉ា។ សាច់រឿងទាំងមូល ផ្អែកលើដំណើរជីវិតនិងសកម្មភាពនយោបាយរបស់គាត់ នៅក្នុងអំឡុងពេលដែលប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា និងមុនពេលដែលគាត់ក្លាយជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៦។
រឿងនេះចាប់ផ្ដើម នៅពេលឪពុករបស់អ្នកស្រី ដែលគេចាត់ទុកជាបិតាស្ថាបនិកជាតិ ក្នុងប្រវត្តិសាស្ត្រសម័យទំនើបភូមា ត្រូវបានគេធ្វើឃាត នៅពេលដែលអ្នកស្រីទើបតែមានអាយុ២ឆ្នាំ។ អ្នកស្រីស៊ូជី ចំណាយយុវវ័យភាពរបស់ខ្លួននៅក្រៅប្រទេស និងត្រលប់ចូលប្រទេសវិញ ដើម្បីមកមើលម្ដាយរបស់ខ្លួនឈឺនៅឯមន្ទីរពេទ្យ ដែលនោះគឺជាពេលដែលជំរុញឱ្យអ្នកស្រីប្រលូកក្នុងឆាកនយោបាយ។ វាបានរំលេចពីទិដ្ឋភាពជាប្រវត្តិសាស្ត្រជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា និងការគាំទ្ររបស់ប្រជាជនចំពោះអ្នកស្រី។ ផ្នែកមួយដែលគួរចាប់អារម្មណ៍នៃភាពយន្ត គឺគាត់មិនទៅជួបស្វាមីគាត់នៅដង្ហើមចុងក្រោយនៃជីវិតនៅឯបរទេសឡើយ ដោយសារការចាកចេញពីប្រទេសនៅពេលនោះ អាចធ្វើឱ្យគាត់មិនអាចចូលមកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
មូលហេតុណែនាំ៖
ស្របពេលដែលមានការតវ៉ាប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ការទស្សនាភាពយន្តដែលមានរយៈពេលជាង ២ម៉ោងនេះ អ្នកទស្សនានឹងអាចទទួល បានការសិក្សាបន្ថែម អំពីសាវតារបស់អ្នកស្រីអ៊ុងសាន ស៊ូជី ប្រវត្តិសាស្ត្រ និងនយោបាយមីយ៉ាន់ម៉ា។ សាច់រឿងនេះបញ្ចប់នៅឆ្ងាយខ្លាំង ពីបច្ចុប្បន្នភាពនៃការដឹកនាំរបស់អ្នកស្រី ដែលក្នុងនោះរួមមាន ទាំងភាពចម្រូងចម្រាសនៅលើឆាកអន្តរជាតិ ដោយសារអ្វីដែលកើតឡើងទៅលើ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ យ៉ាងណាមិញ វាបានរំលេចពីការតស៊ូរបស់ស្ត្រី ដែលមានតួនាទីក្នុងថ្នាក់ដឹកនាំ និងការឱ្យតម្លៃលើជាតិមាតុភូមិរបស់ស្ត្រីម្នាក់នៅក្នុងឆាកនយោបាយ។ រឿងនេះអាចស្ដែងបង្ហាញពីតថភាពមួយដែល ស្ត្រីមួយរូបក៏អាចជាបុគ្គលឆ្នើមក្នុងសង្គម និងមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពក្នុងការដឹកនាំ និងតស៊ូមតិផងដែរ។
Hidden Figures
ដឹកនាំដោយ Theodore Melfi | ឆ្នាំ ២០១៧
ណែនាំដោយ ណាសា
Hidden Figures គឺជាខ្សែភាពយន្តផ្អែកតាមរឿងរ៉ាវពិត និយាយពីវីរភាពស្ត្រីជនជាតិអាមេរិកស្បែកខ្មៅ៣នាក់ ដែលជាអ្នកវិទ្យាសាស្ត្រ ធ្វើការនៅអង្គការ NASA អំឡុងឆ្នាំ ១៩៦១។ នោះគឺជាពេលដែលសហរដ្ឋអាមេរិក និងរុស្សី កំពុងប្រណាំងប្រជែងគ្នាក្នុងការរុករកទៅអវកាស (space race)។
អ្នកទាំង៣ មានការតស៊ូនឹងសម្ពាធសង្គម ការបែងចែក និងមិនឲ្យតម្លៃ ទៅលើជនជាតិស្បែកខ្មៅ (people of color) រហូតទទួលបានងារ “មនុស្សដំបូង” នៅក្នុងជំនាញរបស់ខ្លួន។ Dorothy Vaughan មានជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកដឹកនាំក្រុមស្ត្រីជនជាតិអាមេរិកស្បែកខ្មៅ ដែលបម្រើការនៅ NASA។ អ្នកស្រីតស៊ូជាមួយក្រុមការងារខ្លួន រហូតទទួលបានតំណែងជាប្រធានផ្នែកស្ត្រីជនជាតិអាមេរិកស្បែកខ្មៅដំបូង នៅ NASA។ Mary Jackson មានទេពកោសល្យខាងវិស្វកម្ម តែត្រូវគេចាត់ឲ្យធ្វើការផ្នែកផ្សេង។ ដោយមានការជ្រោមជ្រែងពីអ្នកគ្រប់គ្រង ជនជាតិជ្វីសរបស់ខ្លួន Mary ស្នើសុំចូលការងារជា វិស្វករអាកាសយានិក (aerospace engineer)។ ដើម្បីក្ដីស្រម៉ៃខ្លួន នាងត្រូវជម្នះបន្តការសិក្សាក្នុងសាលាសម្រាប់តែជនជាតិស្បែកស (all white school) និងមានតែមនុស្សប្រុសក្នុងថ្នាក់រៀន។ ចុងក្រោយគឺ Katherine Johnson ជាគណិតវិទូស្ត្រីស្បែកខ្មៅ តែមានសមត្ថភាព ធ្វើការជាមួយក្រុមការងារស្រាវជ្រាវអាវកាសដែលមានសុទ្ធតែបុរសស្បែកស ដើម្បីបញ្ជូនអាកាសយានិកទៅលំហ និងគណនារដំណើរជុំវិញផែនដីរបស់យានអាវកាស។
ខ្សែភាពយន្តនេះ នឹងនាំអ្នកឲ្យស្វែងយល់ពីប្រព័ន្ធបែងចែកពណ៌សម្បុរ (segregation) និងពូជសាសន៍នៅរដ្ឋ Virginia នាទសវត្សទី៦០ បូករួមនិងទស្សនីយភាពប្រកួតប្រជែងវិទ្យាសាស្ត្របែបអាវកាស រវាងអាមេរិក និងរុស្សី។ នៅក្នុងជីវិតពិត ស្ត្រីទាំង៣ បានទទួលគោរមងារ និងការគោរពទៅលើការងាររបស់ខ្លួន ហើយក៏ក្លាយជាការចងចាំក្នុងប្រវត្តិសាស្ត្ររបស់ NASA ទោះបីជាអ្នកស្រីទាំង៣ ទទួលមរណភាពហើយក្ដី ។
មូលហេតុនៃការណែនាំ៖
Hidden Figures បង្ហាញពីការមិនចុះញ៉មរបស់ស្ត្រីជនជាតិអាមេរិកស្បែកខ្មៅ ទៅលើអ្វីដែលសង្គមកំណត់មកលើ សញ្ជាតិនិងភេទរបស់ខ្លួន។ នៅក្នុងសម័យកាលដែលពណ៌សម្បុរជាឧបករណ៍បែងចែកសង្គម ឋានៈ ជាពិសេសលើសមត្ថភាពស្ត្រី រឿងរ៉ាវជីវិតរបស់អ្នកទាំង៣បង្ហាញពីក្ដីសង្ឃឹមដែលមានគ្រប់ទីកន្លែង បើសិនមនុស្សម្នាក់ជម្នះដើម្បីក្ដីស្រមៃរបស់ខ្លួន។ ពេលទស្សនាខ្សែភាពយន្តនេះ អ្នកប្រហែលមើលឃើញនូវប្រព័ន្ធបែងចែកពណ៌សម្បុរ មួយចំនួនដែលយើងមិនដែរដឹង ហើយអាចធ្វើឲ្យយើងយល់ជាងមុនថា សង្គមអាមេរិក នាពេលនោះមានសភាពបែបម៉េច។ ភាពយន្តផ្អែកតាមរឿងពិតមួយនេះ ក៏បង្ហាញផ្នែកមួយនៃជីវិតជាអ្នកវិទ្យាសាស្ត្រ និងការងារនៅ NASA មុនពេលដែរមនុស្សទទួលបានរូបភាពពីលំហអាកាស។ Hidden Figure ពោរពេញទៅដោយរឿងរ៉ាវ ជីវិត មិត្តភាព សាមគ្គី ក្ដីស្រលាញ់ ហើយទោះបីនៅក្រោមស្ថានការបែងចែកពណ៌សម្បុរ ការមិនរើសអើងរវាងបុគ្គល និងបុគ្គល ក៏ត្រូវបានបង្ហាញផងដែរ។
On the Basis of Sex
ដឹកនាំដោយ Mimi Leder | ឆ្នាំ២០១៨
ណែនាំដោយ៖ ជីហេ
On the Basis of Sex គឺជារឿងពិតមួយ ដែលនិយាយអំពីឆាកជីវិតរបស់ចៅក្រម របស់តុលាការកំពូលអាមេរិក គឺអ្នកស្រី Ruth Bader Ginsberg នាពេលទើបចូលប្រលូកក្នុងវិស័យការងារដំបូង និងបញ្ហាប្រឈមដែលអ្នកស្រីត្រូវជម្នះ។ អ្នកស្រីបានចំណាយពេលអស់មួយជីវិតរបស់ខ្លួន ក្នុងការតស៊ូដើម្បីសិទ្ធិរបស់ស្ត្រី រហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ២០២០ ។
អ្នកស្រី Ruth Bader Ginsberg បានកើតនៅឆ្នាំ១៩៣៣ ហើយនៅឆ្នាំ១៩៥៦ អ្នកស្រីបាន ក្លាយជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតស្រី៩នាក់ និងក្នុងចំណោមនិស្សិតសរុបចំនួន៥០០ នាក់ផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាលាច្បាប់ នៃសាកលវិទ្យាល័យ Harvard។ បើទោះបីជាអ្នកស្រីបានបញ្ចប់ការសិក្សា និងជាប់ឈ្មោះជានិស្សិតឆ្នើមក្នុងថ្នាក់ក៏ដោយ ក៏អ្នកស្រីនៅតែមិនអាចរកការងារធ្វើបានដែរ។ មូលហេតុគឺដោយសារតែគាត់ជាស្រី និងជាម្ដាយ ហើយនិងជាជនជាតិជ្វីស។ នៅទីបំផុត អ្នកស្រីទទួលបានការងារជាសាស្ត្រាចារ្យ ហើយអ្នកស្រីចាប់ផ្ដើមជួយការងាររបស់ប្ដី ដែលជាមេធាវី ក្នុងរឿងក្ដីផ្សេងៗ។ ការជួយនោះ បានជួយឱ្យអ្នកស្រីបានចូលក្នុងបន្ទប់សវនាការ និងរកឃើញមាគ៌ាអាជីពរបស់ខ្លួន ក្លាយជាមេធាវីស្រីម្នាក់ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
មូលហេតុនៃការណែនាំ៖
បើទោះបីជា នេះជារឿងអាមេរិកក៏ដោយ ប៉ុន្តែទាំងផ្ទៃសាច់រឿងនិងមេរៀន សុទ្ធសឹងតែទាក់ទងនឹងបុរសក៏ដូចជាស្ត្រី ទូទាំងពិភពលោក។ អ្នកទស្សនានឹងអាចយល់ដឹងពីការរើសអើង ដែលស្ត្រីបានឆ្លងកាត់ ហើយការរើសអើងនេះនៅតែកើតមានឡើងនៅពេលសព្វថ្ងៃ។ ប៉ុន្តែ យើងក៏បានរៀនពីសារសំខាន់នៃការក្រោកឈរ តស៊ូជម្នះ បើទោះបីជាអ្វីគ្រប់យ៉ាងមើលទៅមិនអាចទៅរួចក៏ដោយ។ រឿង On the Basis of Sex នេះគឺជាខ្សែភាពយន្តបំផុសគំនិតមួយ ដែលបានបង្ហាញពីការជំរុញទឹកចិត្ត និងការប្រើប្រាស់យុទ្ធសាស្ត្រក្នុងការគិត ដែលនៅពីក្រោយការទាមទារសិទ្ធិដើម្បីស្ត្រី។ អ្នកស្រី Ginsberg សម្រេចធ្វើបាន អញ្ចឹងយើងក៏អាចធ្វើវាបានដូចគ្នា។
The Blind Side
ដឹកនាំដោយ John Lee Hancock | ឆ្នាំ ២០០៩
ណែនាំដោយ ធីណា
រឿង The Blind Side ជាសាច់រឿងបង្ហាញពីជីវិតពិត របស់កីឡាករបាល់អោប ស្បែកខ្មៅអាមេរិកដ៏ល្បីម្នាក់ គឺលោក មៃ៉ខល អ័រ (Michael Oher) ដែលធ្លាប់ជាក្មេងអនាថាម្នាក់ និងត្រូវបានគេទទួលយកមកចិញ្ចឹម ដោយគ្រួសារអភិជនជនជាតិស្បែកសមួយ ក្នុងរដ្ឋ Tennessee មុននឹងក្លាយខ្លួនជាកីឡាករដ៏ជោគជ័យម្នាក់។
មូលហេតុនៃការណែនាំ៖
ពីសម្បកក្រៅភាគច្រើនត្រូវបានគេមើលឃើញថា វាគ្រាន់តែជារឿង ដែលបង្ហាញពីជីវិតតស៊ូរបស់ក្មេងប្រុសជនជាតិស្បែកខ្មៅម្នាក់ ដែលត្រូវបានគេយកមកចិញ្ចឹមទំនុកបម្រុង ដោយគ្រួសារអ្នកមានស្បែកសមួយ។ ប៉ុន្តែ ក្នុងសាច់រឿងនេះ អ្នកបានស្វែងយល់ពីភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់អ្នកស្រី Leigh Anne Tuoyhy ជាបុគ្គលសំខាន់ ដែលបានសម្រេចទទួលយក ម៉ៃខល អ័រ (Michael Oher) មកចិញ្ចឹម។ ទោះបីជាបរិបទសង្គមនាសម័យទំនើបថ្មីក៏ដោយ រនាំងនៃការរើសអើងពូជសាសន៍ និង ពណ៌សម្បុរនៅសហរដ្ឋអាមេរិក នៅមានកម្រិតខ្ពស់នៅឡើយ។ តួអង្គស្រី លីង អ័ន ធូអី( Leigh Anne Tuoyhy) ដែលជាម្ដាយ ជាភរិយា និង ជាអ្នករចនាប្លង់ដ៏ជោគជ័យរូបនេះ នឹងរំលេចចេញនៅភាពជាអ្នកដឹកនាំល្អ ទាំងក្នុងជីវិតគ្រួសារ ការងារ និងជាបុគ្គលគំរូម្នាក់ នៅក្នុងប្រឆាំងនឹងសង្គមនៃការរើសអើងពណ៌សម្បុរនាសម័យនោះ។ ម្យ៉ាងវិញទៀត វាបានបង្ហាញពីតួនាទីសំខាន់របស់ស្ត្រី នៅក្នុងសង្គមគ្រួសារក្នុងការសម្រេចចិត្តលើបញ្ហាសំខាន់ៗ។ ទោះបីជាពេលខ្លះ អ្នកត្រូវទទួលរងគំនាបពីសមាជិកគ្រួសារ ការងារ និងសង្គមក្តី។ ប៉ុន្តែ ភាពវ័យឆ្លាតក្នុងការថ្លឹងថ្លែងពីបញ្ហានៅចំពោះមុខ ភាពជាអ្នកដឹកនាំ និង ការចែករំលែកនូវក្តីស្រលាញ់សម្រាប់អ្នកជុំវិញខ្លួន គឺជាអ្វីដែលស្ត្រីក៏អាចធ្វើបានដូចគ្នា៕