ការទំនាក់ទំនងគ្នាតាមប្រព័ន្ធអុីនធឺណិត បានក្លាយជាវិធីសាមញ្ញ និងងាយស្រួលមួយសម្រាប់យុវជនជំនាន់ក្រោយ។ មនុស្សមួយចំនួន បានទាក់ទងគ្នាតាមប្រព័ន្ធឌីជីថល រហូតក្លាយជាដៃគូជីវិតនឹងគ្នា ហើយអ្នកខ្លះទៀតបានជួបនូវបញ្ហាមួយចំនួនផ្សេងៗទាក់ទងនឹង កេរ្តិ៍ឈ្មោះ សុវត្ថិភាពផ្ទាល់ខ្លួន និងបញ្ហាផ្សេងៗទៀត។

ការប្រើប្រាស់បណ្តាញអុីនធឺណិត មិនថាតាមរយៈកម្មវិធីភ្ជាប់ទំនាក់ទំនង(dating app) ឬបណ្តាញទំនាក់ទំនងសង្គម (social media) សម្រាប់យុវជនកម្ពុជា ក្នុងការស្វែងរកមិត្តភ័ក្ដិថ្មីៗ ជាពិសេសស្វែងរកដៃគូរសង្សារ កាន់តែមានភាពពេញនិយម ហើយមនុស្សមួយចំនួនមានគោលបំណងពង្រីកនូវបណ្ដាញទំនាក់ទំនងរបស់ខ្លួន។
នៅប្រទេសកម្ពុជា ការប្រើប្រាស់កម្មវិធីភ្ជាប់ទំនាក់ទំនងមានការកើនឡើងខ្លាំង ជាពិសេសក្នុងចំណោមក្រុមជនបរទេសដែលរស់នៅប្រទេសកម្ពុជា។ ចំណែក សម្រាប់យុវជនកម្ពុជា ប្រព័ន្ធទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក បានក្លាយជាវេទិកាដ៏ពេញនិយម ក្នុងការទំនាក់ទំនងគ្នា ទាំងក្នុងន័យមិត្តភាព និងស្នេហា។
កញ្ញា ទៀប ចន្ទី អាយុ ២៤ឆ្នាំ បានចាប់ផ្តើមប្រើប្រាស់កម្មវិធីភ្ជាប់ទំនាក់ទំនង Tinder អស់រយៈពេលជាងមួយឆ្នាំ។ កញ្ញាប្រើប្រាស់កម្មវិធីភ្ជាប់ទំនាក់ទំនងនេះ ក្នុងគោលបំណងស្វែងរកមិត្តភ័ក្តិ បន្ទាប់ពីត្រឡប់មកពីការសិក្សានៅប្រទេសថៃ។
កញ្ញានិយាយថា៖ “ខ្ញុំអាចបង្កើនទំនាក់ទំនងក្នុងសង្គម ហើយប្រសិនបើអាចជួបមនុស្សល្អដែលពេញចិត្តធ្វើដៃគូបាន រឹតតែល្អ។”
កញ្ញាក៏បានលើកពីការព្រួយបារម្ភ ពេលប្រើប្រាស់កម្មវិធីទំនាក់ទំនងនេះផងដែរ ទាក់ទិននឹងសុវត្ថិភាពរបស់ខ្លួន ពេលត្រូវអ្នកប្រើប្រាស់ជាមួយគ្នា បានសួរពីកន្លែងរស់នៅ។
“ខ្ញុំប្រាប់ពីតំបន់ដែលរស់នៅតែប៉ុណ្ណោះ ហើយពេលមានអារម្មណ៍ថាមិនទុកចិត្ត ខ្ញុំឈប់ឆាតឬនិយាយតែម្តង។”
Focus បានចងក្រងគន្លឹះសំខាន់ៗចំនួន៥ គួរពិចារណាដើម្បីរក្សាសុវត្ថិភាព ពីការទំនាក់ទំនងគ្នាតាមបណ្តាញអុីនធឺណិតរួមមាន៖
មិនគួរទំនាក់ទំនង(chat) ជាមួយអ្នកដែលគ្មានរូបថត

នៅក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនង (dating app) មានអ្នកប្រើប្រាស់មួយចំនួន មិនបានដាក់រូបថតនៅលើគណនីរបស់ខ្លួន (profile) ឬមានរូបថត ដែលមិនបានបង្ហាញពីមុខមាត់របស់ខ្លួន ដោយសារមូលហេតុផ្សេងៗគ្នា ដូចជាខ្លាចមិត្តភ័ក្តិស្គាល់ មិនអាចលាតត្រដាងនិន្នាការភេទរបស់ខ្លួននៅក្នុងសង្គម។ ប៉ុន្តែបុគ្គលខ្លះទៀត មិនបានដាក់រូបថត ក្នុងគោលបំណងមិនល្អ ។ ដូច្នេះ ដើម្បីជៀសវាងនូវរឿងកើតឡើងជាយថាហេតុ អ្នកគួរប្រយ័ត្ននៅពេលនិយាយ ឬផ្ញើសារជាមួយអ្នកដែលគ្មានរូបភាព។
ប្រសិនជាអាច ខលតាមវីឌីអូមុនពេលជួបគ្នា
អ្នកប្រើប្រាស់កម្មវិធីភ្ជាប់ទំនាក់ទំនងខ្លះ ទោះបីជាមានរូបភាពនៅក្នុងគណនីក៏ដោយ ក៏មិនអាចប្រាកដបានថា រូបភាពនោះជារូបភាពពិតដែរ។ ដូច្នេះបន្ទាប់ពីការសន្ទនាគ្នាបានមួយសន្ទុះហើយគិតថា ស៊ីខ្សែសង្វាក់គ្នាបានល្អ អ្នកគួរពិចារណាខលតាមវីឌីអូម្ដងទៀត ដើម្បីធានាថា បុគ្គលម្នាក់នោះ ពិតជាមានរូបរាងដូចដែលខ្លួនបានអះអាងក្នុងគណនីមែន ចៀសវាងគណនីក្លែងក្លាយ។
គួរតែណាត់ជួបគ្នានៅទីសាធារណៈមានពន្លឺភ្លឺ

ការជួបគ្នាជាលើកដំបូងគឺពិតជាសំខាន់ណាស់ សម្រាប់បង្កើតចំណាប់អារម្មណ៍ពេលជួបគ្នាលើកដំបូង និងសុវត្ថិភាពរបស់ខ្លួន។ កន្លែងណាត់ជួបគ្នាដែលល្អបំផុត គួរតែនៅទីសាធារណៈ ដែលពន្លឺគ្របគ្រាន់ ហើយមានមនុស្សនៅជុំវិញ អាចជា ភោជនីយដ្ឋាន បារ ផ្សារទំនើប ឬសួនច្បារជាដើម។ នៅពេលដែលជួបគ្នានៅបារ ឬរង្គសាល ប្រសិនបើអាច គួរកំណត់បរិមាណនៃការទទួលទានគ្រឿងស្រវឹង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលទៅបន្ទប់ទឹក ព្រោះអាចមានករណីដាក់ថ្នាំជាដើម។ ការជៀសវាងការជួបគ្នាជាលើកដំបូង នៅតាមកន្លែងស្ងាត់គ្មានមនុស្ស ឬទៅផ្ទះរបស់បុគ្គល អាចកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងបាន ដូចជាការរំលោភ ឬករណីសម្លាប់ជាដើម។
ជៀសវាងការផ្ញើរូបអាក្រាតរបស់ខ្លួនឱ្យគ្នា និងឈ្វេងយល់ពីផលវិបាកនៃការរួមភេទតាមអុីនធឺណិត (Cybersex)

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនដែរ រូបអាក្រាតត្រូវបានចាត់ទុកថាជារឿងដែលមិនសមស្រប និងប្រាសចាកពីសីលធម៌សង្គម។ រឿងអាស្រូវទាក់ទងនឹងរូបអាក្រាត អាចធ្វើឱ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់បុគ្គល ជាពិសេសជនខិលខូចអាចយករូបទាំងនេះ មកគំរាមជំរិតយកប្រាក់ ឬទាមទារអត្ថប្រយោជន៍ផ្សេងៗដែលពួកគេចង់បាន (blackmail) ។ បញ្ហានេះក៏អាចធ្វើឱ្យមានភាពអាម៉ាស់ដល់បុគ្គល ហើយអាចបង្កឱ្យមានការធ្វើបាប ឬធ្វើអត្តឃាតខ្លួនថែមទៀតផង។
គួររក្សាឯកជនភាព និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនក្នុងកម្រិតសុវត្ថិភាពមួយ
នៅក្នុងគណនីកម្មវិធីភ្ជាប់ទំនាក់ទំនង (dating application) ឬបណ្ដាញទំនាក់ទំនងសង្គម (social media) អ្នកគួរប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដូចជាអាស័យដ្ឋាននៃកន្លែងរស់នៅ កន្លែងធ្វើការ កន្លែងសិក្សា ថ្ងៃខែឆ្នាំកំណើត លេខគណនីធនាគារ ជាដើម ។ ក្រោយពេលបានជួបគ្នា នៅខាងក្រៅក្នុងពេលមួយរយៈ និងមានអារម្មណ៍ស៊ាំនឹងគ្នា នោះ ប្រហែលជាពេលដែលអាចចែករំលែកបន្ថែមបាន។