Focus នឹងនាំអ្នកត្រលប់មកមើលការវិវត្តថ្មីៗចុងក្រោយ លើពិភពលោក អំពីប្រធានបទការប្រឆាំងនឹងការបៀតបៀននិងរើសអើងភេទ ជាពិសេសមកលើស្ត្រី។
ការតវ៉ានឹងការរំលោភបំពានលើសិទ្ធិរបស់ស្ត្រី ត្រូវបានគេលើកមកពិភាក្សាជាច្រើន ទាំងក្នុងបណ្តាញសង្គម និងដោយផ្ទាល់នៅក្នុងសង្គមកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ក្នុងឱកាសទិវាសិទ្ធិនារីឆ្នាំ ២០២១ នេះ ក្រុមការងារ Focus សូមលើកប្រធានបទចំនួន ៥ ក្នុងចំណោមប្រធានបទជាច្រើនទៀត ដែលទាក់ទងនឹងការទាមទារ និងការប្រឆាំងការរើសអើងលើស្ត្រី ក្នុងសហសវត្សថ្មី ក្រោយឆ្នាំ២០០០។
ផ្នែកខ្លះនៃអត្ថបទនេះត្រូវបានសង្ខេប និងបកប្រែពីចំណុចខ្លះនៃសៀវភៅ The Feminism Book: Big Ideas Simply Explained។
ការបញ្ឈប់ការស្តីបន្ទោសលើជនរងគ្រោះ SlutWalk
SlutWalk គឺជាបាតុកម្មប្រឆាំងវប្បធម៌រំលោភ ដែលរួមមានការស្តីបន្ទោសលើជនរងគ្រោះ ជាពិសេសដោយសារការស្លៀកពាក់របស់ពួកគេ បញ្ឈប់ការមាក់ងាយប្រើប្រាស់ពាក្យអសុរោះ លើជនរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ។
ចលនានេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ ដោយ Sonya Barnett និង Heather Jarvis និងមនុស្សមួយចំនួនទៀត។ អ្នកតវ៉ាទាំងនោះ បានលើកស្លាកពាក្យនិយាយវិជ្ជមានអំពីភេទ បង្កើតសិក្ខាសាលា និងការតស៊ូមតិស្តីពីភាពជាជនរងគ្រោះ។
រូបថតដោយ៖ Claudio Schwars នៅលើ Unsplash
នៅក្នុងសង្គមកម្ពុជាផ្ទាល់ យើងក៏សង្កេតឃើញពីវប្បធម៌នៃការ ការស្តីបន្ទោសលើជនរងគ្រោះផងដែរនៅកម្ពុជា ដូចជាការនិយាយថា ករណីបៀតបៀនទាំងនោះកើតឡើង ដោយសារកំហុសរបស់ស្ត្រីខ្លួនឯង។ កន្លងមក ធ្លាប់មានមតិពិភាក្សាជាច្រើនបានកើតឡើងដោយសកម្មជនសិទ្ធិស្ត្រី និងអ្នកប្រើប្រាស់បណ្ដាញសង្គម ទៅលើការលើកឡើងរបស់អ្នកអធិប្បាយព័ត៌មានមួយរូប ដែលគាត់បាននិយាយបែបស្តីបន្ទោសដល់ស្រ្តីរងគ្រោះនៃករណីរំលោភសម្លាប់មួយ។ មតិលើកឡើងខ្លះបានគាំទ្រ ឯអ្នកខ្លះទៀតបង្ហាញមតិអវិជ្ជមានចំពោះយោបល់របស់គាត់ដែរ ប៉ុន្តែក្រោយមកគាត់ក៏បានចេញមកសុំទោសជាសាធារណផងដែរ។
ការអប់រំជាសកលដល់ក្មេងស្រី
ក្រុមស្ត្រីមួយចំនួនបានធ្វើការក្នុងថ្នាក់តំបន់ និងខ្លះទៀតបានធ្វើការថ្នាក់ជាតិ ដើម្បីផ្ដល់ការអប់រំដល់ក្មេងស្រី ក៏ដូចជាស្រ្តីផងដែរ។ ប៉ុន្តែកិច្ចការនេះ នៅតំបន់ខ្លះទទួលរងការប្រឆាំង បង្កើតជារនាំងឧបសគ្គផងដែរ។ បង្កើតឡើងក្នុងឆ្នាំ ១៩៧៧ The Revolutionary of the Women of Afgahanistan (RAWA) អាចជាឧទាហរណ៍មួយ នៃការផ្ដល់ចំណេះដឹងដល់កុមារី។ RAWA បានបើកសាលារៀនលួចលាក់មួយចំនួន សម្រាប់អប់រំក្មេងស្រីនៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងជំនាន់តាលីបង់នៅគ្រប់គ្រង ចន្លោះពីឆ្នាំ១៩៩៦ ដល់២០០១ ជាពេលដែលការអប់រំដល់ក្មេងស្រី គឺត្រូវបានគេហាមឃាត់។
រូបភាពដោយ៖ Nikhita S នៅលើ Unsplash
ស្រដៀងគ្នានឹងបរិបទនោះដែរ នៅពេលដែល Swat Valley នៃប្រទេសប៉ាគីស្ថាន ត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់ Malala Yousafzai ដែលពេលនោះនៅជាកុមារីនៅឡើយ ត្រូវបានគេបាញ់ ដោយសារការងារសរសេរប្លុកប្រឆាំងនឹងក្រុមតាលីបង់ ហើយនាងថែមទាំងទៅរៀនទៀតផង។ ការលួចធ្វើឃាតមិនបានសម្រេចនេះ បានធ្វើឱ្យ Malala ល្បីទូទាំងពិភពលោក ហើយបានធ្វើការងារជាច្រើន ដូចជាយុទ្ធនាការដើម្បីសិទ្ធក្នុងការទទួលបានការអប់រំសម្រាប់កុមារីជាដើម។
ចំណុចទី៣ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការសហប្រជាជាតិ (២០០០-២០១៥) គឺជាការលើកកម្ពស់សមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលក្នុងនោះ ក៏មានចំណុចដែលផ្ដល់ឱកាសដល់កុមារីចូលរៀនក្នុងថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ មានចំនួនស្មើនឹងកុមារាផងដែរ។ នៅក្នុងឆ្នាំ២០០៦ គោលដៅនេះ ត្រូវបានសម្រេច ដោយមានកុមារីចូលរៀននៅក្នុងថ្នាក់បឋមសិក្សាច្រើនជាងកុមារា នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ទោះបីជាយ៉ាងណាក៏ដោយ កុមារីប្រមាណជា ៣១លាននាក់ នៅតែមិនទាន់បានចូលរៀនក្នុងថ្នាក់បឋមសិក្សា។
អង្គការ UN Women នៃអង្គការសហប្រជាជាតិ ដែលធ្វើការលើសមភាពយេនឌ័រ បានរាយការណ៍ថា ២ភាគ៣ នៃអ្នកមិនចេះអក្សរសរុប៧៩៦លាននាក់ គឺជាស្ត្រី។ ក្រុមអ្នកអប់រំណែនាំស្ត្រីនិយមមួយចំនួន សង្កត់ធ្ងន់ថា ការអប់រំគឺជាសិទ្ធិ និងមានន័យក្នុងការតម្រង់អនាគតដល់ស្ត្រី ថែមទាំងនឹងជួយបង្កើតទំនុកចិត្ត និងឈានទៅសម្រេចបំណងប្រាថ្នា។
នៅក្នុងបរិបទប្រជាជនកម្ពុជាដែលមានអាយុ ៧ឆ្នាំឡើងទៅ អក្ខរភាពនៃភេទប្រុសមានចំនួន ៩១.១ ភាគរយ រីឯភេទស្រីវិញមានចំនួន ៨៦.២ ភាគរយ ហើយគម្លាតនោះកាន់តែធំនៅតាមទីជនបទ។ ទោះបីជាយ៉ាងណា របាយការណ៍ជំរឿនប្រជាជនកម្ពុជាក្នុងឆ្នាំ២០១៩ បានបង្ហាញថា អត្រាអក្ខរកម្មមនុស្សពេញវ័យ នៅកម្ពុជាបានកើនឡើងសរុប ១០,១ ភាគរយពី ៧៧,៦ ភាគរយក្នុងឆ្នាំ ២០០៨ ដល់ ៨៧,៧ ភាគរយនៅឆ្នាំ ២០១៩។ អក្ខរភាពស្ត្រីកើនឡើងពី ៧០.៩ ភាគរយក្នុងឆ្នាំ២០០៨ ទៅដល់ ៨៤.៨ ភាគក្នុងឆ្នាំ២០១៩។
ការប្រឆាំងនឹងការប្រើអំពើហិង្សា និងឃាតកម្មលើស្ត្រី
ស្ត្រីត្រូវបានគេមើលឃើញថា ជាមុខសញ្ញានៃករណីអំពើហិង្សា និងឃាតកម្មមួយដោយបុរស។ ពាក្យ “Femicide” ត្រូវបានគេប្រើប្រាស់សំដៅដល់ឃាតកម្ម ទៅលើក្មេងស្រីឬស្ត្រីដោយសារតែភេទរបស់ពួកគេ។
តំបន់អាមេរិកឡាទីន គឺជាតំបន់មួយ ដែលមានករណីឃាតកម្មសម្លាប់ស្ត្រីដោយសារភេទច្រើនជាងគេ ដែលអ្នកសិក្សាស្រាវជ្រាវខ្លះ បានដាក់បន្ទុកវាទៅលើទំនាក់ទំនងដ៏ស្មុគស្មាញ រវាងអាណានិគម របបប្រល័យពូជសាសន៍នៃជនជាតិភាគតិច និងបញ្ហាសេដ្ឋកិច្ច។ ប្រទេសអែលសាវ៉ាឌ័រត្រូវបានគេចាត់ទុក ជាប្រទេសដែលមានករណីឃាតកម្មលើស្ត្រីបែបនេះ ច្រើនជាងគេនៅលើពិភពលោក ជាមួយនឹងជនរងគ្រោះចំនួន៤៦៨នាក់ក្នុងឆ្នាំ២០១៧ ឬស្មើនឹង ១២នាក់ក្នុងចំណោម១សែននាក់។
រូបភាពដោយ៖ Mika Baumeister នៅលើ Unsplash
ជាការឆ្លើយតប ចលនាតវ៉ាប្រឆាំងនឹងឃាតកម្មលើស្ត្រីបានកើតឡើង ក៏ដូចជាប្រឆាំងនឹងភាពអសកម្មរបស់សមត្ថកិច្ចទៅលើករណីទាំងនោះ។ ចលនាទាំងនោះមានដូចជា #NiUnaMenos (#NotOneLess) នៅប្រទេសអាហ្សង់ទីន និង #NiUnaMas (#NotOneMore) ដែលធ្វើឡើងជាទៀងទាត់នៅប្រទេសម៉ិកស៊ិក។ #NiUnaMas (#NotOneMore) ត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៥ ហើយវាថែមទាំងរីកដុះដាលដល់ប្រទេសដទៃទៀត នៃតំបន់អាមេរិកឡាទីននិងអឺរ៉ុប។ ប្រទេសមួយចំនួននៃតំបន់អាមេរិកឡាទីន បានបង្កើតច្បាប់ប្រឆាំងនឹងករណី Femicideនេះ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។
ការប្រឆាំងនឹកការរំលោភបំពានផ្លូវភេទនៅតាមគ្រឹះស្ថានសិក្សា
ការស្ទង់មតិមួយបានឱ្យដឹងថា នៅសហរដ្ឋអាមេរិក មានស្ត្រីម្នាក់ក្នុងចំណោម៤នាក់ ធ្លាប់ត្រូវបានគេរំលោភបំពានផ្លូវភេទ នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ សន្ទុះនៃការយុទ្ធនាការប្រឆាំងនឹងការបៀតបៀនផ្លូវភេទនៅតាមគ្រឹះស្ថានឧត្តមសិក្សា បានចាប់ផ្តើមពីឆ្នាំ ២០១០ ដោយមានជនរងគ្រោះខ្លះ ទាមទារការផ្លាស់ប្តូរដោយផ្ទាល់បន្ថែមទៀត។
សកម្មភាពបែបនេះក៏ត្រូវបានគេមើលឃើញ នៅក្នុងភាពយន្តឯកសារ“ The Hunting Ground” ។ វាត្រូវបានចាក់លើកដំបូងក្នុងឆ្នាំ២០១៥ ដែលរំលេចអំពីបទពិសោធរបស់ស្ត្រី ដែលបានព្យាយាមរាយការណ៍ការបៀតបៀនផ្លូវភេទនៅតាមគ្រឹះស្ថានសិក្សា។
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ទៅកាន់ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា និងអាជ្ញាធរ ត្រូវបានឆ្លើយតបមកវិញ ជាមួយនឹងការស្តីបន្ទោសជនរងគ្រោះ សេចក្តីមិនជឿជាក់លើករណីទាំងនោះ ហើយថែមទាំងមានការស្នើសុំឱ្យគិតគូរពិចារណា ដល់អនាគតរបស់ជនសង្ស័យទៀតផង។ រឿងនេះបានផ្ដោតសំខាន់ទៅលើជនរងគ្រោះ២រូបគឺ Annie E. Clark និង Sndrea Pino។
ក្នុងឆ្នាំ ២០១៣ ពួកគេបានបង្កើតក្រុមយុទ្ធនាការ បញ្ឈប់ការរំលោភសេពសន្ថវៈ និងបានធ្វើដំណើរទៅសាលារៀននានានៅសហរដ្ឋអាមេរិក ដោយផ្តល់ជាកិច្ចពិភាក្សា និងជួបនឹងអ្នករងគ្រោះដទៃទៀត។ ជាលទ្ធផលនៃយុទ្ធនាការរបស់ពួកគេ គ្រឺះស្ថានឧត្តមសិក្សានៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានស៊ើបអង្កេតស្វែងរកករណីរំលោភសិទ្ធិស៊ីវិលមាត្រាទី IX។
យុទ្ធនាការបើកចំហនិយាយតាមអនឡាញពីបទពិសោធរបស់ជនរងគ្រោះនៃការបៀតបៀនផ្លូវភេទ
#Metoo គឺជាពាក្យគន្លឹះ ដែលត្រូវបានប្រើប្រាស់ជា Hashtag នៅលើបណ្តាញសង្គម ដោយជនរងគ្រោះផ្លូវភេទ និយាយបើកចំហថា ខ្លួនធ្លាប់ត្រូវបានគេបៀតបៀនផ្លូវភេទ។
ពាក្យ Me Too (ខ្ញុំដែរ) នេះត្រូវបានប្រើប្រាស់ជាទូលំទូលាយជាលើកដំបូងក្នុងឆ្នាំ ២០០៦ ដោយ Tarana Burke ដោយប្រមែលប្រមូលជនរងគ្រោះ ដោយការបៀតបៀនផ្លូវភេទ ដោយគាត់បានបង្កើតជាសិក្ខាសាលាសម្រាប់ជនរងគ្រោះក្មេងៗស្តីពីអំពើហិង្សាផ្លូវភេទ។ សិក្ខាសាលានោះ ត្រូវបានបង្កើតឡើង ដើម្បីឱ្យក្មេងស្រីមកជុំគ្នា ដើម្បីទទួលបានការគាំទ្រនិងប្រមូលផ្តុំគ្នាជាចង្កោមមួយប៉ុណ្ណោះ។ ក្មេងស្ត្រីមួយចំនួនបានសរសេរពាក្យ Me too នៅក្នុងសិក្ខាសាលានោះ ដើម្បីបញ្ជាក់ថាពួកគេត្រូវការជំនួយ ប៉ុន្តែមិនអាចនិយាយវាឡើង ឬស្វែងរកជំនួយបានដោយផ្ទាល់ឡើយ។
នៅក្នុងឆ្នាំ ២០១៧ តារាសម្តែង Alyssa Mila បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ស្នើឱ្យជនរងគ្រោះនៃការបៀតបៀនផ្លូវភេទសរសេរពាក្យ “Me too”។ នៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានការសរសេរពាក្យ Me too រាប់ពាន់សារ ហើយមានស្ត្រីម្នាក់រៀបរាប់ពីបទពិសោធន៍នៃការរំលោភបំពានជាមួយនឹង Hashtag #MeToo។ ក្រោយមក ការបង្ហោះរបស់គណនីបណ្តាញសង្គមខ្ទង់លានបានភ្ជាប់ជាមួយ #MeToo បង្ហាញពីបទពិសោធន៍ការបៀតបៀននានាលើពួកគេជាច្រើន ហើយត្រូវបានគេជជែកពិភាក្សាលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
រូបភាពដោយ៖ Mihai Surdu នៅលើ Unsplash
ចាប់តាំងពីឆ្នាំ២០១៧មក #MeToo បានក្លាយជាឃ្លាដែលគេប្រើប្រាស់ជាសកល ហើយបានបកច្រើនទៅជាភាសាផ្សេងៗផងដែរ។ ស្ត្រីដែលធ្លាប់តែខ្លាច និងខ្មាស់អៀនពីការបង្ហាញបទពិសោធរបស់ពួកគេ បានចាប់ផ្ដើមនិយាយ ដោយការលើកទឹកចិត្តនៃការយល់ដឹងរបស់មជ្ឍដ្ឋានជុំវិញខ្លួន។មិនមែនតែស្ត្រីទេដែលចាប់ផ្ដើមបង្ហាញអំពីបទពិសោធទាំងនេះតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ក្រុមបុរស ក៏ដូចជាក្រុមបុរសស្រឡាញ់បុរសមួយចំនួនក៏បានចាប់ផ្ដើមរៀបរាប់ ពីការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការផងដែរ៕