រំឮកឡើងវិញ តើយើងបានរៀនអ្វីខ្លះពីឆ្នាំ ២០២០?
ឆ្នាំ ២០២០ គឺជាឆ្នាំដែលរអាក់រអួលមួយ។ វាបានបង្អាក់ដល់ដំណើរជាច្រើន ហើយប៉ះពាល់របៀបដែលយើងរស់នៅ សឹងតែគ្រប់កម្រិត គ្រប់ទម្រង់។ នៅពេលប៉ុន្មានឆ្នាំទៅមុខទៀត រឿងរ៉ាវដែលកើតឡើងនៅក្នុងឆ្នាំ ២០២០ នឹងក្លាយជាប្រវត្តិសាស្ត្រសម័យទំនើប សម្រាប់មនុស្សជាតិសិក្សា។
ខណៈដែលថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ ខិតជិតមកដល់ ក្រុមការងារ Focus រំឮកឡើងវិញពីអ្វីដែលពួកគេបានរៀន ចំពោះការប្រែប្រួលដ៏មិនប្រាកដប្រជាមួយនេះ។
លោក ញ៉ែម ផាន់ ណារ៉ូ
ក្នុងឆ្នាំ ២០២០ ថ្វីត្បិតតែ មានការផ្ទុះឡើងខ្លាំង នេះអាចចាត់ទុកជា ស្ថានភាពដែលផ្តល់ភាពលំបាក ដល់ប្រជាជនដែលអ្នកខ្លះបានបាត់បង់ការងារ។ ដោយឡែក ស្ថានភាពបែបនេះ ក៏អាចផ្តល់ជាឱកាស ដល់មនុស្សមួយចំនួនផងដែរ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំបានស្វែងយល់ច្បាស់ពីជំនាញមួយចំនួន ដែលអាចជួយខ្លួនឯង ក្នុងការទទួលបានការងារធ្វើ ក្នុងកាលៈទេសៈមិនច្បាស់លាស់ ដែលរួមមានជំនាញនៃការអាចបត់បែនបាន និងការសម្របខ្លួនទៅនឹងស្ថានភាព។ ហើយជាពិសេសទៀតនោះ រៀនពីការចេះអត់ធ្មត់ ព្រោះយើងគួរអាចគ្រប់គ្រងអ្វីដែលខ្លួនអាចគ្រប់គ្រងបាន ជាជាងព្យាយាមផ្លាស់ប្តូរអ្វីមួយ ដែលហួលឆ្ងាយពីសមត្ថភាព និងការគ្រប់គ្រងរបស់ខ្លួន។ នេះអាចជួយខ្លួនខ្ញុំច្រើន ក្នុងការដោះស្រាយ ភាពតានតឹង និងពង្រឹងសុខភាពផ្លូវចិត្ត។
គីម ជីហេ
ឆ្នាំនេះ បានធ្វើឱ្យខ្ញុំដឹងថា តាមពិតទៅ ខ្ញុំជាមិត្តល្អរបស់ខ្លួនឯង។ ឆ្នាំ២០២០ ធ្វើឱ្យខ្ញុំជួបនៅការផ្លាស់ប្តូរជាច្រើន ហើយក្នុងនោះដែល គឺខ្ញុំឆ្លងកាត់វាម្នាក់ឯង។ បន្ទាប់ពីបាន ចំណាយពេលវេលាសម្រាប់ខ្លួនឯងជាច្រើន ការត្រិះរិះ ការសាកល្បង និងកំហុស ជាមួយនឹងការយកចិត្តទុកដាក់ចំពោះខ្លួនឯង។ ខ្ញុំបានដឹងថា ចុងក្រោយ ខ្ញុំតែងតែមានខ្លួនឯង។ យើងទាំងអស់គ្នាផ្តោតសំខាន់ខ្លាំងពេកទៅលើការធ្វើជា មិត្តភ័ក្ដិល្អ បងប្អូនល្អ កូនល្អ ក៏ដូចជាដៃគូ។ ប៉ុន្តែ តើពេលណាជាពេលចុងក្រោយ ដែលអ្នកឱ្យតម្លៃ និងខិតខំក៏សាកទំនាក់ទំនងល្អរវាងខ្លួនឯង? អ្នកគួរតែឱ្យតម្លៃខ្លួនឯង ដូចការដែលអ្នកឱ្យតម្លៃលើរបស់ដ៏មានតម្លៃមួយអីចឹង។ វាស្រួលនិយាយជាងអនុវត្តន៍ តែនេះគឺជាអ្វីដែលខ្ញុំដាក់ចិត្តធ្វើពីពេលនេះតទៅ។ ស៊ូស៊ូ!
បូរិន សុភាវុទ្ធតី
ការរាតត្បាតសកលនៃជំងឺកូវីដ១៩ បានបង្កើតឱ្យមានផលអវិជ្ជមានជាច្រើនលើការរស់នៅរបស់មនុស្សម្នាជាច្រើន។ ប៉ុន្តែ ទន្ទឹមនឹងនេះ វាបានធ្វើឱ្យមនុស្សជាច្រើនមានពេលវេលានៅផ្ទះបានច្រើនជាងមុន ដែលវាជារឿងល្អមួយ ប្រសិនបើអ្នកចេះចំណាយវាឱ្យមានប្រយោជន៍។ កូវីដ១៩ បានធ្វើឱ្យសកម្មភាពក៏ដូចជាការរស់នៅប្រចាំថ្ងៃ ដែលដើរលឿនខ្លាំង មិនមានពេលអង្គុយគិតថ្លឹងថ្លែង លើរឿងជាច្រើនឱ្យបានគ្រប់ជ្រុងជ្រោយ ដើរតាមតែកាលវិភាគ ដែលតែងតែមានសកម្មភាពជាប់ជានិច្ច ថយមកដើរយឺតវិញ។ និយាយទៅ គឺជាធ្វើឱ្យ ខ្ញុំចេះឱ្យតម្លៃលើពេលវេលាជាងមុន។ រយៈពេលនៃការធ្វើការ និងសិក្សាពីផ្ទះ ធ្វើឱ្យខ្ញុំគិតថា មនុស្សយើងចំណាយពេលច្រើនណាស់លើការធ្វើដំណើរ ទៅកាន់កន្លែងណាមួយ ដើម្បីទៅនិយាយជាមួយនរណាម្នាក់ពីប្រធានបទអ្វីមួយ ដែលតាមពិតទៅយើងអាចដំណើរវាតាមអនឡាញបាន។ ហើយ យើងអាចយកពេលវាធម្មតាយើងចំណាយលើការធ្វើដំណើរនោះ ទៅធ្វើអ្វីផ្សេងបាន ដូចជា គេងបានច្រើនជាងមុន មានពេលទទួលទានអាហារបានទៀងពេល និង ត្រៀមខ្លួនសម្រាប់ការនិយាយគ្នានោះផ្ទាល់ ជាដើម។ ឆ្នាំនេះ ក៏បានធ្វើឱ្យខ្ញុំមានពេលនៅជាមួយ ធ្វើសកម្មភាពរួមគ្នា និងនិយាយ ជាមួយសមាជិកគ្រួសារបានច្រើនជាងមុនច្រើន ដែលវាធ្វើឱ្យយើងយល់ពីគ្នាបានមួយកម្រិតទៀត។ ហើយ ពេលវេលាទាំងនោះ បានធ្វើឱ្យខ្ញុំដឹងថា កន្លងមកនេះ មនុស្សក្នុងវ័យតំណាលខ្ញុំម្នាក់ៗ ផ្តោតតែលើរឿងខ្លួនឯងច្រើនពេក ដែលយើងភ្លេចចំណាយពេលនៅជាមួយក្រុមគ្រួសាររបស់យើង ជាពិសេស ឪពុកម្តាយ និងជីដូនជីតា ដែលវ័យ និងការចងចាំ របស់ពួកគាត់កាន់តែខ្សោយទៅៗ។
ចន្រ្ទ រីកា
ក្នុងឆ្នាំ ២០២០ នេះ ខ្ញុំបានជួបប្រទះការផ្លាស់ប្ដូរជាច្រើនតាំងពីការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ តាំងពីការចាកចេញឆ្ងាយពីមិត្តភ័ក្ដិ គ្រូៗ ដែលខ្ញុំមានទំនាក់ទំនងជិតដិតយ៉ាងខ្លាំង រហូតដល់ការស្វែងរកការងារ និងឱកាសផ្សេងៗ។ ឆ្នាំនេះពោរពេញទៅដោយ ភាពស្រពិចស្រពិល និងភាពតានតឹងជាច្រើន ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំមានភាពឯករាជ្យជាងមុន។ ទោះបីពេលវេលាលំបាកយ៉ាងណាក៏ដោយ ខ្ញុំមានទំនួលខុសត្រូវក្នុងការសម្រេចគោលដៅរបស់ខ្ញុំ។ ខ្ញុំយល់ថាក្នុងពេលវេលាដូចនេះ យើងរាល់គ្នាប្រហែលមិន មានទឹកចិត្តបន្តការងារ និងអ្វីដែលយើងស្រឡាញ់នោះទេ ប៉ុន្តែរាល់ពេលដែលខ្ញុំមានគំនិតបែបនេះ ខ្ញុំតែងតែរំលឹកខ្លួនឯងពីជំនឿ និងតម្លៃដែលខ្ញុំប្រកាន់ខ្ជាប់។ វាជំរុញឲ្យខ្ញុំក្រោកឡើង និងបន្តធ្វើអ្វីដែលខ្ញុំស្រឡាញ់ និងផ្ដល់អត្ថន័យក្នុងជីវិតខ្ញុំ។
តូច ធីណា
បើអ្នកអាចសារពេលវេលាឱ្យរំកិលទៅមុខ ឬថយក្រោយ តើអ្នកនឹងជ្រើសរើសយកជម្រើសមួយណា? ដំណើរជីវិតរបស់ខ្ញុំនៅក្នុងឆ្នាំ២០២០នេះ មិនខុសគ្នាខ្លាំងពីការបញ្ចេញសំឡេងនៃឆ្នាំនេះដូចគ្នា គឺ ម៉ាភ័យ! ម៉ាភ័យ! តែម្តង។ មានចំណុចខ្លះអាចទៅមុខបានដោយក្តីសុខក្សេមក្សាន្ត ហើយចំណុចខ្លះទៀតប្រៀបបីដូចជា ដំណើរផ្សងព្រេងទៅសុំភ្លើងយក្សអីចឹង។ ប៉ុន្តែអ្វីដែលជាការនឹកស្មានមិនដល់នោះ គឺវាបានជួយបើកព្រះនេត្រឡើងបាយរបស់ខ្ញុំ ឱ្យបានមើលឃើញពីវដ្តសង្សារនៃជីវិត និងការផ្លាស់ប្តូរបែបបាក់ចង្កេះ ដែលពេលខ្លះខ្ញុំស្ទើរតែមិនអាចសម្របខ្លួនបាន។ យ៉ាងណាមិញ ខ្ញុំនៅតែគិតថា ឆ្នាំនេះគឺជាដំណើរដ៏សំខាន់ដែលគួរចងចាំ ពីព្រោះវាបានជួយដល់ការរីកធំធាត់ទាំងផ្នែកចិត្តគំនិត និងជីវិតការងារ ដែលខ្ញុំមិនដែលព្រាងទុកជាមុន។
នូវ ពៅលក្ខិណា
នៅពេលជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាតដំបូង ខ្ញុំក៏ដូចជាមនុស្សជាច្រើនទៀតដែរ គឺចាប់ផ្តើមនៅផ្ទះ កាត់បន្ថយការចេញក្រៅ បើមិនមានការចាំបាច់។ អំឡុងពេលនោះ ខ្ញុំមានឱកាសច្រើន ដើម្បីរៀនស្គាល់ពីខ្លួនឯង ធ្វើខ្លួនឱ្យបានប្រសើរជាងមុន។ ក្នុងនោះក៏មានដូចជា របៀបធ្វើការបែបណាសាកសមសម្រាប់ខ្ញុំ ហើយមានប្រសិទ្ធភាពច្រើន ក៏ដូចជាផ្លាស់ប្តូរទម្លាប់អាក្រក់ៗមួយចំនួនចេញជាដើម។ ការណ៍នេះអាចសម្រេចទៅបាន គឺដោយសារតែខ្ញុំមានពេលវេលាគ្រប់គ្រាន់។ ប៉ុន្តែពេលវេលាទាំងនោះ មិនមែនប្រជាជនកម្ពុជាគ្រប់គ្នា ធ្វើទៅរួចនោះទេ។ មនុស្សជាច្រើនកំពុងបាត់បង់ការងារ រួមទាំងខ្ញុំផង។ ពួកគេត្រូវស្វែងរកការងារធ្វើវិញភ្លាមៗ ដើម្បីបំពេញតម្រូវការក្រពះនិងដោះស្រាយបញ្ហាចំពោះមុខ។ ខ្ញុំគិតដល់ពីពួកគេ នៅពេលខ្ញុំទទួលបានការងារជានិពន្ធនាយករបស់សារព័ត៌មានអនឡាញ Focus – Ready for Tomorrow។ បេសកម្មផ្ទាល់របស់ខ្ញុំគឺ តើយើងអាចបម្រើដល់ទស្សនិកជននិងអ្នកអាន ជាមួយនឹងព័ត៌មានបែបណា ដែលជួយពួកគេឱ្យត្រៀមខ្លួនបានប្រសើរឡើង នៅពេលដែលជួបស្ថានភាពមិនប្រាកដប្រជាបែបនេះ?