ប្រព័ន្ធអប់រំរបស់ប្រទេសមួយ ប្រៀបដូចជាឧបករណ៍វាស់វែងយ៉ាងច្បាស់មួយ ដែលបង្ហាញពីការអភិវឌ្ឍនាពេលអនាគត។ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កំពុងបន្តធ្វើការវិភាគទិដ្ឋភាពអប់រំនៅកម្ពុជា ដើម្បីផ្ដល់អនុសាស៍ឲ្យមានការបង្កើតគោលនយោបាយរដ្ឋាភិបាលដ៏មានអត្ថន័យ ។
ក្រោយស្ថានការច្របូកច្របល់អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ សាលារៀនក្នុងប្រទេសកម្ពុជាបានបើកឲ្យដំណើរការឡើងវិញ ហើយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក៏វិលត្រលប់ទៅក្នុងថ្នាក់ដូចដើម ដែលយើងអាចរំពឹងមើលឃើញការត្រលប់មកដំណើរការជាធម្មតាវិញ នាឆ្នាំ២០២២នេះ។ ខណៈពេលដែលការរំខានក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់ បង្កឡើងដោយកូវីដ-១៩ បានប៉ះពាល់ទៅដល់វិស័យអប់រំ ហើយទំនងនឹងកំណត់ទិសដៅនៃវិស័យមួយនេះនាឆ្នាំបន្តបន្ទាប់ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ Centre for Educational Research and Innovation ហៅកាត់ថា CERI បានកំពុងតែសម្លឹងមើលទៅកាន់អនាគតរួចទៅហើយ។
បណ្ឌិត សុង សុភក្តិ នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ បានពន្យល់ថា៖
«ដោយសារតែជម្ងឺកូវីដ-១៩ សិស្សបានរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីនេះ។ ដោយផ្អែកលើការផ្លាស់ប្តូរនៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍរបស់យើង សិស្សានុសិស្សនឹងអាចប្រើប្រាស់ប្រព័ន្ធអុីនធឺណិតបានប្រសើរជាងមុន និងមិនមានការរឹតត្បិតថាការសិក្សាអាចធ្វើបានតែនៅក្នុងថ្នាក់រៀនទេ។»
គម្រោង «ថ្នាលឧត្តមចំណេះ៖ ការប្រមើលមើលឡើងវិញអំពីការអប់រំនាពេលអនាគតរបស់កម្ពុជា» ត្រូវបានបើកដំណើរការកាលពីខែ កក្កដា ឆ្នាំ២០២១ក្នុងគោលបំណងសិក្សាទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ជំហានដំបូងរបស់គម្រោងនេះរួមមាន ការសិក្សាទាក់ទងទៅនឹង ការត្រៀមខ្លួនក្នុងកម្រិតឧត្តមសិក្សាសម្រាប់ «ការអនុម័តនៃបច្ចេកវិទ្យាអប់រំក្នុងកំឡុងពេលជំងឺកូវីដ១៩»។ ការសិក្សានេះក៏ត្រូវបានណែនាំទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដែលរួមមានដូចជា មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំផ្នែកអប់រំសំខាន់ៗ នៅក្នុងសិក្ខាសាលាមួយកាលពីខែសីហា ឆ្នាំ២០២១។
មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ ក៏ផ្តោតលើទិដ្ឋភាពជាក់ស្តែងផ្សេងៗ នៃការអភិវឌ្ឍជំនាញ និងធនធានមនុស្សផងដែរ។ ដោយមើលឃើញអំពីសារៈសំខាន់នៃការរៀបចំកម្លាំងពលកម្ម សម្រាប់ការងារនាពេលអនាគត រួមទាំងឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤ វាហាក់ដូចជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែល CERI បានបង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈផងដែរ។
ការសិក្សាក្រោមចំណងជើង «ការរត់ទៅរកចំនុចប្រសព្វនៃការអប់រំ និងបណ្តុះបណ្តាលក្រោយមធ្យមសិក្សានៅកម្ពុជា» បានលើកឡើងថា ការអនុញ្ញាតឲ្យសិស្សធ្វើការផ្លាស់ប្តូររវាងឧត្តមសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចកាត់បន្ថយការយល់ឃើញអវិជ្ជមានលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថាជាផ្លូវទាល់ច្រក។ ការសិក្សានេះក៏បានផ្តល់នូវអនុសាសន៏ថា ការចល័តនេះអាចបង្កើនភាពរហ័សរហួនក្នុងប្រព័ន្ធអប់រំទាំងពីរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើតធនធានមនុស្សជំនាន់ថ្មីដែលមានសមត្ថភាព។
ជាងនេះទៅទៀត ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ ក៏កំពុងតែពិនិត្យមើលតួនាទីដែលកំពុងលេចធ្លោរបស់កម្ពុជា ក្នុងចំណោមបណ្ដាញទំនាក់ទំនងសាកល ទាក់ទងនឹងការបង្កើតចំណេះដឹងផ្នែកអប់រំ និងបញ្ញា។
បោះពុម្ពផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២ សៀវភៅទីពីរដែលមានចំណងជើងថា «ការអប់រំ និងបណ្ដុះបណ្តាលក្រោយមធ្យមសិក្សានៅកម្ពុជាក្នុងបរិបទសង្គមពុទ្ធិសកល» ជាបណ្ដុំនៃការសិក្សាស្រាវជ្រាវដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំលើវិស័យអប់រំសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ការរៀបចំប្រព័ន្ធ និងការបង្កើតចំណេះដឹងពី STEM ត្រូវបានដាក់ជាទិដ្ឋភាពសំខាន់នៃសៀវភៅនេះ ដោយមានគោលបំណងជំរុញប្រព័ន្ធអប់រំក្រោយមធ្យមសិក្សា ដែលអាចនឹងផ្ដល់ឲ្យសិស្សនូវមាគ៌ាមួយ ដែលឆ្ពោះទៅរកការសិក្សាពេញមួយជីវិតនិងមានន័យ ។
ក្នុងនាមជាវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវមួយដែលកំពុងនឹងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងទូលំទំលាយក្នុងប្រទេស ការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ បានរួមចំណែកដោយផ្ទាល់ដល់ចក្ខុវិស័យក្នុងសង្គមពុទ្ធិរបស់ប្រទេសកម្ពុជានិងសកល។
អ្នកស្រី តឹក មុយទៀង អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ បានលើកឡើងថា៖ «ការសិក្សាស្រាវជ្រាវ គឺជាការបង្កើតចំណេះដឹងថ្មី» «ដើម្បីធ្វើឲ្យសង្គមពុទ្ធិសកលរីកចម្រើន បុគ្គលគ្រប់រូបត្រូវតែរួមចំណែកក្នុងការបង្កើតចំណេះដឹងថ្មី។
គោលដៅនៃការងារទាំងអស់របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ គឺសម្ដៅបង្កើតឲ្យមាននូវប្រព័ន្ធអប់រំមួយ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ហើយរាល់ការងារដែលអ្នកស្រាវជ្រាវនៅ CERI ផ្តោតលើឬប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅខាងលើនេះតែងឋិតក្នុងបេះដូងរបស់ពួកគាត់ជានិច្ច។
លោកនាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍អប់រំ បានបន្តថា៖ «ប្រសិនបើយើងអាចបន្តធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនេះ ខ្ញុំអាចប្រមើលមើលឃើញថា អ្នកសិក្សានៅកម្ពុជានឹងចូលរួមក្នុងការបង្កើតចំណេះដឹង ក៏ដូចជាធ្វើការពិនិត្យពីរបៀបដែលពួកគេកំពុងរៀន និងបង្រៀនដើម្បីកែលម្អខ្លួនឯងថែមទៀតផង។ យើងទាំងអស់គ្នាត្រូវតែរៀនសូត្រនិងផ្លាស់ប្តូរចំណេះដឹងទាំងនោះជាមួយអ្នកដទៃ ប៉ុន្តែទន្ទឹមនឹងនោះ យើងត្រូវបង្កើតអ្វីមួយដែលមានឫសគល់និងជាមូលដ្ឋាននៅទីនេះ។
អត្ថបទនេះគឺជាផ្នែកមួយនៃភាពជាដៃគូជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាការសារទរដល់ដំណើរការរយ:ពេល ៣០ ឆ្នាំរបស់វិទ្យាស្ថាន និងបង្ហាញពីការងាររបស់ពួកគេក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងមកនេះ។ អត្ថបទដើមជាភាសាអង់គ្លេសមាននៅលើ Sotheast Asia Globe។ សូមស្វែងយល់បន្ថែមពីការងារស្រាវជ្រាវរបស់ CDRI និងបន្តធ្វើបច្ចុប្បន្នភាពជាមួយគម្រោងរបស់ពួកគេនៅលើទំព័រ Facebook ផ្លូវការរបស់វិទ្យាស្ថាន។ ស្វែងយល់បន្ថែមអំពីភាពជាដៃគូនៅទីនេះ។