ដើម្បីធានាថាស្ថាប័ននិងគោលនយោបាយរបស់ប្រទេសជាតិ នឹងដំណើរការសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើបញ្ហាដែលបន្ទាន់ បំផុតសម្រាប់ប្រជាជនដែលងាយរងគ្រោះ។
បីទសវត្សរ៍នៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្កើតបរិយាកាសមួយសម្រាប់កំណែទម្រង់នយោបាយ និងស្ថាប័នប្រកបដោយវិវត្តភាព។ មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា Centre for Governance and Inclusive Society ហៅកាត់ CGIS របស់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ឬ CDRI ជាកន្លែងដ៏ពិសេសមួយ ដែលបន្តរបៀបវារៈនៃកិច្ចស្រាវជ្រាវរបស់ខ្លួន ដោយផ្តោតសំខាន់លើសក្ដានុពលនៃការផ្លាស់ប្តូរនានា ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ព្រមទាំងការលេចឡើងនូវប្រព័ន្ធអភិបាលកិច្ច ដល់ជនជាតិដើមភាគតិច ដែលកំពុងឆ្លើយតបទៅនឹងយុគសម័យថ្មី ដើម្បីបម្រើប្រជាពលរដ្ឋគ្រប់រូបរបស់ប្រទេសកម្ពុជា។
«យើងមិនអាចទុកនរណាម្នាក់ចោលនោះទេ ដូច្នេះនៅពេលដែលយើងព្យាយាមរួមបញ្ចូលអ្នកគ្រប់គ្នា មានស្ថាប័នច្រើនណាស់ដែលមានតួនាទីត្រូវចូលរួម» នេះបើយោងតាមការពន្យល់របស់អ្នកស្រី សន សុផានី ដែលជានាយករបស់មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា។
“អ្នកបង្កើតគោលនយោបាយត្រូវមើលថា តើអ្វីខ្លះគឺជាតម្រូវការរបស់ប្រជាជន តើអ្វីខ្លះគឺជាបញ្ហាប្រឈម ហើយតើយន្តការប្រភេទណាខ្លះដែលចាំបាច់គួរតែដាក់បញ្ចូល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបាននូវអត្ថប្រយោជន៍ និងការចូលរួមចំណែកដល់សង្គមដូចៗគ្នា”។
ដើម្បីជួយជាការបំភ្លឺផ្លូវសម្រាប់អាជ្ញាធរពាក់ព័ន្ធ មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា បានត្រួតពិនិត្យមើលគ្រប់កម្រិតនៃអភិបាលកិច្ច។ ការសិក្សាស្រាវជ្រាវគុណវិស័យបែបមនុស្សសាស្ត្រមួយ ដែលបានធ្វើឡើងក្នុងឆ្នាំ ២០០៧ ក៏ដូចជាការស្រាវជ្រាវអំពី ភាពជាអ្នកដឹកនាំមូលដ្ឋានក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២០ បានផ្តល់នូវទស្សនវិស័យប្រវត្តិសាស្ត្រ អំពីនិន្នាការរបស់អភិបាលកិច្ចតាមឃុំសង្កាត់ពីអតីតកាល និងរបៀបផ្លាស់ប្តូរអាកប្បកិរិយាក្នុងអំឡុងពេល ១២ ឆ្នាំចុងក្រោយ និងបានរៀបចំឡើង ដើម្បីអាចផ្តល់ឱ្យភាគីពាក់ព័ន្ធនូវទិន្នន័យជាក់លាក់តាមបរិបទ អំពីរបៀបកែលម្អ ការចូលរួមតាមបែបប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន។ គេក៏បានសង្កេតឃើញថា មានសញ្ញានៃវឌ្ឍនភាពពិតមែន។
“នៅកម្រិតសហគមន៍ អាជ្ញាធរបានរៀបចំវេទិកាសាធារណៈ ដើម្បីឲ្យទាំងបុរស ទាំងស្ត្រី ទាំងចាស់ ទាំងក្មេង អាចពិភាក្សាពីតម្រូវការរបស់សហគមន៍ និងអ្វីដែលប្រជាជនទាំងអស់គ្នាត្រូវការ” នេះបើតាមសម្តីរបស់កញ្ញា ឆោម ធាវី សហការីស្រាវជ្រាវនៅ CGIS។ «បន្ទាប់មក ភូមិនានា ក៏បានសម្រេចបន្តថាអ្វីទៅ ដែលមានសារៈសំខាន់ជាងគេនៅក្នុងភូមិ ដើម្បីអាចប្រើប្រាស់ថវិកាសម្រាប់ដោះស្រាយបញ្ហាទាំងនោះ»។
ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជា ស្ថាប័នប្រកបដោយគណនេយ្យភាព និងការកសាងសង្គមប្រកបដោយបរិយាបន្ន ត្រូវបានគេយកចិត្តទុកដាក់មិនត្រឹមតែនៅក្នុងវិស័យសាធារណៈនោះទេ។
កន្លងមកអង្គការមិនមែនរដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ដូចនេះវាពិតជាសមហេតុផល ដែលអង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ត្រូវបានរំលេចនៅក្នុងការសិក្សាស្រាវជ្រាវ របស់មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា ។
កង្វះខាតសមត្ថភាព កន្លែងចូលរួមជាសាធារណ:នៅមានកម្រិត និង ការចូលរួមពិភាក្សាដែលផ្អែកលើគោលនយោបាយផ្សេងៗគ្នា សុទ្ធសឹងតែជាឧបសគ្គដល់ការកសាងសង្គមសម្រាប់អ្នកគ្រប់គ្នា នេះបើតាមការសិក្សានៅឆ្នាំ ២០២០ ស្តីពី ការកសាងសមត្ថភាពដើម្បីជំរុញការចូលរួមរបស់ពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាបន្ន៖ ឆ្ពោះទៅរកអភិបាលកិច្ចបែបបរិយាបន្ន និងមានការចូលរួម ដែលមានគោលបំណងលើកកម្ពស់អភិបាលកិច្ចប្រជាធិបតេយ្យ និងពង្រីកឱកាសតាមរយៈការពិភាក្សាដោយសន្តិភាព បានរកឃើញថាប្រទេសកម្ពុជានូវមានកង្វះខាតច្រើនផ្នែកសមត្ថភាព កង្វះខាតកន្លែងចូលរួមជាសាធារណ: និងសេរីភាពចូលរួមពិភាក្សាដែលផ្អែកលើគោលនយោបាយផ្សេងៗគ្នា។
ចាប់ពីថ្នាក់អភិបាលកិច្ចឃុំសង្កាត់រហូតដល់ភាពជាដៃគូឯកជនសាធារណៈ ប្រធានបទស្នូលទាំងអស់ ដែលបានលើកឡើងនៅក្នុងគ្រប់ការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលពង្រឹងអភិបាលកិច្ច និងសង្គមសម្រាប់គ្រប់គ្នា គឺជា បទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនកម្ពុជា ។ ជាមួយគ្នានេះដែរ ផលប៉ះពាល់នៃកូវីដ១៩ កំពុងតែប៉ះពាល់ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ ក៏បានក្លាយទៅជាផ្នែកមួយនៃការយកចិត្តទុកដាក់បន្ថែមនៅ CGIS។
រាប់ពីការបញ្ចប់ដំណាក់កាលទីមួយនៃការស្រាវជ្រាវក្នុងខែ មករា ឆ្នាំ ២០២២ “កិច្ចគាំពារសង្គម និងផលប៉ះពាល់យេនឌ័រនៃកូវីដ ១៩ នៅប្រទេសកម្ពុជា៖ ការស្រាវជ្រាវរយៈពេលវែងដើម្បី “កសាងទ្បើងវិញ ឲ្យប្រសើរជាងមុន” នៅក្នុងឧស្សាហកម្មកាត់ដេរជាសកល” បានចងក្រងឯកសារពីបទពិសោធន៍របស់កម្មករកាត់ដេរជាស្ត្រីចំនួន ២០០ នាក់នៅកំឡុងពេលកូវីដ១៩។ ការពិនិត្យមើលយុទ្ធសាស្ត្រដោះស្រាយរបស់ស្ត្រីកាត់ដេរ និងយន្តការគាំពារសង្គមផ្លូវការ និងក្រៅផ្លូវការ បានជួយបំភ្លឺឱ្យរកឃើញពីបញ្ហាជាក់ស្តែង ជាមួយនឹងគំរូនៃការអភិវឌ្ឍន៍សហសម័យ និងប្រធានបទនៃការកេងប្រវ័ញ្ចកម្មករ នៅក្នុងគំរូសកលមូលធននិយម។
ការពង្រីកបណ្តាញសុវត្ថិភាពសង្គមតាមរយៈកម្មវិធីនានា ដូចជាក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម គឺជាជំហានសំខាន់មួយ ដែលឆ្ពោះទៅរកការសម្រេចបាននូវសង្គមប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីឆ្ពោះទៅមុខបន្ត។
«ខ្ញុំចង់ឃើញមនុស្សគ្រប់គ្នា មិនថាពួកគេជានរណាក៏ដោយ ទៅទីណាក៏ដោយ នៅជនបទ នៅទីក្រុង ជាចាស់ ជាក្មេង ជាបុរស ជាស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិក្នុងការចូលរួមដូចៗគ្នា» នេះបើតាមសម្តីរបស់អ្នកស្រី សន សុផានី។ អ្នកស្រីបានបន្តថា៖ «ឥឡូវនេះមានការរីកចម្រើនច្រើន ហើយប្រសិនបើយើងមើលទៅលើច្បាប់ គឺល្អ។ ការប្តេជ្ញាចិត្តបង្កើត គោលនយោបាយសម្រាប់សមភាពក៏ទទួលបានការរពេញចិត្តយ៉ាងខ្លាំង ប៉ុន្តែការអនុវត្តនៅតែជាបញ្ហាប្រឈមនៅឡើយ»។
អត្ថបទនេះគឺជាផ្នែកមួយនៃភាពជាដៃគូជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាការសារទរដល់ដំណើរការរយ:ពេលខួប ៣០ ឆ្នាំរបស់វិទ្យាស្ថាន និងបង្ហាញពីការងាររបស់ពួកគេក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។ សូមស្វែងយល់បន្ថែមពីការងារស្រាវជ្រាវរបស់ CDRI និងបន្តធ្វើបច្ចុប្បន្នភាពជាមួយគម្រោងរបស់ពួកគេនៅលើទំព័រ Facebook ផ្លូវការរបស់វិទ្យាស្ថាន។ ស្វែងយល់បន្ថែមអំពីភាពជាដៃគូនៅទីនេះ។