អាល្លឺម៉ង់មានផ្តល់ជូននូវកម្មវិធីគាំទ្រជាច្រើន ដែលអាចឱ្យក្រុមហ៊ុនមកពីប្រទេសទាំងពីរ ធ្វើការអភិវឌ្ឍ ទំនាក់ទំនងរបស់ខ្លួន និងភាពជាដៃគូសម្រាប់អាជីវកម្មរយៈពេលយូរអង្វែងប្រកបដោយចីរភាព។
កម្មវិធី DeveloPPP.de ត្រូវបានផ្តួចផ្តើមឡើងដោយ ក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាល្លឺម៉ង់ ដើម្បីលើកទឹកចិត្ត ឱ្យមានការចូលរួមបន្ថែមពីសំណាក់វិស័យឯកជន ទៅលើវិស័យ ដែលមានឱកាសអាជីវកម្ម និងគោលនយោបាយអភិវឌ្ឍន៍ នៅមានកម្រិតនៅឡើយ។
ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានកំណើនសេដ្ឋកិច្ចឆាប់រហ័ស គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សហគ្រិនភាព និងភាពជាដៃគូជាមួយនឹងវិស័យឯកជន។
លើសពីនេះទៅទៀត ប្រទេសអាល្លឺម៉ង់ ប្រទេសក្នុងសហភាពអឺរ៉ុប និងក្រុមហ៊ុនក្នុងស្រុក អាចចូលរួមក្នុងកម្មវិធីនេះបាន ដើម្បីអភិវឌ្ឍគំនិតអាជីវកម្មរបស់ខ្លួន ព្រមទាំងសាកល្បងធ្វើការវិនិយោគលើគម្រោងប្រកបដោយចីរភាព។
អ្នកអាចជ្រើសរើសការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងគម្រោង develoPPP.de ដើម្បីបង្កើតការវិវត្តដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់អ្នក។
ក្នុងនាមជាកិច្ចសហការមួយ ការសាកល្បងលើការវិនិយោគ និងសេវានានា ដែលផ្តល់ផលចំនេញដល់អាជីវកម្ម វាក៏បានផ្តោតសំខាន់ទៅលើបញ្ហាដូចជា ការកែលំអបរិស្ថាន ការពង្រឹងស្តង់ដាសមភាព និងសង្គមការអភិវឌ្ឍសង្វាក់ផលិតកម្ម ការផ្តល់វគ្គបណ្តុះបណ្តាល និងការបង្កើនប្រសិទ្ធភាព ក្នុងការប្រតិបត្តិការជាដើម។
ដោយបានមើលឃើញពីឱកាសដ៏មានតម្លៃនេះ ក្រុមហ៊ុន ម្រេច Pepper Hill ដែលជាអាជីវកម្មដាំដុះម្រេចកំពតតាមបែបសរីរាង្គ បានចាប់យកឱកាសក្នុងការពង្រឹង និងពង្រីកសមត្ថភាព និងផលិតផលរបស់ខ្លួនក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។
លោក Andreas Groetschel សហស្ថាបនិកនៃកសិដ្ឋាន Pepper Hill មានប្រសាសន៍ថា«ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើតអាជីវកម្មនេះ យើងបានស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងដំបូន្មាន ដើម្បីបង្កើតកសិដ្ឋានរបស់យើង ក្នុងទម្រង់មួយដែលមិនប៉ះពាល់បរិស្ថាន និងប្រកបដោយនិរន្តរភាពសង្គម»។
លោកបានបន្ថែមថា« យើងបានដឹងអំពីកម្មវិធី develoPPP.de ដែលផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និង DEG ដូច្នេះយើងបានដាក់ពាក្យស្នើសុំក្នុងកម្មវិធីនេះ ហើយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) បានមកជួយយើងក្នុងការបង្កើតកសិដ្ឋាន និងបញ្ហាជុំវិញទាក់ទងនឹងអាជីវកម្មនេះ»។
តើអ្នកដឹងទេថា គម្រោងនេះមិនត្រឹមតែអាចនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនោះទេ។ ប៉ុន្តែក្រុមហ៊ុននេះ បានបញ្ជូលមកវិញនូវបច្ចេកទេសដាំដុះដែលមិនប៉ះពាល់បរិស្ថាន ដាំដុះតាមបែបប្រពៃណី សម្រាប់ផលិតផលម្រេច។ លើសពីនេះ វាបានញុំងឲ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ មានភាពប្រសើរឡើង និងធានាបាននូវសន្តិសុខស្បៀងក្នុងសហគមន៍ថែមទៀតផង។
ម្យ៉ាងវិញទៀត ជំនួយនេះអាចជួយឱ្យក្រុមហ៊ុន ក្តោបឱកាសក្នុងការរីកលូតលាស់ និងជ្រៀតខ្លួនចូលទៅក្នុងទីផ្សារថ្មី។ ជាថ្នូរមកវិញដោយ ពួកគេបានជួយបង្កើតការងារដែលមានជំនាញ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក ជួយជម្រុញកំណើនសេដ្ឋកិច្ច និងការបង្កើតសង្វាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែប្រសើរ។
ជាក់ស្តែង កសិដ្ឋានម្រេចកំពត The Pepper Hill បានផ្តល់ឱកាសការងារ ដល់បុគ្គលពេញម៉ោងប្រមាណជាងម្ភៃម្នាក់ និងកម្មករក្រៅម៉ោងជាច្រើនរូបទៀត នៅរដូវកាលប្រមូលផល។
លោក Andreas Groetschel បានបន្ថែមទៀតថា«ការផ្តល់ចំណេះដឹង និងការបណ្តុះបណ្តាលក៏បានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជននៅក្នុងតំបន់ ទៅលើម្រេចកំពតសរីរាង្គនៅក្នុងទីផ្សារ និងកន្លែងផលិតផងដែរ។ ជាពិសេស វាបានណែនាំឱ្យពួកគាត់ យល់កាន់តែច្បាស់ពីការដាំដុះដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រកបដោយចីរភាពថែមទៀតផង»។
ក្នុងឆ្នាំ២០១៨ កសិដ្ឋានម្រេចកំពត The Pepper Hill ក៏បានធ្វើការជាមួយគម្រោងកែលម្អជីវភាពរស់នៅ និងសន្តិសុខស្បៀងអាហារ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) ដើម្បីសម្រេចឱ្យបាននូវគោលការណ៍នៃការដាំដុះម្រេចកំពត ដែលសមស្រប ទៅនឹងគោលការណ៍ដំណាំសរីរាង្គ និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងគ្នានេះដែរ វាបានលើកទឹកចិត្តដល់កសិករក្នុងស្រុក ឱ្យចូលរួម និងផ្លាស់ប្តូរខ្លួន ពីកសិកម្មធម្មតាទៅជាសរីរាង្គ រួមជាមួយនឹង ការណែនាំពីសមាជិកឈានមុខនៃអ្នកដាំម្រេចកំពត ទៅកាន់ទីផ្សារ ដែលមានសក្តានុពលផងដែរ។
អ្នកនាង ហាណា បាថេល ជាទីប្រឹក្សានៃគម្រោង ILF បានឱ្យដឹងថា៖ « ការបង្ហាញថា ម្រេចកំពត សរីរាង្គ អាចផលិតបាន គឺជាសារមួយ ដ៏មានតម្លៃសម្រាប់សហគមន៍។ វាគឺជាគំនិតថ្មី ហើយការបង្ហាញថា វាពិតជាអាចធ្វើទៅបានដោយងាយស្រួល និងផ្តល់ផលចំណេញសម្រាប់កសិករ ពិតជាសំខាន់ណាស់» ។
អ្នកនាង បានបន្ថែមទៀតថា៖ «ម៉្យាងទៀត ម្រេចត្រូវបានគេស្គាល់ជារឿយៗថា ត្រូវបានគេដាំដុះដោយប្រើប្រាស់ថ្នាំសំលាប់សត្វល្អិតកាន់តែច្រើនឡើងៗ។ ដូច្នេះការបង្ហាញថា ការដាំដុះតាមបែបម្រេចកំពតអាចធ្វើទៅបាន ហើយការណែនាំម្រេចកំពតចូលទីផ្សារអាល្លឺម៉ង់ គឺជាអត្ថប្រយោជន៍សម្រាប់គម្រោងនេះទាំងមូល»។
កម្មវិធី develoPPP.de ក៏បានផ្តល់ប្រាក់មូលនិធិសម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខាងផ្នែកឆ្នៃម៉ូត (MEDC) ដែលជាសាលាបង្រៀនសម្រាប់អ្នកច្នៃម៉ូដក្នុងស្រុក តាំងពីឆ្នាំ ២០១៧ តាមរយៈក្រុមហ៊ុន suPPPort ltd., ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោមការគ្រប់គ្រងរបស់អាល្លឺម៉ង់។
គម្រោងនេះត្រូវបានរៀបចំឡើង សម្រាប់អ្នករចនាម៉ូតក្នុងស្រុក ក្នុងការបង្កើតផលិតផលជាស្នាដៃរបស់ខ្លួនដែលមានការរចនាតាមបែបប្រពៃណីខ្មែរ រួមបញ្ចូលជាមួយនឹងរចនាបទ ដែលមានការពេញនិយមនៅទីផ្សារអឺរ៉ុប ក៏ដូចជា ជួយសម្រួលការនាំចេញផលិតផលទាំងនោះ ទៅកាន់ទីផ្សារអឺរ៉ុបថែមទៀតផង។
កញ្ញា សំអឿន លីហ្វុង ជាប្រធានផ្នែកទំនាក់ទំនងនៃសាលា MEDC បានបញ្ជាក់ថា៖« មជ្ឈមណ្ឌលរបស់យើង បានជួយគាំទ្រអ្នកច្នៃម៉ូតខ្មែរឱ្យមានឱកាសក្នុងការសម្រេចក្តីសុបិន្តរបស់ពួកគេ ក្នុងនាមជាអ្នកច្នៃម៉ូដអាជីព។ ម្យ៉ាងវិញទៀត វាក៏ជាវេទិកាធំមួយ សម្រាប់អ្នករចនាក្នុងស្រុក ក្នុងការបង្ហាញស្នាដៃ និងអត្តសញ្ញាណខ្មែរ ទៅក្នុងទីផ្សារអន្តរជាតិ ហើយគេអាចធ្វើវាជាអាជីវកម្មក្នុងរយៈពេលវែងទៀតផង»។
តាមរយៈគម្រោង DeveloPPP.de.នេះ អាចជួយអ្នកក្នុងការជ្រើសរើសការវិនិយោគត្រឹមត្រូវ ទទួលជំនួយផ្នែកហិរញ្ញវត្ថុទទួលបានការគាំទ្រក្នុងការអនុវត្តគម្រោង និងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាអាទិ៍នេះ អាចនាំមកនូវភាពជោគជ័យនៃអនាគតអាជីវកម្មរបស់អ្នកបាន។
បណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដែលត្រូវបានអនុវត្តដោយ ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅកម្ពុជា (ADW) មានផ្តល់ជូននូវព័ត៌មានបន្ថែមអំពីកម្មវិធីនេះ ក៏ដូចជាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍគម្រោង និងការអនុវត្តគម្រោងរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ លោកស្រី បីយ័ងកា អ៊ុនធីក អ្នកសម្របសម្រួលបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍនៅកម្ពុជា
លេខទូរស័ព្ទ៖ +855 89 290492 និងអីុម៉ែល ៖
កំណត់សម្គាល់៖ នេះគឺជាអត្ថបទមួយនៃកម្រងអត្ថបទរបស់ដៃគូផ្សព្វផ្សាយអំពីបណ្តាញធុរកិច្ចសម្រាប់ការអភិវឌ្ឍ និងទទួលការគាំទ្រមូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)