ដើម្បីអភិវឌ្ឍន៍វិស័យអក្សរសិល្ប៍នៅកម្ពុជា អ្នកជំនាញមើលឃើញថា វិស័យនេះត្រូវការ ការចូលរួមពីមនុស្សគ្រប់រូប ហើយការយកចិត្តទុកដាក់ខ្ពស់លើកម្មសិទ្ធិបញ្ញា គឺជាកត្តាមិនគួរមើលរំលងមួយ។
ដើមឡើយ នោះគ្រាន់តែជាការផ្ញើសារគួរសមមួយរបស់អ្នកគាំទ្រ សួរទៅកាន់អ្នកនិពន្ធ ដោយចង់ដឹងថា សៀវភៅប្រលោមលោក ដែលខ្លួនចូលចិត្តអាននោះ នឹងមានវគ្គបន្តបន្ទាប់ទៀតដែរឬទេ? ប៉ុន្តែវាបានក្លាយទៅជាការរកឃើញថ្មីចុងក្រោយ នៃអំពីលួចចម្លងស្នាដៃបរទេស នៅកម្ពុជា។
កាលពីដើមខែមិថុនា អ្នកនិពន្ធសៀវភៅប្រលោមលោកជនជាតិថៃម្នាក់ ដែលមាននាមប៉ាកាថា «Stampberry» បានបង្ហោះកម្រងរូបភាពនៃការរកឃើញរបស់ខ្លួន ចំពោះការបកប្រែដោយមិនមានការសុំសិទ្ធិអនុញ្ញាត ធ្វើឡើងដោយគ្រឹះស្ថានបោះពុម្ពផ្សាយក្នុងស្រុកមួយរបស់កម្ពុជា។
នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា «Philaimas Khamcoo» និង ហ្វេនផេករបស់ខ្លួនដែលមានឈ្មោះថា «Stampberry» អ្នកនិពន្ធនោះ បានប្រៀបធៀបស្នាដៃដើមរបស់ខ្លួនជាភាសាថៃ និងស្នាដៃបកប្រែជាភាសាខ្មែររបស់គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅសម្រាប់យុវវ័យ «អផ្សុក» រួមមានរូបភាពគម្របសៀវភៅ ខ្លឹមសារនៃសាច់រឿងនាទំព័រដំបូងៗ ព្រមទាំងសារសន្ទនាជាមួយអ្នកគាំទ្រជនជាតិខ្មែរម្នាក់ដែលបានផ្ញើមក។
អ្នកនិពន្ធរូបនោះ ក៏បានសរសេរសារជាភាសាថៃ រៀបរាប់ដំណើរដើមទងសាច់រឿង ដែលធ្វើំឱ្យខ្លួនបានដឹងអំពីការចម្លងនេះ។ ក្នុងនោះអ្នកនិពន្ធបានសរសេរ សារជាភាសាអង់គ្លេស ផ្ញើជូនចំពោះអ្នកគាំទ្រជនជាតិខ្មែរថា៖
«អរគុណសម្រាប់ការគាំទ្រ និងយោគយល់។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាមិនបានដឹងពីទង្ហើខុសច្បាប់នេះទេ ហើយក៏មិនមានចេតនាចូលរួមចំណែកក្នុងនេះដែរ។ ហើយអ្វីដែលអ្នកទាំងអស់គ្នាគួរតែធ្វើនោះ គឺការឈប់ទិញសៀវភៅប្រលោមលោកទាំងអស់ពីគ្រឹះស្ថានបោះពុម្ពអផ្សុក ដោយហេតុថា សៀវភៅប្រលោមលោកទាំងនោះ មិនមែនជាសៀវភៅស្របច្បាប់នោះទេ។ ដូចនេះ ការដែលអ្នកគាំទ្រ គឺស្មើនឹងការគាំទ្រចោរដោយអចេតនា។ អរគុណសម្រាប់ការបង្ហាញជំហរគាំទ្រខ្ញុំ និងគាំទ្រចំពោះអ្វីដែលត្រឹមត្រូវ។ យើងត្រូវការការគាំទ្របែបនេះក្នុងពិភពលោក ដែលការលួចចម្លងគំនិត សៀវភៅ ឬ វត្ថុមានអាជ្ញាប័ណ្ណទាំងអស់ ត្រូវបានហាមឃាត់ជាកំហិត។»
តាមរយៈអត្ថន័យសារ និងរូបភាពទាំងនោះ អ្នកនិពន្ធខាងលើបានចាត់ទុកទង្វើរបស់គ្រឹះស្ថានបោះពុម្ពផ្សាយអផ្សុក ជាការលួចចម្លងស្នាដៃ ព្រោះកន្លងមកនេះ គ្រឹះស្ថានអផ្សុកបានធ្វើការបកប្រែសៀវភៅប្រលោមលោករបស់អ្នកនិពន្ធខាងលើ ដោយមិនមានការសុំអនុញ្ញាត ឬ ទិញកម្មសិទ្ធិិបញ្ញាត្រឹមត្រូវ និងការដឹងឮអ្វីទាំងអស់ពីសាមីខ្លួននោះទេ។
ភ្លាមៗនោះដែរ កម្រងរូបភាពនោះទទួលបានចំណាប់អារម្មណ៍ ក៏ដូចជាប្រតិកម្មច្រើនគួរសម ពីសំណាកមិត្តអ្នកអានសៀវភៅប្រលោមលោក ទាំងជនជាតិថៃ និងខ្មែរ។ ក្នុងនោះមតិយោបល់របស់សារដែលបង្ហោះនោះ យើងឃើញមានមតិភាគច្រើន ពីអ្នកអានទាំងជនជាតិខ្មែរ និងថៃ បានបង្ហាញការគាំទ្រដល់អ្នកនិពន្ធដើម។ ហើយ អ្នកអានជនជាតិខ្មែរជាច្រើនបានសម្តែងការខកចិត្តលើទង្វើមិនត្រឹមត្រូវរបស់គ្រឹះស្ថានអផ្សុក ហើយគាំទ្រឱ្យអ្នកនិពន្ធខាងលើ ដោះស្រាយតាមផ្លូវច្បាប់។
បញ្ហាលួចចម្លង ឬបកប្រែស្នាដៃសិល្បៈ ដោយមិនបានសុំសិទ្ធិត្រឹមត្រូវពីម្ចាស់ដើមនេះ កើតឡើងជារឿយៗនៅក្នុងប្រទេសកម្ពុជា មិនថាស្នាដៃសៀវភៅ អក្សរសិល្ប៍ ចម្រៀង ឬខ្សែភាពយន្តក្តី។ ក្នុងនោះ ករណីខ្លះត្រូវបានដឹងដល់ម្ចាស់ដើម ហើយខ្លះទៀតមិនបានដឹងម្ចាស់ដើមមកទល់សព្វថ្ងៃនេះ។
ថ្វីបើមានការគាំទ្រឱ្យមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះការបកប្រែដែលមិនគោរពសិទ្ធិកម្មសិទ្ធិបញ្ញានោះ ប៉ុន្តែក៏មានអ្នកគាំទ្រខ្មែរមួយចំនួន បញ្ចេញមតិមិនពេញចិត្ត ដោយសារតែគ្រឹះស្ថានអផ្សុកសម្រេចឈប់បកប្រែឈុតរឿងនោះ។
គ្រឹះស្ថានអផ្សុកបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «សម្រាប់ចម្ងល់រឿងថ្មីរបស់ក្រុមសេវេន ថាតើខាងអផ្សុកនឹងទិញសិទ្ធិគេបោះទេ អផ្សុកសូមឆ្លើយថានឹងមិនទិញទេ ព្រោះយើងសម្បូរអ្នកធ្វើ PDF ច្រើន ទុកអោយពួកគាត់ទិញសិទ្ធិធ្វើខ្លួនឯងចុះ អរគុណប្រិយមិត្តដែលគាំទ្រកន្លងមក។»
Focus បានទាក់ទងតាមរយៈហ្វេសប៊ុករបស់គ្រឹះស្ថានបោះពុម្ពអផ្សុក ដើម្បីសាកសួរពីជំហររបស់គ្រឹះស្ថាន ចំពោះការចោទប្រកាន់ខាងលើ។ ប៉ុន្តែរហូតមកដល់ការចេញផ្សាយអត្ថបទនេះ យើងមិនទទួលបានការឆ្លើយតបពីអផ្សុកនៅឡើយទេ។
ការបញ្ចេញមតិខកចិត្ត ដោយសារតែខកខាន អស់ឱកាសអាន ជាជាងខកចិត្តដោយសារតែអានស្នាដៃមិនស្របច្បាប់អស់រយៈពេលជាយូរឆ្នាំនោះ អាចបង្ហាញឱ្យឃើញ ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ក្នុងចំណោមអ្នកអាននៅកម្ពុជា នៅមានកម្រិតនៅឡើយ។ ហើយពួកគាត់ដូចជាមានលក្ខណៈព្រងើយកន្តើយ ដោយមិនព្រមសិក្សាពីឬសគល់បញ្ហាចោទឱ្យបានច្បាស់លាស់ មុនបញ្ចេញមតិយោលបល់ជាសាធារណៈ លើអនឡាញ។
អ្នកនាង សូ ភីណា សហស្ថាបនិកគ្រឹះស្ថានបោះពុម្ពក្នុងស្រុក «កម្ពុមេរា» អ្នកនិពន្ធ អ្នកបោះពុម្ព និងអ្នកបកប្រែផ្ទាល់ បានបញ្ចេញមតិជាទូទៅ ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យអក្សរសិល្ប៍យូរឆ្នាំម្នាក់ថា ការដែលបុគ្គលណាម្នាក់លួចចម្លង ឬបកប្រែស្នាដៃទាំងឡាយណា ដោយមិនមានការអនុញ្ញាតពីម្ចាស់ដើម ជាការធ្វើឱ្យខូចប្រយោជន៍រួម។
យោងតាមមាត្រាទី២១នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៣ បានចែងថា អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន។ ហើយនោះគឺជាសិទ្ធិបេតិកភណ្ឌ ដែលជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធ លើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ និងការបង្កើតស្នាដៃបន្ត។
ជាទូទៅ ម្ចាស់កម្មសិទ្ធិបញ្ញា មានសិទ្ធិគ្រប់គ្រងលើស្នាដៃរបស់ខ្លួនពេញមួយជីវិត បូកបន្ថែម៧០ឆ្នាំទៀត។ក្នុងនោះ ម្ចាស់កម្មសិទ្ធិមានសិទ្ធិ ក្នុងការមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ បោះពុម្ពស្នាដៃម្តងទៀត បកប្រែ ចែកចាយ ឬដាក់តាំងស្នាដៃរបស់ខ្លួនជាសាធារណៈជាដើម។ ទង្វើផ្ទុយពីនេះ ត្រូវបានចាត់ទុកថា ជាការរំលោភសិទ្ធិផ្តាច់មុខ ឬការលួចចម្លង។ គួរបញ្ញាក់ផងដែរថា ជនល្មើសនឹងត្រូវប្រឈមមុខច្បាប់ តាមបែបផែននៃការរំលោភសិទ្ធិផ្តាច់មុខជាក់ស្តែងរបស់ខ្លួន។
របបប្រល័យពូជសាសន៍ខ្មែរក្រហម បានធ្វើឱ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាធ្លាក់ដល់សូុន្យ ហើយវិស័យអក្សរសិល្ប៍ក៏ដូចគ្នាដែរ។ ។ ក្នុងនោះ ធនធានមនុស្សមានទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ក្នុងវិស័យអក្សរសិល្ប៍ជាច្រើនអ្នកបានបាត់បង់ជីវិត។ ដូចនេះ ក្រោយការរំដោះក្នុងឆ្នាំ១៩៧៩មក បេសកកម្មដ៏ធំរបស់កម្ពុជា គឺការស្ដារវិស័យទាំងអស់ឡើងវិញ។ ដោយសារអក្សរសិល្ប៍មិនមែនជាវិស័យអាទិភាព ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាមួយចំនួនធំពឹងផ្អែកលើសៀវភៅលួចថតចម្លង ដើម្បីក្រេបយកចំណេះដឹង ដោយមិនដឹងថាទង្វើផលិតសៀវភៅទាំងនោះ ជាទង្វើខុសច្បាប់។
ប៉ុន្តែ អ្វីៗមានភាពប្រសើរឡើងបន្តិចម្តងៗ តាមពេលវេលា ក្រោយពេលមានការផ្តួចផ្តើម និងការខិតខំជារឿយៗដើម្បីលើកស្ទួយវិស័យនេះ។ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអក្សរសិល្ប៍នៅកម្ពុជាមានភាពរស់រវើកជាងមុនគួរឱ្យកត់សម្គាល់។
សកម្មភាពសាធារណៈជាច្រើនសម្រាប់អ្នកនិពន្ធខ្មែរត្រូវបានបង្កើតឡើង ដើម្បីបង្ហាញស្នាដៃរបស់ខ្លួន ក៏ដូចជាផ្ដល់ឱកាសដល់អ្នកគាំទ្រ និងស្រឡាញ់អក្សរសិល្ប៍ ក្នុងការស្វែងយល់បន្ថែមពីអក្សរសិល្ប៍ក្នុងស្រុកជាងមុន។ កម្មវិធីធំៗ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំរួមមាន ទិវាជាតិអំណាន ពិព័រណ៍សៀវភៅកម្ពុជា និងមហាស្រពអក្សរសិល្ប៍ខ្មែរជាដើម។
ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ជានិច្ចកាល យើងនៅតែឃើញករណីចម្លងស្នាដៃកើតមានឡើងនៅកម្ពុជា ដែលបង្កឱ្យមានកង្វល់ ពីសំណាក់ធនធានមនុស្សក្នុងវិស័យនេះបច្ចុប្បន្ន។
អ្នកនាង សូ ភីណា បានទទួលស្គាល់ពីសន្ទុះវិជ្ជមាននៃវិស័យអក្សរសិល្ប៍នៅកម្ពុជា។ ក៏ប៉ុន្តែអ្នកនាងបានលើកឡើងថា ទន្ទឹមនឹងសន្ទុះនៃការរីកចម្រើននេះ ការយល់ដឹងអំពីដំណើរការនៃការបកប្រែ គឺជារឿងចាំបាច់មួយ រាប់ចាប់ពីការទាក់ទងអ្នកនិពន្ធឬគ្រឹះស្ថានបោះពុម្ព រហូតដល់ការចេញផ្សព្វផ្សាយ។
អ្នកនាងបានលើកឡើងក្នុងបទសម្ភាសន៍ជាមួយ Focus ថា៖ «ការសុំសិទ្ធិស្របច្បាប់នេះជាគំរូដ៏ល្អដល់អ្នកនិពន្ធ និងបកប្រែនៅកម្ពុជាមួយចំនួន ពីព្រោះការសុំសិទ្ធិកម្មសិទ្ធិបញ្ញាពីអ្នកនិពន្ធដើមនេះ ជារឿងចាំបាច់បំផុត ហើយប្រកបដោយសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលយើងអ្នកអស់គ្នាគួរគោរព។»។
ទាក់ទងនឹងការសុំសិទ្ធិបកប្រែនេះផ្ទាល់ អ្នកនាង ភីណា គិតថា ល្មមដល់ពេលហើយដែលកម្ពុជាគួរតែគោរព និងយល់ដឹងឱ្យច្បាស់ពីកម្មសិទ្ធិបញ្ញានេះ ព្រោះវាជាច្បាប់សកល។ កម្ពុជា គឺជាប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ។ កម្ពុជាបានចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិនៃសិទ្ធិអ្នកនិពន្ធ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization [WIPO]) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៥។
លើសពីនេះ យោងតាមបទពិសោធន៍ផ្ទាល់ខ្លួន អ្នកនាង ភីណា ជឿជាក់ថា អ្នកនិពន្ធក៏ដូចជាគ្រឹះស្ថានបោះពុម្ពបរទេស នឹងត្រេកអរហើយស្វាគមន៍ នៅពេលដែលមានអ្នកចាប់អារម្មណ៍ ស្នើសុំបកប្រែស្នាដៃខ្លួនទៅវិញទេ។ ហើយអ្នកនាង លើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬបកប្រែគ្រប់រូបព្យាយាមទាក់ទងទៅម្ចាស់ដើម ឬគ្រឹះស្ថានបោះពុម្ពផ្សាយនោះ មុននឹងធ្វើការបកប្រែ។
អ្នកនាងបាននិយាយថា៖ «ប៉ុន្តែនេះ មិនមានន័យថា អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពៈផ្សាយទាំងនោះ យល់ព្រមឱ្យអ្នកដែលបានទាក់ទងទៅទាំងអស់នោះទេ។ គេត្រូវមើលលើទឹកដៃ និង បទពិសោធន៍ដែរ។ ដើម្បីធានាថា អ្នកបកប្រែនោះ មានសមត្ថភាពបកប្រែទៅដល់កម្រិតដែលល្អ ដូចការរំពឹងទុករបស់គាត់ដែរឬអត់។ ក្នុងករណីនេះផ្ទាល់ អ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពៈផ្សាយមានសិទ្ធិទាំងក្នុងការអនុញ្ញាត និងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់បកប្រែស្នាដៃរបស់ខ្លួន៕»