តើការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈានដល់ដំណាក់កាលណាហើយ?
ខណៈនៅកម្ពុជាមានការងើបឡើងវិញនៃការឆ្លងជំងឺកូវីដ១៩ នាដើមខែវិច្ឆិកានេះ នៅជ្រុងម្ខាងទៀតនៃពិភពលោក ការប្រកួតប្រជែងផលិតវ៉ាក់សាំងរបស់ប្រទេសមហាអំណាចមួយចំនួន បានចាប់ផ្តើមធ្វើតេស្តដំណាក់កាលចុងក្រោយរបស់ខ្លួន មុនពេលទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ ។
នាពេលថ្មីនេះៗ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា សារព័ត៌មាន BBC បានចេញផ្សាយនូវអត្ថបទមួយ ពីលទ្ធផលនៃការធ្វើតេស្តទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានផ្តល់ការការពារបានដល់ ៩០%។ ក្រុមហ៊ុនផលិតឱសថហ្វៃហ្សើរ (Pfizer) និង បាយអូអេនធិក (BioNTech) ដែលជាក្រុមហ៊ុននៅពីក្រោយការអភិវឌ្ឍវ៉ាក់សាំងប្រភេទនេះ បាននិយាយថា៖ “នេះជាថ្ងៃល្អសម្រាប់វិទ្យាសាស្ត្រ និងមនុស្សជាតិ”។
អានអំពីដំណាក់កាលអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុននេះ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថសាស្ត្រទាំងពីរ បានធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៤៣,៥០០នាក់ នៅក្នុងបណ្តាប្រទេសចំនួន៦ រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប្រេស៊ីល អាហ្សង់ទីន អាហ្វ្រិកខាងត្បូង និងតួកគី។ អ្នកស្ម័គ្រចិត្តនីមួយៗ ទទួលបានពីរដុស(doses) ក្នុងរយៈ៣សប្តាហ៍ដាច់ពីគ្នា។
លទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះអាចផ្តល់ការការពាររហូត បានទៅដល់៩០% ហើយក្រុមហ៊ុនទាំងពីរមានគម្រោងសុំសិទ្ធដាក់ឱ្យប្រើប្រាស់ នៅចុងខែវិច្ឆិកាខាងមុននេះ។
យោងតាមអត្ថបទរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថហ្វៃហ្សើរ (Pfizer) និងបាយអូអេនធិក (BioNTech) នឹងអាចផ្តល់ការផ្គត់ផ្គង់ ចំនួន៥លានដុស នៅចុងឆ្នាំ២០២០ និង១.៣លានដុស នាចុងឆ្នាំ២០២១។ បុគ្គលម្នាក់ត្រូវទទួលចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួនពីរដុសដើម្បីបង្កើនភាពសាំប្រយុទ្ធទៅនឹងមេរោគកូរ៉ូណា។
ទោះបីយ៉ាងណាក៏ដោយ លទ្ធផលវិជ្ជមានដែលទទួលបាន ត្រូវមានការបញ្ជាក់បន្ថែម តាមរយៈលទ្ធផលដែលនឹងប្រមូលបាននាពេលខាងមុខ។
នៅក្នុងអត្ថបទដដែលរបស់ សារព័ត៌មាន BBC បានចុះផ្សាយថា លោកវេជ្ជបណ្ឌិត Albert Bourla ដែលជានាយកនៃក្រុមហ៊ុនឱសថសាស្ត្រ ហ្វាយហ្សឺ បានមានប្រសាសន៍ថា៖ “ពួកយើងឈានបានមួយជំហានកាន់តែជិត ពេលដាក់វ៉ាក់សុំាងឱ្យប្រើប្រាស់ដល់ប្រជាជនពិភពលោក ដើម្បីបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ” ។
យ៉ាងណាមិញ ក្រោយការចេញលទ្ធផលសិក្សារបស់ក្រុមហ៊ុននេះ ប្រទេសប៉ាគីស្ថានបានលើកឡើងថា វ៉ាក់សាំងប្រភេទនេះ មិនសមស្របនឹងប្រទេសកំពុងអភិវឌ្ឍឡើយ ជាពិសេសប្រទេស ដែលមានអាកាសធាតុក្ដៅខ្លាំង ដូចជាប្រទេសប៉ាគីស្ថានជាដើម។ លក្ខខណ្ឌថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំងនេះ គឺតម្រូវឱ្យទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង គឺ -៨០ អង្សារ៕