វិស័យកសិកម្មដែលធ្លាប់ជាវិស័យធំជាងគេនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ដោយសារតែកំណើនឧស្សាហូបនីយកម្ម។ នៅពេលបច្ចុប្បន្ន ជាមួយនឹងជម្រើសនៅសេសសល់តិចតួច ខណៈពេលដែលសេដ្ឋកិច្ចនៅកម្ពុជាបានជាប់គាំងដោយសារជំងឺកូវីដ១៩ ប្រជាជនកម្ពុជាបានត្រឡប់ទៅកាន់ស្រែចម្ការវិញ។
កម្រងអត្ថបទ «កម្ពុជាក្នុងច័ត្តាឡីស័ក» គឺជាកម្រងអត្ថបទស្តីពី ការស្រាវជ្រាវលើផលប៉ះពាល់របស់ជំងឺកូវីដ១៩លើវិស័យធំៗរបស់ប្រទេសកម្ពុជាដូចជា វិស័យកសិកម្ម វិស័យសំណង់ វិស័យកាត់ដេរនិងវិស័យទេសចរណ៍។ «កម្ពុជាក្នុងច័ត្តាឡីស័ក» បានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe ហើយក្នុងសប្តាហ៍នេះ Focus នឹងចេញផ្សាយជាភាសាខ្មែរ។
អត្ថបទដោយ Andrew Haffner និងបកប្រែដោយ ញ៉ែម ផាន់ណារ៉ូ
ទោះបីជាឧស្សាហូបនីយកម្មមានការកើនឡើងយ៉ាងរហ័សនៅប្រទេសកម្ពុជាក៏ដោយ ផ្ទៃដីភាគច្រើននៅតែដីកសិកម្មជនបទ សំបូរដោយភូមិតូចៗ ផ្លូវលំដីក្រហម វាលស្រែ និងបឹងឈូកជាច្រើន។
ប្រជាជនកម្ពុជាប្រមាណជា៤០ ភាគរយប្រកបរបរធ្វើស្រែចម្ការ ហើយលោកផាត់ សុខា ក៏ជាកសិករម្នាក់ក្នុងចំណោមនោះផងដែរ។ លោកសុខាជាកសិករដាំបន្លែលក់នៅក្នុងខេត្តកណ្តាល។ ការងារកសិកម្មមិនមែនជាការងារងាយស្រួលនោះទេ។ នៅពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ ជាសំណាងដែរ លោកសុខាមិនទទួលរងការប៉ះពាល់អ្វីឡើយ។
លោកបាននិយាយប្រាប់ នៅពេលរៀបចំបន្លែស្ពៃតឿថា៖“ពីមុនខ្ញុំនឹងលក់បន្លែទៅផ្សារដោយផ្ទាល់តែម្តង” ។ នៅពេលដែលមានជំងឺកូវីដ១៩ផ្ទុះឡើង ធ្វើឱ្យតម្លៃទំនិញលើទីផ្សារមានការប្រែប្រួលចុះឡើង ប៉ុន្តែលោកសុខាស្ថិតនៅក្នុងស្ថេរភាពមួយ។ ក្នុងនាមជាសមាជិក នៃសហករណ៍កសិកម្ម បានទទួលតម្លៃថេរសម្រាប់ការប្រមូលផលកសិផលរបស់លោក ដែលបានចរចារគ្នាតាំងពីពេលមុនស្ថានភាពកូវីដមកម្ល៉េះ។
លោកបានបន្ថែមទៀតថា៖ “ការធ្វើបែបនេះមិនសូវមានភាពប្រថុយប្រថាន ព្រោះខ្ញុំបានចរចារតម្លៃរួចមកហើយ ដូច្នេះយើងគ្រាន់តែចាំបាច់ផ្តោតលើការដាំដុះទៅបានហើយ”។
ការធានាបែបនេះគឺកម្រណាស់នៅក្នុងវិស័យកសិកម្ម ដែលការដាំដុះនិងការប្រមូលផលអាស្រ័យទៅលើអាកាសធាតុនិងបរិមាណទឹក។
កាលពីឆ្នាំមុន គ្រោះរាំងស្ងួតនៅតំបន់ទន្លេមេគង្គបានបណ្តាលឱ្យមានការប៉ះពាល់ដល់ដំណាំស្រូវ ហើយការប្រមូលផលក៏មានធ្លាក់ចុះខ្លាំង ជាហេតុធ្វើឱ្យកសិករនៅក្នុងប្រទេសថៃនិងកម្ពុជា ទទួលភាពលំបាកយ៉ាងខ្លាំង។
ដោយឡែកនៅឆ្នាំនេះ វាមានភាពប្រសើរសម្រាប់កសិករ ឬអ្នកដែលមានដីសម្រាប់ដាំដុះនិងធ្វើស្រែចំការនៅស្រុកកំណើត នៅពេលដែលជីវភាពអ្នកធ្វើការក្នុងវិស័យផ្សេង ជួបការលំបាកដោយសារជំងឺកូវីដ១៩ ។
ជំងឺកូវីដ១៩បានធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំង ហើយជាពិសេសនោះគឺវិស័យកាត់ដេរ វិស័យសំណង់ និងវិស័យទេសចរណ៍។ យ៉ាងណាមិញសម្រាប់វិស័យកសិកម្ម ដែលប្រហែលជាវិស័យនឹងនរជាងគេមួយ ហាក់ដូចជាទទួលរងការប៉ះពាល់តិចតួច ដោយសារការបង្អាក់សកម្មភាពសេដ្ឋកិច្ចនៅគ្រប់ទីកន្លែង។ ទិន្នន័យមួយចំនួនបានបង្ហាញពីភាពនឹងនរនៃវិស័យកសិកម្ម ទោះបីជាវិស័យនេះមិនបានរួមចំណែកខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ។
លោកសុង សារ៉ាន់ ជាអគ្គនាយកក្រុមហ៊ុនAmru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមាជិកជាង២០០នាក់ មានប្រសាសន៍ថា តាមពិតទៅជំងឺរាតត្បាតកូវីដ១៩ បានជំរុញតម្រូវការអង្ករកម្ពុជាឱ្យកើនឡើង ហើយជាពិសេសគឺពូជស្រូវក្រអូប។
ការនាំចេញពូជអង្ករគ្រាប់វែង មានការកើនឡើង ៥០ ភាគរយ ក្នុងរយៈពេល ៧ ខែកន្លងមកនេះ ដោយសារភាពភ័យខ្លាចខ្វះស្បៀងនិងការស្តុកទុក ទាំងក្នុងកម្រិតគ្រួសារនិងក្រុមអាជីវកម្មផ្សេងៗ។
លោកសារ៉ាន់ បានរៀបរាប់ពីការកើនឡើងនេះថា ជាឱកាសមួយដើម្បីលើកកម្ពស់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មី និងគម្រោងការធ្វើពិពិធកម្មដំណាំ [ធ្វើឱ្យមានដំណាំច្រើនបែប]។ លោកមានប្រសាសន៍ថា៖ “អង្ករគឺសំខាន់ណាស់ ពេលមានជំងឺរាតត្បាត ហើយយើងកំពុងគិតលើសពីនេះទៀតព្រោះថា ក្រោយពេលកូវីដហើយ យើងមិនចង់ជំរុញតែអង្ករនោះទេ”។
មូលហេតុនៃគម្រោងបែបនេះ គឺដោយសារតែការប៉ះទង្គិចគ្នារវាង តម្រូវការខ្ពស់និងការផ្គត់ផ្គង់ទាប ដែលការណ៍នេះមិនមែនដោយសារតែបញ្ហាជំងឺកូវីដ១៩នោះទេ ប៉ុន្តែវាទាក់ទងនឹងការផលិតភាពក្នុងស្រុកនិងបញ្ហាដឹងជញ្ជូន។
លោកសារ៉ាន់ក៏បានបន្ថែមទៀតថា បញ្ហាការផ្គត់ផ្គង់ទាប គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ទន្លេមេគង្គ។ កសិករដែលធ្វើស្រែចម្ការពឹងផ្អែកលើទឹកភ្លៀង មានទិន្នផលធ្លាក់ចុះ។ ក្រុមហ៊ុនAmru Rice បានដកចេញផលិតផលពីឃ្លាំងស្តុករបស់ខ្លួន ដែលបានប្រមូលទុកកាលពីខែមករា សម្រាប់ដឹកជញ្ជូនទៅក្រៅប្រទេស។
ដោយសារការប្រមូលផលដំណាំមានការធ្លាក់ចុះខ្លាំង កាលពីដើមឆ្នាំនេះ ហើយត្រូវការដាំដុះឡើងវិញ លោកសារ៉ាន់និយាយថា ការប្រមូលផលលើកក្រោយ ក្នុងអំឡុងពេលខែខាងមុននេះ គេនឹងអាចទទួលបានដំណាំឆ្លាស់គ្នា ទាំងស្រូវប្រាំង ទាំងស្រូវវស្សាមកវិញក្នុងពេលតែមួយ។ នេះជាការប្រមូលផលប្លែកខុសពីធម្មតា ដោយបន្ថែមការលំបាកដល់កសិករ ដែលកំពុងជួបប្រទះនឹងការលំបាករួចទៅហើយ។
លោកសារ៉ាន់បាននិយាយថា៖“ ភាពរាំងស្ងួតវាពិបាកណាស់។ ហើយកសិករត្រូវបានបង្ខំចិត្តរកជម្រើស ដើម្បីស្រោចស្រង់ការប្រមូលផលរបស់ពួកគេ មានន័យថា ពួកគេត្រូវសម្រេចចិត្តថាតើត្រូវដាំដុះឡើងវិញពេលណានិងដោយរបៀបណា” ។
ស្រូវគឺជាដំណាំចម្បងនៅប្រទេសកម្ពុជា ប៉ុន្តែវិស័យកសិកម្មក៏រាប់បញ្ចូលទាំងផលិតផលរុក្ខប្រមាញ់និងនេសាទផងដែរ។ នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ផ្នែកនេះរួមចំណែកធំជាងគេសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ បើនិយាយពីអត្រាការងារវិញ វិស័យនេះបន្តផ្តល់ការងារប្រមាណជា ៤០% នៃកម្លាំងពលកម្មជាតិសរុប។ ប៉ុន្តែនៅពេលប្រទេសកម្ពុជាបានធ្វើឧស្សាហូបនីយកម្ម ការចូលរួមចំណែករបស់វិស័យកសិកម្ម ចំពោះសេដ្ឋកិច្ចជាសាច់ប្រាក់សម្រាប់កម្ពុជា មានការចុះថយ។
កសិកម្មលក្ខណៈគ្រួសារតាមប្រពៃណី ជាកត្តាជំរុញដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ប៉ុន្តែនៅឆ្នាំ ២០១៣ ប្រាក់ឈ្នួលកម្លាំងពលកម្មបាន ជំនួសមុខងារនេះវិញ។
កាលពីឆ្នាំ ១៩៩៥នៅពេលដែលពួកខ្មែរក្រហមកំពុងកាន់កាប់ទឹកដីនៅខេត្តប៉ៃលិន តម្លៃកសិកម្មចូលរួមចំណែកប្រហែលជា ៤៧% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេស។ បន្ទាប់ពីការវិនិយោគអស់រយៈពេលជាងពីរទសវត្សរ៍លើវិស័យរោងចក្រកាត់ដេរ សំណង់ ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត។ អត្រាផ្នែកកសិកម្មរួមចំណែកលើGDP បានធ្លាក់ចុះមកនៅត្រឹមជាង ២០ ភាគរយ កាលពីឆ្នាំមុន ទោះបីជាទិន្នផលសរុបមានការកើនឡើងក៏ដោយ។
យោងតាមធនាគារពិភពលោក កាលពីឆ្នាំមុន តម្លៃសរុបនៃផលិតផលកសិកម្មរបស់កម្ពុជា មានប្រមាណជាង ៥,៦ ពាន់លានដុល្លារ ជាការកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងតម្លៃ ៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ១៩៩៥។ ការកើនឡើងនេះ មួយផ្នែកធំគឺ ដោយសារការកើនឡើងនូវបរិមាណដីដាំដុះ។ ការប្រើប្រាស់បច្ចេកវិទ្យានិងបច្ចេកទេសកសិកម្មទំនើប នៅតែមិនទាន់ទទួលបានការប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពនៅឡើយទេនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាការដាំដុះនិងការប្រមូលផលកសិកម្មមានការកើនឡើងក៏ដោយ កំណើនសេដ្ឋកិច្ចដែលមានប្រភពមកពីវិស័យកសិកម្ម មានការធ្លាក់ចុះ ដោយមានកត្តារួមចំណែកមកពីវិស័យផ្សេងទៀតៗកើនឡើងខ្លាំង។ វិស័យកសិកម្មដែលរាប់បញ្ចូលទាំងរុក្ខប្រមាញ់និងនេសាទ ទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រឹមតែ ១% ប៉ុណ្ណោះ កាលពីឆ្នាំមុន។ ហើយការវិនិយោគផ្ទាល់ពីបរទេសជាច្រើនផ្សេងទៀត បានចូលទៅវិស័យសក្តានុពល ដូចជាវិស័យសំណង់ជាដើម។
ទោះយ៉ាងណានៅពេលបច្ចុប្បន្ន វិស័យសក្តានុពលទាំងនេះ មានការរាំងស្ទះដោយសារបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះនោះ។ វិស័យកសិកម្មបានក្លាយជាបង្អែកសុវត្ថិភាពបណ្ដោះអាសន្ន សម្រាប់ប្រជាជនដែលរងការប៉ះពាល់លើប្រាក់ចំណូល។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ Globe ថា ក្រសួងបានចេញសេចក្តីប្រកាសណែនាំជាផ្លូវការនានា ពីការជំរុញឱ្យប្រជាជនបង្កើនផលិតផលកសិកម្មឱ្យបានច្រើនតាមដែលខ្លួនអាចធ្វើទៅបាន។
នៅពេលកំពុងរៀបរាប់អំពីយុទ្ធសាស្ត្ររបស់ក្រសួង លើជំងឺកូវីដ១៩ លោកវណ្ណហន បានមានប្រសាសន៍ថា៖ “យើងកំពុងជំរុញប្រជាជននៅថ្នាក់មូលដ្ឋានឲ្យចិញ្ចឹមសត្វ ដាំបន្លែ និងចិញ្ចឹមត្រី វាមិនសំខាន់ថាផ្លូវការឬមិនផ្លូវការនោះទេ” ។
ថ្នាក់ដឹកនាំបានជំរុញឱ្យមានការត្រលប់បែរមកវិស័យកសិកម្មវិញ នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានជំរុញឲ្យប្រជាជនកម្ពុជា ប្រើប្រាស់ជំនាញកសិកម្មរបស់ខ្លួន ដើម្បីមកចិញ្ចឹមជីវិត។ នៅក្នុងសុន្ទរកថាមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅក្នុងខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្តីបានថ្លែងថា ត្រូវបង្វែរវិបត្តិបង្កដោយជំងឺកូវីដ ១៩ ទៅជាឱកាស ក្នុងការបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី បានមានថ្លែងថា៖ «ប៉ុន្តែ កម្ពុជាមានចំណុចខ្លាំងមួយ នៅត្រង់ថា យើងមិនត្រូវភ្លេចថា យើងជាប្រទេសកសិកម្ម។ វាមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែ វាបែរមានផ្តល់ឧត្ដមភាពត្រឡប់ទៅវិញនៅក្នុងវិស័យកសិកម្ម។ ដូច្នេះហើយបានរាជរដ្ឋាភិបាលបានប្តូរទិសយ៉ាងឆាប់ ទៅក្នុងការជំរុញវិស័យកសិកម្ម ឱ្យមានការលូតលាស់ឡើង» នេះបើយោងតាមសម្រង់សម្តីក្នុងសារព័ត៌មានវីអូឌី ។
វិស័យកសិកម្មនៅកម្ពុជាភាគច្រើន មិនត្រូវការបង់ពន្ធអាករនោះទេ ដែលនេះជាផ្នែកមួយនៃគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីរក្សាការគាំទ្រនៅតាមជនបទ។ ធនាគារពិភពលោកបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែឧសភាថា វិស័យកសិកម្មនៅប្រទេសកម្ពុជា ហាក់ដូចជាមិនអាចទទួលយកកម្លាំងពលកម្មបន្ថែម ពីវិស័យដែលរងការប៉ះពាល់ផ្សេងៗទៀតបាននោះទេ ហើយជាពិសេសទៅទៀតនោះ គឺបញ្ហាចំនួនពលករចំណាកស្រុកពីប្រទេសថៃដែលវិលត្រឡប់មកវិញ។
ប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីនៅខេត្តព្រៃវែង លោក ហ៊ុន សែន បានប្រកាសទិញម៉ាស៊ីនព្រួសគ្រាប់ពូជស្រូវចំនួន ២០០០ គ្រឿងពីក្រុមហ៊ុនវិស្វកម្មនិងពិគ្រោះយោបល់ឈ្មោះ កសិកម្មឈ្លាសវៃ (AgriSmart) និងបានស្នើឱ្យកម្លាំងពលកម្មក្នុងវិស័យសេវា ដែលបាត់បង់ការងារ អាចងាកមកវិស័យកសិកម្មវិញ។
Globeបានជួបជាមួយអ្នកធ្វើការ៣ឬ៤នាក់ រស់នៅខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកលើវិស័យទេសចរណ៍ បានយល់ឃើញថា កសិកម្មមិនមែនជាឱកាសក្នុងការលើកកម្ពស់សេដ្ឋកិច្ចនោះទេ។ ប៉ុន្តែវាជាសំណាញ់សុវត្ថិភាពចុងក្រោយ ដើម្បីចិញ្ចឹមក្រពះ។ សកម្មភាពកសិកម្មរាប់ចាប់ពី ការចិញ្ចឹមកង្កែបនៅផ្ទះ រហូតដល់ផែនការដាំបន្លែ និងចិញ្ចឹមសត្វជាមួយសាច់ញាតិនៅឯជនបទ។
នៅពេលដែលអ្នកស្រីសៀន ស្រីមុំ បានបាត់បង់ការងារនៅអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។ អ្នកស្រីនិងក្រុមគ្រួសារ បានបែរត្រឡប់ទៅធ្វើការងារចំការ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗនៅក្នុងផ្ទះ។ អ្នកស្រីស្រីមុំ បាននិយាយទាំងទឹកមុខញញឹម ពេលបង្ហាញដំណាំដាំដុះនៅក្រោយផ្ទះថា៖ “ នេះគឺជាសួនកូវីដរបស់ខ្ញុំ”។ ដោយសារមានពេលវេលាកាន់តែច្រើននៅផ្ទះ ការដាំទ្រង់ទ្រាយតូចប្រភេទនេះ គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកស្រី ក៏ដូចជាអ្នកដែលត្រូវការសន្សំសំចៃថវិកា និងមានពេលវេលាគ្រប់គ្រាន់។
អ្នកស្រីក៏បាននិយាយទៀតថា បងប្រុសរបស់គាត់ដែលរស់នៅក្រៅទីក្រុង និងមានដីច្រើនជាងនេះ ក៏បានព្យាយាមដាំដំណាំដើម្បីរកចំណូលសម្រាប់គ្រួសារដែរ។ នៅពេលអ្នកស្រីអាចប្រមូលផលពីចំការតូចរបស់ខ្លួន អ្នកស្រីសង្ឃឹមថា នឹងរកចំណូលបានខ្លះពីការលក់បន្លែ។
អ្នកស្រីបាននិយាយថា៖ “ដំណាំមិនច្រើននោះទេ ប៉ុន្តែវាជាចំណង់ចំណូលមួយរបស់ខ្ញុំ” ។
សូម្បីតែមុនពេលដែលជំងឺកូវីដ១៩ បានកាត់ផ្តាច់ដំណើរការទីផ្សារពិភពលោកក៏ដោយ ការធ្វើកសិកម្មនៅកម្ពុជា មានទំនោរទៅបែបលក្ខណៈគ្រួសារ ជាជាងគោលបំណងលក់ដូរ។
ស្ថិតិមួយចំនួនបានបង្ហាញពីទិន្នន័យផ្សេងគ្នា សម្រាប់កសិកម្មលក្ខណៈគ្រួសារនៅក្នុងប្រទេសកម្ពូជា។ ការប៉ាន់ប្រមាណពីអង្គការអភិវឌ្ឍន៍អន្តរជាតិ ដូចជាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNDP) បានបង្ហាញថា ប្រហែលជា៧៣ ភាគរយនៃប្រជាជនកម្ពុជា អនុវត្តការធ្វើស្រែចម្ការលក្ខណៈគ្រួសារ។ ដោយឡែកលោករដ្ឋលេខាធិការ នៃក្រសួងកសិកម្ម បាននិយាយថា ចំនួនអ្នកធ្វើស្រែចម្ការ មានប្រហែលជា៤០%នៃប្រជាជនសរុប។
ការដាំដុះនិងភាគច្រើនផ្តោតលើការធ្វើស្រែចំការដើម្បីសម្រាប់តែចិញ្ចឹមគ្រួសារនេះ មិនទាន់គ្រប់គ្រាន់ក្នុងការបំពេញត្រូវការរបស់ប្រទេសកម្ពុជានោះទេ។ បេសកកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា(US Mission) បានប៉ានប្រមាណថា ប្រទេសកម្ពុជាអាចបំពេញតម្រូវការបន្លែផ្លែឈើក្នុងស្រុក បានប្រហែលជា ៧០% តែប៉ុណ្ណោះ ហើយកម្ពុជាត្រូវការនាំចូលពីប្រទេសវៀតណាមនិងថៃដើម្បីបំពេញតម្រូវការបន្ថែម។
លោកយ៉ង សាំងកុមារប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញកសិកម្ម បាននិយាយថា ដោយមិនគិតពីតួលេខនៃកសិកម្មលក្ខណៈគ្រួសារ សមាមាត្រនៃកសិកម្មនេះគឺច្រើនពេក ហើយជាពិសេសនៅពេលដែលយើងមានគោលដៅពង្រីកសក្តានុពលការងារនិងការប្រកួតប្រជែងក្នុងតំបន់។
លោកកុមារបានមានប្រសាសន៍ទៀតថា៖ “ប្រសិនបើយើងបន្តធ្វើកសិកម្មលក្ខណៈគ្រួសារ ខ្ញុំមិនដឹងថាយើងត្រូវទៅទីណាទេ។ ប្រហែលជាត្រូវបន្តទិញដំណាំថោក ៗ ពីប្រទេសវៀតណាមហើយ។ ប្រទេសគេ បានបង្វែរទិសដៅទៅរកដំណាំតម្លៃខ្ពស់ គុណភាពល្អ និងឧស្សាហកម្មជឿនលឿន ពួកគេរឹតតែជឿនលឿនទៅៗហើយ ចំនែកយើងវិញនៅតែកំពុងជួបភាពលំបាក ហើយរត់ពីក្រោយគេ” ។
ទស្សនៈវិស័យនយោបាយរបស់លោកកុមារ បានអភិវឌ្ឍមកពីជំនាញកសិកម្មររបស់លោកផ្ទាល់ ហើយឥឡូវនេះ គាត់តែងតែលើកឡើងជាញឹកញាប់ អំពីលទ្ធភាពនៃការណែនាំរបស់រដ្ឋាភិបាល ដើម្បីជំរុញផលិតភាពក្នុងការដាំដុះ ប្រកបដោយប្រសិទ្ធភាពនិងតម្លៃខ្ពស់។ ដើម្បីអាចឈានទៅដល់ចំណុចនោះ លោកគិតថា ការជំរុញលើការផ្លាស់ប្តូរកសិដ្ឋានលក្ខណៈគ្រួសារ ទៅជាទម្រង់បែបពាណិជ្ជកម្មវិញ។ ដូច្នេះសហគ្រិនភាពអាចកើតចេញមកពីកសិករតូចតាច ដើម្បីកសាងនូវឧស្សាហកម្មមួួយដែលអាចផ្តល់ប្រាក់កំរៃដល់កសិករជាច្រើនទៀត ដែលសព្វថ្ងៃពួកគេទទួលបានប្រាក់ចំណូលពី ការរត់រ៉ឺម៉កកង់បី(តុកតុក) ឬការងារសំណង់។
លោកកុមារមិនឯកោនៅក្នុងទស្សន:វិស័យបែបនេះនោះទេ។
លោកKaushik Barua នាយកប្រចាំប្រទេសនៃអង្គការ IFAD (មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម) ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសហការជាមួយរដ្ឋាភិបាល ដើម្បីជំរុញកម្មវិធីអភិវឌ្ឍន៍សម្រាប់កសិកម្មខ្នាតតូច។
លោក Baruaបានគូសបញ្ជាក់ថា៖ “យើងឆ្លាប់ឃើញការរីកចម្រើននៃវិស័យកសិកម្ម [នៅក្នុងប្រទេសកម្ពុជា]ដោយពឹងផ្អែកលើការកើនឡើងនៃកម្លាំងពលកម្មនិងទំហំដី ប៉ុន្តែដំណាក់កាលបន្ទាប់នោះចាំបាច់ត្រូវផ្តោតសំខាន់លើជំនាញនិងផលិតកម្ម” ។
កម្មវិធីសម្រាប់គម្រោងពាក់កណ្តាលនិងរយៈពេលវែងរបស់កម្ពុជា មិនបានត្រូវបង្វែរគោលដៅក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនោះទេ។ ហើយខណៈពេលដែលលោកBarua បាននិយាយថា វាអាចជាឱកាសសម្រាប់កសិករកម្ពុជាផងដែរ ក្នុងពេលដែលមានការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប៉ុន្តែកសិករនៅតែជាក្រុមងាយរងគ្រោះដែលបានបាត់បង់ប្រាក់ចំណូលពីពលកម្មរបស់ខ្លួន។
លោកBaruaបាននិយាយថា៖ “ យោងតាមរបាយការណ៍របស់យើង បានឱ្យដឹងថា ការប៉ះទង្គិចដោយសារកូវីដនេះ កើតឡើងលើវិស័យផ្សេង។ កសិកម្មមិនបានរងការប៉ះពាល់ដោយផ្ទាល់នោះទេ ប៉ុន្តែគ្រួសារនិងសហគមន៍នៅតាមជនបទជាច្រើន បានជួបនឹងភាពលំបាក” ៕