ប្រជាជនកម្ពុជាតាំងពីវ័យកុមារភាគច្រើន ប្រហែលជាធ្លាប់លេងកីឡាវាយសីនៅតាមសួនច្បារ ឬនៅមុនផ្ទះ។ តើអ្នកដែលដឹងទេថា កីឡាវាយសីអាចលេងបានតាមក្បួនខ្នាតត្រឹមត្រូវ ហើយមានការប្រកួតថា្នក់ជាតិ និងអន្តរជាតិថែមទៀតផង?
រៀងរាល់ល្ងាច នៅតាមសួនសាធារណៈជាច្រើន គឺជាកន្លែងពេញនិយមសម្រាប់ការលេងកីឡានៅខាងក្រៅ (outdoor sport) ដើម្បីសុខភាព។ នៅតាមសួនច្បារធំៗនៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានា គេតែងឃើញមានទស្សនីយភាពនៃការហាត់កីឡាចម្រុះ ដូចជាមនុស្សដើរហាត់ប្រាណ រាំហាត់ប្រាណ ហាត់ជិះស្គី លេងទាត់បាល់ ទាត់សី ហើយពិសេសនៅគ្រប់ចន្លោះ មានមនុស្សលេងកីឡាវាយសីជាគូៗ សើចផង បែកញើសហត់ផង ប្រកបដោយភាពរីករាយ។
ក្នុងនោះ កីឡាវាយសី គឺជាទម្រង់នៃកីឡាលេងហាត់ប្រាណដើម្បីសុខភាព ដែលងាយស្រួលសាមញ្ញលេងបាន ជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ដិ។ គ្រាន់រ៉ាកែត២ គ្រាប់សី១ ទីធ្លាធំល្មម និងមនុស្សចាប់ពីពីរនាក់ នោះអ្នកលេងបានយ៉ាងសប្បាយ និងព្រមទាំង ឆាប់បែកញើស។
ទោះបីជាប្រវត្តិនៃកីឡាវាយសីមានកំណើត នៅប្រទេសក្រិកនៃតំបន់អឺរ៉ុបក៏ដោយ កីឡាមួយនេះទទួលបានប្រជាប្រិយខ្លាំងនៅតំបន់អាស៊ី ហើយជាពិសេសនៅក្នុងប្រទេសចិន ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
ការលេងកីឡាវាយសី មើលទៅហាក់ដូចជា មានភាពងាយស្រួល ក៏ប៉ុន្តែ កីឡានេះត្រូវការសុខភាពរាងកាយរឹងមុំា កម្លាំងសាច់ដុំខ្លាំង សមត្ថភាពរត់លឿន និងតិចនិកខ្ពស់។ ដោយមានតម្រូវការច្រើន កីឡាវាយសីត្រូវបានដាក់ចូលរួម ការប្រកួតអូឡាំពិកនៅឆ្នាំ១៩៩២ នេះបើយោងទៅតាមគេហទំព័រសមាគមកីឡាវាយសីប្រទេសអូស្រ្តាលី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានតម្រូវការច្រើន គេសង្កេតឃើញថា មានក្លឹបកីឡាដែលកន្លែងបង្កើតឡើងសម្រាប់តែការវាយសីជាពិសេសតែម្ដង នៅក្នុងរាជធានីភ្នំពេញ ដែលមានគំនូសតាង និងការកំណត់ប្រវែងច្បាស់លាស់ ជាមួយសំណាញ់នៅចំកណ្ដាល ក្នុងកម្ពស់ត្រឹមត្រូវ តាមស្តង់ដារលេងណាមួយ។
ក្រៅពីនោះ ក៏មានការបង្កើតជាក្រុមអ្នកលេងសី ដែលស្គាល់ណាត់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រុមអ្នកលេងកីឡានេះ ជាធម្មតាជុំគ្នាលេង ប្រកួតគ្នានៅពេលល្ងាចក្រោយចេញពីធ្វើការ នៅតាមតារាងវាយសីណាមួយ ដែលក្រុមបានកក់ទុក។ តែការលេងនៅតារាងនេះ ភាគច្រើនក៏តម្រូវឱ្យលេងតាមក្បួនជាក់លាក់ផងដែរ។
ការប្រកួតកីឡាវាយសីអាចប្រព្រឹត្តទៅបាន រវាងបុគ្គលមួយទល់នឹងមួយ (single) ឬបុគ្គលពីរទល់នឹងពីរ (double)។ ប្រសិនបើអ្នកចង់លេងកីឡានេះតាមក្បួនខ្នាតនៅតារាងវាយសីផ្ទាល់ ឬបង្កើតដោយខ្លួនឯងនៅផ្ទះ ប្រសិនបើមានទីតាំងធំទូលាយ អ្នកត្រូវគោរពតាមគោលការណ៍សាមញ្ញមួយចំនួនសម្រាប់ការលេងបួននាក់ ដូចខាងក្រោម។
ដើម្បីងាយស្រួលក្នុងការពន្យល់ យើងនឹងកំណត់ក្រុមA និងក្រុមB ដែលក្រុមនីមួយៗមានសមាជិក២ៗនាក់។
1. ការកំណត់ក្រុមវាយសីមុន
ដំបូងបង្អស់មុនការលេង អ្នកអាចបោះកាក់(coin toss) ឬ ប៉ាវសុីងស៊ុំ (rock paper scissors) ដើម្បីកំណត់ថា តើ ក្រុមA ឬ B ក្រុមណាអាចជ្រើសរើសទីតាំងនៃតារាងប្រកួត និងធ្វើការវាយសីមុន។
2. សំណាញ់កីឡាវាយសី (Badminton Net)
នៅពេលលេង អ្នកប្រកួតមិនត្រូវឱ្យដង(រ៉ុកកែត) របស់អ្នកលេង វាយប៉ះនឹងសំណាញ់ ។ ប្រសិនជាមានករណីនេះ ពិន្ទុនឹងត្រូវឱ្យទៅក្រុមម្ខាងទៀត។
3. ការវាយបោះគ្រាប់សីពេលចាប់ផ្ដើម (Serve)
ពេលវាយបោះគ្រាប់សី រៀងរាល់ចាប់ផ្ដើមតង់ថ្មី ចាំបាច់ត្រូវវាយទៅឱ្យអ្នកដែលនៅឆ្លាស់នៃក្រុមម្ខាងទៀត ចំពោះមុខយើង។ ក្នុងករណីដែលអ្នកប្រកួត វាយបោះខុសទិសដៅ ក្រុមម្ខាងទៀតនឹងទទួលបានពិន្ទុ។
4. ការទទួលពិន្ទុ (Scorings)
ការកំណត់ពិន្ទុចាញ់ឈ្នះ គឺសំខាន់សម្រាប់ការប្រកួតនៅតារាង។ អង្គការកីឡាវាយសីសហរដ្ឋអាមេរិក បានកំណត់ពិន្ទុ ដោយការវាយឈ្នះ ១៥ឬ ១៧ដង សម្រាប់កីឡាវាយសីផ្នែកបុរស និង ១១ឬ ១៣ដង សម្រាប់ផ្នែកនារី។ ដើម្បីទទួលបានពិន្ទុ អ្នកប្រកួតត្រូវ៖
- ពេលវាយគ្រាប់សីរបស់ក្រុមA: មិនបានត្រឹមត្រូវក្នុងប្រឡោះគំនូសកំណត់របស់ក្រុមB នោះក្រុមB នឹងបានពិន្ទុ១
- ពេលវាយគ្រាប់សីរបស់ក្រុមA: ប្រសិនបើគ្រាប់សីធ្លាក់ក្នុងគំនូសដែលកំណត់នៅក្រុមB ហើយក្រុមB មិនបានវាយតប នោះក្រុមAនឹងទទួលបានពិន្ទុ១វិញ
- នៅពេល រ៉ុកកែតរបស់ក្រុមA វាយសីប៉ះនឹងសំណាញ់ ពិន្ទុនឹងឱ្យទៅក្រុមB
5. ចំណុចមិនអនុញ្ញាត (Strike)
អ្នកប្រកួតមិនអាចវាយគ្រាប់សីពីរដងជាប់គ្នានោះទេ បើមិនបានបោះគ្រាប់សីឱ្យក្រុមម្ខាងទៀត។ ក្នុងករណីនេះ ក្រុមដៃគូរប្រកួតនឹងទទួលបានពិន្ទុ១ ដោយស្វ័យប្រវត្តិ។ មិនមានពាក្យថា «ច្រឡំ » នៅតារាងប្រកួតទេ៕