ការរៀបចំដាក់កាកសំណល់ថ្មពិលឱ្យបានត្រឹមត្រូវ ជាទម្លាប់ថ្មី ដែលយើងគួរអនុវត្តដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងបរិស្ថានជុំវិញខ្លួនអ្នក។

ការយកចិត្តទុកដាក់ និងចូលរួមពីបុគ្គលម្នាក់ៗ ក្នុងការរៀបចំទុកដាក់សំណល់ថ្មពិល ឱ្យបានត្រឹមត្រូវ អាចចូលរួមកាត់បន្ថយហានិភ័យខ្ពស់ នៃការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលទៅកាន់សុខភាពមនុស្ស និងបរិស្ថានបាន។
កាលពីខែកក្កដាថ្មីៗកន្លងមកនេះ ក្រោមយុទ្ធនាការ «រួមគ្នាដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល» ក្រសួងបរិស្ថាន បានចាប់ផ្តើម ដាក់ពង្រាយធុងសំណល់ថ្មពិល នៅតាមផ្សារទំនើប បុរី និងស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួនក្នុងរាជធានីភ្នំពេញ។
អ្នកអាចសម្គាល់ធុងសំណល់ថ្មពិល ជាប្រភេទជ័ររាងស៊ីឡាំងត្រវែង កម្ពស់ត្រឹមចង្កេះ ពណ៌ទឹកសមុទ្រ ដាក់នៅអមជាមួយផ្ទាំងផ្សព្វផ្សាយបញ្ឈរមួយ ដែលនិយាយពីផលប៉ះពាល់របស់សំណល់ថ្មពិល។

ហេតុអ្វីត្រូវញែកសំណល់ថ្មពិលចេញពីសម្រាមទូទៅ?
ជាតិអាសុីតដែលសាយភាយចេញពីសំណល់ថ្មពិល ទៅក្នុងបរិស្ថាន មានសារធាតុខនិជខ្លាំងអាចបណ្តាលធ្វើឱ្យរលាក និងបង្កគ្រោះថ្នាក់ដល់ភ្នែក និងស្បែករបស់មនុស្ស។ យោងតាមចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីដើមខែ កក្កដា កន្លងមកបានបញ្ជាក់ថា បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស មានដូចជា៖
- បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង
- បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ
- បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា
- បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី
- បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ
ម្យ៉ាងវិញទៀត ការរៀបចំកាកសំណល់នៅកន្លែងចាក់សំរាម ដែលមិនមានការរៀបចំត្រឹមត្រូវ តាមស្តង់ដារសុវត្ថិភាព អាចធ្វើឱ្យជាតិបារត ជាតិសំណ និងកាឌីមីញ៉ូមទាំងឡាយ ដែលមាននៅក្នុងថ្មពិល អាចធ្វើការបំពុលបរិស្ថាន បំពុលទឹក មនុស្ស និងជីវិតសត្វ ដែលរស់នៅជុំវិញតំបន់ក្បែរនោះផងដែរ។
ទាក់ទិននឹងបញ្ហាកាកសំណល់ថ្មពិលនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភត្ត្រាបានមានប្រសាសន៍ថា «កាកសំណល់ថ្មពិល ដែលប្រមូលបានទាំងអស់នឹងត្រូវយកទុកនៅតំបន់ទីលានប្រមូលសំរាមគោលដៅរាជធានី។»ឯកឧត្តម ក៏បានបន្ថែមទៀតផងដែរថា ក្រសួងមានគម្រោងនឹងដាក់ពង្រាយធុងសំរាមថ្មពិល ប្រមាណ១០ទីតាំងបន្ថែមទៀត នៅទីក្រុងភ្នំពេញ ហើយនៅពេលខាងមុខ។ ក្រៅពីនោះ ក្រសួងក៏មានផែនការរៀបចំ ឱ្យមានធុងសំរាមថ្មពិលនេះ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និង ខេត្តបាត់ដំបង ផងដែរ។
តាមការកត់សម្គាល់របស់ក្រសួងឃើញថា ប្រជាពលរដ្ឋបានចូលរួមច្រើន នៅក្នុងយុទ្ធនាការនេះ។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមានការយល់ដឹងប្រសើរជាងមុន ពីសារៈសំខាន់នៃការបែងចែកសំណល់ថ្មពិល ពីកាកសំនល់ផ្សេងទៀត រួមទាំងផលប៉ះពាល់របស់សំណល់ថ្មពិល ដែលអាចបង្កឱ្យប៉ះពាល់សុខភាព និងបរិស្ថានផងដែរ។
នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជា អាមេរិក កាណាដា គេមានកម្មវិធីសម្រាប់ជួយកែច្នៃសំណល់ថ្មពិលដែលប្រើបានតែម្តង ឬថ្មចាស់ៗ ដើម្បីអាចប្រើប្រាស់ឡើងវិញ។ ក្នុងនោះមានដូចជា អង្គការ Call2Recycle ដែលប្រមូលសំណល់ថ្មពិល និងបានសហការជាមួយក្រុមហ៊ុនផលិតថ្មពិលធំៗជាច្រើន ក្នុងដំណើរការកែច្នៃឡើងវិញនេះ។
ថ្វីត្បិតតែនៅកម្ពុជា មិនទាន់មានលទ្ធភាពកែច្នៃបែបនេះក្តី ប៉ុន្តែអ្នកអាចយកថ្មពិលដែលលែងប្រើប្រាស់បាន ទៅដាក់ក្នុងធុងសំណល់ថ្មពិល នៅតាមទីតាំងកំណត់ដែលនៅជិតអ្នកបំផុត ដើម្បីការពារខ្លួនអ្នក ក៏ដូចជាបរិស្ថាន ពីបញ្ហាប្រឈមផ្សេងៗ ដែលបង្កដោយសំណល់ថ្មពិលនេះ។
ទីតាំងចោលសំណល់ថ្មពិល
អ្នកអាចចូលរួមគម្រោងប្រមូលសំណល់ថ្មពិល ដែលអនុវត្តដោយក្រសួងបរិស្ថាននេះ នៅតាមទីតាំងដូចខាងក្រោមនេះ ៖
- ផ្សារទំនើប ជីប ម៉ុង នរោម៉ល
- ផ្សារទំនើបជីបម៉ុង បាក់ទូក
- បុរីប៉េងហួត បឹងស្នោរ
- ស្ថានីយប្រេងឥន្ធនៈ PTT សាខាវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ៕