ការស្គាល់ពីខ្លូនឯង អាចផ្តល់គុណសម្បត្តិជាច្រើនដល់ខ្លួនអ្នក។ ក្នុងនោះដែរ វាអាចជួយបន្ធូរបន្ថយភាពស្មុគស្មាញ និងស្ត្រេសបាន ពីព្រោះនៅពេលដែលអ្នកស្គាល់ពីអារម្មណ៍ខ្លួនឯង អ្នកអាចគ្រប់គ្រងខ្លួនឯងបានល្អជាងមុន។ ភាគច្រើននៃបញ្ហា អាចបណ្តាលមកពីកត្តាក្រៅខ្លួន និងក្នុងខ្លួនរបស់អ្នកផ្ទាល់តែម្តង។
ខាងក្រោមនេះជាចំណុចខ្លះៗដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដែលបានណែនាំអ្នកជំនាញមកពីអង្គការសុខភាពMayo Clinic ដែលជាអង្គការសុខភាពមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក៖
យល់ពីខ្លួនឯង
តើអ្នកគិតថា អ្នកស្គាល់ពីខ្លួនឯងដល់កម្រិតណា?ការយល់ដឹងពីទង្វើ និងគំនិតរបស់ខ្លួនជារឿងសំខាន់ ដែលអាចជួយឱ្យអ្នកកត់សម្គាល់ពីបញ្ហា និងចំណុចខ្វះខាតរបស់ខ្លួនហើយអាចធ្វើការកែខៃស្ថានភាពឬបញ្ហាទាំងនោះវិញបាន។ក្នុងការរៀនស្គាល់ពីខ្លួនឯងនៅដំណាក់កាលដំបូងអាចមានការលំបាកដោយសារអ្នកមិនទាន់ស៊ាំនឹងការអនុវត្តទាំងនោះ។អ្វីដែលអ្នកគួរធ្វើគឺអាចរៀនកត់ចំណាំពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនជាពិសេសពីការប្រែប្រួលនៃអារម្មណ៍របស់ខ្លួន។ម្យ៉ាងវិញទៀតវាអាចជួយអ្នកក្នុងការតាមដានពីចំណុចល្អរបស់ខ្លួនផងដែរ។ ប្រសិនបើអ្នកជួបប្រទះភាពតានតឹង ឬអស់សង្ឃឹមនាពេលខាងមុខ អ្នកគួរតែរៀនឱ្យពេលខ្លួនឯងនិងសួរខ្លួនឯងថា«តើបញ្ហានោះ កើតចេញមកពីណាឱ្យប្រាកដ?»។
ផ្ចង់អារម្មណ៍(Focus on your attention)
ការផ្ចង់អារម្មណ៍ឱ្យបានមូល និងផ្តោតសំខាន់ទៅលើអ្វីដែលកំពុងកើតឡើងចំពោះមុខ គឺជាគន្លឹះសំខាន់ក្នុងការបន្ថយភាពតានតឹង។ ជាទូទៅ មនុស្សអាចមានអារម្មណ៍ច្របូកច្របល់ ឬ បាត់បង់ការផ្តោតអារម្មណ៍ ពេលជួបឧបសគ្គ ឬពេលនៅស្ថានភាពតានតឹង ហេតុនេះការបង្កើតទម្លាប់ ក្នុងការរក្សាគ្រប់គ្រងរបស់អ្នកឱ្យបានល្អ ជាចំណុចសំខាន់ដែលអ្នកមិនគួរមើលរំលង។ ពេលកំពុងប្រឈមនឹងស្ថានភាពមួយមិនល្អ ដែលអាចឱ្យអ្នកបាត់បង់ការផ្ចង់អារម្មណ៍ អ្នកគួរអនុវត្តសកម្មភាពផ្សេងៗ ដែលជួយអ្នកធ្វើឱ្យអារម្មណ៍ស្ងប់បានមានដូចជា ការធ្វើលំហាត់ប្រាណ ការលេងកីឡា ការធ្វើសមាធិ និងការអានសៀវភៅជាដើម។
កាត់បន្ថយការវិនិច្ឆ័យ(No judgement)
តើអ្នកធ្លាប់វិភាគទៅលើអ្វីគ្រប់បែបយ៉ាង ដែលកើតមានឡើងទៅលើខ្លួនអ្នកដែរឬទេ?អ្នកអាចគិតថា វានឹងល្អប្រសើរ បើអ្នកធ្វើតាមវិធីផ្សេង ឬ នៅតែស្រម៉ៃពីអ្វីដែលនឹងមិនអាចកើតឡើង ប៉ុន្តែទង្វើបែបនេះ មិនមែនជាទម្លាប់ល្អឡើយ។អ្នកគួរតែកាត់បន្ថយទម្លាប់វិនិច្ឆ័យរាល់គ្រប់សកម្មភាពដែលកើតឡើងមិនបានដូចចិត្តរបស់ខ្លួន ព្រោះបើមិនដូច្នេះទេ អ្នកមិនអាចមានពេលសម្លឹងមើលឃើញពីចំណុចល្អឡើយ ជាពិសេស នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ៕