អស់រយៈពេលជាច្រើនសតវត្ស ក្រោយការដួលរលំនៃអាណាចក្រអង្គរ ប្រាសាទបេងមាលាកប់ចោលនៅក្នុងព្រៃជ្រៅ ហើយទើបតែបើកឱ្យភ្ញៀវទេសចរចូលទស្សនានៅឆ្នាំ ២០០៣ បន្ទាប់ពីការសម្អាតមីន បន្សល់ពីសម័យខ្មែរក្រហមកាលពីទសវត្សរ៍ឆ្នាំ៧០។
អត្ថបទដោយ៖ Christyn Lloyd ថតរូបដោយ៖ Thomas Christofoletti និងប្រែសម្រួលដោយលោក ញ៉ែម ផាន់ណារ៉ូ
មុនពេលថ្ងៃរះ នៅតាមផ្លូវមានអ្នកទេសចរ ជាច្រើនធ្វើដំណើររូតរះ ដើម្បីទៅគយគន់ព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត។
ប៉ុន្តែ យើងបានជ្រើសរើសទិសដៅបញ្ច្រាសទិសគ្នា ឆ្ពោះទៅកាន់ប្រាសាទបេងមាលា។ ប្រាសាទនេះ មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីបរិវេណទីក្រុងអង្គរ។ ក្នុងអតីតកាលសម័យអង្គរដ៏រុងរឿង ប្រាសាទនេះបានសាងសង់ឡើងនៅកន្លែងយុទ្ធសាស្ត្រ ដែលមានផ្លូវបំបែកទៅកាន់ទីតាំងសំខាន់ៗក្នុងអាណាចក្រអង្គរ។
អស់រយៈពេលជាច្រើនសតវត្ស ក្រោយការដួលរលំនៃអាណាចក្រអង្គរ ប្រាសាទបេងមាលាកប់ចោលនៅក្នុងព្រៃជ្រៅ ហើយទើបតែបើកឱ្យភ្ញៀវទេសចរចូលទស្សនានៅឆ្នាំ ២០០៣ បន្ទាប់ពីការសម្អាតមីន បន្សល់ពីសម័យខ្មែរក្រហមកាលពីទសវត្សរ៍ឆ្នាំ៧០។ នៅសព្វថ្ងៃនេះ ប្រាសាទនេះ ឈរលើទីតាំង ដែលមិនមានការស្ដារអតីតកាលដ៏ថ្កុំថ្កើងរុងរឿងរបស់ខ្លួនឡើងវិញ ក្រោយពីអាណាចក្រត្រូវបានបោះបង់។
បរិវេណប្រាសាទនេះ ត្រូវបានសម្គាល់ដោយគូរទឹកព័ទ្ធជុំវិញស្ទើរតែរលុបបាត់អស់ ដែលឈ្មោះប្រាសាទ«បឹងមាលា» នេះ មានអត្ថន័យតាមទម្រង់នេះ។ នៅខ្លោងទ្វារប្រាសាទ មានរូបចម្លាក់នាគក្បាល៧បើកពពារ ចាំយាមការពារ។
យើងបានដើរតាមរានហាលពីខ្លោងទ្វារប្រាសាទ កាត់អ័ព្ទនាព្រឹកព្រលឹម។ ទើបតែពេលដែលយើងចាប់ផ្ដើមឃើញ ថ្មភក់ជាច្រើនដុំ នៅរាយប៉ាយរាំងផ្លូវ ទើបយើងសម្គាល់ថា យើងបានដើរមកដល់តួប្រាសាទ ដែលនៅក្នុងសភាពស្ងាត់ជ្រងំកប់ក្នុងព្រៃ រួមជាមួយសំឡេងសត្វរៃយំ។
ប្លង់ប្រាសាទបេងមាលា មានទម្រង់ស៊ីមេទ្រីនឹងប្លង់ប្រាសាទអង្គរវត្ត ដែលធ្វើឱ្យអ្នកស្រាវជ្រាវប៉ាន់ស្មានថា ប្រាសាទនេះក៏ត្រូវបានសាងសង់ក្នុងរជ្ជកាលតែមួយ នៃព្រះបាទសូរ្យវរ្ម័នទី ២ ក្នុងសតវត្សទី ១២ ។ ប្រាសាទនេះសាងសង់ឡើងឧទ្ទិសដល់ព្រះវិស្ណុ ជាអាទិទេពថែរក្សាចក្រវាល ហើយនៅលើជញ្ជាំងប្រាសាទ ក៏មានរូបចម្លាក់ជាច្រើន បង្ហាញពីឈុតឆាកទេវកថាក្នុងសាសនាហិណ្ឌូ។
ថ្មភក់សាងសង់ប្រាសាទបេងមាលា មានប្រភពមកពីភ្នំគូលែននៅក្បែរនោះ ហើយប្រាសាទនេះជាទីតាំងគោល សម្រាប់បែងចែកការដឹកជញ្ជូនថ្មភក់ តាមផ្លូវទឹកទឹក ពីភ្នំគូលែនទៅរាជធានីអង្គរ។ ប្រវត្តិសាស្ត្ររបស់ប្រាសាទបេងមាលាបានបាត់បង់ មិនមានសិលាចារឹកអំពីប្រាសាទនេះ នៅសល់ឬរកឃើញឡើយ។ ដើមឈើចាក់ឫសនៅក្នុងប្រាសាទ ហើយតាមជញ្ជាំងប្រាសាទមានវល្លិវារនៅគ្រប់ទិសទី។ ជាមួយគ្នានេះ នៅលើថ្មភក់ដែលដួលរលំគរលើគ្នា មានស្លែជាច្រើនដុះគ្របដណ្ដប់។
ប្រាសាទនេះ ក៏ទីតាំងថតនៃរឿងហូលីវូដ «Two Brothers (បងប្អូនខ្លាដំបងទាំងពីរ)» ផងដែរ។
នៅពេលដែលព្រះអាទិត្យចាប់ផ្ដើមរះ រំលេចចេញនូវពន្លឺពណ៌មាសបន្តិចម្តងៗ ចាំងឆ្លុះកាត់កម្រាលព្រៃបៃតងដ៏ស្ងាត់ជ្រងំ ធ្វើឲ្យទស្សនីយភាពប្រាសាទកាន់តែអស្ចារ្យ។ ប្រាសាទនេះបែរមុខទៅទិសខាងកើត និងមានទម្រង់ជាចតុកោណទ្រវែង ហើយនៅខាងក្នុងមានទីសក្ការៈបូជា នៅចំណុចកណ្តាល ដែលសម្រាប់ឧទ្ទិសដល់ព្រះវិស្ណុ។ ស្នូលកណ្ដាលនៃប្រាសាទ គឺមិនច្បាស់ថានៅត្រង់ចំណុចណានោះទេ។ ទីតាំងនោះគ្រាន់តែជាការស្មានប៉ុណ្ណោះ ពីព្រោះមានគំនរបាក់បែកនៃប្រាសាទច្រើន។
ទោះបីមានផែនទីក្នុងដៃក៏ដោយ យើងមិនអាចកំណត់ទីតាំងដែលយើងកំពុងឈរបាននោះទេ ដើរកាត់ថែវបែកបាក់រលំ វាហាក់ដូចជាមិនមានបញ្ហាថា យើងឈរនៅត្រង់ណានោះទេ ព្រោះយើងមានអារម្មណ៍រសាត់អណ្តែងស្លុង នឹងទិដ្ឋភាពដ៏ស្ងប់ស្ងាត់របស់ប្រាសាទ។
ក្រោយពីបានដើរជុំវិញទស្សនាប្រាសាទ ហើយមិនបានចាប់អារម្មណ៍ពីពេលវេលាថាអស់ពេលប៉ុន្មាននោះទេ ។ មុនពេលបានមកដល់ទីតាំងដើមវិញ យើងឈរកោតសរសើរច្រកចូលភាគខាងត្បូង ដែលរំលេចសម្រស់របស់ខ្លួនក្នុងពន្លឺថ្ងៃរះ ហើយនោះជាពេលដែលយើងត្រូវលាគ្នាជាមួយនឹងប្រាសាទបេងមាលា ហើយទុកឱ្យប្រាសាទសម្រាកក្នុងព្រៃស្ងប់ស្ងាត់៕
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានចេញផ្សាយដំបូងក្នុងទស្សនាវដ្តី Discover ឆ្នាំ ២០២០-២០២១