កសិដ្ឋានស្វាក្តាមអង្រួនទីផ្សារអន្តរជាតិ ខណៈអ្នកធ្វើប្លុកមានចំណូលពីវីដេអូសត្វស្វា
បកប្រែដោយ៖ ឡាយ សុផាន់ណា
នៅតាមផ្ទាំងសិលាចារិកនៅឧទ្យានបុរាណអង្គរ គេឃើញមានចម្លាក់ ទាក់ទងនឹងហ្វូងមនុស្សដើរតាមកងទ័ពស្វា។ នៅម្តុំប្រាសាទបាយ័នវិញ អ្នកធ្វើប្លុកចំណាយពេលមួយថ្ងៃរបស់ពួកគេ ដើម្បីកត់ត្រារាល់សកម្មភាពរបស់សត្វស្វាក្តាម។
លោកល័ក្ខ សុខុន ជាអ្នកផលិតមាតិកាវីដេអូនៅលើ YouTube ដែលមាន Subscriber រាប់ពាន់នាក់បាននិយាយថា «ខ្ញុំចាប់ផ្តើមថតវីដេអូសត្វស្វា ព្រោះខ្ញុំគិតថា វាជាធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ហើយខ្ញុំចង់ប្រែក្លាយវា ឱ្យទៅជាចំណង់ចំណូលចិត្ត»។ «ប៉ុន្តែសព្វថ្ងៃនេះ មានរឿងចម្រូងចម្រាស់ជាច្រើនកើតមានលើសត្វស្វាទាំងនេះ។» លោកបានប្រាប់។
អាជីវកម្មស្វាគឺ ជាបញ្ហាដ៏ប្រឈម។ ភាពចម្រូងចម្រាសអំពីការគ្រប់គ្រងសត្វស្វា និងក្តីកង្វល់អំពីឥទ្ធិពលដែលមនុស្សមាន ទៅលើអាកប្បកិរិយារបស់សត្វស្វា បានធ្វើឱ្យមានការថយចុះជាលំដាប់នៃអ្នកថតវីដេអូ ដែលបង្ហាញពីឥរិយាបថរបស់សត្វស្វា។ ចំណូលរបស់អ្នកធ្វើវីដេអូប្លុក ដែលបានមកពីចំនួនអ្នកទស្សនាវីដេអូសត្វស្វា គឺតិចតួចមែនទែន បើប្រៀបធៀបទៅនឹងអាជីវកម្មសត្វស្វានៅកម្ពុជា ក្រោមទម្រង់នៃការចាប់បង្កាត់ពូជ និងការនាំចេញ។
អាជីវកម្មនេះកំពុងត្រូវប៉ាន់។ សត្វស្វាកន្ទុយវែង ឬស្វាក្ដាម ស្ថិតក្នុងចំណោមសត្វស្វាដែលមានការជួញដូរច្រើនជាងគេបំផុតលើពិភពលោក ដោយសារមានតម្រូវការប្រើប្រាស់ពួកវាក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយកម្ពុជា គឺជាអ្នកនាំចេញឈានមុនគេនូវសត្វស្វានេះ។
ប្រទេសកម្ពុជា បានប្រលូកក្នុងវិស័យជួញដូរសត្វស្វាក្ដាមនេះ អស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្រោយផ្ទុះជម្ងឺកូវីដ-១៩ កម្ពុជាចាប់ផ្ដើមនាំមុខគេក្នុងទីផ្សារនាំចេញសត្វប្រភេទនេះ។ ទិន្នន័យរបាយការណ៍ស្តីពីការនាំចេញ និងនាំចូលបានបង្ហាញថា កម្ពុជាបានធ្វើអាជីវកម្មស្វាច្រើនជាង ៣២,៣០០ក្បាល ក្នុងឆ្នាំ ២០២០ ដែលសឹងតែទ្វេដងនៃចំនួនដែលបានជួញដូរកាលពីឆ្នាំ២០១៩។ សត្វស្វាបីក្បាលក្នុងចំណោមសត្វស្វាចំនួនប្រាំក្បាល ត្រូវបានគេនាំចេញទៅសហរដ្ឋអាមេរិក។ ចំនួននេះស្មើទៅនឹង ៧៨,៥% នៃចំនួនអាជីវកម្មលើសត្វស្វាក្នុងឆ្នាំនោះ។
ខណៈពេលដែលសកម្មជនគាំទ្រសិទ្ធិសត្វ ទាមទារឱ្យបញ្ចប់នូវការយកសត្វស្វាទៅប្រើប្រាស់ក្នុងវិស័យវិទ្យាសាស្ត្រ ក្រុមអភិរក្សបារម្ភថា កសិដ្ឋានចិញ្ចឹមស្វា កំពុងរួមចំណែកដល់ការធ្លាក់ចុះនៃចំនួនសត្វស្វាព្រៃ ជាពិសេសបន្ទាប់ពីសត្វស្វាក្តាមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីក្រហម នៃសត្វដែលរងការគំរាមកំហែង ដោយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature ឬ IUCN) ដោយបានកំណត់សត្វស្វានេះជា «សត្វងាយរងគ្រោះ» ។
វិសាលភាពនៃទីផ្សារសត្វស្វាក្នុងប្រទេសកម្ពុជានៅតែមានភាពស្រពិចស្រពិល។ ដោយគ្មានការវាយតម្លៃរបស់រដ្ឋាភិបាលជាសាធារណៈ គ្មានដំណើរការត្រួតពិនិត្យកសិដ្ឋានដោយឯករាជ្យ ទិន្នន័យនៃរបាយការណ៍ស្តីពីការជួញដូរតាមបែបផែនអន្តរជាតិរវាងក្រុមហ៊ុន និងអង្គការពាក់ព័ន្ធមានលក្ខណៈផ្ទុយគ្នា វិសាលភាពនៃការចិញ្ចឹម ការថែរក្សាសត្វនីមួយៗ និងសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្មខុសច្បាប់ នូវតែជារឿងដែលគេមិនបានបើកចំហរ។
នៅពាក់កណ្តាលនៃការផ្តល់បទសម្ភាសន៍ សុខុន បានដេញតាមសត្វស្វាកំពុងស៊ីពោត។ ជាមួយនឹងក្រុមអ្នកធ្វើប្លុក លោក សុខុន បានចំណាយពេលរបស់គាត់នៅម្តុំបរិវេណប្រាសាទបាយ័ន ដែលជាទីជ្រកកោនរបស់សត្វស្វាមួយហ្វូងធំនៅឧទ្យានបុរាណអង្គរ។
លោក សុខុន បានប្រាប់ថា៖ «ខ្ញុំចង់និយាយថា អ្នកធ្វើវីដេអូប្លុកសល់ប្រមាណជា ១២ នាក់ ទៀតតែប៉ុណ្ណោះ»។ «ក្រុមអ្នកធ្វើវីដេអូរបស់យើងពីមុនមានជិត ៦០ នាក់ ប៉ុន្តែចំនួនបានបានធ្លាក់ចុះច្រើន ខណៈដែលសត្វស្វាច្រើនត្រូវបានគេយកចេញ»។ លោកបាននិយាយ។
សត្វស្វាមានចំនួនដប់ម្ភៃក្បាលជាង ត្រូវបានគេចាប់នៅម្តុំប្រាសាទបាយ័ន កំឡុងពេលប្រមូលយកសត្វអស់ទាំងនេះក្នុងឆ្នាំ ២០២០ ដែលធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកអភិបាលកិច្ច លើទឹកដីអង្គរដ៏ល្បីល្បាញនេះ។ នៅឆ្នាំបន្ទាប់មានស្វាប្រហែល ២០ ក្បាល ត្រូវបានរដ្ឋបានព្រៃឈើនៃរាជធានីភ្នំពេញប្រមូលបាននៅក្បែរវត្តភ្នំ។
ក្នុងករណីទាំងពីរខាងលើនេះ អាជ្ញាធរបានលើកឡើងអំពីមូលហេតុនៃការចាប់ហ្វូងសត្វស្វានេះ គឺដោយសារតែសកម្មភាពរបស់ពួកវា។ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា សត្វស្វាត្រូវបានគេស្គាល់ថា ជាសត្វរំខានដល់អ្នកទេសចរ ដើម្បីរកអាហារ ហើយគេចាំបាច់ត្រូវប្រមូលពួកវា ដើម្បីសុវត្ថិភាពរបស់មនុស្ស។
«ខ្ញុំគិតថានាថ្ងៃមុខនឹងមិនមានវីដេអូអំពីសត្វស្វាបែបនេះតទៅទៀតទេ ពីព្រោះអាជ្ញាធរបន្តចាប់ស្វា ហើយបញ្ជូនពួកវាចេញពីទីនេះរហូតអញ្ចឹង»។ លោក សុខុន បាននិយាយ។ «សត្វស្វានឹងកាន់តែខ្សត់ជាងនេះទៅទៀត»។ លោកបន្ថែម។
ការរស់នៅរវាងមនុស្ស និងសត្វស្វា គឺជារឿងធម្មតានៅក្នុងតំបន់ ដោយហ្វូងសត្វស្វាក្ដាម មានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកនាង អេនឌី អាង (Andie Ang) ជាប្រធាននៃវិទ្យាស្ថាន ចេន ហ្គតដល (Jane Goodall) នៅសឹង្ហបុរី បាននិយាយថា មនុស្សគឺជាកត្តាលីករ ដែលញាំងឱ្យការប្រាស្រ័យទាក់ទងគ្នានេះ ប្រែក្លាយទៅជាបញ្ហា។
អ្នកនាង អាង បាននិយាយថា៖ «សត្វស្វាក្តាម ចាប់ស៊ាំជាមួយនឹងការផ្តល់ចំណីពីមនុស្ស ព្រោះយើងឱ្យចំណីពួកវារហូត ដែលបង្រៀនឱ្យពួកវាគិតថា មានមនុស្ស គឺមានចំណី»។ «វាមិនត្រឹមតែជាទម្លាប់មិនល្អដល់សត្វស្វានោះទេ ពោលគឺវាជាដើមហេតុ ដែលបណ្តាលឱ្យមានការញាំញីដល់មនុស្សបែបនេះ។ យើងកំពុងតែធ្វើឱ្យពួកវាលែងខ្លាចមនុស្ស ជាពិសេសកាន់តែហ៊ានទៅៗ នៅពេលឃ្លានខ្លាំង។» អ្នកនាងបានបន្ថែម
ការផ្លាស់ប្តូរអាកប្បកិរិយាទាំងនេះគឺជារឿងធម្មតា ជាពិសេសសម្រាប់សត្វស្វាក្តាម ដែលអាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងរបបអាហាររបស់មនុស្ស ដោយសារតែពួកវាជាពពួកសត្វសព្វាសី (Omniv
orous) ស៊ីបានទាំងបន្លែផ្លែឈើ និងសាច់។
ជម្លោះអាហារគឺជាចំណុចកំពូលនៃវដ្តមួយ ដែលអ្នកនាង អាង បាននិយាយថា វាចាប់ផ្តើម និងបញ្ចប់ទៅវិញដោយសារទម្លាប់មិនល្អរបស់មនុស្ស។
ការអភិវឌ្ឍប៉ះពាល់ដល់ជម្រកសត្វព្រៃ។ វាញាំងឱ្យសត្វស្វាស្គាល់អាហាររបស់មនុស្ស ដែលពួកវាសម្របខ្លួនបាន និងបាត់បង់ការភ័យខ្លាចទៅលើមនុស្សដោយសារតែទម្លាប់នេះ។ ស្តែងចេញពីទម្លាប់រស់នៅថ្មីនេះ សត្វស្វាដែលឃ្លានចំណីចាប់ផ្តើមស្វែងរកមនុស្ស។ កត្តានេះអាចនាំឱ្យមានជម្លោះ ដែលមនុស្សធ្វើការឆ្លើយតបដោយការសម្លាប់ រឺចាប់សត្វស្វា។
«មនុស្សយើងចង់បានដំណោះស្រាយភ្លាមបំផុត និងលឿនបំផុត។ ដូច្នេះយើងកាត់បន្ថយចំនួនសត្វ ដើម្បីកាត់បន្ថយបញ្ហារវាងមនុស្ស និងស្វា»។ អ្នកនាង អាង បាននិយាយ។ «ប៉ុន្តែបញ្ហាមិនបាត់ទៅវិញទេ ព្រោះយើងគ្រាន់តែឆ្លើយតបទៅនឹងទង្វើរបស់ស្វា ជាជាងការដោះស្រាយទង្វើរបស់មនុស្ស»។
អ្នកនាង អាង បាននិយាយថា ការកែប្រែសត្វស្វាឱ្យវិលទៅរកទម្លាប់ធម្មជាតិរបស់ពួកវាវិញ នឹងចំណាយពេលយ៉ាងហោចណាស់ ៣ ឆ្នាំ ដោយកាត់ផ្តាច់ការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយមនុស្ស ជារឿងសំខាន់ក្នុងការការពារចំនួនសត្វស្វាព្រៃ។
«ពួកយើងមិនអាចបញ្ឈប់ការអភិវឌ្ឍមិនឱ្យកើតមាននោះទេ ប៉ុន្តែពួកយើងអាចប្តូរទម្លាប់មិនល្អ ដោយរៀបចំផែនការអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ តាមរបៀបមួយដែលមិនប៉ះពាល់ដល់ពិភពធម្មជាតិ»។ អ្នកនាង អាង បានប្រាប់។ «ពួកយើងត្រូវតែពិនិត្យឡើងវិញអំពីទំនាក់ទំនងរបស់មនុស្សជាមួយសត្វព្រៃ»។
កម្មវិធីបញ្ជ្រៀបការយល់ដឹងជាសាធារណៈនៅហុងកុង និងសិង្ហបុរី ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការផ្តល់ចំណីដល់សត្វស្វា ដោយចេតនាផង និងអចេតនា។
ការផ្តល់ចំណីដល់សត្វស្វាដោយចេតនា បានក្លាយជាទង្វើផ្ទុយនឹងច្បាប់ក្នុងប្រទេសទាំងពីរ។ ការផាកពិន័យនៅហុងកុងអាចឡើងដល់ ១០,០០០ ដុល្លារហុងកុង (ស្មើរនឹង ១,២៨៣ ដុល្លារសហរដ្ឋអាមេរិក) ខណៈនៅប្រទេសសិង្ហបុរី បុគ្គលម្នាក់ត្រូវបានគេផាកពិន័យជាប្រាក់ ៥០០ ដុល្លារសឹង្ហបុរី (៣៧២ ដុល្លារសហរដ្ឋអាមេរិក) ដោយក្នុងច្បាប់បានចែងថា «នរណាផ្តល់សណ្តែកឱ្យសត្វស្វា គឺខុសច្បាប់»។
សម្រាប់អ្នកផ្តល់ចំណីសត្វស្វាដោយអចេតនា កម្មវិធីអប់រំនេះបានផ្តល់យោបល់ដល់តាមគេហដ្ឋាន ឱ្យមានការ «ការពារសត្វស្វា» ដោយការដាក់ផ្ទាំងសំណាញ់ជាប់នឹងបង្អួច ការរៀបចំសំណែន (សម្រាប់សែន) ដាក់នៅក្នុងផ្ទះ ហើយធ្វើការចងថង់សំរាមឱ្យជាប់ល្អ និងការពារគម្របធុងសំរាមជាមួយនឹងខ្សែរឹត។
ខណៈការអនុវត្តគោលការណ៌ស្រដៀងគ្នានេះ នឹងមិនអាចយកមកអនុវត្តពាសពេញប្រទេសកម្ពុជាបាននោះ អ្នកនាង អាង បាននិយាយថា កម្មវិធីបញ្ជ្រៀបការអប់រំនេះ ត្រូវបានយកមកអនុវត្តដោយអាជ្ញាធរនៅក្នុងតំបន់ ដូចជាឧទ្យានបុរាណអង្គរ និងរាជធានីភ្នំពេញ ដែលមានដង់ស៊ីតេខ្ពស់រវាងមនុស្ស និងស្វា។
«ពួកយើងចង់កាត់បន្ថយហានិយភ័យទៅលើមនុស្ស និងសត្វព្រៃ។ នៅក្នុងកន្លែងមួយដែលមានការប្រាស្រ័យទាក់ទងគ្នាខ្ពស់ រវាងមនុស្ស និងសត្វ យើងត្រូវតែលុបបំបាត់ការផ្តល់ចំណីអាហារ»។ អ្នកនាង អាង ដែលចាប់ផ្តើមបើក យុទ្ធនាការមិនផ្តល់ចំណី នៅប្រទេសសិង្ហបុរីបាននិយាយ។
អ្នកនាងបានមានប្រសាសន៍ថា៖ «ការកាត់ផ្តាច់ការផ្តល់អាហារ គឺជារឿងសំខាន់បំផុតដែលយើងត្រូវធ្វើ ប៉ុន្តែលិទ្ធផលវិជ្ជមានរបស់វា ប្រហែលជាមិនចេញជារូបរាងក្នុងពេលឆាប់ៗនេះទេ»។ អ្នកនាងបានបន្ថែមថា «វាគឺជាដំណោះស្រាយ ហើយវាមានភាពប្រសើរជាងការព័ទ្ធចាប់ស្វា ប៉ុន្តែអ្នកត្រូវការពេលវេលាខ្លះ ដើម្បីវិលត្រលប់ទៅស្ថានភាពកាលពីមុន ដែលសត្វមិនចូលទៅជិតមនុស្ស»។
ការបង្វែររបៀបរស់នៅតាមបែបធម្មជាតិរបស់ពួកវា គឺមានសារៈសំខាន់ដល់អេកូឡូស៊ី រាប់ចាប់ពីតួនាទីជាអ្នកបំបែកគ្រាប់ពូជរុក្ខជាតិ (ដោយខាំស៊ី) ជាចំណីរបស់សត្វព្រៃ ព្រមទាំងជាមំសាសី (សត្វចាប់ចំណី) រស់នៅក្នុងព្រៃទៀតផង។ តួនាទីនេះមានសារៈសំខាន់ណាស់ក្រោយការធ្លាក់ចុះនៃកំណើនសត្វព្រៃនៅទូទាំងតំបន់។ អ្នកនាងអាង បានប្រាប់។
សត្វស្វារាប់ម៉ឺនក្បាលត្រូវបានគេជួញដូរទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។
ទិន្នន័យប្រចាំឆ្នាំដែលបានដាក់បញ្ជូលក្នុងអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិទៅលើសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ រឺហៅកាត់ថា សាយតេស (CITES) បានតាមដាន នូវការកើនឡើងជាលំដាប់ នៃការជួញដូរសត្វស្វាដោយកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០ មកម្ល៉េះ។
ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២០ ទិន្នន័យនាំចេញផ្លូវការពីប្រទេសកម្ពុជា កត់ត្រាការនាំចេញសត្វស្វាក្តាមជាង ១៥១,៨០០ ក្បាល។ កំណត់ត្រារបស់រដ្ឋាភិបាលកម្ពុជាបង្ហាញថា ជិត ៩៤% នៃស្វាទាំងនោះត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ចិន និងជប៉ុន។
តម្លៃសរុបនៃការជួញដូរសត្វស្វាក្តាមពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ត្រូវបានគេគណនាថាមានតម្លៃជិត ១,២៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយសត្វស្វាមួយក្បាលៗ មានតម្លៃរាប់ពាន់ដុល្លារ។ នេះបើយោងតាមការសិក្សាខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រៀបធៀបទិន្នន័យរបស់ CITES Trade Database និងទិន្នន័យ Comtrade របស់អង្គការសហប្រជាជាតិ។
តាមរយៈការសិក្សាដាច់ដោយឡែកមួយ ការជួញដូរសត្វស្វាស្របច្បាប់របស់កម្ពុជាមានតម្លៃស្មើនឹង ១១,៣ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៧។ ចាប់តាំងពីពេលនោះមក មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងពាណិជ្ជកម្មសត្វស្វា ដែលគេបានជួញដូរនៅប្រទេសកម្ពុជាចាប់ពី ៩,៦១០ ក្បាល នៅក្នុងឆ្នាំ ២០១៨ ឡើងទៅដល់ ១៦,៦៤០ ក្បាល នៅឆ្នាំបន្ទាប់ និងរហូតទៅដល់ ៣២,៦៣៤ ក្បាល នៅក្នុងឆ្នាំ ២០២០។
អនុសញ្ញា CITES បានតាក់តែងច្បាប់ស្តីពីពាណិជ្ជកម្មអន្តរជាតិនៃសត្វស្វាតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែការសិក្សារបស់អ្នកស្រាវជ្រាវសត្វព្រៃ ពាក់ព័ន្ធនឹងជំនួញសត្វស្វានេះ សំដៅទៅលើ វត្តមាននៃទិន្នន័យរបស់កសិដ្ឋានចិញ្ចឹមស្វា និងទិន្នន័យផ្លូវការ គឺមានភាពខុសប្លែកពីគ្នា។ ភាពមិនប្រក្រតីនេះត្រូវបានសន្មតថា ជា «បញ្ហាការទទួលខុសត្រូវ កង្វះខាតនៃការពង្រឹងនូវច្បាប់ដែលមានស្រាប់ ការវាយតម្លៃមិនត្រឹមត្រូវ មិនស៊ីជម្រៅ និងមិនបើកចំហរ» ដែលអ្នកស្រាវជ្រាវគិតថា ចំណុចទាំងប៉ុន្មាននេះផ្ទុយពីអ្វី ដែលគេកំណត់នៅក្នុងទិន្នន័យ CITES ដែលគេស្គាល់ជា «ការជួញដូរស្វា»។
មុនពេលប្រទេសកម្ពុជារីកចម្រើនក្នុងការនាំចេញសត្វស្វាក្តាម រឺសត្វស្វាកន្ទុយវែង (Long-tailed monkey រឺជាពាក្យបច្ចេកទេសគឺ macaca fascicularis) ប្រទេសឥណ្ឌា ធ្លាប់នាំមុខទីផ្សារអន្តរជាតិក្នុងការធ្វើពាណិជ្ជកម្មលើសត្វស្វាប្រភេទ Rhesus Macaque រហូតដល់ពេលមានការដាក់ចេញនូវការហាមឃាត់នៃការនាំចេញស្វាប្រភេទនេះ នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ក្រោយពីមានរការរាយការ អំពីការធ្វើតេស្តសត្វស្វា ជាមួយនឹងសារធាតុវិទ្យុសកម្ម ដោយយោធារបស់សហរដ្ឋអាមេរិក។ ត្បិតសកម្មជនគាំទ្រសិទ្ធិរបស់សត្វ បានប្រារព្ធអបអរជ័យជំនះនេះក៏ពិតមែន ប៉ុន្តែវាមិនបានបញ្ឈប់សហគមន៍អ្នកស្រាវជ្រាវ ក្នុងចង់បានសត្វស្វានោះទេ។
អ្នកនាង សារ៉ា ខៃត៍ សហស្ថាបនិកអង្គការការពារសត្វស្វា (Action for Primate) បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនស្រាវជ្រាវបានដឹងថា សត្វស្វា Rhesus Macaque របស់ឥណ្ឌា លែងមានសម្រាប់ពួកគេក្នុងការពិសោធន៍ទៅហើយនោះ ប៉ុន្តែជាជាងការបញ្ឈប់នូវការធ្វើតេស្តលើជីវិតស្វាប្រភេទនោះ ពួកគេបែរជាងាកទៅរកសត្វស្វាក្តាមឯណោះវិញម្តង។ សត្វស្វាអស់ទាំងនេះ ត្រូវបានគេពិសោធន៍ជាមួយនឹងសារជាតិពុល ដែលប្រៀបដូចជាការធ្វើតេស្តជាតិពុលមុននឹងឈានទៅដល់ការផលិតរបស់របរប្រើប្រាស់ និងឪសថផលសម្រាប់មនុស្ស»។
ប្រទេសចិនបានគ្រប់គ្រងទីផ្សារសត្វស្វាក្តាម រហូតទាល់ដល់មានច្បាប់ហាមឃាត់ការជួញដូរ និងដឹកជញ្ជូនសត្វព្រៃ ដែលជាការឆ្លើយតបទៅនឹងការផ្ទុះជម្ងឺរាតត្បាតកូវីដ-១៩។
ត្រឡប់មកមើលប្រទេសកម្ពុជាវិញ ស្របពេលដែលកម្ពុជាបានធ្វើពាណិជ្ជកម្មសត្វស្វាចាប់តាំងពីឆ្នាំ ២០០០
កំណត់ត្រាការនាំចេញសត្វស្វាក្តាមដំបូងរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម ក្នុងអនុសញ្ញា CITES មានចំនួន ៣៦០ ក្បាល ដែលក្នុងនោះចំនួនការនាំចេញសត្វស្វាទាំងរស់ពីប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលចិនផ្អាកនូវពាណិជ្ជកម្មរបស់ខ្លួនលើសត្វស្វា។
ពីចំនួនជិត ១៤,០០០ ក្បាល ក្នុងឆ្នាំ ២០១៩ ដល់ទៅ ២៩,៥០០ ក្បាល ក្នុងឆ្នាំ ២០២០ សត្វស្វាភាគច្រើនត្រូវបានគេបញ្ជូនទៅសហរដ្ឋអាមេរិកក្រោមរូបភាពពាណិជ្ជកម្ម រឺស្រាវជ្រាវ។
សត្វស្វាត្រូវបានប្រើសម្រាប់ការស្រាវជ្រាវជម្ងឺកូវីដ-១៩ ដើម្បីបង្កើតជា «គំរូថ្មីសម្រាប់សាកល្បងវិធានការការពារ និងវិធីសាស្ត្រព្យាបាល»។ ទិន្នន័យនាំចេញចាប់តាំងពីឆ្នាំមុន មិនត្រូវបានគេរំពឹងថា នឹងមានហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ នោះទេ។
«យើងព្រួយបារម្ភថា ការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញសត្វស្វាក្តាមពីប្រទេសកម្ពុជា ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២០ នឹងកើនឡើងបន្ថែមទៀតក្នុងអំឡុងពេលឆ្នាំ ២០២១»។ អ្នកស្រី ខៃត៍ បាននិយាយ។ «ការកើនឡើងនេះអាចពន្យល់បានមួយផ្នែកថា ជាលទ្ធផលនៃជំងឺរាតត្បាត និងការកើនឡើងនៃតម្រូវការសត្វស្វា»។ អ្នកស្រីបានបន្ថែម។
កន្លែចាប់បង្កាត់ពូជ ឬកសិដ្ឋាន ជាការបោះជំហានរបស់កម្ពុជាចូលក្នុងជំនួញលើសត្វស្វាអន្តរជាតិ។
នៅក្នុងឆ្នាំ ២០១៤ ឯកសារមួយពីអាជ្ញាធរគ្រប់គ្រងអនុសញ្ញា CITES នៃប្រទេសកម្ពុជាបានដាក់ជូនក្រុមលេខាធិការដ្ឋានអនុសញ្ញា CITES បានបញ្ជាក់ពីវត្ថមាននៃកសិដ្ឋានចិញ្ចឹមសត្វស្វាឯកជនចំនួនប្រាំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកសារបានចែងពីឆ្នាំ ២០១០ ដល់ពាក់កណ្តាលឆ្នាំ ២០១៤ កសិដ្ឋានមានសត្វស្វាសរុបជាង ៨១,៩០០ ក្បាល។ ក្នុងរយៈពេល ៤ឆ្នាំកន្លះ កសិដ្ឋានទាំងនេះបានកត់ត្រាការនាំចេញស្វាចំនួន ២៦,១៩០ ក្បាល ដែលបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងប្រតិបត្តិការ ដោយសារថាក្នុងឆ្នាំ ២០២០ កម្ពុជាបានកត់ត្រាការនាំចេញស្វាច្រើនជាង ២៩,៤៦៦ ក្បាល។
គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៤ កសិដ្ឋានចំនួន ៦ កន្លែង ត្រូវបានគេដឹងថាមានសត្វស្វាចំនួន ៥៥,៧៣៩ ក្បាល ដែលនៅសេសសល់។ នេះជាឯកសាររបស់សាយតេស ដែលបានផ្តល់ព័ត៌មានទាក់ទងនឹងកសិដ្ឋានទាំងនេះ ដោយមានការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្នុងការចេញលិខិតអនុញ្ញាតនៃការចិញ្ចឹមនេះ។
ឯកឧត្តមបណ្ឌិត ណៅ ធួក ប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានប្រាប់ថា គាត់ពុំមែនជា «អ្នកនាំពាក្យដែលអនុញ្ញាតដោយក្រសួង» នោះទេ ហើយឯកឧត្តមក៏បានច្រានចោលការផ្តល់បទសម្ភាសន៍ផងដែរ។
លោក កែវ អូម៉ាលីស ជាប្រធានសមត្ថកិច្ចវិទ្យាសាស្ត្រសាយតេសស្តីពីព្រៃឈើ និងធនធានសត្វព្រៃ និងជាអគ្គនាយករដ្ឋបាលព្រៃឈើ ត្រូវបានចាត់ទុកជា «អ្នកនាំពាក្យដែលមានការអនុញ្ញតពីក្រសួង»។ គួរបញ្ជាក់ផងដែរថា Southeast Asia Globe មិនអាចទាក់ទង លោក អូម៉ាលីស ដើម្បីធ្វើការបកស្រាយបានទេ។
«ដំបូងសត្វស្វាត្រូវបានចាប់មកពីក្នុងព្រៃតែម្តង មានន័យថា សត្វរាប់ពាន់ក្បាលត្រូវបានចាប់ចេញមកពីព្រៃនៅអាស៊ីអាគ្នេយ៍ ដើម្បីបំពេញតម្រូវការទីផ្សារ» អ្នកនាង ខៃត៍ បានប្រាប់។ «បន្ទាប់មកក៏គេនឹងឃើញដល់ការចិញ្ចឹម (Captive Breeding) ប៉ុន្តែការចិញ្ចឹមបែបហ្នឹងមានន័យថា ទាល់តែសត្វស្វារស់នៅក្នុងព្រៃរហូត។ ម៉្លោះហើយបានជាលេចឡើងនូវកសិដ្ឋានចិញ្ចឹមខ្នាតធំ ដែលជាកន្លែងមិនល្អសម្រាប់ជីវិតរបស់សត្វ»។ អ្នកនាងបានបន្ថែម។
យោងតាមឯកសារនេះ ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ កូតានៃចំនួនស្វាក្តាដែលអនុញ្ញាតឱ្យចាប់ពីក្នុងព្រៃមកកាន់កសិដ្ឋានទុកសម្រាប់បង្កាត់ពូជមានចំនួន ៣៧,៧៨០ ក្បាល។ ក្នុងឆ្នាំ ២០១០ ការអនុញ្ញាតឱ្យមានការចាប់ស្វាត្រូវបាន «ផ្អាក» យ៉ាងតិចណាស់ក៏ ៥ ឆ្នាំដែរ រហូតទាល់តែមាន «ការវាយតម្លៃដ៏ហ្មត់ចត់» ត្រូវបានគេធ្វើឡើងសិន។ តាមរយៈអ៉ីមែល ឯកឧត្តមបណ្ឌិត ណៅ ធួក បាននិយាយថា៖ «ចាប់តាំងពីឆ្នាំ ២០១៤ មក គ្មានការចាប់យកពីក្នុងព្រៃ ត្រូវបានគេអនុញ្ញាតទេ»។
ទាក់ទងនឹងនេះផងដែរ វាមិនច្បាស់លាស់ទាល់តែសោះ ថាតើការវាយតម្លៃដ៏ហ្មត់ចត់នេះ ត្រូវបានគេធ្វើពិតប្រាកដមែន រឺយ៉ាងណានោះទេ។ លទ្ធផលមិនធ្លាប់ត្រូវបានចុះផ្សាយដោយរដ្ឋបាលព្រៃឈើទេ ហើយក៏មិនមានព័ត៌មានទាក់ទងនឹងការអនុញ្ញាតថ្មីៗទៀតសម្រាប់ការចាប់យកពីក្នុងព្រៃផងដែរ។
ក្នុងការឆ្លើយតាមរយៈអ៉ីមែល ឯកឧត្តម ណៅ ធួក បានបញ្ជាក់ថា កសិដ្ឋានចំនួនប្រាំ មាន «ដំណើរការខុសគ្នា»។ យោងតាមឯកឧត្តមបណ្ឌិត ធួក ណៅ បានឱ្យដឹងថា រដ្ឋបាលព្រៃឈើបានធ្វើទស្សនកិច្ចទៅកសិដ្ឋាន ៣ កន្លែង នៅចុងឆ្នាំ ២០២០ ប៉ុន្តែមិនបានធ្វើការរាប់ចំនួនសត្វស្វានៅឆ្នាំ ២០២១ ទេ។ ឯកឧត្តមបានមានប្រសាសន៍ថា លោកមិន «មានឯកសារដើម្បីផ្តល់អោយ» ទាក់ទងនឹងការចុះទៅទីតាំងកសិដ្ឋានខាងលើទេ។
«ការធ្វើបច្ចុប្បន្នភាពទៅក្នុងបញ្ជី ‘សត្វងាយរងគ្រោះ’ អាចជួយដល់ការប្រាស្រ័យទាក់ទងរបស់យើងជាមួយរដ្ឋាភិបាលផ្សេងៗ ជាមួយអ្នកបង្កើតគោលនយោបាយ និងជាមួយអាជ្ញាធរផ្សេងៗ ដោយសង្ឃឹមថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងការពារប្រភេទសត្វនេះ»។ អ្នកនាង ម៉ាឡេន ហ្វ្រីស ហានសេន (Malene Friss Hansen) ជាសហស្ថាបនិក និងជាមន្ត្រីគម្រោងសត្វស្វាក្តាម ដែលជាអង្គការសប្បុរសធម៌លើកកម្ពស់ការយល់ដឹងអំពីសត្វស្វា។ គាត់បាននិយាយសំដៅទៅលើអង្គការ IUCN ដែលបានដាក់ឈ្មោះសត្វស្វាទៅក្នុងស្ថានភាព «សត្វងាយរងគ្រោះ» កាលពីឆ្នាំមុន។
ការវាយតម្លៃប្រភេទសត្វរបស់អង្គការ IUCN ដែលចុះបញ្ជី «ការប្រើប្រាស់ធនធានជីវសាស្រ្ត» ជាការគំរាមកំហែងឈានមុខគេចំពោះសត្វស្វានោះ ចែងថា «នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដូចជានៅកម្ពុជា និងវៀតណាម ស្វាញីត្រូវបានគេយកទៅកន្លែងចិញ្ចឹម ហើយស្វាឈ្មោលត្រូវបាននាំចេញសម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវតាមមន្ទីរពិសោធន៍។»
របាយការណ៍ចេញក្នុងខែ មករា របស់អង្គការមូលនិធិសត្វព្រៃពិភពលោកស្តីពីមហាទន្លេមេគង្គ (World Wildlife Foundation-Greater Mekong) ការគំរាមកំហែង និងការអភិរក្សពពួកសត្វពានរ (Primate) បានបកស្រាយថា «វាទំនងជាកន្លែងស្រាវជ្រាវជាច្រើន ដែលមិនបានគិតពីសុខុមាលភាពរបស់សត្វ កំពុងតែដុះក្អែលរបស់ពួកគេ ដោយយករូបភាពនៃការទិញសត្វស្វាស្របច្បាប់មកដាក់ពាំងពីមុខ»។
លោក ខានដាសាមី យូហ្គាណាន់ (Kandasamy Yoganand) ដែលជាប្រធានដឹកនាំគម្រោងស្តីពី សត្វព្រៃ និងឧក្រិដ្ឋកម្មសត្វព្រៃរបស់អង្គការស្តីពីមហាទន្លេមេគង្គ [WWF-Greater Mekong] ខាងលើបានបញ្ជាក់ថា «មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាមានសត្វស្វាដែលចាប់បានពីព្រៃ ត្រូវបានបំភ្លៃថាជាសត្វចិញ្ចឹម និងត្រូវបានជួញដូរដោយស្របច្បាប់»។
លោក យូហ្គាណាន់ ដែលស្នាក់នៅទីក្រុងវៀងចន្ទន៍បាននិយាយថា «ការជួញដូរស្របច្បាប់ជាទូទៅជំរុញឱ្យមានតម្រូវការសត្វព្រៃ មិនថាវាជាសត្វស្វា ឬប្រភេទសត្វផ្សេងទៀតនោះទេ ពីព្រោះយើងគិតថាវាមិនអីទេក្នុងការប្រើប្រាស់សត្វ ក្រោមស្លាកពាណិជ្ជកម្មស្របច្បាប់»។ មនុស្សយើងធ្វើអ្វីមួយសុទ្ធតែពាក់ព័ន្ធនឹង «ច្បាប់» ស្ទើរតែគ្រប់ផ្នែក អញ្ចឹងបានជាយើងគិតថាឱ្យតែស្របច្បាប់ គឺមិនជាអ្វី។ ប៉ុន្តែមិនមែនសុទ្ធតែគ្រប់ករណីនោះទេ ច្បាប់គ្រាន់តែជាក្រដាសដែលនិយាយថាពាណិជ្ជកម្មស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះ»។
ក្រុមអ្នកជំនាញសត្វស្វា (Primatologist) និងសកម្មជនការពារសត្វ យល់ស្របទៅលើវិធីសាស្រ្តពីរយ៉ាង ដោយការដាក់កំហិតទៅលើកសិដ្ឋាន និងអ្នកទិញសត្វ និងពេលខ្លះក៏ដាក់កំហិតលើមន្ទីរពិសោធន៍ស្រាវជ្រាវផងដែរ នឹងជួយសត្វស្វាដែលត្រូវបានចាប់ចេញពីព្រៃនេះឱ្យស្ថិតនៅឆ្ងាយពីការជួញដូរ ថ្វីបើត្រូវបានគេគិតថា ស្របច្បាប់ក៏ដោយ។
លោក ហានសេន បាននិយាយថា៖ «បើគ្មានតម្រូវការទេ វានឹងពុំមានការជួញដូរទេ។ យើងបានផ្តោតសំខាន់ទៅលើអ្នកផ្គត់ផ្គង់អស់ជាច្រើនឆ្នាំហើយ។ ការស្រាវជ្រាវ និងស៊ើបអង្កេត គឺផ្តោតទៅលើអ្នកផ្គត់ផ្គង់សត្វជានិច្ច។ តើពួកគេកំពុងធ្វើអ្វីនៅក្នុងប្រទេសរបស់ពួកគេ? ហេតុអ្វីបានជាពួកគេជួញដូរសត្វ? មូលហេតុអ្វីបានជាពួកគេចាប់សត្វ? អញ្ចឹង បានន័យថាមានតម្រូវការហើយ។ ពួកយើងត្រូវតែធ្វើសកម្មភាពអ្វីមួយសិន»។
លោក ហានសេន បាននិយាយថា កន្លែងស្រាវជ្រាវផ្នែកជីវវេជ្ជសាស្ត្រ គួរតែធ្វើអាជីវកម្មជាមួយកសិដ្ឋានចិញ្ចឹមសត្វស្វា ក្នុងលក្ខខណ្ឌដែលកសិដ្ឋានចូលរួមសហការ ដើម្បីឱ្យគេ ធ្វើអធិការកិច្ចដោយឯករាជ្យ (ការចុះពិនិត្យកសិដ្ឋានដោយឯករាជ្យ)។
«ប្រសិនបើអ្នកមិនអាចចុះទៅពិនិត្យទីតាំង មានរឿងដ៏គួរឱ្យសង្ស័យកំពុងកើតឡើងហើយ។ លោក ហានសេន បាននិយាយ។ លោកបានបន្តទៀតថា៖ «យើងត្រូវតែធ្វើការស្នើរសុំឱ្យមន្ទីរពិសោធន៍ធ្វើការស្រាវជ្រាវ និងធ្វើការសាកល្បងលើសត្វទាំងនេះ គប្បីអនុវត្តនូវគោលជំហរប្រកបដោយសុជីវធម៌»។
លោក យូហ្គាណាន់ បានបន្ថែមថា ប្រទេសនាំចូល និងកន្លែងពិសោធន៍លើសត្វស្វាមានទំនួលខុសត្រូវដើម្បី «អនុវត្តបន្ថែមទៀត ដោយការយកចិត្តទុកដាក់ពិនិត្យឱ្យបានហ្មត់ចត់»។ លោកបានក្រើនរំលឹក ឱ្យមានការត្រួវពិនិត្យស្ថានភាពកសិដ្ឋានក្នុងប្រទេសនាំចេញ ដោយឯករាជ្យពីក្រុមហ៊ុននាំចេញ និងរដ្ឋាភិបាល។
ដើម្បីលើកទឹកចិត្តដល់អ្នកស្រាវជ្រាវឱ្យឈរលើគោលការណ៍សីលធម៌នេះ លោក ហានសេន បាននិយាយថា គ្រឹះស្ថានបោះពុម្ពផ្សាយ និងទិនានុប្បវត្តិ គួរទាត់ចោលនូវការចុះផ្សាយអំពីកិច្ចស្រាវជ្រាវ ដែលជីវិតរបស់សត្វស្វាត្រូវបានគេធ្វើទុកទោសកំឡុងពេលពិសោធន៍ និងការចាត់ទុកជីវិតសត្វស្វាដោយអំពីគប្បី ដែលផ្ទុយនឹងច្បាប់បានចែង។
«នេះគឺជាការសំណូមពរទៅកាន់មន្ទីរពិសោធន៍ អ្នកបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្ត្រ និងអ្នកទិញសត្វស្វា»។ លោក ហានសេន បានប្រាប់។ «ប្រសិនបើអ្នកធ្វើអាជីវកម្មលើផ្នែកនេះ អ្នកត្រូវតែធ្វើឱ្យទីតាំងអាជីវកម្មរបស់អ្នកមានកេរ្តិ៍ឈ្មោះល្អ ដែលសត្វទទួលបាននូវសុខុមាលភាពល្អ»។
លទ្ធភាពនៃការចុះទៅកសិដ្ឋានចិញ្ចឹម និងការពិនិត្យដ៏ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា គឺមិនច្បាស់លាស់។ ការបញ្ជាក់តាមអ៉ីមែល ឯកឧត្តមបណ្ឌិត ណៅ ធួក បានមានប្រសាសន៍ថា ការចុះទៅពិនិត្យទីតាំងចិញ្ចឹមស្វា ត្រូវបានបដិសេធ ពីព្រោះជម្ងឺកូវីដ-១៩ និងសំណូមពរក្រុមមានសមត្ថកិច្ចត្រួតពិនិត្យផ្សេងៗ «សូមមេត្តារង់ចាំរហូតជម្ងឺរាតត្បាតនេះបានធូរស្បើយសិន» មុននឹងធ្វើទស្សនកិច្ច។
លោក នីក ម៉ាក្ស (Nick Marx) ប្រធានផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃ មកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Rescue and Care for Wildlife Alliance) បាននិយាយថា អង្គការរបស់លោកមិនត្រូវបានអនុញ្ញាតអោយចូលទៅពិនិត្យកសិដ្ឋានចិញ្ចឹមនោះទេ ហើយខាងអង្គការក៏មិនត្រូវបានគេផ្តល់ទិន្នន័យអំពីចំនួនសត្វផងដែរ។ លោក ម៉ាក្ស បានបន្តថា ការស្នើសុំជាច្រើនត្រូវបានគេទាត់ចោលមុនពេលមានជម្ងឺរាតត្បាត។
«ប្រសិនបើអ្នកមិនអាចចុះទៅពិនិត្យទីតាំង មានរឿងដ៏គួរឱ្យសង្ស័យកំពុងកើតឡើងហើយ។ វាមានលក្ខណះស្រពិចស្រពិល ម្លោះហើយកង្វះខាតនូវតម្លាភាពនេះហើយ ដែលធ្វើឱ្យអ្នកឆ្ងល់»
លោក ម៉ាឡេន ហ្វ្រីស ហានសេន សហស្ថាបនិក និងជាមន្ត្រីគម្រោងសត្វស្វាក្តាម ដែលជាអង្គការសប្បុរសធម៌លើកកម្ពស់ការយល់ដឹងអំពីសត្វស្វា
«ខ្ញុំមិននិយាយថា ខ្ញុំចង់លូកលាន់ក្នុងជំនួញសត្វស្វាទេ»។ លោក ម៉ាក្ស បាននិយាយ។ «ប៉ុន្តែចំណុចកណ្តាលប្រហែលជានៅត្រង់ ភាពស្អាតស្អំ។ ដោយសារតែមានភាពបិតបាំងនាពេលនេះ ទើបធ្វើឱ្យការគិតរសាប់រសល់អាចកើតមានឡើងគួរឱ្យភ្ញាក់ផ្អើល»។
នៅក្នុងឆ្នាំ ២០១៤ មានឯកសារចេញដោយសមត្ថកិច្ចគ្រប់គ្រងអនុសញ្ញាសាយតេស (CITES) កម្ពុជា បាននិយាយអំពីទំនួលខុសត្រូវរបស់រដ្ឋបាលព្រៃឈើក្នុង «ការសង្កេត និងការគ្រប់គ្រង» កសិដ្ឋាន។ ក្នុងនេះមានដូចជាការរាប់ចំនួនសត្វស្វានៅកសិដ្ឋានរាល់ឆ្នាំ និងធានាថាកសិដ្ឋានស្របតាមបទដ្ឋានសុខភាពសត្វ ការនាំចេញដាច់ដោយឡែក ការរៀបចំចំណី និងការថែទាំត្រឹមត្រូវតាមបសុពេទ្យ។
ភស្តុតាង និងការធ្វើលិខិតទស្សនកិច្ចនេះមិនបានបើកចំហរទេ។
«ដោយគ្មានភស្តុតាង ពួកយើងមិនអាចនិយាយបានទេថាមាន រឺមិនមានការជួញដូរស្វាក្តាមខុសច្បាប់កើតឡើងនៅកម្ពុជា»។ លោក ម៉ាក្ស បាននិយាយ។ «វានឹងជាប្រយោជន៍សម្រាប់សត្វស្វាក្តាម និងសម្រាប់ប្រទេសកម្ពុជា ប្រសិនបើមានឯកសារច្បាស់លាស់ជាងនេះ និងប្រសិនបើការចុះអង្កេតត្រូវបានគេអនុញ្ញាត»។លោកបានបន្ថែម។
លោក ម៉ាក្ស បានបន្តថា៖ «ប្រសិនបើការនាំចេញសត្វស្វាក្តាមមានភាពស្អាតស្អំមែននោះ ខ្ញុំមិនគិតថា អ្នកណាម្នាក់នឹងមានបញ្ហាក្នុងការផ្តល់តួរលេខនៃចំនួនសត្វស្វា និងផ្តល់ការអនុញ្ញាតឱ្យចុះពិនិត្យ ព្រមទាំងផ្តល់នូវចំនួននោះទេ»។ លោកបានបញ្ចាក់។
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។