សៀវភៅកំណត់ហេតុមួយ ដែលទើបចេញផ្សាយកាលពីដើមឆ្នាំ ២០២១ មានចំណងជើងជាភាសាអង់គ្លេសថា “BLACK” ចងក្រងឡើងដោយលោក កៅ សុខម៉ៅ ហៅក្រៅ Kyle Kao រៀបរាប់ពីការ ធំធាត់នៅក្នុងគ្រួសារមានច្បាប់ទម្លាប់ និងក្រមវិន័យក្នុងការរស់នៅយ៉ាងតឹងតែងមួយ ប៉ុន្តែបានជម្នះនូវរាល់ឧបសគ្គរហូតមកដល់សម្រេចបំណងបន្តការសិក្សានៅបរទេស។
ការសរសេរសៀវភៅកំណត់ហេតុ(memoir) និយាយពីរឿងពិតរៀបរាប់អំពីផ្នែកណាមួយនៃជីវិត ឬព្រឹត្តិការណ៍ដែលកើតឡើងជុំវិញសាមីខ្លួន បានក្លាយជាទំនោរពេញនិយមមួយ ក្នុងចំណោមអ្នកនិពន្ធវ័យក្មេង នាពេលថ្មីៗនេះ ក្នុងប្រទេសកម្ពុជា។
លោក កៅ សុខម៉ៅ អាយុ ២៧ឆ្នាំ មានដើមកំណើតមកពីខេត្តរតនគីរីភូមិភាគឦសាន បានសរសេររៀបរាប់ពីការជួបប្រទះបញ្ហាផ្សេងៗ ដូចជា សុខភាពផ្លូវចិត្ត ការងារនៅវ័យកុមារ និងសម្ពាធគ្រួសារ មុនពេលមកបន្តការសិក្សានៅទីក្រុងភ្នំពេញ។
«ការសរសេរជាការព្យាបាល ព្រោះនេះអាចប្រៀបបានទៅនឹងរូបខ្ញុំ និយាយជាមួយខ្លួនឯង ដោយភាពស្មោះត្រង់។ ខ្ញុំចាប់ផ្ដើមការសរសេរ ចាប់តាំងរៀនថ្នាក់បឋមសិក្សាមកម្ល៉េះ ដែលរួមមានទាំងការព្រាង គូររូបផងដែរ»។
នៅក្នុងកំណត់ហេតុនេះផងដែរ Kyle ក៏បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួន ជាពិសេស ជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ ការញៀនសុរា និងនិន្នាការភេទ ដែលបានកើតមានក្នុងជីវិតលោក ហើយសង្គមខ្មែរពុំទាន់បើកទូលាយ ស្តាប់ពីរឿងរ៉ាវទាំងអស់នេះនៅឡើយ នេះបើតាមលើកឡើងរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ។
ក្នុងសៀវភៅនេះ អ្នកនិពន្ធរូបនេះបានផ្លាស់ប្តូរឈ្មោះតួអង្គជាច្រើន លើកលែងតែអ្នកនិពន្ធ និងបងប្រុសរបស់គាត់ប៉ុណ្ណោះ ទោះបីជាទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក៏ដោយ ។ លោកធ្វើបែបនេះ ពីព្រោះថានៅពេលអានសៀវភៅឡើងវិញ វាធ្វើឱ្យលោកម៉ៅមានអារម្មណ៍ថា ព្រឹត្តិការណ៍ដូចតែកើតឡើងថ្មីៗ។
ជាដំបូងឡើយ លោកពុំដែលមានគម្រោងចងក្រងជាសៀវភៅកំណត់ហេតុនេះ ចែករំលែករឿងរ៉ាវខ្លួនជាសាធារណនោះទេ។ ប៉ុន្តែបទពិសោធន៍ឆ្លងកាត់ឧប្បត្តិហេតុគ្រោះថ្នាក់ជិតស្លាប់មួយ អំឡុងពេលសិក្សានៅបរទេស បានធ្វើឱ្យលោកផ្លាស់ប្តូរការគិតរបស់ខ្លួន។ នៅឆ្នាំ២០១៧ ពេលជិះទូកតូចត្រលប់មកវិញមកពីកម្សាន្តនៅកោះ ការប្រទះនឹងរលកធំៗ ព្យុះនៅកណ្ដាលសាគរធំល្វឹងល្វើយ មើលមិនឃើញកោះត្រើយ ដែលជាកាតាលីករឱ្យលោកនឹកភ្នកថា ប្រសិនបើខ្លួនស្លាប់ទៅ យ៉ាងហោចណាស់ក៏ខ្លួនគួរបន្សល់ទុកនូវស្នាដៃនិពន្ធអ្វីមួយដែរ។
ក្រោយពេលផុតរួចពីគ្រោះថ្នាក់ លោកចាប់ផ្ដើមសរសេរពីរឿងរ៉ាវទៅលេងកោះតែប៉ុណ្ណោះ ហើយបានផ្ញើសំណេរទៅឱ្យមិត្តភ័ក្ដិមួយចំនួនអាន។ លោកនិយាយថា៖ “មិត្តភ័ក្ដិម្នាក់នៅប្រទេសលីបង់ ប្រាប់ថា គេចង់ដឹងរឿងរ៉ាវដែលបានកើតឡើងបន្តៗទៀត។” ដូច្នេះ អ្នកនិពន្ធរូបនេះបានបន្តសរសេរ រហូតដល់ហេតុការណ៍កើតឡើងកាលពីកុមារភាព ដែលមានឥទ្ធិពលមកលើខ្លួនគាត់ នាពេលបច្ចុប្បន្ន។
ក្នុងរយៈពេល៣ខែ សៀវភៅកំណត់ហេតុ “BLACK” បានលេចចេញរូបរាងឡើង។
ដោយមានការជំរុញទឹកចិត្តពីមិត្តភ័ក្ដិ លោកសុខម៉ៅបានស្វែងរកឱកាសបោះពុម្ពសាច់រឿងនេះជាសាធារណ ។ លោក Ali Al-Nasani ដែលជានាយកនៃHeinrich Boell Foundation បានជួយសម្របសម្រួល ពីរបៀបនិងដំណើរការនៃការបោះពុម្ពសៀវភៅនេះក្រោមលក្ខខណ្ឌ ចែករំលែកសៀវភៅជាមួយអង្គការផ្សេងៗ ហើយប្រាក់កម្រៃមួយចំនួនរកបានពីការលក់សៀវភៅ នឹងធ្វើការផ្តល់ជូនដល់ការងារគាំទ្រការលើកកម្ពស់ការយល់ដឹងពីបញ្ហាជំងឺសុខភាពផ្លូវចិត្ត។
សៀវភៅកំណត់ហេតុនេះបានសរសេរឡើងជាភាសាអង់គ្លេស កម្រាស់ ២០០ទំព័រប្លាយ ដែលធ្វើឱ្យទីផ្សារអានមានទំហំរាងតូច ជាងសៀវភៅសរសេរជាភាសាជាតិនៅកម្ពុជា។ អ្នកនិពន្ធវ័យក្មេងនេះបាននិយាយទាំងសើចផងថា៖ “មិនដឹងថាសរសេរជាភាសាខ្មែរដោយរបៀបណា ខ្ញុំមិនសូវពូកែខ្មែរនោះទេ។ បើសរសេរចេញនូវរឿងអតីតកាលជាភាសាខ្មែរវិញ មានអារម្មណ៍ថាពិតៗជាក់ស្ដែងពេក។”
លោកបានបន្ថែមថា៖ «ខ្ញុំបានគិតថាសរសេរជាភាសាអង់គ្លេស អ្នកដែលអាចអានបាន ទំនងជាបើកទូលាយច្រើនជាង អាចទទួលយកពីបញ្ហាលើកឡើងនៅក្នុងសៀវភៅ»។
នៅពេលសួរថា តើហេតុអ្វីបានជាយុវជនគួរអានសៀវភៅកំណត់ហេតុមួយនេះ លោក ម៉ៅ បានឆ្លើយថា លោកចង់លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាដែលជួបបញ្ហាសុខភាពផ្លូវចិត្ត ឱ្យនិយាយពិភាក្សាគ្នាបាន ហើយចង់ឱ្យអ្នកអានដឹងផងដែរថា ប្រសិនបើឆ្លងកាត់នូវបញ្ហានេះ ពួកគេមិនមែនមានតែម្នាក់ឯងនោះទេ។ ដូច្នេះ បើអាចជួយអ្នកអានកុំឱ្យធ្វើបាបខ្លួនឯង នោះវាជារឿងល្អគ្រប់គ្រាន់សម្រាប់លោក។
យោងតាមសម្ដីរបស់លោកសុខម៉ៅ គោលបំណងនៃការបោះពុម្ពសៀវភៅនេះអាចនិយាយបានថា ជាច្រកចេញមួយដែលសម្រាប់អ្នកដែលអារម្មណ៍ថាពាក់ព័ន្ធ ឬស្រដៀងនឹងរឿងរបស់ខ្លួន ក៏ដូចជាជួយពួកគេឱ្យហ៊ានបញ្ចេញមតិទៅលើប្រធានបទរសើបសម្រាប់យុវជន ព្រោះនៅកម្ពុជា លុះត្រាតែមានបុគ្គលណាមួយហ៊ានលើកឡើងពីបញ្ហាណាមួយជាមុនសិន។
លោកសុខម៉ៅបានជជែកពីបញ្ហាទាំងនោះជាមួយមិត្តភ័ក្ដិខ្មែរមួយចំនួន ហើយភាគច្រើន ពួកគេក៏បានជួបប្រទះនូវបញ្ហាស្រដៀងៗគ្នាផងដែរ រួមមានសម្ពាធពីគ្រួសារ បញ្ហាហិរញ្ញវត្ថុ ការងារ ការសិក្សា និងបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ប៉ុន្តែពួកគេមិនអាចនិយាយចេញដោយបើកចំហ ព្រោះពួកគេគិតថា នេះអាចធ្វើឱ្យបាក់មុខ។ ដូច្នេះ នរណាម្នាក់ត្រូវចាប់ផ្ដើមនិយាយចែករំលែកពីបញ្ហាទាំងនេះ។
លោកម៉ៅ បានចែករំលែកបទពិសោធន៍របស់ខ្លួនថា នៅក្នុងការថ្លឹងថ្លែងវិវាទ រវាងគ្រួសារនិងសាមីខ្លួន ជាពិសេសបើជួបជាមួយស្ថានភាព ដូចជាការដាក់សម្ពាធខ្លាំងពីគ្រួសារ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត លោកណែនាំ ឱ្យរកនិយាយជាមួយមិត្តភ័ក្ដិ ឬអ្នកដែលស្គាល់ចិត្ត ពីបន្តិចម្តងៗ ហើយសម្រាប់អ្នកជួបបញ្ហាផ្សេងៗ គួរព្យាយាមស្វែងរកអ្វីដែលគិតថាខ្លួនអាចបង្ហាញអារម្មណ៍បាន រួមមានទាំងការនិយាយជាមួយអ្នកប្រឹក្សាផ្លូវចិត្ត ការគូររូប ឬការសរសេរជាដើម។
កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក។ រឿងភាគច្រើន ពាក់ព័ន្ធទៅនឹងយើង ស្វែងរកនូវសំឡេងរបស់ខ្លួន ហើយឈរតតាំងសម្រាប់ខ្លួនឯង។ ពេលខ្លះយើងមិនអាចធ្វើអ្វីច្រើនបានទេ ហើយវាមិនអីទេ ដែលមានកំហុស វាមិនអីទេដែលយើងមិនអាចល្អបានឥតខ្ចោះ» នោះជាសារផ្ញើជូនយុវជនជំនាន់ក្រោយ ពីអ្នកនិពន្ធសៀវភៅកំណត់ហេតុ Black ទាក់ទងនឹងសុខភាពផ្លូវចិត្តរបស់យុវជនកម្ពុជា៕