តើរូបខ្ញុំត្រូវរស់នៅដោយកុហកខ្លួនឯង និងគ្រួសារដល់ពេលណា? នៅបារមួយក្នុងរាជធានីភ្នំពេញ ជាទីកន្លែងដែលអាចឱ្យអ្នកមានអារម្មណ៍ថា «ខ្ញុំជាខ្ញុំ»...
ជាហាងបារផ្ទះល្វែង មានទីតាំងស្ថិតនៅចំហៀងវត្តសារាវន្ត ស្របផ្លូវជាមួយសារមន្ទីរជាតិ បារប៊្លូឆីលី ត្រូវបានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាចាត់តំណាងថា ជាកន្លែងពិសេសមួយសម្រាប់ក្រុមពួកគេ។
បារប៊្លូឆីលីត្រូវបើកដំណើរការ ជាបារសម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសផ្តោតទៅលើក្រុមបុរសស្រឡាញ់បុរស ហើយជាទីតាំងដែលពួកគេអាចណាត់ជួបគ្នា ដោយគ្មានការរើសអើង ហើយបង្ហាញពីភាពជាខ្លួនឯងបាន។
«បារប៊្លូឆីលី ក៏អាចប្រៀបប្រដូចទៅនឹងទីតាំងសម្គាល់ដ៏ពិសេសមួយ សម្រាប់សហគមន៍ឥន្ទធនូ។ នៅទីតាំងដ៏តូចច្រឡឹងនេះ ពួកគេអាចជួបជុំជាមួយមិត្តភ័ក្ដិ ពិភាក្សាគ្នា និងចែករំលែកពីរឿង ឬបញ្ហាក្នុងចិត្តផ្សេងៗ ដែលមិនអាចលើកឡើងនៅក្នុងក្រុមគ្រួសារ» នេះបើតាមការលើកឡើងរបស់លោក ខែម សុខា ម្ចាស់បារប៊្លូឆីលី។
នៅរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងទំនើបដទៃជាច្រើនទៀតដែរ គឺមានសភាពអ៊ូអ៊រ មានមនុស្សច្រើនរស់នៅ ប្រាស្រ័យទាក់ទងគ្នា និងសម្បូរទៅដោយកន្លែងគួរឱ្យចាប់អារម្មណ៍ជាច្រើន រួមមានផ្សារពាណិជ្ជកម្ម ភោជនីយដ្ឋាន បារ សម្រាប់មនុស្សគ្រប់វ័យ ក្នុងការណាត់ជួបគ្នា ដែលធ្វើឱ្យទិដ្ឋភាពនាពេលរាត្រី កាន់តែវិសេសវិសាល។
ដោយឡែក នៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ដ៏តូចមួយ នៅទីក្រុងដែលមានទំហំប្រជាជនរស់នៅជិត៣ លាននាក់រស់នៅនេះ របៀបនៃការរស់នៅរបស់ពួកគេ នៅតែជួបប្រទះនឹងការប្រឈមមួយចំនួន រាប់តាំងពីការប្រើពាក្យសម្ដីរើសអើងជាដើម។លោកសុខា មានគំនិតបើក gay បារនេះ ដោយសារដំណើរកម្សាន្តលើកដំបូងទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។ លោកបានប្រទះឃើញពីភាពសម្បូរបែបនៃបារសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាទ្រនំសុវត្ថិភាពមួយ ដើម្បីបង្ហាញពីភាពជាខ្លួនឯងដោយសេរីសម្រាប់អ្នករស់នៅទីក្រុងដ៏ធំនោះ។ ហើយទស្សនីយភាពនោះ បានក្លាយជាកត្តាជុំរុញសម្រាប់លោកសុខា ផ្តល់កំណើតឱ្យបារប៊្លូឆីលីក្នុងឆ្នាំ២០០៦ ហើយកាលពីខែកញ្ញាកន្លងមកនេះ បារនេះទើបតែប្រារព្ធខួប១៤ឆ្នាំរបស់ខ្លួន។
ការដំណើរការបារនេះ ក៏ជួបបញ្ហាប្រឈមផងដែរ នៅក្នុងសង្គមកម្ពុជា ដែលមានវប្បធម៌ប្រពៃណីចំណាស់មួយ។លោក សុខា បានឱ្យដឹងថា លោកធ្លាប់ទទួលរងការតិះដៀលចំពោះការបើកបារសម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរយៈពេលជាងមួយទសវត្សន៍នេះ។
«គេធ្លាប់ថា បានធ្វើឱ្យខូចសីលធម៌សង្គម មិនគោរពប្រពៃណី ដោយមិនដឹងថាប្រុសមិនប្រុស ស្រីមិនស្រី។ អំឡុងពេលនោះ អ្នកស្រឡាញ់ភេទដូចគ្នាមិនសូវហ៊ាន មកបារបែបនេះនោះទេ ហើយប្រសិនបើមក ក៏ចូលអង្គុយនៅខាងក្នុងលាក់ៗដែរ ព្រោះខ្លាចមានគេឃើញស្គាល់»។
នៅបារប៊្លូឆីលី មានភ្លេងស្តាប់កំដរអារម្មណ៍ហើយនាពេលរាត្រីមានភ្លេងកន្ត្រាក់អារម្មណ៍ សម្រាប់ការរាំកម្សាន្តជាមួយមិត្តភ័ក្ដិ។
ចំណុចពិសេសមួយរបស់បារនេះដែលទទួលបានការពេញនិយមពីសំណាក់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ទាំងជនជាតិខ្មែរនិងបរទេស គឺការសម្តែងរបស់ក្រុម drag queen ដែលមានបុរសតុបតែងខ្លួននិងស្លៀកសំលៀកពាក់ជាស្រ្តី សម្តែងបទចម្រៀងពេញនិយម ។
អស់រយៈពេល១៤ឆ្នាំកន្លងមកនេះ បារប៊្លូឆីលីក៏ជាទីតាំងផ្តើមស្នេហ៍សម្រាប់ដៃគូរអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើន ពិសេសរវាងជនបរទេស និងជនជាតិខ្មែរ។ លោក សុខា បានរំឭកអំពីបុរសមួយគូរ បានជួបគ្នានៅបារនេះផ្ទាល់ ហើយបានក្លាយជាគូរស្នេហ៍រហូតដល់បច្ចុប្បន្ន ព្រមទាំងចិញ្ចឹមបីបាច់កូនពីរនាក់។
ក្រុមបុរសស្រឡាញ់បុរស ត្រូវបានចាត់ថ្នាក់ថា ជាក្រុមមួយដែលងាយប្រឈមនឹងការឆ្លងមេរោគ HIV ដូច្នេះហើយ បារប៊្លូឆីលី គឺជាចំណុចកណ្ដាលពិសេស សម្រាប់អង្គការនានាដែលចង់ធ្វើការផ្សព្វផ្សាយអំពី ការផ្តល់សេវាធ្វើតេស្តពិនិត្យរកមេរោគអេដស៍ ក៏ដូចជា ការចែកស្រោមអនាម័យ និងការប្រឹក្សាយោបល់ផ្សេងៗ រួមទាំងបញ្ហានិន្នាការភេទរបស់យុវជនកម្ពុជាមួយចំនួន។
ដោយឡែក នាពេលបច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញ មានការសង្កេតឃើញថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា មានការបើកទូលាយ និងការទទួលស្គាល់ច្រើនជាមុននៅក្នុងសង្គមខ្មែរ។ មានគ្រួសារមួយចំនួន ដែលមានសមាជិកជាអ្នកស្រឡាញ់ភេទដូចគ្នា បានបើកចំហបង្ហាញការទទួលយក និងផ្តល់ក្តីស្រឡាញ់ឱ្យគ្នា ក៏នេះជាចំណុចវិជ្ជមាន ដែលធ្វើឱ្យបារនេះ ដំណើរការរហូតដល់សព្វថ្ងៃនេះ។
ជំងឺកូវីដ១៩ បានធ្វើឱ្យការរស់នៅរបស់មនុស្សជាទូទៅ ដែលរួមមានទាំងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្វើឱ្យការលំបាកជាងមុន ក្នុងការជួបជុំគ្នា។ បារដែលធ្លាប់សំបូរទៅដោយជនបរទេស បានបាត់មុខភ្ញៀវទាំងនោះ ដោយសារវិស័យទេសចរណ៍ទូទាំងពិភពលោកត្រូវបានផ្អាក ហើយជនបរទេសមួយចំនួនដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវត្រលប់ទៅប្រទេសខ្លួនវិញ។ ការណ៍នេះប្រហែលជាកំណត់នូវជោគវាសនារបស់ បារប៊្លូឆីលី ក្នុងរយៈពេលខាងមុខ ដែលប្រហែលជាអាចត្រូវបិទមួយរយៈ ប្រសិនបើស្ថានភាពកូវីដ មិនមានភាពប្រសើរឡើងវិញនោះទេ។
ប្រសិនបើមានករណីនេះមែន លោក សុខាសង្ឃឹមថានឹងអាចបើកដំណើរឡើងវិញនៅក្នុងរយៈពេលណាមួយ ដើម្បីបន្តផ្តល់កន្លែងសុវត្ថិភាពសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាទីតាំងមួយសម្រាប់ការយល់ដឹងបន្ថែមពីសំណាក់សាធារណជនមកសហគមន៍នេះ។
ដោយអង្កេតមើល និងយល់ដឹងផ្ទាល់ពីក្រុមសហគមន៍ឥន្ទធនូ លោកសុខា ដែលបានធ្លាប់ឆ្លងកាត់ការតស៊ូ ធ្វើការនិងរកស៊ីអស់ជាច្រើនមុននឹងដំណើរការបើកបារនេះ បានផ្តល់យោបល់មួយចំនួន ដើម្បីជៀសវាងការមាក់ងាយមកលើភាពបរាជ័យក្នុងជីវិត ដោយសារនិន្នាការភេទរបស់បុគ្គល ។ លោក សុខា ជាពាណិជ្ជករផ្ទាល់ លើកទឹកចិត្តអ្នកនៅក្នុងសហគមន៍ឱ្យចេះរស់នៅដោយខ្លួនឯង និងមិនពឹងផ្អែកទៅលើហិរញ្ញវត្ថុរបស់គ្រួសារ។
«សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ខិតខំប្រឹងប្រែងសិក្សា ស្រឡាញ់ ផ្តល់តម្លៃនិងថែរក្សាខ្លួនឯង។ ហើយជាពិសេស គួរមានជំនាញ ឬ អាជីពច្បាស់លាស់ ដែលអ្នករកប្រាក់ចំណូលចិញ្ចឹមជីវិតខ្លួនបាន ដែលនេះថែមទាំងអាចជៀសវាងការមាក់ងាយពីគ្រួសារទៀតផង»។
ការរស់នៅប្រកបដោយភាពចុះសម្រុង មិនប្រកាន់ឬមានការមាក់ងាយ រើសអើងពីនិន្នាការភេទ គឺជាក្តីសង្ឃឹមរបស់ម្ចាស់បារវ័យ៤០ឆ្នាំរូបនេះ៕