«Online Ciné Weekday» និង «Online Ciné Saturday» គឺជាការចាក់បញ្ចាំងភាពយន្តឯកសារ តាមអនឡាញលើផេកហ្វេសប៊ុករបស់មជ្ឈមណ្ឌលបុប្ផាណា តាំងពីឆ្នាំ២០២០មកដល់សព្វថ្ងៃនេះ។ តើការប្តូរមកបញ្ចាំងតាមអនឡាញនេះ នឹងរួមចំណែកដូចម្តេច ចំពោះបេសកកម្មអភិរក្សបណ្ណសារសោតទស្សន៍របស់កម្ពុជា?

សម្លេងទះដៃតំណាលគ្នា ក្រោយពេលភាពយន្តឯកសារនីមួយៗត្រូវបានបញ្ចាំងចប់។ បន្តដោយ ការពិភាក្សាវែកញែកដោយបើកចំហ អំពីសាច់រឿងនានា រវាងទស្សនិកជន និងក្រុមអ្នករៀបចំ គឺជាទស្សនីយភាពមួយ ដែលតែងតែកើតឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ក្នុងបរិវេនសាលបញ្ចាំងខ្សែភាពយន្តរបស់មជ្ឈមណ្ឌលបុប្ផាណា មុនពេលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ហើយនោះក៏ជាទិដ្ឋភាពដែលលោកជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នឹករលឹកជាងគេ។

«ជាទូទៅយើងធ្លាប់តែឮសម្លេងទះដៃ និងការពិភាក្សានៅបន្ទប់បញ្ចាំងខ្សែភាពយន្តផ្ទាល់ៗភ្នែក។ និយាយរួម គឺវាមាន Human Interaction ដែលធ្វើឱ្យក្រុមការងារសប្បាយចិត្ត។ ប៉ុន្តែ ឥឡូវនេះយើងបានបាត់បង់ចំណុចនេះ។»
ខ្សែភាពយន្តខ្នាតធំថ្មីៗ មិនអាចចាក់បញ្ចាំងឱ្យទស្សនិកជនទស្សនានៅតាមរោងភាពយន្តនោះទេ ក្រោយរដ្ឋាភិបាលបានដាក់បម្រាម ដើម្បីកាត់បន្ថយការឆ្លងរាលដាល។ ដូច្នេះ ការចាក់បញ្ចាំងភាពយន្តឯកសាររៀងរាល់ល្ងាចថ្ងៃសៅរ៍ (CINE Saturday) របស់មជ្ឈមណ្ឌល ត្រូវបានផ្អាកក្នុងឆ្នាំ២០២០។
ស្របពេលជាមួយគ្នានោះដែរ សេវាកម្មស្រ្ទីមវីដេអូតាមអនឡាញ ដូចជា Netflix Amazon Prime Video ឬ Disney+បានក្លាយទៅជាជម្រើសដ៏ល្អមួយសម្រាប់ផលិតករ និងអ្នកទស្សនាភាពយន្តនៅតាមផ្ទះ។
ដូចគ្នានេះដែរ ស្ថាប័នរក្សាទុកបណ្ណសារដូចជាមជ្ឈមណ្ឌលបុប្ផាណា ក៏ត្រូវរិះរកវិធីថ្មី ដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួនតាមនោះដែរ។
បង្តើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយ លោករិទ្ធី ប៉ាន់ អ្នកដឹកនាំភាពយន្តឯកសារជើងចាស់នៅក្នុងប្រទេសកម្ពុជាមជ្ឈមណ្ឌលបុប្ផាណា ធ្វើការប្រមូល និងអភិរក្ស ក៏ដូចជាដាក់ឱ្យសារធារណជនប្រើប្រាស់ នូវបណ្ណសារសោតទស្សន៍របស់ប្រទេសកម្ពុជា ដូចជា រូបថត ឯកសារសំឡេង ឯកសារជាលាយល័ក្ខអក្សរ ភាពយន្តឯកសារនានា។
កិច្ចការនេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាយល់សុីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីយកចំណេះដឹងទាំងនោះទៅជាទុន ក្នុងការកសាងបច្ចុប្បន្នភាពរបស់ខ្លួន និងការពារប្រវត្តិសាស្រ្តចូរចត់ មិនឱ្យកើតឡើងម្តងទៀតនៅក្នុងថ្ងៃអនាគត។
ខណៈមនុស្សត្រូវបានលើកទឹកចិត្តឱ្យកាត់បន្ថយ ការជួបជុំគ្នាផ្ទាល់មុខ ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូច្នេះការទាញប្រយោជន៍ពីប្រព័ន្ធអុីនធឺណិត និងបណ្តាញសង្គមនានា ដែលមានស្រាប់គឺជាជម្រើសដ៏ល្អហើយសមស្របបំផុតនៅក្នុងស្ថានភាពបច្ចុប្បន្ន។
មជ្ឈមណ្ឌលបុប្ផាណា បានផ្លាស់ប្តូរការបញ្ចាំងភាពយន្តឯកសារ តាមអនឡាញលើផេកហ្វេសប៊ុករបស់ខ្លួនវិញ តាំងពីឆ្នាំ២០២០មកដល់សព្វថ្ងៃនេះ។
ការចាក់បញ្ចាំងអនឡាញនេះ ប្រព្រឹត្តទៅ២ដងក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃធ្វើការណាមួយក្នុងសប្តាហ៍នីមួយៗ។ សកម្មភាពនេះមានឈ្មោះថា «Online Ciné Weekday» និង «Online Ciné Saturday»។
តាមរយៈបទសម្ភាសន៍អនឡាញជាមួយFocus លោកសុភាពបានប្រាប់ឱ្យដឹងថា គំនិតនៃការផ្លាស់ប្តូរមកចាក់បញ្ចាំងអនឡាញកើតឡើង ចេញពីការដែលចង់ឱ្យមនុស្សម្នាកាត់បន្ថយអារម្មណ៍អផ្សុក និង ដើម្បីឱ្យពួកគាត់នៅតែបន្តទទួលបានឯកសារយោងក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនបាន។
ក្នុងនោះដែល គោលបំណងចម្បងរបស់ការចាក់បញ្ចាំងអនឡាញនេះគឺដើម្បីបង្កើនការយល់ដឹង (Raise Awareness) អំពីវត្តមាននៃបណ្ណសាររបស់មជ្ឈមណ្ឌល ទាក់ទងនឹងប្រធានបទសង្គមសំខាន់ៗ ដែលសាធារណជន ក៏ដូចជាយុវជនគួរដឹង ដើម្បីជាចំណេះដឹងថ្មីសម្រាប់ខ្លួន ធ្វើជាឯកសារយោងសម្រាប់ការសិក្សា និងសំខាន់បំផុត គឺការចងចាំប្រវត្តិសាស្រ្ត និងស្នាដៃអំពីខ្មែរយើង។
ចាប់តាំងពីការផ្លាស់ប្តូរមកចាក់បញ្ចាំងអនឡាញដំបូង រហូតមកដល់សព្វថ្ងៃនេះ មជ្ឈមណ្ឌលបុប្ផាណា បានបញ្ចាំងភាពយន្តឯកសារអនឡាញ បាន១៤៥ចំណងជើងហើយ។ ភាពយន្តឯកសារទាំងនោះ និយាយពីប្រធានបទចម្រុះដូចជា ប្រវត្តិសាស្ត្រ បរិស្ថាន គ្រួសារ តន្រ្តី វប្បធម៌ និង ខ្មែរក្រហម។ល។
ដោយហេតុថា មជ្ឈមណ្ឌលបុប្ផាណាមានភាពយន្តឯកសារជាច្រើនទាក់ទងនឹងប្រទេសកម្ពុជា តាំងពីឆ្នាំ១៨៨៩ មកដល់សព្វថ្ងែ លោកសុភាពបានប្រាប់ថា មជ្ឈមណ្ឌលមិនមានមហិច្ឆតាក្នុងការចាក់បញ្ចាំងគ្រប់ភាពយន្តឯកសារទាំងអស់ដែលខ្លួនមាននោះទេ។ ប៉ុន្តែ កន្លងមកនេះ អ្នកទទួលបន្ទុកលើគម្រោងមួយនេះ ធ្វើការជ្រើសរើសភាពយន្តឯកសារទៅតាមភាពជាក់ស្តែង ថាតើប្រធានបទស្នូលនៃភាពយន្ត ត្រូវជាមួយបរិបទសង្គម ឬ មានភាពចាំបាច់សម្រាប់សាធារណជនក្នុងការដឹងឮ។
លោកបានលើកឧទាហរណ៍បញ្ចាក់ថា ប្រសិនបើសប្តាហ៍នោះជាសប្តាហ៍បេតិកភណ្ឌ ខាងមជ្ឈមណ្ឌលនឹងជ្រើសរើសយកភាពយន្តឯកសារអំពីវប្បធម៌មកចាក់បញ្ចាំង។ ថ្មីៗនេះកន្លងមកនេះ ពិភពលោក និងប្រទេសកម្ពុជាបានប្រារព្ធទិវាសំអាតពិភពលោក។ ដូចនេះមជ្ឈមណ្ឌល បានខិតខំស្វែងរកភាពយន្តឯកសារ ដែលមានខ្លឹមសារឆ្លើយតបនឹងបញ្ហាបរិស្ថាន ដើម្បីជាចំណែកតូចមួយក្នុងការចូលរួម លើកស្ទួយការយល់ដឹងរបស់ប្រជាជនលើបញ្ហាដ៏ធំមួយនេះ។ ស្របគ្នានឹងការចូលរួមផ្សព្វផ្សាយពីបញ្ហានេះ លោកបានឱ្យដឹងថា វាក៏ជាប្រយោជន៍សម្រាប់សិស្សានុសិស្សដែលកំពុងធ្វើការស្រាវជ្រាវលើប្រធានបទនេះផងដែរ។
សម្រាប់ក្រុមគោលដៅនៃការចាក់បញ្ចាំង លោកសុភាពបានឱ្យដឹងថា សាធារណជនគ្រប់ជាន់ថ្នាក់អាចទស្សនាបាន។ ហើយ ក្នុងនោះយុវជនកម្ពុជាក៏មិនគួរមើលរំលងដែរ ព្រោះវាមានសារៈសំខាន់សម្រាប់ពួកគេ។
«ខ្ញុំគិតថាប្រយោជន៍ដែលផ្តល់ឱ្យគាត់វាមានច្រើន ដែលយើងពិបាកក្នុងការសន្និដ្ឋានឱ្យឃើញនឹងភ្នែកភ្លាមៗ ក៏ប៉ុន្តែរាល់ភាពយន្តដែលយើងធ្វើការចាក់បញ្ចាំងសុទ្ធតែជាភាពយន្តដែលឆ្លងកាត់ការប្រកួត Festival ដែលជាស្នាដៃរបស់សមិទ្ធិករធំៗ ដែលសុទ្ធតែមានសារអប់រំល្អៗជាច្រើន។ ជាពិសេស គឺការចងចាំនៃប្រទេសកម្ពុជា តាមរយៈប្រវត្តិសាស្រ្តខ្មែរក្រហមជាដើម។ និយាយរួមវាមានប្រយោជន៍ធំណាស់ដែលយើងពិបាកវាស់។»
លោកបានពន្យល់ថា ការដែលយុវជនទស្សនាភាពយន្តឯកសារទាំងនោះ ក៏អាចនាំឱ្យមានការសន្ទនាឆ្លងជំនាន់ផងដែរ។ លោកបានលើកឡើងថាព្រោះនៅពេល មជ្ឈមណ្ឌលបញ្ចាំងរឿងដែលទាក់ទងនឹងខ្មែរក្រហម ក្មេងៗជំនាន់ដែលកើតមិនទាន់សម័យនោះ ប្រាកដជាមានចំងល់ជាច្រើន។ គ្រានោះហើយ គឺជាពេលដ៏ល្អសម្រាប់ពួកគាត់ ក្នុងការបង្កើតឱ្យមានការសន្ទនា ជាមួយសាក្សីរស់ក្នុងគ្រួសាររបស់ខ្លួន ដែលគាត់អាចជា ជីដូន ជីតា ឪពុកម្តាយ ឬមីងមាជាដើម។
ចាប់ផ្តើមធ្វើការក្នុងមជ្ឈមណ្ឌលបុប្ផាណាដំបូងនៅក្នុងឆ្នាំ២០០៨ លោកសុភាព មានតួនាទីជា អ្នករក្សាបណ្ណសារ (Archivist)។ ជាមួយនឹងក្តីស្រឡាញ់លើប្រវត្តិសាស្ត្រកម្ពុជា និងបទពិសោធន៍ធ្វើការជាង១០ឆ្នាំកន្លងមកនេះជាមួយមជ្ឈមណ្ឌល លោកពណ៌នាមជ្ឈមណ្ឌលបុប្ផាណា ជា ស្ថាប័នពហុផ្សព្វផ្សាយ (Multimedia) ដែលមានបទពិសោធន៍ក្នុងការធ្វើការជាមួយវេទិកាអនឡាញ (Platform Online) ឧបករណ៍អេឡិចត្រូនិច និង បច្ចេកវិទ្យាថ្មីៗ។
ដូចនេះ ខុសគ្នាពីស្ថានប័នមួយចំនួនផ្សេងទៀត លោកសុភាព មិនចាត់ទុកការផ្លាស់ប្តូរមកបញ្ចាំងភាពយន្តឯកសារអនឡាញនេះជា បញ្ហាប្រឈម ឬអ្វីដែលមជ្ឈមណ្ឌលបុប្ផាណាត្រូវចំណាយពេលយូរក្នុងការសិក្សា ដើម្បីសម្របខ្លួននោះទេ។
«ដោយសារមជ្ឈមណ្ឌលបុប្ផាណាជា Multimedia Center យើងដឹងនិង Familiar ជាមួយនឹង Technology ទាំងអស់នោះ។ ហើយ ខ្ញុំគិតថាយើងជាស្ថាប័នមួយក្នុងចំណោយស្ថាប័នដំបូងៗ ដែលចាប់ផ្តើមធ្វើការដោយប្រើប្រាស់ជា E-working បែបនេះ។ ដូចនេះ ពេលដែលកូវីដ១៩ផ្ទុះឡើង យើងក៏ Switch ទៅធ្វើការងារតាមអនឡាញ។ ហើយ យើងក៏ Switch Screening របស់យើងទៅជាអនឡាញដែរ។»
ដោយឡែក អ្វីដែលជាចំណុចសំខាន់ ដែលមជ្ឈមណ្ឌលបុប្ផាណា យកចិត្តទុកដាក់បំផុតចំពោះការបញ្ចាំងភាពយន្តឯកសារអនឡាញគឺ “កម្មសិទ្ធបញ្ញា”។ វីដេអូផ្សាយផ្ទាល់បណ្ណសារ តាមហ្វេសប៊ុក មិនត្រូវបានរក្សាទុកនៅលើផេករបស់មជ្ឈមណ្ឌលនោះទេ។ ប្រិយមិត្តអាចទស្សនាបានតែនៅពេលចាក់បន្តផ្ទាល់ប៉ុណ្ណោះ។
ថ្វីត្បិតថាមជ្ឈមណ្ឌលទទួលបានអនុញ្ញាត ពីផលិតករក្នុងការរក្សាទុកភាពយន្តឯកសារទាំងនោះ។ ប៉ុន្តែការចាក់បញ្ចាំងជាសារធារណៈទូលំទូលាយបែបនេះ ចាំបាច់ទាមទារការឯកភាពជាថ្មីពីផលិតករ។

ហើយនេះ គឺជាចំណុចដែលផ្តល់ការងារបន្ថែមមួយទៀតសម្រាប់ក្រុមការងារ គឺការទំនាក់ទំនងទៅផលិតករ ដែលពេលខ្លះអាចនឹងចំណាយពេលយូរជាងការរំពឹងទុក។ ក៏ប៉ុន្តែ ជារឿងល្អមួយ លោកបានឱ្យដឹងថាកន្លងមកនេះ មជ្ឈមណ្ឌលមិនដែលទទួលបានការបដិសេដពីផលិតករណាម្នាក់នោះទេ។
លោកសុភាពចាត់ទុកថា កង្វះទំនាក់ទំនងរវាងមនុស្សនិងមនុស្ស (Lack of Human Interaction) គឺជាភាពខុសគ្នាធំមួយ រវាងការបញ្ចាំងភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា និងការបញ្ចាំងអនឡាញ។ យ៉ាងណាក៏ដោយ លោកជ្រើសរើសមើលទៅលើចំណុចវិជ្ជមានរបស់ការការបញ្ចាំងអនឡាញ ជាជាងចំណុចអវិជ្ជមាន។
លោកគិតថា គុណសម្បត្តិដ៏ល្អនៃការចាំងបញ្ចាំងអនឡាញ គឺការទាក់ទាញទស្សិកជនបានច្រើនជាងមុន ទាំងខ្មែរ និងបរទេស។ ហើយ ពេលខ្លះមានអ្នកថ្មីដែលមិនធ្លាប់ស្គាល់ពីមជ្ឈមណ្ឌលបុប្ផាណាសោះក៏មាន។ ហើយពេលសួរអំពីចំណាប់អារម្មណ៍របស់ទស្សនិកជន ចំពោះការចាក់បញ្ចាំងភាពយន្តឯកសារអនឡាញនេះ លោកកត់សម្គាល់ថា៖
«ជារួមយើងឃើញថា សារធារណជនគាត់ អរគុណដែរ។ ចំពោះការព្យាយាមផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានឯកសារ។ «Online Ciné Weekday» និង «Online Ciné Saturday» ជួយឱ្យគាត់អាច Access ទៅឯកសារដែលពួកគាត់ចង់បាន។»
ក្រៅពីនេះ អ្នកស្រាវជ្រាវដែលមានគោលបំណងច្បាស់លាស់ ក៏នៅតែអាចធ្វើការទាក់ទងមកមជ្ឈមណ្ឌលបុប្ផាណាបានដដែល។ នៅក្នុងករណីដែលខ្លួនចង់បានឯកសារណាមួយពីមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវរបស់ខ្លួន។ លោកសុភាពនិយាយថា នៅពេលដែលមានការស្នើរសុំ ក្រុមការងាររីករាយក្នុងការផ្ញើរឱ្យពួកគាត់តាមអនឡាញ។
គួរបញ្ចាក់ផងដែលថា ក្រៅពីការផ្តល់ជាឯកសារយោងសម្រាប់ការស្រាវជ្រាវ ក្នុងទម្រង់ជាច្រើនដូចជា រូបភាព ឯកសារ ឯកសារជាលាយល័ក្ខអក្សរ ភាពយន្តឯកសារ អំពីប្រទេសកម្ពុជា ការបង្កើតនិងអនុវត្តគម្រោងជាច្រើនទៀត អំពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរក្រហម មជ្ឍមណ្ឌលបុប្ផាណា ក៏តែងតែបង្កើតជាវគ្គសិក្សា លើការផលិតភាពយន្តឯកសារ សម្រាប់យុវជនដោយឥតគិតថ្លៃផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ មជ្ឍមណ្ឌលនេះ បានរួមចំណែកបង្កើតធនធានមនុស្ស ដែលមានសមត្ថភាពជាច្រើន ក្នុងវិស័យភាពយន្តខ្មែរ។
ក្នុងនោះរួមមាន សមិទ្ធិករភាពយន្តនាង កាវិច ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីមជ្ឍមណ្ឌលបុប្ផាណាម្នាក់ផងដែរ។
ភាពយន្តថ្មីចុងក្រោយដែលលោកបានដឹកនាំ គឺរឿង “ប៊ូឌីងស” ឬ “White Building” ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងលើកដំបូងនៅមហាស្រពភាពយន្តថ្នាក់អន្តរជាតិ Venice Film Festival លើកទី៧៨ នៅប្រទេសអ៊ីតាលី។ ហើយ ខ្សែភាពយន្តនេះក៏បានឈ្នះពានរង្វាន់ធំមួយនៅមហាស្រពនេះដែរគឺ ពានរង្វាន់អ្នកសម្តែងប្រុសឆ្នើម (Best Actor Orizzonti)៕