កាលពីថ្មីៗកន្លងមកនេះ អង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការទាក់ទិននឹងបញ្ហាសមភាពយេនឌ័រ បានសម្តែងក្តីបារម្ភ និង បង្កើតឱ្យមានកិច្ចសន្ទនាជាច្រើននៅលើបណ្តាញសង្គម អំពីការលើកកម្ពស់សិទ្ធស្ត្រីនៅកន្លែងការងារ។
កាលពីថ្មីៗកន្លងមកនេះ អង្គការសង្គមស៊ីវិល និងស្ថាប័នដែលធ្វើការទាក់ទិននឹងបញ្ហាសមភាពយេនឌ័រ បានសម្តែងក្តីបារម្ភ និង បង្កើតឱ្យមានកិច្ចសន្ទនាជាច្រើននៅលើបណ្តាញសង្គម អំពីការលើកកម្ពស់សិទ្ធស្ត្រីនៅកន្លែងការងារ។
ការណ៍នេះកើតឡើងក្រោយពីមានករណីស្ត្រីជាមន្ត្រីនគរបាលម្នាក់ នៅខេត្តស្ទឹងត្រែង ត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួន តម្រូវឱ្យធ្វើកិច្ចសន្យាសុំទោស ចំពោះការបង្ហោះរូបរបស់ខ្លួនកំពុងបំបៅដោះកូន ក្នុងពេលបំពេញការងារ នៅលើគណនីហ្វេកប៊ុកឯកជនផ្ទាល់ខ្លួន។
នៅក្នុងសារបង្ហោះសុំទោសជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក អនុសេនីយ៍ទោស៊ីថុង សុខា បានសរសេរ ក្នុងអត្ថន័យដូចគ្នាលើកិច្ចសន្យាថា អ្នកស្រី «ពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរទេ»។
ឃ្លានេះហើយ ដែលធ្វើឱ្យមានប្រតិកម្មជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់លើបណ្តាញសង្គម ចំពោះចំណាត់ការថ្នាក់លើមកលើអ្នកស្រី ដែលត្រូវថ្លឹងថ្លែងតួនាទីជាម្តាយ ស្របគ្នានឹងការបំពេញតួនាទីតាមមុខងាររបស់ខ្លួន។ តើការបំបៅដោះកូននៅកន្លែងការងារ អាចប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរដែរឬទេ?
កិត្តិយសស្ត្រីខ្មែរ និងបរិបទសង្គមថ្មី?
តម្លៃ និងកិត្តិយសរបស់ស្ត្រីខ្មែរ ត្រូវបានគេកំណត់និយមន័យខុសៗពីគ្នា ដោយផ្អែកទៅលើសម័យកាលនៃសង្គម វប្បធម៌ ប្រពៃណី និង ការយល់ឃើញរបស់មនុស្សម្នាក់ៗជាដើម។ ប៉ុន្តែ និយមន័យទាំងនេះ ពិតជាបានបង្កប់នៅអត្ថន័យ ត្រឹមត្រូវ អព្យាក្រិត និងលើកស្ទួយតម្លៃរបស់ស្ត្រីពិតមែនដែរឬទេ?
នៅសម័យបុរាណ តម្លៃរបស់ស្ត្រីខ្មែរត្រូវបានគេឲ្យតម្លៃទៅលើ លក្ខណ៍ ដែលសំដៅទៅលើកត្តាខាងក្រៅមាន ដូចជា រូបរាង សកម្មភាព អាកប្បកិរិយា ឫកពា និង កត្តាខាងក្នុង គឺចិត្តគំនិត ប្រាជ្ញា ស្មារតី ក្រមសីលធម៌ជាដើម។ តាមរយៈរឿងព្រេងខ្មែរ និងសីលធម៌សម្រាប់ស្ត្រីគ្រប់លក្ខណ៍ ដែលមានចែងនៅក្នុងច្បាប់ស្រី និងនៅក្នុងតម្រាបុរាណខ្មែរ គេឃើញថា ស្ត្រីដែលត្រងត្រាប់តាមបានក្បួនច្បាប់ទាំងអស់នោះបាន ដោយធ្វើជាកូនល្អ ជាប្រពន្ធល្អ ឬម្តាយល្អនោះ នឹងទទួលបានការគោរព ស្រលាញ់ ឱ្យតម្លៃពីអ្នកជុំវិញខ្លួន និងសង្គមជាតិ។
ខុសប្លែកពីសម័យបុរាណ បច្ចុប្បន្ននេះស្ត្រីខ្មែរ បានចូលរួមបម្រើការងារនៅក្នុងសង្គម និង ស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារច្រើនជាងមុន ដោយមិនមែនមានតួនាទីគ្រាន់តែជាម្តាយ និងស្ត្រីមេផ្ទះនោះទេ។
នៅកម្ពុជា ស្ត្រីប្រមាណ ២,៤ លាននាក់ដែលមានអាយុពី ១៥ ទៅ ៣៤ ឆ្នាំ បានចូលរួមក្នុងកម្លាំងពលកម្ម។ ដោយសារមានតួនាទីជាម្តាយផងនិងជាបម្រើការងារមួយរូបផងស្ត្រីភាគច្រើនបានជួយប្រទះនូវបញ្ហាទំនាស់តួនាទី។
កន្លងមក អ្នកតំណាងអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី Cristian Munduate ធ្លាប់បានលើកឡើងអំពីធ្លាក់ចុះយ៉ាងខ្លាំងនៃការបំបៅកូនដោយទឹកដោះនៅកម្ពុជា នៅក្នុងការចេញផ្សាយមួយរបស់VOA កាលពីចុងឆ្នាំ២០១៩។ កត្តារួមចំណែកដែលបណ្តាលឱ្យមានការធ្លាក់ចុះនោះ រួមមាន កង្វះការគាំទ្រពីអ្នកជុំវិញខ្លួន និងពីសំណាក់រដ្ឋាភិបាលចំពោះការបំបៅដោះកូន បញ្ហាប្រឈមដោយសារការងាររបស់ម្តាយ និងការផ្សព្វផ្សាយដ៏ច្រើនគំហុករបស់ម៉្សៅទឹកដោះគោនៅលើទីផ្សារ។
អង្គការ UNICEF ដែលជាអង្គការគាំពារសុខភាពម្តាយទារក បានបញ្ជាក់ថា ការបំបៅកូនចាប់ពីពេលកើត រហូតដល់អាយុ៦ខែ ឬដល់មួយឆ្នាំ គឺជារឿងចាំបាច់បំផុតសម្រាប់ម្តាយ និងទារក ព្រោះវាអាចជួយដល់សុខភាពម្តាយ និងទារក ក្នុងការពារទារកពីជំងឺជាច្រើន ហើយវាបានកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់របស់ម្តាយ។ ទឹកដោះម្តាយ ក៏អាចជួយឱ្យម្តាយ និងកូនមានទំនាក់ទំនងល្អ និងអាចកាត់បន្ថយការចំណាយជាប្រចាំសម្រាប់អាហាររូបត្ថម្ភរបស់កុមារផងដែរ។
ជាអកុសល ការសិក្សានោះ ក៏បានបង្ហាញផងដែរថា ទាំងក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងប្រទេសដែលមានប្រាក់ចំណូលទាបក្តី រដ្ឋាភិបាលរបស់ប្រទេសទាំងនោះ មិនបានផ្តល់ការគាំទ្រគ្រប់គ្រាន់ ដែលអំណោយផលសម្រាប់ការបំបៅដោះកូននោះទេ។
តើអ្វីជាចំណុចសំខាន់ ដែលអាចស្វែងយល់បានពីបញ្ហានេះ?
ភាគីជាច្រើនដែលធ្វើការទាក់ទងនឹងបញ្ហានេះ មានប្រតិកម្ម និងការឆ្លើយតបខុសៗពីគ្នា ដែលអាចសារមួយអាចឱ្យអ្នក ស្វែងយល់បន្ថែមពីជ្រុងមួយនៃគំនិតផ្សេងៗពីគ្នា។
ទាក់ទិននឹងបញ្ហានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញការសោកស្តាយជាខ្លាំង ចំពោះឥរិយាបថរបស់លោកអធិការ ដែលមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានកោតសរសើរចំពោះ នូវឆន្ទះដ៏មុះមុតក្នុងការបំពេញការងារ របស់មន្ត្រីជាស្ត្រីរូបនេះផងដែរ។
ស្រដៀងនឹងគ្នានេះ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនទាក់ទិននឹងបញ្ហានេះ ដោយបញ្ជាក់ថា «ករណីនេះជាទង្វើល្អ និងការបង្ហាញឆន្ទះខ្ពស់របស់ស្ត្រី ក្នុងការចូលរួមការងារសង្គមផង និងផ្តល់អាហារូបតម្ថជាចាំបាច់ដល់កូនតូចផង។ស្ថាប័នគួរតែបង្កើតការងារអំណោយផល ដូចជា ទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឱ្យស្ត្រី ដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង»។
ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា «ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ត្រីសាមីខ្លួនគួរមានឧបករណ៍ ដូចជា ក្រម៉ាឬកន្សែង ដើម្បីអនុញ្ញាតឱ្យការបំបៅដោះកូន អាចប្រព្រឹត្តទៅបានដោយមានភាពសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់ស្ត្រីខ្មែរ»។
ចំណុចចុងក្រោយនេះ បានធ្វើឱ្យមានការរិះគន់ជាច្រើននៅលើបណ្តាញសង្គម ក៏ដូចជាអង្គការ និងសង្គមសុីវិល ព្រោះវាត្រូវបានគេមើលឃើញ បញ្ហាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី មិនគួរអាស្រ័យលើការវិនិច្ឆ័យរបស់សង្គម តាមរយៈការបញ្ចេញរាងកាយណាមួយរបស់ស្ត្រីនោះទេ។ម្យ៉ាងវិញទៀត វាបានបង្ហាញឱ្យឃើញថា សិទ្ធិស្ត្រីនៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា។
ងាកមកមើលប្រតិកម្មរបស់អង្គការ និងសង្គមស៊ីវិលឯណោះវិញ ពួកគេបានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍រួម ដែលគាំទ្រដោយអង្គការចំនួន ៣៩ និងចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១១ ខែ មីនាកន្លងមកទៅ។សេចក្តីថ្លែងការណ៍នេះបានសរសេរថា «ស្ត្រីមិនគួរត្រូវបានបង្ខំឱ្យបានជ្រើសរើសរវាងការងារ និងការមើលថែទាំកូននោះទេ។ ប្រការដែលស្ត្រីជាម្តាយ ហើយដែលទៅធ្វើការនឹងត្រូវស្តីបន្ទោស បើស្ត្រីនោះទាំងធ្វើការ និងភារកិច្ចមើលថែទាំកូន ដូចករណីនេះជាឧទារហ៍ស្រាប់ ដែលនេះបង្ហាញឱ្យឃើញថែមទៀតថា ស្ត្រីនៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា»។
ក្នុងសេចក្តីថ្លែងការណ៍រួមនោះ ក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ត្រីនគរបាលរូបនោះសុំទោសជាសាធារណៈ និងធ្វើការស្នើដល់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការមួយចំនួនពង្រឹងសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងមាត្រា១៨៤ និង១៨៥ នៃច្បាប់ការងារបានចែងអំពី ការឈប់សម្រាកដើម្បីបំបៅកូនក្នុងម៉ោងធ្វើការ តាំងពីទារកកើតរហូតដល់អាយុ ១ឆ្នាំ ដែលអនុញាតអោយស្ត្រី អាចបំបៅកូនក្នុងម៉ោងធ្វើការ ចំនួនពីរដងក្នុងមួយថ្ងៃ (រយ:ពេល៣០នាទីម្តង ឬ ស្មើមួយម៉ោងក្នុងមួយថ្ងៃ)ដែលមិនត្រូវបានបន្ថយចេញពីការឈប់សម្រាកធម្មតានោះទេ។ ហើយក្នុងមាត្រា ១៨៥ ក៏មានចែងផងដែរថា ប្រសិនបើ កន្លែងធ្វើការនោះ មានបុគ្គលិកជាស្ត្រី មិនថាចាស់ក្មេង ធ្វើការលើសពី ១០០នាក់ នោះត្រូវមានបន្ទប់សម្រាប់បំបៅកូន និងទារកដ្ឋាន៕