តើធ្វើយ៉ាងណាទើបយើងអាចសម្គាល់ថា ស្ត្រេសកំពុងវិវត្ថទៅជា burnout?ហើយតើបុគ្គលអាចទ្រាំទ្រនឹង burnout បានកម្រិតណា?ហើយតើការលាឈប់ពីការងារ ជាដំណោះស្រាយរឺទេ?
កំណត់និពន្ធ៖ Focus បានចុះផ្សាយអត្ថបទទាក់ទងនឹងភាពតានតឹង ក៏ដូចជា burnout ក្នុងសប្ដាហ៍នេះ។ នេះគឺជាអត្ថបទចុងក្រោយទាក់ទងនឹងអាការៈអស់កម្លាំងកាយចិត្ត (burnout)។ Focus បានជួបសម្ភាសន៍ជាមួយ លោក ចាប វិក្រាន្ត ជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៃវិទ្យាស្ថានភាសាបរទេស ហើយលោកគ្រូក៏ធ្វើការងារទាក់ទងនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្នែកអប់រំ និងមានបទពិសោធន៍ជាមួយជំនាញអន្តរបុគ្គល។
Focus ៖ តើ ស្ត្រេស និង burnout មានភាពខុសគ្នាយ៉ាងណា?
លោកគ្រូ វិក្រាន្ត ៖ «ស្ត្រេស បង្កឡើងដោយកត្តា៣យ៉ាង ទី១ គឺសម្ពាធ ដែលអាចសំដៅដល់សម្ពាធពេលវេលា កត្តាជុំវិញ ព័ត៌មានខាងក្រៅ ឬការប្រាស្រ័យទាក់ទង។ ទី២ គឺលក្ខណៈធ្ងន់ធ្ងរនៃសម្ពាធ ពីព្រោះសម្ពាធអាចកើតឡើងជាធម្មតា តែនៅពេលសម្ពាធមានសភាពធ្ងន់ធ្ងរ ទើបគេអាចហៅវាថា ជាស្ត្រេសបាន។ កត្តាចុងក្រោយគឺ ការឆ្លើយតបនឹងសម្ពាធ ដែលមានន័យថា មនុស្សម្នាក់ៗមានសម្ពាធខុសគ្នា តែបើសិនមានការឆ្លើយតបសមស្របមួយ កំរិតនៃភាពស្ត្រេសក៏អាចកាត់បន្ថយបានដែរ។ ហើយទាល់តែមានធាតុទាំង៣ នេះចូលគ្នា ទើបគេអាចហៅវាថាស្ត្រេសបាន។ រីឯ burnout វិញ វាជាអាការៈមួយកើតក្រោយពេលស្ត្រេស។ ទីមួយ គឺនៅពេលដែលស្ត្រេស ក្លាយជារឿងអវិជ្ជមាន ហើយជាប់នៅក្នុងការគិតប្រចាំថ្ងៃរបស់បុគ្គល ធ្វើឲ្យយើងប្រកាន់ភ្ជាប់ គំនិតបែបអវិជ្ចមានមួយ ទៅលើសម្ពាធការងាររបស់ខ្លួន។ ហើយទី២ វាធ្វើឲ្យសម្ថភាពការងារធ្លាក់ចុះ។ ចុងក្រោយគឺបុគ្គលស្ថិតនៅក្នុងស្ថានភាពនឿយហត់ខ្លាំងជាមួយការងារខ្លួន ទាំងកត្តារាងកាយ និងកម្លាំងចិត្ត»។
Focus ៖ តើធ្វើយ៉ាងណាទើបយើងអាចសម្គាល់ថា ស្ត្រេសកំពុងវិវត្ថទៅជា burnout?
លោកគ្រូ វិក្រាន្ត ៖ យើងអាចសម្គាល់ការវិវត្តពីស្ត្រេសទៅ burnout តាមរយៈ ការពេញចិត្តទៅលើការងាររបស់បុគ្គល (job satifaction)។ ដោយសារ burnout ទាក់ទងនឹងមជ្ឈដ្ធានការងារ ហើយនៅពេលដែលបុគ្គលមានអារម្មណ៍ចង់ផ្លាស់ប្ដូរការងារ មានសម្ពាធខ្លាំង ឬពុំពេញចិត្តជាមួយអាជីពរបស់ខ្លួន នេះហើយជារោគសញ្ញា burnout។
Focus ៖ តើធ្វើយ៉ាងម៉េចទើបដោះស្រាយបញ្ហានេះបាន?
លោកគ្រូ វិក្រាន្ត ៖ ដើម្បីអាចដោះស្រាយ burnout បាន បុគ្គលត្រូវមានភាពម្ចាស់ការលើស្ថានការ។ ភាពមានម្ចាស់ការទៀតសោត ទាមទារឲ្យមើលលើកត្តា៤ (SKEM)៖
- ការយល់ដឹង ពីបញ្ហាថាអ្វីជាដើមចមនៃអាការៈ (knowledge)
- ទាមទារជំនាញឬបំនិន (skill)៖ ថាតើយើងមានជំនាញដែលឆ្លើយតបនឹងតម្រូវការការងារដែរឬទេ ព្រោះការខ្វះជំនាញដែលតបនឹងតម្រូវការ វាអាចបណ្ដាលសម្ថភាពការងារធ្លាក់ចុះ
- បរិយាកាសការងារ (environment)៖ ថាតើស្ថាប័នការងារ មានបានជួយផ្ដល់ការបណ្ដុះបណ្ដាល ឬជំនួយបែបណាមួយដល់យើង នៅពេលមានបញ្ហាឬអត់?
- កត្តា កម្លាំងចិត្តផ្ទាល់ខ្លួន (motivation) ៖ ជំនួសដោយការសង្កេតមើលតែលើជោគជ័យធំៗ ចាប់ផ្ដើម ធ្វើការកត់សម្គាល់ទៅលើភាពជោគជ័យតូចៗ ដែលអ្នកទទួលបាន និងប្រើប្រាស់វាជាកម្លាំងចិត្ត។
នៅក្នុងករណីដែរburnout មានសភាពធ្ងន់ធ្ងរ បុគ្គលអាចនឹងត្រូវការជំនួយពីអ្នកជំនាញចិត្តសាស្ត្រ ជៀសវាងការវិវត្តទៅជាជំងឺបាក់ទឹកចិត្ត (depression)។
Focus ៖ តើបុគ្គលអាចទ្រាំទ្រនឹង burnout បានកម្រិតណា?ហើយតើការលាឈប់ពីការងារ ជាដំណោះស្រាយរឺទេ?
លោកគ្រូ វិក្រាន្ត ៖ ការទ្រាំទ្រនឹង burnout ដើម្បីភាពរីកចំរើនសមត្ថភាពការងារ វាជារឿងធម្មតាដែលកើតឡើង នៅពេលបុគ្គលមានទំនួលខុសត្រូវច្រើនជាងមុន។ តែការទ្រាំទ្រមួយដែលដើម្បីតែទ្រាំមួយមុខគត់ អាចធ្វើឲ្យយើងមាន secondary burnout ដែលមានន័យថា បុគ្គលលែងខ្វល់ពីសម្ពាធការងារ តែបែរជាខ្វល់ពី អាការៈអស់កម្លាំងចិត្តលើការងារដែលខ្លួនមាន (burnout on the burnout itself) ។
ការលាឈប់ពីការងារ ប្រហែលជាអាចជួយដោះស្រាយបញ្ហានេះបាន នៅពេលដែលមជ្ឈដ្ឋានការងារលែងសាកសមនឹងបុគ្គលតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងគួរប្រាកដចិត្តថា តើយើងលាឈប់ពីការងារ ដើម្បីរកដំណោះស្រាយ ឬគ្រាន់តែលាឈប់ដើម្បីគេចវេះពីបញ្ហា ពីព្រោះថាការលាឈប់ គួរតែជាជម្រើសចុងក្រោយ។
Focus ៖ ចុះចំណែកវិធីការពារទុកមុន?
លោកគ្រូ វិក្រាន្ត ៖ នៅពេលសម្គាល់បានថា យើងកំពុងមានរោគសញ្ញា burnout វិធីការពារមាន៤យ៉ាង ឬហៅថា KASA៖
- ចំនេះដឹងលើតួនាទីការងារ (knowledge)
- ឥរិយាបថ (attitude)
- ជំនាញ (skill)
- និងការយល់ដឹងពីតួនាទី (awareness)។
ចំនេះដឹង និងជំនាញ អាចទទួលបានតាមរយៈការរៀននិងបណ្ដុះបណ្ដាល ប៉ុន្តែឥរិយាបថនិង ការយល់ដឹងពីតួនាទី គឺជារឿងសំខាន់។ បុគ្គលត្រូវមានយល់ដឹងពីតួនាទីខ្លួនឲ្យច្បាស់លាស់ ដើម្បីត្រៀមខ្លួនបំពេញទំនួលខុសត្រូវថ្មី ជៀសវាងសម្ថភាពការងារដែលមិនមានភាពសុីគ្នាជាមួយតួនាទី។
ឥរិយាបថវិជ្ជមានចំពោះការងារនិងតួនាទី ក៏ជារឿងសំខាន់ ព្រោះទាល់តែបុគ្គលមើលមកតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមាន ឬជាឱកាសសមប្រកបជាមួយសមត្ថភាពខ្លួន ទើបអាចបង្កើតឥរិយាបថវិជ្ជមានលើការងាររបស់ខ្លួន។
ភាពច្បាស់លាស់ជាមួយតួនាទី និងការជឿជាក់លើសមត្ថភាពការងារ ជាស្នូលសំខាន់ក្នុងការជំនះជាមួយ burnout។ យើងត្រូវចងចាំថា តម្លៃនៃការអភិវឌ្ឍខ្លួនមកស្របគ្នា ជាមួយការតស៊ូនឹងឧបសគ្គ៕
កំណត់និពន្ធ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួល ដើម្បីប្រវែងអត្ថបទ និងភាពត្រឹមត្រូវ។