វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI កំពុងបង្កើតដំណើរប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩
[សេចក្ដីប្រកាសពត៌មាន]
ពីរឆ្នាំបានកន្លងផុតទៅចាប់តាំងពីករណីឆ្លងនៃជំងឺកូវីដ១៩ បានធ្វើឲ្យអ្នកជំនាញវិសាណូសាស្ត្រ (អ្នកជំនាញសិក្សាពីវីរុស) មានកង្វល់អំពីហេតុការណ៍ដ៏សំខាន់ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រក្នុងសតវត្សរ៍ទី២១ មួយនេះ។ ដោយគ្រាដ៏លំបាកនៃជំងឺរាតត្បាតជាសាកលនេះ កំពុងនៅពីក្រោយយើង កិច្ចការដ៏សំខាន់នាពេលបច្ចុប្បន្ន គឺការបង្វែរទិសដៅប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍក្រោយវិបត្តិជំងឺកូវីដ១៩។ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDRI កំពុងតែនាំមុខក្នុងការរៀបចំឲ្យមានការស្តារឡើងវិញនេះ។
ដោយមានការរៀបចំឲ្យមានជំនួបរវាងមន្ត្រីរដ្ឋាភិបាល ក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញសេដ្ឋកិច្ចមកពីជុំវិញពិភពលោក «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា នៅឯសណ្ធាគារ សុខា ភ្នំពេញ នឹងផ្តល់ជូនភាគីពាក់ព័ន្ធនូវវេទិកាមួយ ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាចាំបាច់នានាដែលប្រទេសកម្ពុជានឹងអាចប្រឈមមុខ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង ថ្លែងនូវសុន្ទរកថាគន្លឹះបើកអង្គសន្និបាត និងប្រសាសន៍សំណេះសំណាលដ៏ខ្ពស់ខ្ពស់លើកទី១៤ សម្រាប់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ។
ជាដំបូង គឺកិច្ចពិភាក្សាទៅលើ «ការអភិវឌ្ឍដោយចរីភាពនៅក្នុងពិភពលោកដែលប្រេះស្រាំក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលជាការពិនិត្យនូវការផ្លាស់ប្តូរសេដ្ឋកិច្ចតាមតំបន់ និងទូទាំងពិភពលោកក្រោយជម្ងឺរាតត្បាត និងសារៈសំខាន់នៃការផ្លាស់ប្ដូរនេះ ចំពោះប្រទេសកម្ពុជា។ ការសម្លឹងមើលបរិវត្តឌីជីថល សាកលភាវូបនីយកម្ម និងផលប៉ៈពាល់បរិស្ថាន ភូមិសាស្ត្រនយោបាយ រួមទាំង «ការរស់នៅតាមរបៀបធម្មតា ឬគន្លងថ្មី» ឬ “New Normal” ក្រោយជម្ងឺរាតត្បាតសាកល នឹងក្លាយជាប្រធានបទចម្បងសម្រាប់ការពិភាក្សានេះ។ ការពិភាក្សានេះដែរនឹងដឹកនាំដោយអ្នកសម្របសម្រួល ឯកឧត្តមបណ្ឌិត កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងអាស៊ាន និង ព្រមទាំងវត្តមានចូលរួមពីគណៈវាគ្មិន លោកស្រីបណ្ឌិត ខារ៉ូលីន យូស្ស នៃសាកលវិទ្យាល័យណូត្រេដាម
លោកសាស្ត្រាចារ្យ ប៊ឺត ហូហ្វមេន នៃសាកវិទ្យាល័យជាតិសឹង្ហបុរី និងបណ្ឌិត វីង ធ្យេ វូ មកពីសាកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រញ៉ា និងវាគ្មិនដ៏ទៃទៀត។
កិច្ចពិភាក្សាវគ្គទី២ គឺស្តីពី «តើកម្ពុជាអាចបន្តជោគជ័យយ៉ាងណាបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩?» ដែលជាកិច្ចពិភាក្សាដ៏លម្អិត លើភាពជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជាមុន និងក្រោយកូវីដ១៩។ ការពិនិត្យទៅលើគុណវិបត្តិ និងគុណសម្បត្តិនៃការអភិវឌ្ឍ នឹងនាំការពិភាក្សានេះទៅផ្ដោតសំខាន់លើ ការកំណត់យុទ្ធសាស្ត្រ ដែលធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រុមហ៊ុនពាណិជ្ជកម្ម និងសង្គមស៊ីវិល ដើម្បីដោះស្រាយនូវភាពមិនប្រាកដប្រជាដែលកំពុងបន្តកើតមានឡើង។ ក្នុងនោះក៏មានវត្តមានចូលរួមពីលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យស្ថាន CDRI រួមទាំងវត្តមានអ្នកជំនាញមកពីវិទ្យាស្ថានអប់រំឈានមុខជាច្រើនទៀត ដែលនឹងចែករំលែកគំនិតសំខាន់ៗ និងពិភាក្សាលើយុទ្ធសាស្ត្រនានា។
«អាទិភាពសម្រាប់ការស្តារឡើងវិញនូវគំរូអភិវឌ្ឍន៏របស់កម្ពុជា» គឺជាប្រធានបទក្នុងវគ្គទី៣ ដែលជាកិច្ចពិភាក្សាទៅលើអនាគតរបស់ប្រទេស ព្រមទាំងការផ្តោតសំខាន់ លើការងាកទៅរកការអភិវឌ្ឍដ៏ប្រសើរជាងមុន។ ដោយធ្វើការកំណត់នូវសកម្មភាពបន្ទាន់នានា ព្រមទាំងយុទ្ធសាស្ត្រដ៏វែងឆ្ងាយ លើកិច្ចពិភាក្សាស្តីពីវិស័យសុខភាពសាធារណៈ ធនធានមនុស្ស កសិកម្មប្រកបដោយចីរភាព នវានុវត្តន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យា ការពិភាក្សានេះផ្តោតលើការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា។ កិច្ចពិភាក្សានេះនឹងបំភ្លឺមាគ៌ារបស់កម្ពុជា ដោយមានការសម្របសម្រួលពីឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអគ្គនាយក និងសហស្ថាបនិក ជី ហ្គៀ គ្រុប (G Gear co. Ltd.) និងវត្តមានឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម សុខ ចិន្តាសោភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថាន CDRI នឹងធ្វើការបិទបញ្ចប់កិច្ចពិភាក្សានៅថ្ងៃនោះដោយសេចក្ដីសង្ខេប ក្រោមប្រធានបទ «វិធីឆ្ពោះទៅមុខ៖ សារសំខាន់ៗសម្រាប់កំណែទម្រង់ និងសកម្មភាព» នឹងផ្តល់ឱកាសដល់ទស្សនិកជន និងអ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងពីខ្លឹមសារ និងទស្សនៈវិស័យដ៏ឧត្តុង្គឧត្តមនៃសន្និសីទនេះ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់នូវសុន្ទរកថា និងមតិសំណេះសំណាលបិទអង្គសន្និសីទនេះ។
ជាមួយសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ឬ CDRI នឹងបន្តរៀបចំឲ្យមានកិច្ចពិភាក្សាដ៏ស្វិតស្វាញ និងមានឥទ្ធិពលរវាងភាគីពាក់ព័ន្ធពីកម្ពុជា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីរិះរកមធ្យោបាយ ដោះស្រាយស្ថានការណ៍ពិភពលោកក្រោយជំងឺកូវីដ។ ពួកយើងរំពឹងថា នឹងជួបលោកអ្នកនៅទីនោះ និងបានស្វែងយល់អំពីគំនិត យោបល់ ការយល់ឃើញរបស់លោកអ្នក ទៅលើអនាគតរបស់កម្ពុជា៕
យើងស្វាគមន៍អ្នកសារព័ត៌មានចូលរួម និងធ្វើបទយកការណ៍ទាក់ទងនឹងសន្និសីទ នៅត្រឹមវគ្គថ្លែងបើកសន្ទរកថាគន្លឹះ។ សូមពិនិត្យមើលកម្មវិធីដែលបានដាក់ភ្ជាប់ ដើម្បីស្វែងរកសេចក្តីលម្អិត។ សូមទាក់ទងទៅកាន់កញ្ញា ប៊ុន ភូរី ដោយផ្ទាល់ ប្រសិនបើមានចម្ងល់ទាក់ទងនឹងការរៀបចំសន្និសីទនេះ តាមរយៈអ៉ីម៉ែល៖ ៕