អាហារមិនត្រឹមតែជានិមិត្តរូបនៃជីវិតនោះទេ ប៉ុន្តែក៏ជាស្បៀងដ៏សំខាន់សម្រាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់ និង អ្នកផលិត។ មិនតែប៉ុណ្ណោះ ការទទួលបានស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលគ្រប់គ្នាគួរតែទទួលបាន ក្នុងការរស់រានជាមនុស្ស ដោយមិនមែនផ្តោតសំខាន់ទៅលើការធ្វើជំនួញរកសុី តែមួយមុខនោះទេ។
រាល់ដំណើរការនៃប្រព័ន្ធចំណីអាហារ ត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់ ព្រមទាំងពីការលះបង់កម្លាំងកាយ និងញើសឈាមជាច្រើន។ ការយល់ដឹងអំពីប្រព័ន្ធស្បៀងអាហារ និងការបង្កើតទម្លាប់នៃការទទួលទានប្រកបដោយសីលធម៌ មានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់យើង និងអ្នកដែលពាក់ព័ន្ធរាល់ដំណើរការទាំងអស់។
យ៉ាងណាមិញ ស្ត្រីដែលជាតួអង្គដ៏សំខាន់ក្នុងវិស័យនេះ មិនសូវមានគេលើកមកពិភាក្សា និងអោយតម្លៃនោះទេ។
កាលពីឆ្នាំ២០២១កន្លងទៅ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហារ របស់អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ Antonio Guterres បានស្នើឡើងថា “អាហារគួរតែត្រូវបានគេចាត់ទុកជាសិទ្ធិមួយរបស់មនុស្ស មិនមែនសម្រាប់ធ្វើអាជីវកម្មតែមួយមុខគត់នោះទេ”។
យោងតាមការសិក្សារបស់គម្រោង Borgen បានរកឃើញថា ប្រជាជនកម្ពុជាបានទទួលរងពីកង្វះអាហារូបត្ថម្ភ មានប្រមាណ ១៥% ខណៈដែល ៣១% នៃកុមារអាយុក្រោម ៥ឆ្នាំជួបប្រទះនឹងជំងឺក្រិន។ សុខភាពរបស់ពួកគេ មានសភាពខ្សត់ខ្សោយ ដោយសារកង្វះអាហារូបត្ថម្ភ។ ក្នុងនោះ បញ្ហាទាក់ទងនឹងភាពអត់ឃ្លាន នៅក្នុងកម្ពុជារួមមាន កង្វះអាហារូបត្ថម្ភ គ្រោះធម្មជាតិ កង្វះខាតកសិកម្មតាមរដូវ ឬ ការមិនបានបរិភោគអាហារត្រឹមត្រូវជាដើម។
លើសពីនេះ ការស្រាវជ្រាវផ្ទៃក្នុងអំពីសន្តិសុខស្បៀង និងទម្លាប់នៃការបរិភោគអាហាររបស់គម្រោង MHOP(e) ដែលជាយុទ្ធនាការឌីជីថលមួយ ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់យុត្តិធម៌ ក្នុងប្រព័ន្ធផ្តល់ស្បៀង អាហារនៅកម្ពុជាបានរកឃើញថា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ហើយវាបានជម្រុញឲ្យប្រជាជនត្រូវខ្ចីប្រាក់ដើម្បីទិញម្ហូបអាហារ ហើយកាត់បន្ថយការទទួលទានអាហារ និងជ្រើសរើសការទទួលទានអាហារ ដែលមានតម្លៃថោក និងមិនល្អចំពោះសុខភាព។
តាមរយៈរូបភាពទាំងនេះ វាអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សន្តិសុខស្បៀងអាហារ នៅតែជាបញ្ហាចម្បងមួយសម្រាប់ប្រជាជនកម្ពុជា ដូចពាក្យដែលគេតែងនិយាយ «រកព្រឹក ខ្វះល្ងាច» ហើយមានន័យថា វាមិនងាយស្រួលឡើយ ដើម្បីរកប្រាក់គ្រប់គ្រាន់សម្រាប់អាហារបីពេលក្នុងមួយថ្ងៃ។
«មនុស្សគ្រប់រូប មិនថាពេលណាឡើយ គួរតែមានលទ្ធភាពផ្នែករូបវន្តសង្គម និងសេដ្ឋកិច្ច ដើម្បីទទួលបានអាហារគ្រប់គ្រាន់ ដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីឱ្យស្របទៅនឹងសេចក្តីត្រូវការផ្នែកចំណីអាហារ និងចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ពួកគេ ដើម្បីអាចឱ្យជីវិតពួកគេរស់នៅដោយសុខភាពល្អ និងផលិតភាពខ្ពស់» នេះបើយោងតាមលោកស្រី ផោឡា អាស៊ូប៊ូជី នាយកប្រចាំប្រទេសនៃមូលនិធិ មូលនិធិហេនរេចបូលកម្ពុជាដែលធ្វើការលើការលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីថ្លែងបែបនេះ គឺសំដៅទៅនឹងសេចក្តីថ្លែងការណ៍ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ស្តីពីប្រព័ន្ធស្បៀងអាហារ របស់អង្គការសហប្រជាជាតិនោះ។
បើយើងក្រឡេកមើលប្រព័ន្ធចំណីអាហារនៅកម្ពុជាវិញ ស្ត្រីបានចូលរួមគ្រប់ដំណាក់កាល ដោយរាប់ចាប់ពី ការផលិត ការកែច្នៃ ការដឹកជញ្ជូន និងការប្រើប្រាស់អាហារ។ ប៉ុន្តែ មនុស្សភាគច្រើនមើលឃើញច្បាស់ តែនៅពេលដែលស្ត្រីរៀបចំអាហារ ហើយដាក់វានៅលើតុប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង បែរជាត្រូវបានចាត់ទុកថា ជាតួនាទីយេនឌ័រ និងមិនមែនជាការងារធ្វើឡើង ដើម្បីជីវភាពគ្រួសារ និងការចូលរួមអភិវឌ្ឍសង្គមនោះទេ។
យោងតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាសុី «ស្ត្រីត្រូវបានប៉ាន់ប្រមាណថា ទទួលបានផលតែ ១០% ពីប្រាក់ចំណេញនៃសេវាកម្មទាំងអស់ទាក់ទងខាងផ្នែកកសិកម្ម ហើយជាមធ្យម គ្រួសារដែលមានស្ត្រីជាមេគ្រួសារ ច្រើនមានដីតូច និងមិនសូវទទួលបានការផ្គត់ផ្គង់សម្ភារៈកសិកម្ម ឧបករណ៍ប្រើប្រាស់ និងសេវាទំនាក់ទំនងឡើយ។»
នៅក្នុងគន្លងយេនឌ័រនេះ ស្ត្រីកម្ពុជានៅតែដើរតួយ៉ាងសំខាន់ រាប់ចាប់ពីការធ្វើម្ហូបសម្រាប់គ្រួសារប្រចាំថ្ងៃ ដល់ការធ្វើស្រែចម្ការ ទោះបីជាដឹងថាវាជាការងារមិនទទួលបានប្រាក់កម្រៃអ្វីក៏ដោយ។ ប៉ុន្តែទង្វើទាំងនេះ កើតចេញពីទំនួលខុសត្រូវមួយ ដែលស្ត្រីត្រូវផ្គត់ផ្គង់នូវអាហារូបត្ថម្ភនៅក្នុងគ្រួសារ។
ស្ត្រី មិនត្រឹមតែប្រឈមនឹងជញ្ជាំងអរូប ដែលរារាំងលទ្ធភាពក្នុងការប្រើប្រាស់ធនធាន តាមតម្រូវការប៉ុណ្ណោះទេ ពួកគេថែមទាំងជួបនឹងអតុល្យភាពនៃអំណាចក្នុងការសម្រេចចិត្តចំណាយទៅលើអ្វីមួយ។ វាបានកើតចេញពីកត្តាសង្គម សេដ្ឋកិច្ច និងវប្បធម៌ ដែលទាក់ទងគ្នាជាបន្តបន្ទាប់ ហើយរុញច្រានឱ្យស្ត្រីចូលក្នុងតួនាទីក្រោមបង្គាប់ ហើយរារាំងការអភិវឌ្ឍរបស់ស្ត្រី និងសង្គមជារួម។
អ្នកស្រី ប៊ុន សៀង ជាសហគ្រិនស្ត្រីមួយរូប ដែលបានចូលរួមកែប្រែការយល់ឃើញនៃការរួមចំណែករបស់ស្ត្រី ឱ្យលើសពីតួនាទីយេនឌ័រ។ ដោយបានមើលឃើញពីគម្លាតទីផ្សារសម្រាប់កសិករក្នុងតំបន់ អ្នកស្រីបានបង្កើតភូមិកសិកម្មធម្មជាតិ ជាអាជីវកម្មលក់បោះដុំ និងលក់រាយនូវផលិតផលកសិកម្ម។
អ្នកស្រី បាននិយាយដូច្នេះថា “ខ្ញុំតែងតែចាប់អារម្មណ៍លើវិស័យឧស្សាហកម្មនេះ ហើយខ្ញុំដឹងថា វាពិបាកសម្រាប់កសិករក្នុងស្រុក ក្នុងការស្វែងរកទីផ្សារមួយ ដើម្បីលក់ផលិតផលរបស់ពួកគេ។ ដូច្នេះខ្ញុំចង់ធ្វើអ្វីមួយដែលមានប្រយោជន៍សម្រាប់ខ្ញុំ និងមនុស្សគ្រប់គ្នា។”
គោលបំណងរបស់អ្នកស្រីលើវិស័យកសិកម្ម មិនត្រឹមតែជួយអ្នកស្រីមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រាក់ចំណូលជាប់លាប់ សម្រាប់ជាង ២០០គ្រួសារ មកពី១០ខេត្តផ្សេងគ្នា តាមរយៈការចុះកិច្ចសន្យាកសិកម្ម។ ការផ្តល់ផលិតផលធម្មជាតិ និងការកសាងសហគមន៍សម្រាប់អ្នកផលិត និងអ្នកប្រើប្រាស់ប្រកបដោយក្រមសីលធម៌ គឺជាគោលដៅចម្បងនៃសហគ្រិនភាពមួយនេះ។
អ្នកស្រីបានបន្តថា «ខ្ញុំសង្ឃឹមថា នឹងអាចផ្តល់ផលិតផលកសិកម្មធម្មជាតិ ប្រកបដោយគុណភាពដល់គ្រួសារកម្ពុជាទាំងអស់។ ហើយក៏ដូចជាដើម្បីលើកទឹកចិត្តកសិករក្នុងស្រុក ដែលខិតខំប្រឹងប្រែងក្នុងវិស័យនេះឱ្យបន្តផលិតកម្មរបស់ខ្លួន។»
ឥឡូវនេះ មានស្ត្រីជាច្រើនកំពុងចូលរួមក្នុងសហគ្រិនភាពស្បៀង ស្រដៀងនឹងអ្វីដែលអ្នកស្រី ប៊ុន សៀង កំពុងធ្វើដែរនោះ។ អ្នកស្រី រស្មី ដែលត្រូវបានស្គាល់ថាជា កញ្ញាម្រាមដៃលឿង( Yellow Finger Lady) បានបង្កើតអាជីវកម្មអនឡាញផ្ទាល់ខ្លួន ដើម្បីលក់ផលិតផលធម្មជាតិ មកពីបណ្តាខេត្តផ្សេងៗ និងគ្រឿងថែរក្សាសម្រស់បែបបុរាណរួមមាន ពន្លៃ និង ម្សៅល្មៀត។
នេះគឺជាការរួមបញ្ចូលគ្នាដ៏ល្អបំផុតនៃជំនាញនិងសមត្ថភាព ដែលអាចឱ្យអ្នកស្រី រស្មី បង្កើតប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការរកទីផ្សារសម្រាប់លក់ផលិតផលធម្មជាតិតាមប្រព័ន្ធអនឡាញ និងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅ ទោះបីក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។
នេះគ្រាន់តែជាជ្រុងមួយ ដែលមានការឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់ ដែលស្ត្រីដើរតួនៅក្នុងប្រព័ន្ធស្បៀងអាហារ។ តាមរយៈការទទួលយកទំនួលខុសត្រូវចំពោះសន្តិសុខស្បៀង និងតួនាទីយេនឌ័រ ស្ត្រីទាំងនេះកំពុងផ្តល់ជាគំរូដល់អ្នកដទៃ និងបង្ហាញថាវាជាការផ្លាស់ប្តូរ ដែលអាចធ្វើទៅបាន។
ការសិក្សាមួយផ្សេងទៀតពីគម្រោង Borgen អំពីភាពអត់ឃ្លាននៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា មូលហេតុនៃវិបត្តិភាពអត់ឃ្លាននាពេលបច្ចុប្បន្ននេះ គឺជាកើតចេញពីគំនិតអាជីវកម្មរកប្រាក់ចំណេញ ដែលគ្មានសីលធម៌ និងប្រព័ន្ធកសិកម្មខ្សត់ខ្សោយ។ បញ្ហាការរំលោភដីធ្លី និងការកេងប្រវ័ញ្ចធនធានធម្មជាតិ បានកើនឡើងដោយសារកំណើនពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ទៅលើវិស័យកសិកម្ម និងអាហារ។ វាបានពង្រីកគម្លាតកាន់តែធំ រវាងអ្នកមាននិងអ្នកក្រ ក៏ដូចជារវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។
គោលការណ៍សំខាន់នៃការតស៊ូមតិ សម្រាប់ស្បៀងអាហារ និងអាហារូបត្ថម្ភជាសិទ្ធិមូលដ្ឋាន គឺជាបញ្ហាអាទិភាព។ មនុស្សម្នាក់ៗ មានសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ រួចផុតពីភាពអត់ឃ្លាន អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។
ការសម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ព្រមទាំងការលើកទឹកចិត្តឱ្យមានតុល្យភាពល្អ រវាងសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថាន ត្រូវបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់កម្ពុជា។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ គឺចាំបាច់ត្រូវបង្កើនការយល់ដឹង និងការចូលរួមរបស់ពលរដ្ឋ ជុំវិញប្រព័ន្ធចំណីអាហារបច្ចុប្បន្ន ក្នុងនោះរួមមាន ការយល់ដឹងអំពី អាហារប៉ះពាល់សុខភាព និងអាហារគ្មានគុណភាព និងអាហារូបត្ថម្ភគំរូនានានៅក្នុងសង្គម។
កិច្ចការមួយទៀតដែលដើរតួសំខាន់នោះគឺ ការលើកកម្ពស់ និងផ្សព្វផ្សាយ អំពីការដាំដុះបែបសេរីរាង្គ និងការអនុវត្តបែបចីរភាព នៅក្នុងខ្សែសង្វាក់អាហារនៅកម្ពុជា។
និយមន័យពិតប្រាកដនៃប្រព័ន្ធចំណីអាហារ មិនអាចវាស់វែងបានដោយរង្វង់ទឹកប្រាក់នៃអាជីវកម្មធំៗ និងសមិទ្ធផលរបស់ម្ចាស់ភាគហ៊ុននីមួយៗនោះទេ។ ប៉ុន្តែ គឺជាភាពរុងរឿងរបស់មនុស្សម្នាក់ៗដែលពាក់ព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហារទៅវិញទេ ដោយរាប់ចាប់ផ្តើមពីកសិករ កម្មករផលិតអាហារ និងមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកដែលពឹងផ្អែកលើឧស្សាហកម្មនេះ សម្រាប់ការចិញ្ចឹមជីវិត។
ក្នុងន័យនេះ គោលបំណងរបស់គម្រោង ម្ហូប- MHOP(e) គឺលើកកម្ពស់ការយល់ដឹង ទៅលើវដ្តនៃចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃ ដោយរំលេចឲ្យឃើញពីបុគ្គលម្នាក់ៗដែលធ្វើការ ដើម្បីឲ្យមានអាហារទាំងនោះ នៅគ្រប់ជំហានទាំងអស់។ ជំហានទាំងនោះ រាប់ចាប់ពីការដាំដុះ រហូតបានជាចំណីអាហារបរិភោគ និងបញ្ចូនកាកសំណល់ត្រឡប់មកវិញ។
អ្នកក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុក MHOP(e) ។ ចូលរួមជាមួយពួកយើង ដើម្បីឈ្វេងយល់អំពីសិទ្ធិទទួលបានអាហារូបត្ថម្ភស្មើៗគ្នា ហើយការចូលរួមចំណែករបស់អ្នក មានសារៈសំខាន់ណាស់ក្នុងការដំណើរនេះ៕
កំណត់សម្គាល់៖ នេះគឺជាអត្ថបទមួយនៃកម្រងអត្ថបទរបស់ដៃគូផ្សព្វផ្សាយ MHOP(e) ។