«ការសិក្សាត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែ ហើយមួយវិញទៀត ខ្ញុំក៏មិនទាន់អាចរកការងារធ្វើបាន»។
យោងតាមទិន្នន័យរបស់អង្គការយូណេស្កូ (UNESCO) និងធនាគារពិភពលោក (World Bank) បានបង្ហាញថាកុមារនិងយុវជនចំនួន ១.៥០០លាននាក់នៅទូទាំងពិភពលោក ត្រូវបានរងផលប៉ះពាល់ដោយសារការបិទសាលារៀន ដើម្បីកាត់បន្ថយការរីករាលដាលនៃការរាតត្បាតជំងឺកូវីដ១៩។ ទិន្នន័យនេះរួមបញ្ចូលទាំងនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំសិក្សាចុងក្រោយនៃសាកលវិទ្យាល័យផងដែរ។
នៅពេលសាលាបានប្រកាសបិទទ្វារដំបូង បញ្ហាចោទរបស់និស្សិតភាគច្រើនគឺ «តើពួកគេនឹងបន្តការសិក្សាបានយ៉ាងដូចម្តេច?»។ ការផ្លាស់ប្ដូរការសិក្សាពីការរៀនក្នុងថ្នាក់មកជាការសិក្សាតាមប្រព័ន្ធឌីជីថល គឺជាចម្លើយ។ ក៏ប៉ុន្តែបញ្ហាចោទរបស់និស្សិតដែលស្ថិតក្នុងឆ្នាំសិក្សាចុងក្រោយនៃកម្រិតឧត្ដមសិក្សាមិនចប់ត្រឹមនេះនោះទេ។ ពេលនេះកង្វល់ទាក់ទងនឹងបញ្ហាមិនមានការងារធ្វើ គឺជាបញ្ហាចម្បងរបស់និស្សិតជាច្រើន។
ផ្អែកតាមសិក្ខាសាលាអនឡាញមួយក្រោមប្រធានបទ «យុវជន និងទីផ្សារការងារស្រប និងក្រោយពេលកូវីដ១៩» របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានឱ្យដឹងថា ដំណឹងជ្រើសរើសបុគ្គលិកនៅកម្ពុជាធ្លាក់ចុះ ៨០% ក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ កិច្ចពិភាក្សានេះបានធ្វើឡើងដោយមានការចូលរួមពីវាគ្មិនបីរូប រួមមានបណ្ឌិត ប៉ែន រ៉ានី ប្រធានកម្មវិធីជំនួយការតំណាង UNDP ប្រចាំកម្ពុជា អ្នកស្រី ស៊ូ សុជាតា អ្នកសម្របសម្រួលសម្រាប់គម្រោងមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំនៅកម្ពុជា និងលោក គី សិរីវុទ្ធ ទីប្រឹក្សាក្រសួងការងារ និងជាអ្នកវិភាគស្ថិតិនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ។
អ្នកស្រី សុជាតា បានឱ្យដឹងថា បច្ចុប្បន្ននេះយើងមិនទាន់មានចំនួនជាក់លាក់ណាមួយថាតើមានយុវជនប៉ុន្មាននាក់ដែលគ្មានការងារធ្វើនោះទេ។ ក៏ប៉ុន្តែបើយោងតាមការស្ទង់មតិមួយរបស់អង្គការអន្តរជាតិខាងការងារប្រចាំនៅកម្ពុជា សបញ្ជាក់ឱ្យឃើញថា យុវជនដែលធ្លាប់ធ្វើការពេញម៉ោងពីមុន ឥឡូវនេះពួកគេធ្វើការក្រៅម៉ោងដោយសារតែតម្រូវការថយចុះ។
បណ្ឌិត រ៉ានី សង្កេតឃើញថាយុវជនដែលផ្លាស់ប្ដូរការងារថ្មី ឬកំពុងស្វែងរកការងារដំបូង គឺងាយនឹងរងផលប៉ះពាល់ពីការធ្លាក់ចុះនៃទីផ្សារការងារ ស្របពេល និងក្រោយពេលកូវីដ១៩។
ដើម្បីឈ្វេងយល់បន្ថែមពីការយល់ឃើញរបស់យុវជនផ្ទាល់ទៅលើបញ្ហាទីផ្សារការងារនេះ Focus បានធ្វើបទសម្ភាសន៍ជាមួយនិស្សិតឆ្នាំទី៤ ឈ្មោះ ឆុំឆៃ វឌ្ឍនៈ។ បច្ចុប្បន្ននេះ វឌ្ឍនៈ ជានិស្សិតសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
តើអ្នកប្រឈមបញ្ហាអ្វីខ្លះនៅក្នុងរដូវកាលកូវីដ១៩?
ដោយសារតែខ្ញុំជានិស្សិតឆ្នាំទី៤ ហើយខ្ញុំត្រូវបញ្ចប់ការសិក្សាក្នុងឆ្នាំនេះ បញ្ហាប្រឈមខ្លាំងបំផុតរបស់ខ្ញុំ គឺមិនអាចប្រឡងបញ្ចប់ការសិក្សាបានដោយសារអំឡុងពេលដែលផ្ទុះកូវីដ១៩នេះ សាលាត្រូវបានបិទ។ ការសិក្សាត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែ ហើយមួយវិញទៀត ខ្ញុំក៏មិនទាន់អាចរកការងារធ្វើបាន ហើយលើសពីនេះ កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីដែលខ្ញុំបានជាប់ជាស្ថាពរទៅកាន់ប្រទេសសិង្ហបុរី ក៏ត្រូវបានផ្អាកដោយសារជើងហោះហើរជាច្រើនត្រូវបានបិទដោយសារភាពភ័យខ្លាចនៃការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រសិនបើមិនមានវត្តមានរបស់ជំងឺកូវីដ១៩ទេ ខ្ញុំត្រូវបញ្ចប់ការសិក្សាប្រហែលជាក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២០។
តើអ្នកដោះស្រាយបញ្ហាប្រឈមទាំងនោះដោយរបៀបណា?
សម្រាប់ខ្ញុំផ្ទាល់ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ខ្ញុំមើលឃើញវាជាឱកាសដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯងតាមរយៈការសិក្សាតាមប្រព័ន្ធឌីជីថលមួយចំនួន។ សាលាល្បីៗនានានៅក្នុងពិភពលោក បានផ្តល់ជាការបង្រៀនអនឡាញលើមុខវិជ្ជាមួយចំនួនសម្រាប់និស្សិតជុំវិញពិភពលោក។ ខ្ញុំគិតថាវាគឺជាឱកាសមួយសម្រាប់យើងដើម្បីតាមដាននូវអ្វីដែលពិភពលោកកំពុងទទួលបាន។
តើអ្នកយល់យ៉ាងណាចំពោះការប្រឡងតាមប្រព័ន្ធឌីជីថល?
សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចាត់ទុកវាជាឱកាសមួយដើម្បីឈ្វេងយល់ពីបច្ចេកវិទ្យានៅក្នុងពិភពលោកដែលគេកំពុងតែដើរទៅមុខ។ វាគឺជាការត្រៀមខ្លួនសម្រាប់ពេលអនាគតដែលប្រសិនបើយើងមានការរាតត្បាតបែបនេះម្តងទៀត។ ការរៀន និងប្រឡងអនឡាញ នឹងក្លាយទៅជារឿងធម្មតាវិញ ព្រោះយើងធ្លាប់ឆ្លងកាត់ការផ្លាស់ប្ដូរនេះម្តងរួចហើយ។
តើអ្នកមើលឃើញដូចម្តេចដែរចំពោះទីផ្សារការងារនៅកម្ពុជាក្នុងរដូវកាលកូវីដ១៩?
ទាក់ទងនឹងទីផ្សារការងារ ខ្ញុំគិតថាការងារដែលខ្ញុំចង់ដាក់ មិនទាន់ឃើញមានស្ថាប័នណាប្រកាសរកនៅឡើយទេ។ ខ្ញុំរកកន្លែងដែលខ្លួនពេញចិត្តមិនទាន់បាន ដោយសារខ្ញុំគិតថាតាមស្ថាប័នមួយចំនួនគេបានបង្វែរថវិកាដែលគ្រោងសម្រាប់បុគ្គលិកថ្មី ទៅជួយដល់គម្រោងទប់ស្កាត់ជំងឺកូវីដ១៩ ឬទុកសម្រាប់ជួយដល់ក្រុមណាមួយនៅក្នុងស្ថាប័នផ្ទាល់ ជាជាងការដែលរើសបុគ្គលិកថ្មី។
ដូចនេះ វាជាបញ្ហាមួយសម្រាប់ខ្ញុំដែរ ព្រោះខ្ញុំគិតថាវាជាការចាយពេលវេលាឥតប្រយោជន៍មួយ ដោយសារយើងមិនអាចធ្វើអ្វីបានទៅលើការរាតត្បាតនេះ។
តើអ្នកបារម្ភពីការអត់ការងារធ្វើដែរឬទេ?
ទោះបីជាគ្មានជំងឺកូវីដ១៩ ក៏យើងមិនអាចនិយាយបានថា រៀនចប់ភ្លាមយើងទទួលបានការងារធ្វើភ្លាមដែរ។ ប៉ុន្តែខ្ញុំមិនគិតថាវានឹងចាយពេលយូរដូចពេលនេះទេ។ ក្នុងអំឡុងពេលនេះ ខ្ញុំគិតថាវានឹងអាចចំណាយពេលច្រើនទម្រាំតែអាចរកបានការងារមួយដែលសមប្រកប។ សមប្រកបកន្លែងនេះ គឺវាសមស្របនឹងជំនាញដែលយើងបានរៀនក្នុងសាកលវិទ្យាល័យ។ បើប្រៀបធៀបទីផ្សារការងារក្នុងឆ្នាំមុនទៅលើតួនាទីដែលខ្ញុំចង់ដាក់ ខ្ញុំគិតថាមានគេជ្រើសរើសច្រើនជាងឥឡូវនេះ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ធ្វើការក្នុងអង្គការ។ ប៉ុន្តែឥឡូវនេះ ខ្ញុំមើលឃើញថាភាគច្រើនគេយកកញ្ចប់ថវិកាដែលគេមានទៅជួយជនក្រីក្រ ឬជនងាយរងគ្រោះជាជាងការទទួលយកបុគ្គលិកថ្មី។
តើអ្នកគិតថាប្រភេទការងារអ្វីខ្លះដែលអ្នក និងយុវជនអាចរកបាននៅក្នុង ឬក្រោយពេលកូវីដ១៩?
ខ្ញុំគិតថាប្រភេទការងារដែលយុវជនអាចរកបានក្នុងអំឡុងពេលកូវីដ១៩នេះ ភាគច្រើនជាការងារដែលអាចធ្វើពីផ្ទះបាន ដូចជាអ្នកសរសេរអត្ថបទ អ្នករចនារូបភាព អ្នកទំនាក់ទំនងជាដើម។ ប៉ុន្តែវាក៏ផ្អែកតាមជំនាញដែលពួកគាត់រៀននៅសាកលវិទ្យាល័យដែរ។ សម្រាប់ក្រោយពេលកូវីដ១៩ ជំនាញដែលគេនឹងផ្ដោតសំខាន់អាចទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាច្រើន។
ឥឡូវយើងកំពុងតែប្រើប្រាស់បច្ចេកវិទ្យាដែលពិភពលោកកំពុងតែប្រើប្រាស់ដែរ។ អ៊ីចឹងយុវជនដែលគាត់យកពេលវេលានេះទៅអភិវឌ្ឍសមត្ថភាពរបស់គាត់តាមរយៈការរៀនអនឡាញ និងការធ្វើស្វ័យសិក្សាតាមផ្ទះ វាជាជំនាញមួយដ៏ល្អដែលពួកគាត់អាចយកទៅអនុវត្តក្រោយកូវីដ១៩។ ប្រសិនបើគាត់ចេះប្រើប្រាស់បច្ចេកវិទ្យាស្ទាត់ជំនាញ ពួកគាត់នឹងរីកចម្រើនទៅតាមនោះដែរ។
តើអ្នកបានអភិវឌ្ឍខ្លួនឯងដូចម្តេចខ្លះក្នុងអំឡុងពេលកូវីដ១៩នេះ?
ការរៀនតាមអនឡាញដើម្បីទុកជាទុនខ្លះៗសម្រាប់ការប្រឡូកចូលបំពេញការងារនៅពេលក្រោយ គឺជាកត្តាមួយដែលអាចជួយអភិវឌ្ឍខ្លួនបានទាំងចិត្តគំនិត និងសមត្ថភាព។ ខ្ញុំគិតថាជំនាញមួយដែលល្អបំផុតនោះ គឺការគ្រប់គ្រងវិបត្តិ (Crisis Management)។ នៅពេលដែលយើងបានរៀនពីវា វាធ្វើឱ្យយើងមានគំនិតថ្មីៗរហូតនៅពេលមានវិបត្តិក្នុងពេលចូលធ្វើការនៅថ្ងៃអនាគត។
មួយវិញទៀត គឺការដែលយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយតាមរយៈការអានព័ត៌មានឱ្យបានច្រើន ដើម្បីឱ្យខ្លួនឯងដឹងថាជំងឺកូវីដ១៩នេះវាវិវឌ្ឍដល់ណាហើយ។ ការធ្វើដូចនេះ វានឹងផ្តល់ភាពងាយស្រួលដល់យើងក្នុងការរកដំណោះស្រាយឱ្យស្របទៅតាមនោះដែរ។
សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចគ្នា តើពួកគាត់អាចលើកទឹកចិត្តខ្លួនឯងបានយ៉ាងដូចម្តេច?
ខ្ញុំផ្ទាល់គិតថាពេលនេះជាឱកាស ដោយសារតែគ្រប់យ៉ាងគឺថ្មី។ វាសុទ្ធតែជាចំណេះដឹងដែលយើងមិនធ្លាប់បានទទួលពីមុនមក។ បច្ចុប្បន្ននេះ ខ្ញុំមើលឃើញស្ថាប័នផ្សេងៗក៏ដូចជាក្រសួងពាក់ព័ន្ធមួយចំនួន បាននឹងកំពុងចាប់ផ្តើមបង្វែរបញ្ហានេះទៅជាឱកាសដល់សិស្សានុសិស្ស និស្សិត និងយុវជន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានចំណេះដឹងក្នុងពេលនេះ។
អ៊ីចឹងសិស្សានុសិស្ស និស្សិត និងយុវជនទាំងអស់ក៏គួរតែយកឱកាសនេះដើម្បីបម្លែងទៅជាអ្វីដែលល្អសម្រាប់អភិវឌ្ឍខ្លួនឯងដូចគ្នា៕