ដំណើរផ្សងព្រេងបោះតង់ ប្រៀបបីដូចជាការត្រាច់ចរកំសាន្ត ក្នុងការស្វែងយល់ពីខ្លួនឯង និងអ្នកដទៃ តាមរយៈការបន្សាំខ្លួនទៅនឹងធម្មជាតិ។ប៉ុន្តែធ្វើយ៉ាងណាទើបដំណើរផ្សងព្រេងនេះប្រព្រឹត្តទៅដោយរលូន?
ដំណើរកំសាន្តបោះតង់កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលចូលចិត្តការកំសាន្តបែបផ្សងព្រេងនិងសម្រាកលំហែជាមួយនឹងធម្មជាតិ។ ការធ្វើដំណើរកំសាន្តផ្សងព្រេងបោះតង់ អាចផ្តល់គុណសម្បត្តិជាច្រើនដល់សុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកហើយជាពិសេសអ្នកអាចចូលរួមចំណែកការពារធនធានធម្មជាតិថែមទៀតផង។ប៉ុន្តែដំណើរកំសាន្តបែបផ្សងព្រេងនេះគួរតម្រូវឱ្យមានការរៀបចំទុកជាមដូចគ្នាដើម្បីធានាឱ្យបានថាអ្នកអាចទទួលបានដំណើរកំសាន្តប្រកបដោយភាពរីករាយ និងមានសុវត្ថិភាព។
Focus បានសម្ភាសន៍ជាមួយក្រុមការងារ ដានជើង ដែលជាក្រុមជំនាញក្នុងការបោះតង់និងដើររុករកព្រៃ ដើម្បីចែករំលែកពីបទពិសោធន៍របស់ខ្លួននិងចំណុចសំខាន់ៗដែលអ្នកគួរតែដឹងនិងប្រុងប្រយ័ត្នអំពីដំណើរកំសាន្តប្រភេទនេះ៖
ទីកន្លែងនិងរដូវកាល
ការជ្រើសរើសទីកន្លែងនិងរដូវកាលវាជារឿងសំខាន់ ពីព្រោះសម្រស់ធម្មជាតិ មានការផ្លាស់ប្តូរទៅតាមរដូវកាលរបស់វា។ទីកន្លែងខ្លះមានភាពស្អាតស្រស់បំព្រង តែមួយរយៈពេល ហើយប្រសិនបើអ្នកទៅខុសរដូវកាលនៃទីកន្លែងនោះ អ្នកអាចខកបំណង ខ្ជះខ្ជាយពេលវេលា កម្លាំងកាយ និងប្រាក់កាសជាដើម។
មធ្យោបាយធ្វើដំណើរ
ការជ្រើសរើសមធ្យោបាយធ្វើដំណើរឱ្យបានសមស្រប ដើម្បីទៅដល់គោលដៅរបស់អ្នក គឺជាចំណុចដែលអ្នកត្រូវយកចិត្តទុកដាក់ ពីព្រោះតំបន់អាចខ្លះមិនអំណោយផលសម្រាប់រថយន្ត ឬម៉ូតូឡើយ។ ម្យ៉ាងទៀត អ្នកក៏ត្រូវធ្វើការប្រុងប្រយ័ត្នអំពីសមត្ថភាពយាន្តយន្តរបស់អ្នកដូចគ្នាជៀសវាងការខូចខាតដោយសារស្ថានភាពផ្លូវ និងគ្រោះថ្នាក់នៅពេលធ្វើដំណើរ។ ទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ណាស់ ដើម្បីជួយអ្នកឱ្យទៅដល់គោលដៅ និងមិនមានឧបសគ្គសម្រាប់ខ្លួនឯង និងអ្នករួមដំណើរផងដែរ។
សំភារៈត្រូវរៀបចំ
ទោះបីជាអ្នកមានលទ្ធភាពទិញសម្ភារៈច្រើនទាក់ទង់និងការដើរព្រៃ ឡើងភ្នំ តែមិនប្រាកដថាអ្នកត្រូវតែយកវាទៅទាំងអស់ដែរ។ អ្នកត្រូវដឹងថា តើខ្លួនអ្នកអាចរ៉ាប់រង ក្នុងការស្ពាយសម្ភារៈទាំងនោះបានដែររឺទេ? អ្វីដែលសំខាន់គឺ ត្រូវធ្វើអោយខ្លួនយើង កាន់តែស្រាលកាន់តែល្អ ពីព្រោះដើម្បីកុំអោយបង្កការលំបាកដល់ខ្លួនឯងនិងអ្នករួមដំណើរដទៃទៀត។ ម្យ៉ាងទៀត វាអាចជួយកាត់បន្ថយការនាំយកនូវសំរាមកាកសំណល់ចូលទៅក្នុងតំបន់ធម្មជាតិទាំងអស់នោះដូចគ្នា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកពឹងលើកម្លាំងក្រៅខ្លួន ឬពឹងពាក់អ្នកដទៃពេក នោះអ្នកមិនបានទទួលបទពិសោធន៍ពិតប្រាកដរបស់ដំណើរផ្សងព្រេងនោះទេ។ ហេតុនេះការរៀបចំសម្ភារៈអោយបានសមស្រមទៅនឹងទីកន្លែង និងកម្លាំងរបស់អ្នកជាគន្លឹះសំខាន់។
ស្វែងយល់ពីខ្លួនឯង និងអ្នកជុំវិញខ្លួន
ការដើរព្រៃឡើងភ្នំអាចជារឿងងាយស្រួលក្នុងការនិយាយប៉ុន្តែពេលខ្លះវាមិនដូចក្តីរំពឹងទុករបស់អ្នកទាំងស្រុងនោះទេ។ហេតុនេះមុននឹងសម្រេចចិត្តជ្រើសយកការកំសាន្តប្រភេទនេះ អ្នកគួរតែស្វែងយល់អំពីកត្តាសុខភាព និងភាពអំណត់របស់ខ្លួន ក្នុងការសម្របខ្លួនទៅនឹងធម្មជាតិ និង ឧបសគ្គដែលអាចកើតមានឡើង។
នៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដំណើរកម្សាន្តបែបនេះ នៅតែអាចធ្វើបានដដែលតែអ្វីសំខាន់នោះ គឺគួរមានការប្រុងប្រយ័ត្ននិងការពារខ្លួនឯងខ្ពស់ជាងមុន យល់ល្អគួរតែ ប្រើយានជំនិះខ្លួនឯង និងកាត់បន្ថយការជួបជុំគ្នាច្រើន។ សម្រាប់អ្នកដែលត្រូវចូលរួមដំណើរកម្សាន្តជាមួយ យើងក៏ត្រូវដឹងពីគេអោយបានច្បាស់ដែរ។ជាពិសេសគួរជៀសវាងទៅបោះតង់នៅកន្លែងដែលមានមនុសអ៊ូអរច្រើនហើយបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលដូចជាការរវាស់កំដៅ និងការធ្វើអនាម័យខ្លួនឯងអោយបានល្អ ជាប្រចាំ។
នៅពេលដែលអ្នកធ្វើដំណើរកំសាន្តផ្សងព្រងអ្នកគួរបើកចិត្តឱ្យទូលាយប៉ុន្តែកុំមានក្តីរំពឹងខ្ពស់ពេកចំពោះដំណើរនោះ។ សេចក្តីសុខមួយចំណែកធំ កើតចេញពីកត្តាក្នុងខ្លួន ជាជាងការពឹងលើកត្តាក្រៅខ្លួន៕