ផ្តើមចេញពីការមិនពេញចិត្ត ចំពោះកង្វះការពិភាក្សាអំពីសមភាពយេនឌ័រនៅកម្ពុជា កញ្ញា Catherine Harry សម្រេចចិត្តបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាន តាមរយៈការផលិតមាតិកាលើបណ្តាញសង្គម។
កញ្ញា Catherine Harry គឺជាយុវជនកម្ពុជាម្នាក់ ក្នុងចំណោមអ្នកដែលបង្កើតសំណាងឡើងដោយខ្លួនឯង ដោយខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការបង្ហាញឲ្យយុវជនផ្សេងៗទៀតឃើញថា មនុស្សគ្រប់គ្នាមានសិទ្ធិ ក្នុងការបញ្ចេញសម្លេងរបស់ខ្លួន ហើយសម្លេងរបស់មនុស្សគ្រប់គ្នា អាចបង្កើតឲ្យមានភាពប្រសើរឡើង នៅក្នុងសង្គម។
ចាប់តាំងពី Catherine Harryសិក្សានៅ ថ្នាក់ទី៦ កញ្ញាតែងតែមានអារម្មណ៍ថា មានកង្វះខាតអ្វីម្យ៉ាងនៅ ក្នុងប្រព័ន្ធអប់រំ។ កញ្ញាបានរំឭកដល់ពេលសិក្សាមេរៀនមួយ ដែលនិយាយអំពីដំណើរនៃការផ្លាស់ប្តូររាងកាយ។ ប៉ុន្តែគ្រូរបស់កញ្ញាមិនបានបង្រៀននោះទេ ដោយលើកហេតុផលថាវាជារឿងធម្មតាដែលមនុស្សគួរតែបានស្គាល់ ពីរូបរាងកាយរបស់ពួកគេច្បាស់ហើយ។ រហូតដល់ពេលដែលកញ្ញាចាប់ផ្តើមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលទាក់ទងនឹងសុខភាពបន្តពូជ ជាច្រើនគម្រោងរួចមក ទើបកញ្ញាដឹងថា ខ្លួនគួរចាប់ផ្តើមចែករំលែក និងផ្សព្វផ្សាយពីចំណេះដឹងទាំងនោះ ទៅ កាន់យុវជនខ្មែរយើង ដើម្បីបំពេញចន្លោះប្រហោងនោះ។
កញ្ញា Catherine មានអាយុ២៦ឆ្នាំ ជាអ្នករស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមបង្កើតអនឡាញប្លក់ផ្ទាល់ខ្លួន ដំបូងនៅ ក្នុងឆ្នាំ២០១២ មានឈ្មោះថា A Dose of Cath។ ប៉ុន្តែដោយមើលឃើញពី ចំណង់ចំណូលចិត្តរបស់យុវជន ក្នុងការស្តាប់និងមើលច្រើនជាងការអាន ទើបកញ្ញាផ្លាស់ប្តូរ A Dose of Cath មកជាមាតិការបែបវីដេអូនៅលើហ្វេសប៊ុកក្នុងឆ្នាំ២០១៧។ វេទិកាថ្មីនោះហើយ ដែលធ្វើឱ្យទស្សនិកជនស្គាល់ Catherine កាន់តែច្រើនឡើង ចំពោះការលើកយកប្រធានបទ ទាក់ទងនឹងសុខភាពផ្លូវភេទ និងសមភាពយេនឌ័រមកនិយាយជាសាធារណៈ។
A Dose of Cath – និយាយអំពីភេទ និងយេនឌ័រ ជំនះនឹងផ្នត់គំនិតសង្គម
រំឮកដល់ពេលសម្រេចចិត្តផលិតវីដេអូដំបូង កញ្ញា Catherine បានឱ្យដឹងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ចំពោះមតិយោបល់ពីទស្សនិកជន ព្រោះប្រធានបទដែលកញ្ញានឹងនិយាយ ជាប្រធានបទដែលរសើប និងមិនសូវមានអ្នកហ៊ាននិយាយនៅ ក្នុងសង្គមខ្មែរយើង។
កញ្ញាសង្កេតឃើញថា អំឡុងពេលចាប់ផ្តើមដំបូង មានមនុស្សតិចណាស់ដែលហ៊ាននិយាយពីប្រធានបទទាំងនេះ ព្រោះជារឿយៗពួកគេនឹងត្រូវទទួលរងការរិះគន់ ដើម្បីបំបិតសម្លេង។
ទោះជាយ៉ាងណាក៏ដោយ កញ្ញាលើកឡើងថា ខ្លួនមិនអាចឈរឱបដៃ មើលមនុស្សមួយចំនួន ត្រូវបានគេធ្វើបាប ឬទទួលបានភាពមិនស្មើគ្នា ដោយគ្រាន់តែផ្អែកទៅលើភេទរបស់ពួកគេនោះទេ។ រាល់ពេលដែលកញ្ញាឃើញការរើសអើង និងដោយសារគិតអំពីសារៈសំខាន់នៃចំណេះដឹងចំពោះការអប់រំផ្លូវភេទ និងសមភាពយេនឌ័រក្នុងសង្គម បានជំរុញឱ្យកញ្ញាព្យាយាមរកនឹក នូវគំនិតថ្មីៗ សម្រាប់ការផលិតវីដេអូអប់រំ របស់កញ្ញា។
Catherine គិតថាការលើកទឹកចិត្តឲ្យមានការពិភាក្សាអំពីប្រធានបទដែរត្រូវបានមនុស្សភាគច្រើនគិតជាប្រធាន បទរសើបឬមិនល្អក្នុងការនិយាយសម្រាប់មនុស្សស្រី គឺជាវិធីតែមួយដែលអាចផ្តល់សិទ្ធិអំណាចដល់ស្រ្តីនិងលើក កម្ពស់សិទ្ធិស្មើគ្នា។
តាមរយៈការងារកន្លងមកជាមួយA Dose of Cath កញ្ញាកំពុងតែបង្ហាញនូវឧទាហរណ៍ថា មនុស្សគ្រប់គ្នាមានសិទ្ធិក្នុងការបញ្ចេញសម្លេង ហើយវាពិតជាសំខាន់ក្នុងការនិយាយ ឬ បញ្ចេញមតិយោបល់ ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ។
ប្រែក្លាយកំហឹងទៅជាការជម្រុញចិត្ត
វីដេអូផលិតដំបូងរបស់កញ្ញា គឺជាប្រធានបទអំពីព្រហ្មចារីយ៍ ។ Catherine បន្ថែមថា នេះជាវីដេអូទីមួយ ដែលមានការចូលរួមបញ្ចេញយោបល់ច្រើនពីអ្នកទស្សនា ហើយក៏ជាវីដេអូទីមួយដែលកញ្ញារងការរិះគន់ ជាច្រើនផងដែរ។
«ដោយសារតែពួកគាត់នៅពីក្រោយអេក្រង់ទូរស័ព្ទ ទើបពួកគាត់និយាយដោយមិនបានគិតពីការប៉ះពាល់ទៅ លើអារម្មណ៍របស់អ្នកម្ខាងទៀត» កញ្ញាបានបញ្ជក់។
កញ្ញាដឹងច្បាស់ថា គោលបំណងនៃការរិះគន់បែបជាន់ពន្លេចទាំងនោះ គឺមានគោលបំណង ក្នុងការបញ្ឈប់កញ្ញាពីការនិយាយ ដោយសារមនុស្សមួយចំនួនគិតថា វាជារឿងមិនល្អ និងគួរឲ្យខ្មាស់អៀន ក្នុងការនិយាយអំពីប្រធានបទទាំងនោះ ជាសាធារណៈបែបនេះ។ ប៉ុន្តែការរិះគន់ទាំងនោះ មិនបានបញ្ឈប់ Catherine ពីការផលិតមាតិកាទាំងនោះទេ។
កញ្ញា Catherine បន្ថែមថា កម្លាំងចិត្តរបស់ខ្លួនកើតឡើង ចេញពីភាពមិនពេញចិត្តចំពោះ វប្បធម៌បន្ទោសជនរងគ្រោះពីការរំលោភ ដោយសារស្លៀកពាក់របស់ពួកគេ។ កំហឹងទាំងនេះ ត្រូវបាន Catherine ប្រើប្រាស់ជាកាតាលីករ ក្នុងការជម្រុញចិត្តបន្តការផលិតវីដេអូបន្តទៀត។
«មនុស្សជាច្រើនគិតថាកំហឹងជាអារម្មណ៍មួយដែលអវិជ្ជមាន តែសម្រាប់ខ្ញុំកំហឹងក៏ជាអារម្មណ៍មួយជំរុញ ទឹកចិត្តខ្ញុំទៅ វិញ។» Catherine បានលើកឡើង។
ត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកសំណាង
គ្រប់គ្នាមិនអាចដឹងមុននោះទេថា សំណាងនឹងមកដល់នៅ ពេលណា ព្រោះសំណាងជារឿងមួយដែលមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែសម្រាប់កញ្ញា Catherine ជឿថា រឿងមួយដែលខ្លួនអាចគ្រប់គ្រងបាននោះ គឺការខិតខំប្រឹងប្រែង និងត្រៀមខ្លួនបានរួចរាល់។ ដូច្នេះ នៅពេលដែលឱកាសមកដល់ កញ្ញាអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាប់វាបាន។
សព្វថ្ងៃក្រៅពីការផលិតវីដេអូអប់រំ Catherine ធ្វើជាអ្នកយកការណ៍ព័ត៌មាន និងអ្នកបកប្រែឯករាជ្យ។ ការខិតខំទាំងនេះ បានធ្វើអោយស្ថាប័នជាច្រើនចាប់ផ្តើមកត់សម្គាល់ ពីការងាររបស់កញ្ញា។ កញ្ញា ក៏ទទួលបានការអញ្ជើញចូលរួមជាវាគ្មិន និយាយទាក់ទងនឹងប្រធានបទមួយចំនួនដូចជា សមភាពយេនឌ័រ និងសុខភាពបន្តពូជរបស់ស្រ្តីផងដែរ។
ថ្មីៗនេះCatherine បានក្លាយជាគ្រូបង្វឹកនៅ ក្នុងកម្មវិធី«ជំនាន់ថ្មី»របស់អង្គការយូនីសេហ្វ ដែលមានគោលបំណងឲ្យយុវជនកម្ពុជាទាំងអស់ ចាប់ផ្តើមប្រើប្រាស់សក្កានុពលរបស់ពួកគេ ដើម្បីបង្កើតសមិទ្ធិផលកើតឡើង។
«រាល់ឱកាសទាំងអស់ប្រៀបបានដូចជាសំណាង ប៉ុន្តែបើយើងមិនបានខិតខំប្រឹងប្រែងដុសខាត់ ឬពង្រឹងសមត្ថភាពខ្លួនក្នុងការចាប់យកសំណាងនោះទេ យើងនៅតែមិនអាចទទួលបានវាដូច្នោះឯង។»
Catherine Harry – ស្ថាបនិក A Dose of Cath
ក្តីសង្ឃឹមសម្រាប់ចលនាស្ត្រីនិយម
សម្រាប់ពេលអនាគត Catherine មានគម្រោងក្នុងការនាំយក A Dose of Cath ទៅ ផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត។ សព្វថ្ងៃកញ្ញាកំពុងតស៊ូមតិយ៉ាងសកម្ម សម្រាប់ប្រធានបទទាំងនេះនៅលើ Tik Tok ជាកន្លែងដែលយុវជនកម្ពុជា ជាច្រើនចំណាយពេលទស្សនាវីដេអូខ្លីៗ ស្ទើរតែរាល់ថ្ងៃ។
បន្ថែមពីនេះទៀត កញ្ញាសង្ឍឹមថា តួនាទីរបស់ A Dose of Cath នឹងលើសពីការផលិតមាតិកានៅ ក្នុងបណ្តាញសង្គម ឱ្យក្លាយជាចលនាស្រ្តីក្នុងការផ្លាស់ប្តូរ និងទាមទារសិទ្ធិស្មើគ្នា។
បន្ទាប់ពីបានធ្វើការនៅក្នុងវិស័យនេះជាង១០ឆ្នាំកន្លងមក Catherine សង្កេតឃើញថា មានការផ្លាស់ប្តូរច្រើន ចំពោះការពិភាក្សានៅ ក្នុងសង្គមខ្មែរយើង។ យុវវ័យជាច្រើន ជាពិសេសស្ត្រី បានចាប់ផ្តើមហ៊ាននិយាយ អំពីប្រធានបទទាក់ទងសុខភាពផ្លូវភេទ និងការបន្តពូជ ក៏ដូចជាមានការបង្កើតសិក្ខាសាលា ទំព័រហ្វេសប៊ុក និងវីដេអូអប់រំច្រើនជាងមុន។
កញ្ញារំពឹងថា យុវជនទាំងអស់គ្នា នឹងមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ ទៅលើសកម្មភាព ឬប្រធានបទណាដែលខ្លួនមិនពេញចិត្ត ព្រោះយើងគ្រប់គ្នាមានទំនួលខុសត្រូវ ក្នុងការផ្លាស់ប្តូរនូវអ្វីដែលយើងចង់ឃើញ។
«ភាពក្លាហានជារឿងដែលយើងអាចបណ្តុះបាន ហើយសម្លេងអ្នកគ្រប់គ្នាគឺសំខាន់។ ទាល់តែមានការចូលរួមពី អ្នកទាំងអស់គ្នាទើបមានការផ្លាស់ប្តូរ» Catherine លើកឡើង៕
កំនត់សម្គាល់៖ នេះគឺជាកម្រងអត្ថបទជាមួយដៃគូផ្សព្វផ្សាយ KampumEra ដែលរាយការណ៍អំពីរឿងរ៉ាវរបស់យុវជនខ្មែរវ័យក្មេងដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង៕