សម្រាប់ហ្វូងសត្វដំរីព្រៃ ក្នុងប្រទេសវៀតណាម ភាពតានតឹងជាមួយកសិករ កំពុងបន្តធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវការគំរាមកំហែងដែលកំពុងតែមានស្រាប់ ដែលជាស្ថានភាពនៅទូទាំងអាស៊ីអាគ្នេយ៍
ស្នាមជើងសត្វដ៏ធំៗបានបន្សល់លើបេតុងដែលប្រេះបែកនៅតាមផ្លូវចូលទៅស្ថានីយអនុរក្សព្រៃឈើ ដែលរងការខូចខាតមួយកន្លែង ក្នុងឧទ្យានជាតិពូម៉ាត (Pu Mat) នាប្រទេសវៀតណាម។ បុគ្គលិកឧទ្យាននិយាយថា ដំរីអាស៊ី [ជាដំរីព្រៃ] ដែលបានបន្សល់ទុកដានជើងនេះ មានភាពរួសរាយរាក់ទាក់ គឺដោយសារតែវាមានជីវិតឯកោ។
ដោយសារតែការបែកចេញពីហ្វូងដំរីព្រៃដែលនៅសេសសល់ក្នុងប្រទេស ហើយទោះបីជាចង់ឬមិនចង់ យក្សទោលមួយនេះ ត្រូវតែបង្ខំចិត្តធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅស្នាក់ការរបស់ឧទ្យានុរក្ស។ ឧទ្យាននុរក្សបាននិយាយថា ដំរីញីអាយុ ២៩ ឆ្នាំនេះ បានរស់នៅម្នាក់ឯង ចាប់តាំងពីមេរបស់វា បានស្លាប់ចោលជាងមួយទសវត្សរ៍មុន។ វត្តមានរបស់ដំរីនេះ គឺមិនពិបាករកនោះទេ ដោយមានតាំងពី ដានជើងធំៗបន្សល់ជារណ្តៅដីរបងដែលកោងដោយសារវាធ្លាប់រុញលេង និងផ្លាកសញ្ញានានាដែលបាក់បែកដោយសាររបស់ប្រមោយរបស់វា។
លោក Nguyen Cong Thanh ឧទ្យាននុរក្សនៅឧទ្យានជាតិពូម៉ាត (Pu Mat) ក្នុងខេត្តង៉ឺ អាន (Nghe An) ភាគពាយ័ព្យនៃប្រទេសវៀតណាម បានចង្អុលទៅកាន់ស្នាមបាក់បែកទាំងនោះ ដោយបាននិយាយថា៖ «ជាធម្មតាដំរីមួយក្បាលហ្នឹង មកលេងនៅកន្លែងនេះ»។ គាត់បានបន្ថែមថា ហ្វូងដំរីព្រៃមានចំនួនប្រហែលជា ១៥ ក្បាល ដែលកំពុងរស់នៅផ្តុំគ្នាក្នុងព្រៃជ្រៅៗនៃឧទ្យាននេះ គឺមិនសូវមានភាពរួសរាយរាក់ទាក់បែបនេះទេ។
ដំរីព្រៃប្រហែល ១០០ ក្បាល ត្រូវបានប៉ាន់ប្រមាណថា អាចកំពុងរស់រានមានជីវិតនៅក្នុងប្រទេសវៀតណាម និងបែងចែកជា ២២ ហ្វូងនៅទូទាំងប្រទេស។ ដំរីទាំងនេះជាហ្វូងដែលនៅសេសសល់ចុងក្រោយ នៃអម្បូរសត្វដំរីអាសុីប្រមាណ ១០០ ០០០ ក្បាលកាលពីមុន ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន រួមមានទាំងការយាយីពីមនុស្ស ដែលធ្វើឱ្យការបាត់បង់ទីជម្រកកាន់តែច្រើនទៅៗ។
ត្រឹមតំរូវការអាហារតែមួយពេល សត្វដំរីព្រៃមួយហ្វូង អាចបំផ្លាញជីវភាពកសិករបាន ដោយការសុីដើមឈើហូបផ្លែ ពោត ស្រូវ និងកសិផលផ្សេងៗទៀត។ ហើយនៅពេលដែលហ្វូងសត្វដំរីព្រៃដែលនៅសេសសល់ក្នុងប្រទេសវៀតណាម មានប្រាស្រ័យទាក់ទងជាមួយមនុស្ស លទ្ធផលគឺច្រើនតែមិនល្អ ហើយពេលខ្លះក៏បង្កមហន្តរាយដល់អាយុជីវិតសត្វ។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅក្នុងឧទ្យានជាតិពូម៉ាត មានដំរីពីរក្បាលត្រូវបានគេសង្ស័យថា ស្លាប់ដោយសារការដាក់ថ្នាំពុល។ នេះបើតាមអ្នកអភិរក្សម្នាក់ក្នុងប្រទេសវៀតណាម ដែលសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចមានការប៉ះពាល់ជាមួយជាមួយរដ្ឋាភិបាល។
ដោយសារតែចំនួនសត្វដំរីរបស់វៀតណាម កំពុងតែតិចស្រាប់ផង ហេតុការណ៍នីមួយៗនៃជម្លោះ បានបន្តគំរាមកំហែងដល់ការរស់រាននៃសត្វប្រភេទនេះ នៅក្នុងប្រទេសវៀតណាម។
ដំរីនៅវៀតណាមស្ថិតក្រោមសភាពគ្រោះថ្នាក់
សត្វដំរីអាស៊ីត្រូវបានចុះបញ្ជីថា ជាសត្វជិតផុតពូជនៅក្នុងសៀវភៅសត្វក្រហមនៅប្រទេសវៀតណាមក្រោមប្រភេទសត្វកម្រ កំពុងរងគ្រោះថ្នាក់ និងជិតផុតពូជ ខណៈដែលបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ឬ IUCN បានចាត់ពួកវាថា ជាប្រភេទដែលជិតផុតពូជនៅកម្រិតពិភពលោក។
ចំនួនសត្វដំរីព្រៃរបស់វៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ព្រៃឈើដ៏ធំសម្បើមត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាមវៀតណាមរយៈពេល ២០ឆ្នាំ ហើយជម្រករបស់សត្វ បានបន្តធ្លាក់ចុះ ខណៈដែលប្រទេសនេះបានអភិវឌ្ឍ។
យោងតាមរដ្ឋបាលព្រៃឈើវៀតណាម បានឱ្យដឹងថា ការប្រមាញ់ភ្លុកដំរី ពាណិជ្ជកម្មស្បែកដំរី សកម្មភាពចាប់ដំរីពីព្រៃសម្រាប់ប្រើប្រាស់ក្នុងការកាប់ឈើ និងក្នុងវិស័យទេសចរណ៍ បានធ្វើអោយចំនួនសត្វដំរីព្រៃរបស់វៀតណាមបានធ្លាក់ចុះពីប្រមាណ ២០០០ក្បាល ក្នុងឆ្នាំ ១៩៨០ មកនៅចន្លោះពី ៩១ ទៅ ១២៩ នៅឆ្នាំ ២០២២។
លោកស្រី Ly បាននិយាយថា៖ «ក្នុងចំណោមប្រទេសអាស៊ីទាំង ១៣ [ដែលមានចំនួនសត្វដំរីព្រៃ] វៀតណាមគឺជាប្រទេសដែលមានដំរីព្រៃតិចតួចបំផុតដែលនៅសល់។ យើងត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីជួយដល់សត្វដំរី»។
ហ្វូងសត្វដំំរីព្រៃប៉ុន្មានក្បាលនេះ កំពុងតែរស់នៅតំបន់មួយចំនួនក្នុងប្រទេសវៀតណាម ដែលនៅក្បែរព្រំដែនប្រទេសវៀតណាមជាមួយ កម្ពុជា និងឡាវ។ ក្នុងចំណោមតំបន់ទាំងនោះ មានឧទ្យានចំនួនបីដែលមានហ្វូងសត្វដំរីរស់នៅច្រើនជាងគេ គឺឧទ្យានជាតិ កាត់តៀន(Cat Tien) ពូម៉ាត (Pu Mat) និងយ៉ុកដូន (Yok Don)។ ឧទ្យានជាតិកាតតៀន និងពូម៉ាត គឺជាជម្រកសត្វដំរីតិចជាង ២០ក្បាល ខណៈដែលចន្លោះពី ២៨ ទៅ ៦០ក្បាល ត្រូវបានគេប៉ាន់ស្មានថា រស់នៅក្នុងឧទ្យានជាតិយ៉ុកដូន។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលព្រៃឈើវៀតណាម។
ដំរីព្រៃនៅសេសសល់របស់ប្រទេសនេះ គឺនៅរាយប៉ាយពាសពេញខេត្តចំនួនប្រាំបួន ដោយក្នុងនោះខេត្តចំនួន ៤ រាប់មានត្រឹមតែដំរីព្រៃតែមួយក្បាលប៉ុណ្ណោះ។
ផែនការថ្នាក់ជាតិដើម្បីសង្គ្រោះដំរី
បច្ចុប្បន្នប្រទេសវៀតណាមកំពុងរៀបចំផែនការសកម្មភាពជាតិស្តីពីការអភិរក្សដំរី ដើម្បីការពារហ្វូងដំរីព្រៃ ដែលនៅសេសសល់ក្នុងប្រទេសរបស់ខ្លួន។ កម្មវិធីនេះនឹងចាប់ដំណើរការពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣២ ហើយនឹងកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
អ្នកស្រី Mai Nguyen នាយកគ្រប់គ្រងកម្មវិធីសត្វព្រៃនៃអង្គការមនុស្សធម៌អន្តរជាតិ ឬ Humane Society International (HSI) ដែលធ្វើការទាក់ទងទៅនឹងសុខុមាលភាលសត្វ និងការអភិរក្ស បាននិយាយថា ក្រុមនេះកំពុងលើកទឹកចិត្តអាជ្ញាធរឱ្យស្វែងរក «អន្តរាគមន៍ដ៏សមស្រប» ដើម្បីកាត់បន្ថយជម្លោះរវាងសត្វដំរី និងសហគមន៍ក្នុងតំបន់។
អ្នកស្រី Nguyen បាននិយាយថា អង្គការរបស់អ្នកស្រីកំពុងដឹកនាំលើការសរសេរផែនការព្រាង ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការលើកទឹកចិត្តដល់អាជ្ញាធរក្នុងការស្វែងរក «អន្តរាគមន៍ដ៏សមស្រប» ដើម្បីកាត់បន្ថយជម្លោះរវាងសត្វដំរី និងសហគមន៍មូលដ្ឋាន។
អ្នកស្រីបានបន្ថែម៖ «ដើម្បីដោះស្រាយបញ្ហានេះមិនមែនជារឿងងាយស្រួលទេ ហើយវាត្រូវការពេលវេលា។ យើងត្រូវតែជាសំឡេងដែលតំណាងឱ្យដំរី។ ជម្លោះគឺមានលក្ខណៈខុសៗគ្នា និងស្មុគស្មាញខ្លាំងណាស់»។
ប៉ុន្តែផែនការនេះប្រៀបដូចចំនួនដំរីព្រៃដែលនៅសេសសល់យ៉ាងអញ្ចឹង។ មានន័យថាពេលវេលាកំពុងតែជិតអស់ហើយ។
ការវាយបក និងការផ្សះផ្សា
កសិករដែលរស់នៅជិតសត្វដំរី ហាក់ដូចជាស៉ាំទៅសត្វដំរីដែលមកជិតដំណាំរបស់ពួកគាត់។ ខណៈដែលកសិករជាច្រើននាំគ្នាគោះឆ្នាំង ចាំងភ្លើងពិល និងដុតផាវដើម្បីបង្អើលពួកវា ហើយ អ្នកខ្លះក៏បានប្រើមធ្យោបាយហិង្សាថែមទៀត។
អ្នកស្រុកនៅតំបន់កាតតៀន បានរៀបរាប់ប្រាប់អ្នកអភិរក្សអំពីហេតុការណ៍កាលពីប្រហែលជា ៤ ឬ ៥ ឆ្នាំមុនថា ពួកគេបានយកដបប្រេងសាំង ដែលមានចន្លុះភ្លើងនៅនឹងមាត់ដប មកគប់ដំរីឈ្មោលមួយក្បាលក្នុងបំណងដុតវា ដើម្បីកុំឱ្យសត្វដំរីនោះមកក្បែរទៀត។
ក្រុមអ្នកអភិរក្សបានសង្ឃឹមថា «របងការពារជីវសាស្រ្ត» ដូចជាប្រអប់ចិញ្ចឹមឃ្មុំ និងដើមម្ទេស អាចត្រូវបានគេប្រើប្រាស់ ដើម្បីបញ្ឈប់សត្វដំរីពីការស៊ីដំណាំ ប៉ុន្តែវិធីទាំងនេះ ហាក់មិនមានប្រសិទ្ធភាពទេ។
ដំណោះស្រាយដ៏មានសក្តានុពលមួយទៀត ដែលអ្នកខ្លះកំពុងជំរុញឱ្យបញ្ចូលទៅក្នុងផែនការអភិរក្ស គឺជាកម្មវិធីផ្ដល់សំណងទូទាំងប្រទេស សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានបំផ្លាញដោយដំរី។ ទោះបីជាមានកម្មវិធីផ្ដល់សំណងដែលមានស្រាប់មួយចំនួននៅតាមថ្នាក់មូលដ្ឋានក៏ដោយ ក៏យន្តការនៅទូទាំងប្រទេសនៅមិនទាន់មានដែរ។
លោក Thong Pham នាយកគ្រប់គ្រងការស្រាវជ្រាវនៅអង្គការសង្គ្រោះសត្វព្រៃវៀតណាម (Save Vietnam's Wildlife) បាននិយាយថា៖ «យើងសង្ឃឹមថា សំណងមួយចំនួនសម្រាប់ប្រជាជនក្នុងតំបន់ អាចដោះស្រាយជម្លោះ ហើយក៏សង្ឃឹមថាយើងអាចការពារសត្វដំរីបាន»។
ការស្វែងរកយុទ្ធសាស្ត្រដ៏ត្រឹមត្រូវដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាបែបនេះ គឺជាការងារដែលកំពុងដំណើរការ។
នៅចុងខែឧសភា ឆ្នាំ២០២៣ លោកស្រី Ly បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការបន្ធូរបន្ថយជម្លោះមនុស្ស និងសត្វដំរី ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងសមាជិកក្រុមប្រតិកម្មរហ័សរបស់សហគមន៍ ដែលមានធ្វើឡើងនៅមិនឆ្ងាយពីឧទ្យានជាតិ ពូម៉ាត់ ប៉ុន្មានទេ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអង្គភាពមិនរកប្រាក់ចំណេញគឺ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ឬ Fauna & Flora International (FFI) ដែលផ្តល់ការគាំទ្រ ដល់ក្រុមឆ្លើយតបរហ័សរបស់សហគមន៍។
លោក Dang Dinh Lam បាននិយាយថា ចម្ការកៅស៊ូ និងចំការព្រៃដុត នៅក្បែរឧទ្យានជាតិពូម៉ាត បានធ្វើអោយជម្រកសត្វដំរីរួមតូច ដូច្នេះហើយលទ្ធភាពទទួលបានអាហារនៅជុំវិញតំបន់នោះរបស់ដំរី ក៏ថយចុះទៅតាមហ្នឹងដែរ។
លោកបាននិយាយថា៖ «ជម្លោះមានពីរភាគី។ ដំរីខ្វះទីជម្រក ហើយដោយសារវាតែបំផ្លាញដំណាំ និងទ្រព្យសម្បត្តិ ម្ល៉ោះហើយមនុស្សមិនចូលចិត្តវាទេ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាល និងប្រជាជននឹងមានការទទួលខុសត្រូវបន្ថែមទៀត ក្នុងការការពារសត្វដំរី»។
វិស្វករព្រៃឈើ
នាម្ខាងទៀតនៃប្រទេស រឿងស្រដៀងគ្នានេះកើតមាននៅក្នុង និងជុំវិញឧទ្យានជាតិយ៉ុកដូន ដែលមានទំហំប្រមាណ ១១៥ ០០០ហិចតា នៅភាគខាងត្បូងប្រទេសវៀតណាម។
ខណះពេលកំពុងបើករ៉ឺម៉កដែលដើរដោយថាមពលអគ្គីសនីក្នុងឧទ្យានជាតិយ៉ុកដូន ដែលមានផ្ទៃដីប្រមាណ ១១៥ ០០០ ហិចតា ក្នុងតំបន់ខ្ពង់រាបកណ្ដាលដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម លោក Quynh Pham បាននិយាយថា៖ «កាលខ្ញុំនៅក្មេង ខ្ញុំអាចមើលឃើញសត្វដំរីគ្រប់ទីកន្លែង»។
គិតត្រឹមឆ្នាំមុន តំបន់នេះក៏ជាជម្រករបស់ដំរីស្រុក ឬដំរីដែលគេចាប់មកចិញ្ចឹមចំនួន ៣៧ ក្បាលបន្ថែមទៀត។ លោក Pham គឺជាអ្នកគ្រប់គ្រងទេសចរណ៍អហិង្សាលើដំរីម្នាក់នៅអេនីម៉ល អេស៊ា (Animals Asia) ដែលជាអង្គការមិនរកប្រាក់កម្រៃ ដែលធ្វើការនៅក្នុងប្រទេសវៀតណាម និងប្រទេសចិន ដើម្បីកែលម្អសុខុមាលភាពរបស់សត្វព្រៃ ដែលគេយកមកថែទាំ។ គាត់មើលថែដំរី ១០ ក្បាល នៅក្នុងឧទ្យានដែលពីមុនធ្លាប់ត្រូវគេប្រើប្រាស់សម្រាប់ជិះកម្សាន្ត។
ប៉ុន្តែនៅពេលដែលឧទ្យាននេះកាន់តែក្លាយទៅជាគំរូទេសចរណ៍ដំរីប្រកបដោយអហិង្សា ពេលនេះសត្វដំរីអាចដើរលេងដោយសេរីនៅក្នុងឧទ្យាននៅពេលថ្ងៃ ដោយមានហ្មដំរី ធ្វើដំណើរជាមួយពួកវាដើម្បីធានាសុវត្ថិភាព។ នាពេលយប់ ពួកវាត្រូវបានគេចងទុកជាមួយច្រវ៉ាក់វែងនៅក្នុងឧទ្យាន។ ភ្ញៀវទេសចរអាចមើលសត្វស៊ីស្មៅ ងូតទឹក និងរនាលភក់ពីចម្ងាយដោយសុវត្ថិភាព។
ខណៈពេលដែលនៅឆ្ងាយពីយុវជនរាប់រយនាក់ ដឹកនាំដោយលោក Pham ដំរីចំនួន ១០ ក្បាល ដែលចូលនិវត្តន៍
[ពីការជិះកំសាន្តរបស់ភ្ញៀវទេសចរ] ឥឡូវនេះអាចដើរតួនាទីធម្មជាតិដ៏សំខាន់របស់ពួកគេ នៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
ដំរីញីពីរក្បាលបានស៊ីឬស្សី ហើយឈ្មុលតាមព្រៃក្រាស់ៗ ដែលជាផ្លូវមួយនៅឆ្ងាយពីកន្លែងជិះដំរី កាលពីមុន។ ដំរីព្រៃអាស៊ីធ្វើសកម្មភាពនេះរយៈពេល ១៨ ម៉ោងក្នុងមួយថ្ងៃ ដោយធ្វើឱ្យផ្លែផ្ការុក្ខជាតិរាយប៉ាយ ហើយកន្លែងដែលដំរីធ្លាប់បានដើរនេះ បានបង្កើតចេញផ្លូវព្រៃថ្មីសម្រាប់ប្រភេទសត្វតូចៗ។
ព្រៃឈើនៅទូទាំងអាស៊ីកាន់តែមានសភាពយ៉ាប់យ៉ឺន ដោយសារតែការបាត់បង់ «វិស្វករប្រព័ន្ធអេកូឡូស៊ី» ទាំងនេះ ប៉ុន្តែគំរូថែទាំដំរីបែបកូនកាត់នៅយ៉ុកដូន រវាងសត្វដំរីព្រៃ និងសត្វដំរីស្រុក ដែលត្រូវបានសង្គ្រោះ អាចនឹងបំពេញនូវតម្រូវការពិសេសនេះបាន។
លោកស្រី Ly ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍បាននិយាយថា ដើម្បីឲ្យសត្វដំរីរក្សាតួនាទីជាវិស្វករក្នុងប្រព័ន្ធអេកូឡូស៊ី នៅក្នុងព្រៃវៀតណាម រដ្ឋាភិបាលរបស់ប្រទេសនេះត្រូវតែខិតខំស្តារ និងតភ្ជាប់ជម្រករបស់ពួកគេឡើងវិញ។ ខណៈពេលដែលខ្លួនធ្លាប់តែអាចដើរក្នុងព្រៃបានយ៉ាងសេរី ដោយឆ្លងពីមួយកន្លែង ទៅមួយកន្លែងទៀត នៅក្នុងប្រទេសវៀតណាម ការកាប់បំផ្លាញព្រៃឈើ ឬកត្តាមនុស្ស បានបង្អាក់នូវដំណើរធម្មជាតិរបស់សត្វដំរី។ ហេតុដូច្នេះវាស្ទើរតែមិនអាចទៅរួចនោះទេ សម្រាប់ហ្វូងសត្វផ្សេងៗក្នុងការទំនាក់ទំនងគ្នា និងបង្កាត់ពូជនាសព្វថ្ងៃនេះ។
លោកស្រី Ly បានបន្តថា ជាទូទៅការបាត់បង់ទីជម្រកបានធ្វើឲ្យជម្លោះជាមួយមនុស្សប្រែក្លាយជា «ទម្លាប់»។
លោកស្រី Ly បាននិយាយថា៖ «ដោយសារតែជម្លោះរវាងមនុស្ស និងសត្វដំរី ជុំវិញធនធានធម្មជាតិរួម ដែលនៅសេសសល់តិចតួច លទ្ធផលមិនល្អកើតឡើង។ ការប្រឈមមុខដាក់គ្នារវាងមនុស្ស និងសត្វដំរី កាន់តែខ្លាំងក្លាឡើង»។
ស្ថានភាពស្រដៀងគ្នារាលដាលដល់ប្រទេសជិតខាង
ការធ្លាក់ចុះនៃសត្វដំរីនៅប្រទេសវៀតណាម បានឆ្លុះបញ្ចាំងអំពីប្រទេសជិតខាង។
ចំនួនសត្វដំរីព្រៃអាស៊ីទាំងប្រទេសឡាវ និងកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាងមួយពាន់ក្បាល។ នៅក្នុងប្រទេសចិន ដំរីព្រៃប្រហែល ៣០០ ក្បាល ត្រូវបានគេជឿថានៅរស់រានមានជីវិត ដែលកាលពីមុនធ្លាប់តែមានចំនួនច្រើន ឥឡូវនេះមាននៅតែក្នុងទឹកដីនៃខេត្តយូណាន នាភាគនិរតីប៉ុណ្ណោះ។
បញ្ហាធនធានធម្មជាតិ គឺជាកង្វល់ដ៏ធំសម្រាប់ហ្វូងសត្វព្រៃដែលនៅសេសសល់របស់ចិន។ នៅឆ្នាំ ២០២១ ដំរីចំនួន ១៤ ក្បាល ដែលជាធម្មតារស់នៅក្នុងតំបន់អភិរក្សធម្មជាតិក្នុងតំបន់ស្វ័យតតហ្ស៉ីហ្សួងបានណា (Xishuangbanna) នៃខេត្តយូណាន បានចាប់ផ្តើមផ្លាស់ទីទៅភាគខាងជើង។ ក្នុងដំណើរអស់ជាច្រើនខែ ដំរីបានបំផ្លាញទ្រព្យសម្បត្តិ ដែលក្លាយជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ ក្នុងការស្វែងរកតុល្យភាពរវាងការអភិរក្សសត្វដំរី និងការការពារលំនៅដ្ឋាន ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សចំនួន ១៥០ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្លូវដំរី ដើម្បីបញ្ចៀសឧប្បត្តិហេតុដែលអាចមានគ្រោះថ្នាក់ ហើយរដ្ឋាភិបាលបានបង់សំណងការខូចខាតទ្រព្យសម្បត្តិសរុប ៧៧០ ០០០ដុល្លារ។
វិធានការបែបនេះ ទោះជាអនុវត្តយ៉ាងទូលំទូលាយក៏ដោយ ក៏នៅតែមិនអាចដោះស្រាយបញ្ហាទាក់ទងនឹងការប្រើប្រាស់ដីនាពេលបច្ចុប្បន្ន ដែលគំរាមកំហែងដល់សត្វដំរីបានទេ។ យ៉ាងណាក្តី វាក៏មិនច្បាស់ដែរថា តើផែនការអភិរក្សដំរី ដែលមិនទាន់សម្រេចរបស់វៀតណាមនឹងមានឥទ្ធិពលយ៉ាងណាចំពោះស្ថានភាពដូចជានៅក្នុងខេត្តយូណាន ឬមួយក៏វាអាចដោះស្រាយបាន ប្រសិនបើមានការផ្តល់សំណងដល់ម្ចាស់ទ្រព្យដែលទទួលរងផលប៉ះពាល់ពីសត្វដំរី។
ត្រឹមតែប៉ុន្មានជំហានពីកន្លែងដែលដំរីញីមួយក្បាល របស់ឧទ្យានពូម៉ាត បង្ហាញខ្លួនជាញឹកញាប់ លោកស្រី Cao Thi Ly គូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារទីជម្រក ប្រសិនបើមានឱកាសណាមួយ ក្នុងការជួយសង្គ្រោះដំរីចុងក្រោយរបស់វៀតណាម។
លោកស្រីបានបន្តថា៖ «វៀតណាមជាប្រទេសទន់ខ្សោយបំផុតក្នុងការអភិរក្សសត្វដំរី។ យើងមានឱកាសក្នុងការជួយសត្វដំរី ដើម្បីបន្តបង្កើនចំនួនរបស់វានៅពេលអនាគត ប៉ុន្តែយើងត្រូវតែការកសាងព្រៃឡើងវិញ» [ជាមុនសិន]។
អត្ថបទនេះត្រូវបានផលិតឡើងដោយសហការជាមួយ China Dialogue និង The Third Pole ។
រាយការណ៍បន្ថែមដោយ Nguyen Hao Thanh Thao។