លោក អ៊ុក វណ្ណដេ គឺជាបុគ្គលម្នាក់ដែលអនុវត្តការកាត់បន្ថយសំរាមពីជីវិតប្រចាំថ្ងៃរបស់ខ្លួន ហើយលោកផ្ទាល់មានចិត្តចង់បញ្ចេញសាររបស់ខ្លួន ទៅសាធារណជនក្នុងការកាត់បន្ថយសំរាម តាមរយៈគំរូរបស់សាលាដូងគិរីរម្យ។ សាលាដូងគិរីរម្យ ប្រើប្រាស់សំរាមកែច្នៃមកជាគ្រឿងលម្អតុបតែងបន្ទប់រៀន បណ្ណាល័យ និងទីធ្លាសាលាទាំងមូល។ លោក វណ្ណដេ មានទិសដៅមួយថា ទៅថ្ងៃអនាគត សំឡេងរបស់លោកនឹងទៅដល់ពិភពលោកទាំងមូល និងជាពិសេសមេដឹកនាំប្រទេសមហាអំណាចនានា ឱ្យពួកគេទទួលខុសត្រូវជាងនេះ ជុំវិញគោលនយោបាយគាំពារបរិស្ថានផែនដីរបស់យើង ដើម្បីអនាគតរបស់មនុស្សជាតិទាំងមូល។

លោក អ៊ុក វណ្ណដេ ជាស្ថាបនិកសាលាដូងគិរីរម្យ និងត្រូវបានសាធារណជនស្គាល់ក្រោមរហ័សនាមថា «អ្នកចម្បាំងសំរាម»។ ចាប់តាំងពីចុងឆ្នាំ ២០១៤ លោកវណ្ណដេ បានលាលែងការងារពីសណ្ឋាគារមួយ ហើយមកកែច្នៃសំរាម និងអប់រំកុមារតូចពីការកែច្នៃសំរាម និងផលប៉ះពាល់របស់វាទៅដល់បរិស្ថាន។
ដោយចំណាយពេលជាង ២ ឆ្នាំក្នុងការប្រមូលសំរាមដូចជាសម្បកដប កំប៉ុង សម្បកកង់ឡានចាស់ៗជាដើម នៅឆ្នាំ ២០១៧ សាលាដូងគិរីរម្យ បានលេចចេញរូបរាងឡើងដោយការសាងសង់ ដោយប្រើសំរាមកែច្នៃទាំងនោះមកតុបតែងទាំងក្នុងសាលា និងក្នុងទីធ្លាផងដែរ។ សាលាដូងជាសាលាតែមួយគត់នៅលើឧទ្យានជាតិគិរីរម្យ ដែលមានកូនសិស្សចំនួន ១០៧ នាក់ និងមានអាយុចន្លោះពី ៦ ទៅ ១៣ ឆ្នាំ។ សាលានេះ គឺជាសាលាអប់រំក្រៅប្រព័ន្ធមួយដែលបង្ហាត់បង្រៀនភាសាខ្មែរ អង់គ្លេស កុំព្យូទ័រ និងការកែច្នៃសំរាម។ ក្មេងៗនៅសហគមន៍នោះ ជាក្មេងក្រីក្រ ដូច្នេះការចូលរៀនមិនទាមទារឱ្យពួកគេបង់ប្រាក់ឡើយ តែជាការបង់ជាសំរាមដែលពួកគេអាចប្រមែលប្រមូលនៅសហគមន៍នោះ។
ថ្ងៃនេះ Focus បានសហការជាមួយកម្ពុអ៊ែរ៉ា ធ្វើបទសម្ភាសន៍ជាមួយលោក អ៊ុក វណ្ណដេ អំពីរឿងរ៉ាវ និងបទពិសោធន៍ជុំវិញការស្ថាបនាសាលាដូងគិរីរម្យ និងការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ ឱ្យមានទឹកចិត្តស្រឡាញ់ និងការពារបរិស្ថាន។
ហេតុអ្វីបានជាលោកសង់សាលាដូងពីសំរាមដូច្នេះ?
យើងអាចចំណេញថវិកាក្នុងការទិញគ្រឿងតាំងលម្អថ្មី ដោយកែច្នៃសំរាមមកជាគ្រឿងតុបតែងវិញ។ ហើយអ្វីដែលយើងធ្វើនៅសាលាដូង ក៏អាចជាគំរូដល់កុមារ ចំពោះការកែច្នៃសំរាមឱ្យទៅជារបស់មានប្រយោជន៍។ មួយវិញទៀត ខ្ញុំគិតពីការសន្សំសំចៃ ដែលវាផ្ដល់ជាគំនិតមួយក្នុងការកែច្នៃរបស់របរចាស់ៗនៅជិតៗយើង យកមកប្រើ។ ចុងក្រោយគឺកាត់បន្ថយការ ចោលសំរាម ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។

រូបភាពដោយ: Coconut School Foundation’s Facebook page
តើលោកឲ្យនិយមន័យ ការការពារបរិស្ថាន ដូចម្ដេចដែរ?
ខ្ញុំការពារកុំឱ្យមាន[ជន]បំផ្លាញកើតច្រើនទៀតទៅថ្ងៃអនាគត ដោយពន្យល់ទៅកុមារ ពីទង្វើនិងផលប៉ះពាល់ ដែលពួកគាត់គ្រោងនឹងធ្វើដូចឪពុក ឬបងប្រុសរបស់ពួកគេ។ [ខ្ញុំ]បង្វែរឲ្យគាត់ឈប់ ហើយនិងងាករកជីវិតថ្មីមួយ ដែលផ្ដល់ក្ដីសង្ឃឹមជាងមុខរបរដែលគាត់បំផ្លាញ និងអត្តចរិតដែលបន្តបំផ្លាញបរិស្ថានដែលគាត់កំពុងនៅ។ និយមន័យការពាររបស់ខ្ញុំនោះ គឺខ្ញុំការពារក្មេង កុំធ្លាក់ក្នុងអវិជ្ជា ហើយកុំឱ្យក្លាយជាអ្នកបំផ្លាញបរិស្ថាន។
គោលបំណងរបស់ខ្ញុំ ចង់ពន្យល់កុមារតូចឲ្យយល់ដឹងពីផលប៉ះពាល់នៃសំរាម និងបង្រៀនការកាត់បន្ថយ និងកែច្នៃសំរាម។ ទាក់ទងនឹងការពារព្រៃឈើវិញ ព្រៃឈើគឺជាអាយុជីវិត ជាសួតរបស់អ្នកទាំងអស់គ្នា ក្នុងការដកដង្ហើម[ក្នុង]បរិយាកាសមួយនេះ ដែលក្មួយៗកំពុងរស់នៅ។ ព្រៃឈើ គឺសំខាន់ជាងបាយ ជាងទឹក ជាងឡាន ជាងផ្ទះដែលក្មួយៗប្រាថ្នាថាសំខាន់។ ព្រៃឈើ គឺជាអ្នកមានគុណ និងជាអ្នកផ្ដល់អត្ថប្រយោជន៍ជាច្រើន ដែលយើងមើលមិនឃើញនឹងភ្នែក។
ចំពោះការងារដែលលោកកំពុងធ្វើក្នុងការការពារបរិស្ថាន តើវាបានផ្លាស់ប្ដូរអ្វីខ្លះដែរជុំវិញលោក?
ខ្ញុំសង្កេតឃើញថាសំរាមកាន់តែកើនឡើង អ្នកចោលនៅតែបន្តចោល ហើយខាងខ្ញុំនៅតែកែឥតឈប់ឈរ។
អ្វីដែលខ្ញុំធ្វើនៅសាលាដូងនេះ [គឺ]ការកាត់បន្ថយសំរាមប្រចាំថ្ងៃ និងការច្នៃរបស់ដែលយើងចោល មកជារបស់ដែលមានប្រយោជន៍វិញ។ តែនៅតែមានគំនិតខ្លះយល់ច្រឡំថា មានតែសាលាដូង និងខ្ញុំតែប៉ុណ្ណោះ ដែលមានតួនាទីកែសំរាម ដូច្នេះពួកគេដឹកសំរាមរបស់ពួកគេមកទីនេះកាន់តែច្រើនទៅវិញ។ កិច្ចការពារផែនដីរបស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែខ្ញុំ ឬ សាលាដូងតែមួយនោះទេ។
ដោយឡែកពីមុនមកដល់ឥឡូវនេះ កុមារតូចៗដែលខ្ញុំបង្រៀន ពួកគេចេះសួរនាំពីរឿងការពារផែនដី ការពារព្រៃឈើ ចង់ស្វែងយល់ពីការកាត់បន្ថយសំរាម និងផលប៉ះពាលរបស់វាទៅបរិស្ថានយើង។ ចំណែកឯយុវជនវិញ ពួកគេក៏បញ្ចេញការគាំទ្រដោយប្រើសម្ភារៈប្រើប្រាស់ឡើងវិញបាន។ ចំណែកសហគមន៍ខ្លះ គេក៏បានយកគំរូតាមសាលាដូង ក្នុងការកែច្នៃសំរាមឲ្យមានប្រយោជន៍វិញ។
ពេលជួបការលំបាក លោកជម្នះដោយរបៀបណា?
ខ្ញុំមិនចាត់ទុករឿងលំបាកជាបញ្ហាទេ។ ខ្ញុំគិតថាឧបសគ្គគឺជាឱសថប៉ូវជីវិតរបស់ខ្ញុំ។ បើសិនជាខ្ញុំទម្លាក់អ្វីដែលខ្ញុំធ្វើចោល ឬបោះបង់នោះ ឱកាសក៏បាត់បង់ដូចគ្នា។ យើងអាចរៀនដោះស្រាយបញ្ហាដែលយើងជួបប្រទះវិញ ទើបយើងដើរទៅមុខ។

Photo by: Coconut School Foundation’s Facebook page
និយាយពីកិច្ចការដែលលោកកំពុងខិតខំបំពេញសព្វថ្ងៃនេះ តើនាថ្ងៃអនាគត លោកគិតថា វានឹងទៅជាយ៉ាងណាដែរ?
ខ្ញុំចង់ឃើញការភ្ញាក់រឭករបស់ប្រជាជនខ្មែរ ចំពោះការទទួលខុសត្រូវក្នុងការបង្កើតសំរាម និងការទុកដាក់វា។ សកម្មភាពណាដែលគាត់បំផ្លិចបំផ្លាញបរិស្ថានថ្ងៃនេះ វានឹងមានផលអាក្រក់ដល់ជីវិតក្មេងៗនៅជំនាន់ក្រោយ។ ថ្ងៃក្រោយទៅ ខ្ញុំគិតថាសំឡេងរបស់ខ្ញុំនឹងទៅឆ្ងាយ ទៅដោះស្រាយមហិច្ឆតារបស់ប្រទេសមហាអំណាច ដែលតែងតែចង់ឈ្នះចាញ់សេដ្ឋកិច្ចគ្នា ហើយបានបំពុលបរិស្ថាន។ ប្រសិនបើអ្នកដឹកនាំប្រទេសទាំងនោះ គាត់ស្ដាប់ឮសំឡេងខ្ញុំទៅ ពួកគាត់អាចបន្ថយ ឬរកវិធីដើម្បីថែរក្សាផែនដីវិញ។
តើមូលហេតុអ្វីបានជាយុវជនត្រូវខ្វល់ពីរឿងការពារបរិស្ថាននេះ?
វាជារឿងចាំបាច់ណាស់សម្រាប់អនាគតរបស់មនុស្សជាតិ។ កិច្ចការណាដែលបំផ្លាញព្រៃឈើ និងបរិស្ថាន យើងគួរតែបញ្ឈប់ ឬហាមឃាត់។ យើងទាំងអស់គ្នាគួរតែប្រកាន់ខ្ជាប់មនសិការមនុស្សជាតិ។ ការពារបរិស្ថាន គឺសម្រាប់អនាគតរបស់កូនរបស់អ្នក កូនរបស់កូនរបស់អ្នក។ ក្នុងរយៈពេលដប់ ឬ ម្ភៃឆ្នាំទៅមុខទៀត ប្រសិនបើគ្មានសារក្នុងការពារផែនដីរបស់យើងទេនោះ ផែនដីដែលជាផ្ទះរបស់យើងគ្រប់គ្នា នឹងត្រូវរលាយលឿនជាងអាយុកាលដែលវាត្រូវរលាយ៕