ការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ឧបករណ៍ ដែលមានសំឡេងកងរំពងខ្លាំង មិនត្រឹមតែជាឥរិយាបថប្រកបដោយសីលធម៌ក្នុងសង្គមប៉ុណ្ណោះទេ តែវាក៏អាចជួយដោះស្រាយបញ្ហាប្រឈមសុខភាពផ្សេងៗ ដល់ខ្លួនអ្នក និងសហគមន៍របស់អ្នកបាន។
សំឡេងគ្រប់ប្រភេទដែលអ្នកប្រហែលបានលឺរៀងរាល់ថ្ងៃនៅ ក្នុងសហគមន៍ដែលអ្នករស់នៅ មានចេញពី ឡាន ម៉ូតូ ម៉ាស៊ីន បោកខោអាវ ទូរទស្សន៍ ឧបករណ៍បំពងសំឡេងជាមួយនឹងតន្ត្រីខ្លាំងៗជាប្រចាំ ដែលមើលទៅហាក់បីដូចជា បញ្ហាតូចតាច ប៉ុន្តែអាចបង្កឱ្យមានការរំខាន និងបញ្ហាជាច្រើនដល់សុខភាពរបស់មនុស្ស។
ម៉្យាងទៀតសោត ការស្វែងយល់ពីផលប៉ះពាល់នៃការបំពុលសំឡេង មកលើសុខភាព គឺជាបញ្ហាមិនគួរមើលរំលងនោះទេ។តាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា នៅពេលដែលអ្នកប្រឈមទៅនឹងសំឡេងលឺខ្លាំងញឹកញាប់ វាអាចធ្វើឱ្យប៉ះពាល់ដល់ផ្នែកខាងក្នុងនៃប្រព័ន្ធសោត និងការធ្លាក់ចុះសមត្ថភាពក្នុងការស្ដាប់។
មិនត្រឹមតែប៉ុណ្ណោះ ការបំពុលដោយសំឡេង អាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពដូចជា ប៉ះពាល់ដល់ដំណេក ភាពតានតឹងផ្លូវអារម្មណ៍ ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់ប្រព័ន្ធសរសៃឈាមបេះដូង និងសរីរវិទ្យា ជំងឺលើសឈាម និងជំងឺបេះដូងជាដើម។
មនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នា ចំពោះកម្រិតនៃសំឡេង។ ជាទូទៅ កម្រិតសំឡេងដែលលឺខ្លាំងជាង ៨០ dBA ដែលប្រហាក់ប្រហែលទៅនឹងសំឡេងរបស់ម៉ាស៊ីនបូមធូលី គឺអាចបង្កឱ្យមានគ្រោះថ្នាក់ច្រើន ដល់បញ្ហាសុខភាពត្រចៀករបស់អ្នក ប្រសិនបើអ្នកប្រឈមទៅនឹងសំឡេងនោះច្រើន។ ប្រសិនបើត្រចៀករបស់អ្នកមានភាពឈឺចាប់ ហឹងត្រចៀក ឬ មានអារម្មណ៍ថាពិបាកស្ដាប់ ពីពីរទៅបីម៉ោង បន្ទាប់ពីអ្នកប្រឈមទៅនឹងសំឡេងអ្វីមួយនោះ វាក៏ជាសញ្ញាបង្ហាញថា ត្រចៀករបស់អ្នកត្រូវបានប៉ះទង្គិចហើយ។
ចំពោះកុមារតូចៗ និងមនុស្សមានវ័យចំណាស់ខ្លាំង គួរតែនៅឱ្យឆ្ងាយពីទីកន្លែង ដែលមានសំឡេងរំខានខ្លាំង ព្រោះសុខភាពរបស់ពួកគេងាយប្រតិកម្មទៅនឹងសំឡេង ជាងមនុស្សដែលពេញវ័យនឹងសុខភាពល្អ។
ជាពិសេស នៅក្នុងឱកាសថ្ងៃឈប់សម្រាក នាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍បំពងសំឡេងលឺខ្លាំង នៅតាមផ្ទះនីមួយៗ ឬរមណីយដ្ឋានផ្សេងៗ ដែលអ្នកទៅកម្សាន្ត ព្រោះវាអាចបង្កការរំខាន និងផលប៉ះពាល់ទៅដល់អ្នកដទៃ៕