មតិកែលម្អគឺជាគន្លឹះនៃការអភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញ។
អ្នកអាចសាកស្រមៃមើលថា បើសិនជាអ្នករួមការងារជាមួយគាត់បានមកប្រជុំយឺត ហើយមិនបានបញ្ចប់ភារកិច្ចមួយទាន់ពេល តើយើងគួរផ្តល់មតិកែលម្អយ៉ាងដូចម្តេច ដែលមិនមែនការវាយតម្លៃបែបបន្ទុចបង្អាប់ និងធ្វើឱ្យអ្នកដទៃអាក់អន់ស្រពន់ចិត្ត។
ទាក់ទងនឹងប្រធានបទនេះ Focus បានជួបសម្ភាសន៍ជាមួយលោកអ៊ូ តុងហួរ ជាប្រធានគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងការបង្វឹកភាពជាអ្នកដឹកនាំនៅ Teach for Cambodia ក្នុងការចែករំលែកជំហានចំនួន ៦ ដែលជាវិធីសាស្រ្តក្នុងការផ្តល់មតិកែលម្អឲ្យមានប្រសិទ្ធភាព៖
ជំហានទី ១៖ សួរសំណួរ
ការចាប់ផ្តើមដោយការសួរសំណួរដោយមានបញ្ជាក់ពីគោលបំណង ឬការសុំការអនុញ្ញាតដើម្បីផ្តល់មតិកែលម្អគឺជារឿងដ៏សំខាន់។ ក្នុងឱកាសនេះ វាអាចផ្តល់ពេល និងសញ្ញាជាមុនដល់ភាគីម្ខាងទៀត ក្នុងការត្រៀមចិត្តដើម្បីទទួលយកមតិកែលម្អដោយការបើកចិត្ត និងគ្មានអារម្មណ៍ហ្មងសៅ។
ឧទាហរណ៍៖ តើខ្ញ៉ំអាចផ្តល់មតិកែលម្អខ្លះបានទេ ទៅលើគម្រោងដែលយើងបានធ្វើការជាមួយគ្នាកាលពីសប្តាហ៍មុន? ឬ តើអ្នកអាចមានពេលបន្តិចបន្តួចដើម្បីជជែកពីរឿងមួយចំនួនទាក់ទងការងារដែលធ្វើរួមគ្នាដើម្បីកែលម្អចំនុចខ្លះៗ?
ជំហានទី ២៖ ផ្តោតទៅលើការពិត
ការផ្តោតសំខាន់ទៅលើការពិតជាជាងការវិនិច្ឆ័យមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលយើងវិនិច្ឆ័យ ដោយមិនបាន ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ វាអាចធ្វើឲ្យផ្តល់មតិកែលម្អនោះធ្លាក់ក្នុងភាពអវិជ្ជមាន។ ដូច្នេះជំនួសឱ្យការវិនិច្ឆ័យ យើងត្រូវផ្តោតទៅលើពីអាកប្បកិរិយាជាក់លាក់ ការពិត និងមូលហេតុ ដែលយើងបានសង្កេតឃើញដោយផ្ទាល់ភ្នែកវិញ។
ឧទាហរណ៍៖ អ្នកនិយាយថា«ខ្ញ៉ំសង្កេតឃើញថាអ្នកបានផ្ញើកិច្ចការមកយឺតបីដងហើយ» ជំនួសដោយការនិយាយថា«អ្នកខ្ចិលណាស់ផ្ញើកិច្ចការមកយឺតរហូត។»
ជំហានទី ៣៖ ផ្អាក និងផ្តល់ពេលវេលា
ការផ្ដល់ពេលវេលា ដើម្បីឱ្យអ្នកស្ដាប់ទទួលបាននូវមតិកែលម្អ ជាវិធីសាស្ត្រមានប្រសិទ្ធិភាពមួយ។ ការផ្តោតលើការនិយាយច្រើនពេក ហើយភ្លេចផ្តល់នូវពេលវេលាឲ្យអ្នកដែលស្តាប់មតិកែលម្អនោះ ធ្វើការទទួលព័ត៌មាននោះមិនបានបានជាក់លាក់។ ដូច្នេះហើយ យើងគួរផ្តល់ពេលបន្តិច ដើម្បីឱ្យអ្នកទទួលសារអាចធ្វើការឆ្លើយតប និងបញ្ចេញប្រតិកម្ម។
ជំហានទី ៤៖ ពន្យល់ពីផលប៉ះពាល់
ការលើកឡើងពីផលប៉ះពាល់ នៅក្នុងមតិកែលម្អ ដើម្បីបង្ហាញជាភស្តុតាង និងការណែនាំ អាចជួយធ្វើឱ្យមតិកែលម្អរបស់អ្នកមានទម្ងន់ និងប្រសិទ្ធភាពជាមុន។ ម្យ៉ាងវិញទៀត វាអាចមានភាពងាយស្រួល ក្នុងការផ្តោតទៅលើការប៉ះពាល់ជារួម និងអារម្មណ៍របស់អ្នកជាប់ទាក់ជុំវិញការងារទាំងអស់នោះ។ ក្នុងន័យនេះ មតិកែលម្អរបស់អ្នកអាចបង្ហាញលើសពីផលប៉ះពាល់នៃបញ្ហានោះតែមួយមុខ ហើយវាអាចជួយឱ្យ ភាគីម្ខាងទៀត យល់ច្បាស់ជាងមុនអំពីដើមចង និងគុណសម្បត្តិក្នុងការទទួលយកមតិកែលម្អនេះ។
ឧទាហរណ៍៖ «ខ្ញំុមានអារម្មណ៍ថាភ័យនៅពេលអ្នកខកខានការងារនេះ ពីព្រោះ ខ្ញុំបារម្ភថាយើងមិនអាចបំពេញការងារនោះទាន់ពេល»។ ឬក៏ «នៅពេលដែលអ្នកខកខានការងារនេះ ខ្ញុំមិនអាចបំពេញការងារបស់ខ្ញុំប្រចាំត្រីមាសទាន់ពេលទេ ព្រោះខ្ញុំត្រូវការទិន្នន័យនោះពីអ្នកដើម្បីឱ្យខ្ញុំបំពេញបាន។»
ជំហានទី ៥៖ ផ្តល់យោបល់
ការផ្តល់មតិកែលម្អដែលភ្ជាប់មកជាមួយនូវដំណោះស្រាយ និងយោបល់ ជាមតិកែលម្អមួយដែល មនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន ព្រោះគ្មាននរណាចង់ស្តាប់តែពីបញ្ហាដោយគ្មានដំណោះស្រាយនោះទេ។ ជាពិសេស ការផ្ដល់យោបល់បែបនេះ វាជាការចង្អុលបង្ហាញ និងការចែករំលែកចំណែះដឹងមួយ ដែលអាចជាជំនួយដល់ភាគគីម្ខាងពីក្នុងការកែលម្អទង្វើរបស់ខ្លួន អមជាមួយនឹងចំនេះដឹងថាតើអ្វីទៅជាជំហានបន្ទាប់ដែលត្រូវអនុវត្ត។
ឧទាហរណ៍៖ បើសិនជាអ្នកមិនអាចបំពេញភារកិច្ចទាន់ពេលវេលា វាពិតជាដំណោះស្រាយមួយដ៏ល្អ បើសិនជាអ្នកទាក់ទងក្រុមការងារជាមុនបានយ៉ាងតិចមួយអាទិត្យ។ ដូច្នេះយើងទាំងអស់គ្នា អាចរកដំណោះស្រាយមួយដ៏សមស្របបាន។
ជំហានទី ៦៖ និយាយបញ្ចប់
ការបញ្ចាប់ការផ្តល់មតិកែលម្អដោយផ្តល់ឱកាសដល់ភាគីម្ខងទៀតក្នុងការបញ្ចេញនូវការយល់ឃើញ និងអារម្មណ៍របស់ខ្លួនមានសារៈសំខាន់ណាស់។ ហេតុនេះយើងគួរតែបញ្ចប់ការសន្ទនានោះ ដោយសួរសំណួរឬមួ យក៏បញ្ជាក់ពីការទទួលបានក៏ដូចជាអារម្មណ៍របស់ពួកគាត់។ ការបង្កើតនូវកិច្ចព្រមព្រៀងទៅវិញទៅមក អាចជាជំនួយដ៏សំខាន់ក្នុងការបញ្ចប់នៃ កិច្ចសន្ទនានៃការផ្ដល់មតិកែលម្អហើយយើងខ្លួនឯងក៏អាចដឹងថា តាមមតិកែលម្អនេះតែជួយពួកគេបានដល់កម្រិតណាផងដែរ?
ឧទាហរណ៍៖ តើអ្នកមានអារម្មណ៍យ៉ាងណាដែរចំពោះមតិកែលម្អមួយនេះ? តើអ្នកគិតថាការផ្តល់យោបល់នេះមានប្រយោជន៍ឬក៏គួរតែយើងស្វែងរកអ្វីផ្សេងទៀតជាមួយគ្នា?
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8