ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការឆ្លង និងចម្លងមេរោគកូវីដ១៩ ដែលលាក់មុខនេះបាន យ៉ាងមានប្រសិទ្ធភាព។
ប្រសិនបើអ្នកមានជាប់ទាក់ទងនឹងព្រឹត្តការណ៍ «សហគមន៍២៨ វិច្ឆិកា» ឬមានការសង្ស័យមកលើសុខភាពខ្លួនឯងក្នុងការឆ្លងមេរោគកូវីដ១៩នេះ ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេយ៉ាងតិច១៤ថ្ងៃ គឺជាដំណោះស្រាយមួយដ៏ត្រឹមត្រូវបំផុត។
ព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» នៃការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីសំណាក់ប្រជាជនទូទាំងប្រទេស និងប្រមុខរដ្ឋាភិបាលទាំងមូល ដោយសារករណីនេះ ជាការឆ្លងនៅក្នុងសហគមន៍លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ហើយគេមិនទាន់អាចក្តាប់បានទាំងអស់នូវចំនួនអ្នកឆ្លង និងដើមហេតុច្បាស់លាស់ក្នុងការឆ្លងក្នុងសហគមន៍នេះនៅឡើយទេ។
ការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកពីគេអាចបង្កឱ្យមានភាពស្មុគស្មាញ និងផលលំបាកចំពោះខ្លួនអ្នកនិងអ្នកជុំវិញ។ ប៉ុន្តែមានហេតុផលសាមញ្ញសំខាន់ៗបួនដែលអ្នកគួរគិតដល់មុននឹងសម្រេចចិត្តមិនខ្វាយខ្វល់ពីបញ្ហានេះ។
ការពារប្រសើរជាងព្យាបាល
បញ្ហាសុខភាព និងអាយុជីវិត របស់អ្នកពិតជាមានតម្លៃណាស់ ហើយអ្នកមិនគួរមើលស្រាលពីការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះដូចគ្នា។ អ្នកអាចចូលរួមទប់ស្កាត់ ការរីករាលដាលនៅក្នុងសហគមន៍ដ៏នឹកស្មានមិនដល់នេះ តាមរយៈការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក និងអនុវត្តវិធីសាស្ត្រការពារខ្លួន ដែលណែនាំដោយអ្នកជំនាញ។
សុវត្ថិភាពផ្លូវចិត្ត
ជំងឺនេះមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយអ្នកប៉ុណ្ណោះទេ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តអ្នកដូចគ្នា។ ទោះបីជាអ្នកផ្ទុក ឬមិនបានផ្ទុកមេរោគនេះក៏ដោយ ប្រសិនបើអ្នកបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ អ្នកអាចស្ងប់ចិត្ត និងមិនព្រួយបារម្មណ៍ក្នុងការចម្លងមេរោគនេះទៅអ្នកដទៃ និងឆ្លងពីអ្នកដទៃមកវិញដូចគ្នា។
មានភាពទំនួលខុសត្រូវ និងកាព្វកិច្ច
ការមានទំនួលខុសត្រូវចំពោះទង្វើរបស់អ្នកជាតួនាទីដែលបុគ្គលម្នាក់ៗគួរតែប្រព្រឹត្ត។ ជាពិសេសនៅក្នុងកាលៈទេសៈនៃការរីករាលដាលតាមបែបសហគមន៍នេះ វាអាចបង្កឱ្យមានហានិភ័យខ្ពស់ ប្រសិនបើអ្នកជាប់ទាក់ទងនឹងព្រឹត្តការណ៍នេះ មិនបានចូលរួមទប់ស្កាត់ និងមានទំនួលខុសត្រូវតាមការណែនាំរបស់អ្នកជំនាញសុខភាព។
ធ្វើជាគំរូល្អដល់អ្នកដទៃ
ប្រសិនបើអ្នកចង់បង្កើតឱ្យមានផ្លាស់ប្តុរល្អ វាត្រូវតែចាប់ផ្តើមពីខ្លួនអ្នក។ ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ មិនត្រឹមតែអាចជួយការពារខ្លួនអ្នកពីការប្រឈមនឹងជំងឺនេះនោះទេ។ ប៉ុន្តែវាក៏ជាមេរៀនមួយ ដែលអ្នកអាចបង្រៀនឱ្យខ្លួនឯងឱ្យចេះបត់បែនទៅតាមកាលៈទេសៈ និងក្រើនរំលឹកដល់អ្នកដទៃក្នុការចូលរួមបំពេញតួនាទីជាពលរដ្ឋមួយនៅក្នុងសង្គម។
ជាក់ស្តែង ការអនុវត្តទាំងនេះអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការជួយគាំទ្រពីសំណាក់អ្នកជុំវិញខ្លួន ទីកន្លែងការងារ និងស្ថានភាពសេដ្ឋកិច្ចរបស់អ្នកផងដែរ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព ដែលអ្នកមិនអាចដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកបាននោះទេ អ្នកគួរតែអនុវត្តវិធីសាស្ត្រការពារខ្លួន តាមការណែនាំរបស់អ្នកជំនាញឱ្យបានទៀងទាត់ ដូចជា ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងរក្សាគម្លាតពីអ្នកដទៃយ៉ាងតិច១.៥០ម៉ែត្រជាដើម៕