«តម្រូវការលើសលប់ មកពីទីផ្សារសហរដ្ឋអាមេរិក កំពុងជំរុញពាណិជ្ជកម្មសត្វស្វា អោយឈានដល់កម្រិតមួយ ដែលមិនមានចីរភាព» អ្នកស្រី Malene Friis Hansen នាយកនៃគម្រោងស្វាកន្ទុយវែងបាននិយាយ។
បកប្រែដោយ៖ ឡាយ សុផាន់ណា
លោក Gary Tucker កំពុងចូលរួមក្នុងសន្និសីទ ស្តីពីការប្រើប្រាស់សត្វស្វាសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត នៅពេលដែលគាត់បានប្រទះឃើញវត្តមានភ្ញៀវ ដែលមិនបានអញ្ជើញមួយចំនួនមកពី ក្រុមភ្នាក់ងារខាងត្រី និងសត្វព្រៃ (U.S. Fish and Wildlife Service) របស់សហរដ្ឋអាមេរិក។
ខណៈដែលពួកគេដើរចេញចូល ពីសណ្ឋាគារនៅរដ្ឋ Colorado លោក Tucker ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុននាំចូលសត្វស្វាមួយកន្លែង សំងំលាក់ខ្លួននៅកន្លែងទទួលភ្ញៀវ ដើម្បីឈ្លបយកការណ៍លើពួកគេ។ នេះបើយោងតាម ព្រះរាជអាជ្ញាសហព័ន្ធ។
Tucker ខ្លួនឯង មានមូលហេតុក្នុងការប្រុងប្រយ័ត្ននេះ។ ភ្នាក់ងារទាំងនោះកំពុងស៊ើបអង្កេត លើក្រុមហ៊ុនរបស់គាត់ ឈ្មោះ Orient BioResource Center និងដៃគូប្រកួតប្រជែងរបស់ខ្លួន ថាតើពួកគេមានជាប់ពាក់ព័ន្ធក្នុងគម្រោង រត់ពន្ធសត្វស្វាអន្តរជាតិឬអត់។ ករណីរត់ពន្ធនេះ កំពុងទាញយកនូវសត្វស្វាដែលជិតផុតពូជចេញពីព្រៃ ហើយដឹកជញ្ជូនទៅសហរដ្ឋអាមេរិក ហោយត្រូវប្រើប្រាស់ដោយអ្នកស្រាវជ្រាវអោយរដ្ឋាភិបាល និងក្រុមហ៊ុនឱសថនានា។
សកម្មភាពរបស់ Tucker នៅថ្ងៃនោះ នាខែតុលា ឆ្នាំ២០១៩ រួមមាន ការតាមថតរូបភ្នាក់ងារទាំងនោះ ព្រមទាំងប្រាប់អ្នកចូលរួមសន្និសីទ កុំអោយនិយាយជាមួយពួកគេ។ នេះបើយោងតាមព្រះរាជអាជ្ញាដែលបានធ្វើការជាមួយមន្ត្រីសត្វព្រៃ ដើម្បីបង្រ្កាបឧស្សាហកម្មសត្វស្វានេះ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឱសថ និងវ៉ាក់សាំង តែភាគច្រើន ជាដំណើរការដោយសម្ងាត់។
លោក Ed Newcomer អតីតសមាជិកភ្នាក់ងារត្រី និងសត្វព្រៃ ដែលបានស៊ើបអង្កេតការនាំចូល និងនាំចេញសត្វស្វានៅសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេល ២០ឆ្នាំ នៃការងាររបស់គាត់ជាមួយទីភ្នាក់ងារនេះ បាននិយាយថា «វាជាពានិជ្ជកម្មដ៏កខ្វក់ (dirty business) ហើយវាពិតជាលំបាកខ្លាំងណាស់ក្នុងការរុករកដល់ប្រភព»។
នាឆ្នាំមុន លោក Tucker វ័យ៦៥ឆ្នាំ បានសារភាពកំហុសមុខតុលាការ ទាក់ទងការកុហក ទៅកាន់ភ្នាក់ងារសហព័ន្ធ អំពីប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន នៅក្នុងប្រទេសកម្ពុជា។
កាលពីខែមុនវិញ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានចោទប្រកាន់មនុស្សប្រាំបីនាក់ រួមទាំងមន្ត្រីសត្វព្រៃកម្ពុជាពីររូប ពីបទសមគំនិតក្នុងការប្រមាញ់សត្វស្វាពីព្រៃ ហើយនាំចូលទៅសហរដ្ឋអាមេរិក ជាមួយនឹងការក្លែងបន្លំឯកសារ ដោយអះអាងថាស្វាទាំងនោះយកមកពីកសិដ្ឋានបង្កាត់ពូជ។
ប៉ុន្តែករណីទាំងនោះ បង្ហាញតែផ្នែកតូចមួយនៃឧស្សាហកម្មដ៏ធំសម្បើម។ នេះបើយោងតាមអតីតភ្នាក់ងារសត្វព្រៃ។
ការរត់ពន្ធសត្វស្វាដែលចាប់យកមកពីក្នុងព្រៃ ត្រូវបានគេជឿថា មានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែតម្រូវការសត្វស្វាដ៏លើសលប់ នៅតាមមន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិក និងការផ្គត់ផ្គង់ដែលនៅមានកម្រិត នៅឯកន្លែងបង្កាត់ពូជក្នុងស្រុក និងក្រៅប្រទេស។ អ្នកជំនាញបាននិយាយថា វត្តមាននៃជំងឺរាតត្បាតកូវីដ១៩ និងការប្រណាំងប្រជែងស្វែងរកវ៉ាក់សាំង បានអង្រួនទីផ្សារនះអោយកាន់តែខ្លាំងឡើង។ វាក៏បានបង្កើតទៅជាការប្រជែងយកសត្វប្រភេទនេះ ដែលជំរុញឱ្យមានការកើនឡើងនៃការប្រមាញ់ និងការគំរាមកំហែងដល់ប្រភេទសត្វ ដែលជាទូទៅត្រូវគេប្រើច្រើនបំផុត ក្នុងការសិក្សាឱសថ គឺសត្វស្វាកន្ទុយវែង ឬស្វាក្ដាម។
អ្នកស្រី Malene Friis Hansen, នាយកនៃគម្រោង Long-tailed Macaque ជាក្រុមមិនស្វែងរកប្រាក់ចំណេញ ផ្តោតលើការអភិរក្សអម្បូរសត្វស្វា ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បាននិយាយថាបញ្ហានេះ «វារីករាលដាលខ្លាំង ហួសការគ្រប់គ្រង»។ អ្នកស្រីបានបន្ថែមថា «តម្រូវការច្រើនជ្រុល ចេញមកពីសហរដ្ឋអាមេរិក ដែលហាក់កំពុងជំរុញពាណិជ្ជកម្ម ដល់កម្រិតដែលមិនមានចីរភាព»។
អាជីវកម្មត្រូវប៉ាន់
សហរដ្ឋអាមេរិកជាប្រទេសនាំមុខគេ លើចំនួនសត្វស្វា ដែលនាំចូលសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។ នៅចន្លោះឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ២០២២ សត្វស្វាជាង ១៥០ ០០០ ក្បាលត្រូវបាននាំចូលសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ក្នុងការពិសោធន៍។ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សត្វស្វាមានសារៈសំខាន់ណាស់ ក្នុងការពិសោធ ដើម្បីយល់ដឹងអំពីប្រភេទផ្សេងៗនៃស្ថានភាពមនុស្ស ចាប់ពីជំងឺអេដស៍ រហូតដល់ជំងឺផាកឃីនសុន (Parkinson’s disease) ក៏ដូចជាការធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃឪសថថ្មីៗ។
ប្រទេសចិន ធ្លាប់ជាទីផ្សារផ្គត់ផ្គង់សត្វស្វា ដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែ ចាប់ពីខែមីនាឆ្នាំ២០២០ ចិនចាប់ផ្ដើមហាមឃាត់ការលក់សត្វព្រៃ នាពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្ដើម។ ការផ្លាស់ប្តូរនេះ បានធ្វើឱ្យរង្កើឡើង នូវពាណិជ្ជកម្មអន្តរជាតិលើសត្វស្វា នៅពេលដែលកន្លែងស្រាវជ្រាវ ត្រូវការពួកវាយ៉ាងខ្លាំង សម្រាប់ការសាកល្បងវ៉ាក់សាំងនាពេលអនាគត។
ជាមួយនឹងតម្រូវការកើនឡើង តម្លៃសត្វស្វាបានកើនឡើងយ៉ាងខ្លាំង។ សត្វស្វាកន្ទុយវែងមួយក្បាល អាចមានតម្លៃ ដល់ទៅ ៤០ ០០០ដុល្លារ នាអំឡុងពេលជំងឺរាតត្បាត ដោយកើនឡើងពី ៣ ០០០ដុល្លារ កាលពីប៉ុន្មានឆ្នាំមុន។
លោក Greg Westergaard ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alpha Genesis ដែលជាមានមូលដ្ឋាននៅរដ្ឋ South Carolina ដែលបង្កាត់ពូជ និងជាផ្ដល់ជាប្រភពសត្វស្វា សម្រាប់ក្រុមហ៊ុនឱសថ និងអ្នកស្រាវជ្រាវរដ្ឋាភិបាល បាននិយាយថា «ខ្ញុំពិតមិននឹកស្មានដល់ថា វាឡើងដល់កម្រិតនេះ» ។
ជាមួយនឹងប្រទេសចិន ចេញពីការប្រកួតប្រជែងទីផ្សារ ប្រទេសផ្សេងៗដូចជាប្រទេសម៉ូរីទុស (Mauritius) និងកម្ពុជាបានឈានជើងចូល។
កម្ពុជាមានកសិដ្ឋានចិញ្ចឹមសត្វស្វាមួយចំនួន ប៉ុន្តែទីតាំងទាំងនោះទទួលបានការពិនិត្យតិចតួច ហើយឯកសារដែលភ្ជាប់ជាមួយសត្វស្វា ដែលនាំចូលមកសហរដ្ឋអាមេរិកគឺងាយស្រួលបំភាន់។ អ្នកជំនាញសត្វព្រៃបាននិយាយថា វាប្រៀបដូចជាចំនុចមួយដែលធ្វើឱ្យវាពិបាកក្នុងការតាមដាន ដើម្បីប្រាកដថា តាមពិតទៅសត្វត្រូវបានបង្កាត់ពូជ[ពីកសិដ្ឋាន]ពិតមែនឬអត់។
វាមិនយូរប៉ុន្មានទេ មុនពេលក្រុមអ្នកអភិរក្ស បានចាប់ផ្តើមកត់សម្គាល់ ការកើនឡើងនៃរបាយការណ៍ នៃសត្វស្វាដែលត្រូវបានយកចេញពីព្រៃ ដោយអ្នកប្រមាញ់នៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញដោយប្រាក់ចំណេញ ដ៏ធំពីរបរនេះ។
លោក Edwin Wiek ស្ថាបនិកអង្គការ Wildlife Friends Foundation Thailand ដែលជាក្រុមជួយសង្គ្រោះសត្វបាននិយាយថា «មនុស្សទាំងនោះ ដឹងច្បាស់ណាស់ថាខ្លួនកំពុងធ្វើអ្វី។ ពួកគេមិនគ្រាន់តែចេញទៅទីនោះ[ព្រៃ] ហើយចាប់អ្វីក៏បាន តាមដែលពួកគេអាចចាប់បាននោះទេ។ ពួកគេច្បាស់ណាស់ កំពុងយកសត្វ[ស្វា] ចេញពីព្រៃ»។
ក្នុងឆ្នាំ ២០១៩ កម្ពុជាបានផ្គត់ផ្គង់សត្វស្វាចំនួន ៨ ៥៧១ក្បាល ក្នុងចំណោមសត្វស្វាសម្រាប់ស្រាវជ្រាវសរុបចំនួន ៣៣ ៨១៨ក្បាល ឬស្មើនឹង ២៥% ដែលបាននាំចូលទៅសហរដ្ឋអាមេរិក។ នៅឆ្នាំ ២០២១ ចំនួនសត្វស្វាពីប្រទេសកម្ពុជាបានកើនឡើងទ្វេដងដល់ ១៨ ៨៧០ ក្បាល ដែលស្មើនឹងជិត ៦០% នៃស្វាស្រាវជ្រាវចំនួន ៣១ ៨៤៤ក្បាល ដែលបាននាំយកទៅសហរដ្ឋអាមេរិក។
ការកើនឡើងយ៉ាងខ្លាំងនេះ បានធ្វើឱ្យអ្នកជំនាញមួយចំនួនចោទជាសំណួរថា តើកសិដ្ឋានចិញ្ចឹមរបស់ប្រទេសកម្ពុជា ពិតជាមានសមត្ថភាពផលិតសត្វស្វា ក្នុងចំនួនច្រើនបែបនេះឬយ៉ាងណា?
លោក Westergaard បាននិយាយថា ស្វាញីមួយក្រុមដែលមានចំនួន ១០០ ក្បាល នាអាយុបង្កាត់ពូជ នឹងបង្កើតបានយ៉ាងហោចណាស់ ៦០ ទៅ ៧០ កូនក្នុងមួយឆ្នាំ។ លោកបានបញ្ចាក់ថា វានឹងត្រូវចំណាយពេលពីរទៅបីឆ្នាំទៀត សម្រាប់កូនស្វា ដើម្បីឈានដល់អាយុដែលស័ក្តិសមសម្រាប់ការស្រាវជ្រាវ។
លោកបានបន្តថា៖ «វាត្រូវចំណាយពេលយូរណាស់ ក្នុងការបង្កើតការផ្គត់ផ្គង់សត្វស្វាដ៏ល្អមួយ ។ វាមិនមែនជា រឿងដែលអាចធ្វើបានដោយប្រញាប់ប្រញាល់ទេ ហើយវាក៏មិនថោកដែរក្នុងការធ្វើ»។
លោក Westergaard បន្ថែមថា «អ្នកអាចស្រមៃមើល ជាមួយនឹងប្រាក់ចំនេញដ៏ច្រើន ប្រៀបដូចជាការលើកទឹកចិត្តបែបនេះ អ្នកនឹងឃើញមាន អ្នកចំណូលថ្មី[ក្នុងវិស័យនេះ] គ្រប់ប្រភេទដែលមិននៅយូរ ហើយពួកគេក៏ប្រហែលជាមិនមានប្រវត្តិ ក្នុងការអនុវត្ត ប្រកបដោយក្រមសីលធម៌» ។
ពាណិជ្ជកម្មនេះបានជះឥទ្ធិពលយ៉ាងខ្លាំង លើចំនួនសត្វស្វាកន្ទុយវែងនៅក្នុងព្រៃ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ តាមរយះការបំបែកគ្រាប់ពូជរុក្ខជាតិ។ កាលពីខែកក្កដា អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានផ្លាស់ប្តូរចំណាត់ថ្នាក់សត្វស្វាប្រភេទនេះពី «ងាយរងគ្រោះ» ទៅ «ជិតផុតពូជ» ដោយលើកឡើងពីការប្រើប្រាស់របស់ពួកគេក្នុងការធ្វើតេស្តវេជ្ជសាស្រ្ត ជាមូលហេតុចម្បង។
លោក Agustín Fuentes អ្នកជំនាញខាងជីវសាស្ត្រនៃសាកលវិទ្យាល័យ Princeton បាននិយាយថា «សត្វប្រភេទនេះ នឹងត្រូវផុតពូជ ឬផុតពូជដោយផ្នែក(មានចំនួនតិច ឬលែងមានតួនាទីដូចមុន) នៅចុងសតវត្សរ៍ទី ២១ ប្រសិនបើយើងមិនផ្លាស់ប្តូរអ្វីនៅពេលនេះ» ។
ភាពចលាចលក្នុងពាណិជ្ជកម្មសត្វស្វា ក៏មានផលវិបាកផ្សេងៗទៀតដែរ។
ចន្លោះឆ្នាំ ២០១៩ និង ២០២១ ចំនួនសត្វស្វា ដែលបានរកឃើញថាបានងាប់នៅពេលមកដល់សហរដ្ឋអាមេរិក ឬដែលងាប់ក្នុងរយៈពេល ៣០ ថ្ងៃពេលមកដល់ បានកើនឡើងយ៉ាងខ្លាំងពី ៧៧ ដល់ ១៣៦ក្បាល បើទោះបីជាមានសត្វស្វាថយចុះជាង ២ ០០០ ក្បាលក៏ដោយ។ នេះបើយោងតាមទិន្នន័យរបស់ CDC ដែលទទួលបានដោយ NBC News តាមរយៈសំណើរឯកសារជាសាធារណៈ។
អ្នកជំនាញនិយាយថា វាពិបាកក្នុងការសន្និដ្ឋានថា កត្តាអ្វីដែលអាចជំរុញឱ្យមានការកើនឡើង ហើយស្វាងាប់នៅតែមានចំនួនតិចជាង ១% នៃសត្វស្វាដែលមកដល់ប្រទេសនេះ។
ប៉ុន្តែតួលេខកើនឡើង នៃការស្លាប់នេះ ហាក់ផ្តល់ភស្តុតាង បន្ថែមទៀតដល់ក្រុមការពារសិទ្ធិសត្វ និងអ្នកផ្សេងទៀតដែលអះអាងថា ការធ្វើពាណិជ្ជកម្មលើសត្វស្វាស្រាវជ្រាវគឺមានាភាពឃោរឃៅ និងអមនុស្សធម៌ ហើយបង្កហានិភ័យដល់សុខភាពសាធារណៈ ដោយសារតែការគំរាមកំហែងនៃជំងឺដែល កើតពីសត្វស្វា ហើយអាចរាលដាលដល់មនុស្ស។
អ្នកស្រី Lisa Jones-Engel អតីតអ្នកជំនាញខាងព្យាបាលសត្វ និងជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ Primate National Washington ដែលឥឡូវនេះជាទីប្រឹក្សាដល់ស្ថាប័ន People for the Ethical Treatment of Animals ឬ PETA បាននិយាយថា «នៅពេលដែលអ្នកយកសត្វស្វាចេញពីទីជម្រកធម្មជាតិ ហើយអ្នកចាប់ផ្តើមបញ្ជូនពួកវា តាមបណ្ដាញមួយនេះ ទៅកាន់មន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប អ្នកហាក់កំពុងកំណត់នូវប្រតិកម្មខ្សែសង្វាក់មួយ ដែលអាចបង្កើតជាសក្តានុពល នៃការរីករាលដាល និងការចម្លងជំងឺ»។
«វាប្រៀបដូចជារូបមន្ត សម្រាប់ជំងឺរាតត្បាតបន្ទាប់» ។
ឧបសគ្គក្នុងការស៊ើបអង្កេត
ពាណិជ្ជកម្មសត្វស្វាកន្ទុយវែង ត្រូវបានគ្រប់គ្រងដោយ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិ ក្នុងប្រភេទសត្វជិតផុតពូជ នៃសត្វព្រៃ និងរុក្ខជាតិ ឬ CITES ដែលជាសន្ធិសញ្ញាឆ្នាំ ១៩៧៥ ដែលត្រូវបានបង្កើតឡើង ដើម្បីធានាថាទីផ្សារពិភពលោកសម្រាប់រុក្ខជាតិ និងសត្វមួយចំនួន នឹងមិនគំរាមកំហែង ដល់ការរស់រានមានជីវិតរបស់ពួកគេនៅក្នុងព្រៃ។
ជាឧទាហរណ៏ អនុសញ្ញានេះ កំណត់ថា តើប្រភេទសត្វត្រូវការការការពារ ចំនួនប៉ុន្មានប្រភេទ ដែលប្រទេសមួយត្រូវបានអនុញ្ញាតឱ្យនាំចេញ។ អនុសញ្ញានេះក៏អាច រារាំងប្រទេសមួយ ពីការនាំចេញសត្វ ដូចជាសត្វស្វាកន្ទុយវែង។ ឧទាហរណ៏ កាលពីឆ្នាំ ២០១៦ មានការដាក់បម្រាមដាក់លើប្រទេសឡាវ ក្រោយពីការស៊ើបអង្កេតបានរកឃើញថា ឈ្មួញនៅទីនោះបានលក់សត្វស្វា ដែលចាប់បាននៅក្នុងព្រៃ ទៅឱ្យឈ្មួញនៅក្នុងប្រទេសចិន វៀតណាម និងកម្ពុជា ដែលបាននាំចេញសត្វបន្ត ទៅប្រទេសដទៃទៀត ក្រោមស្លាកបន្លំថា មានប្រភពមកពីប្រទេសខ្លួន។
កម្ពុជាបានប្រឈមនឹងការចោទប្រកាន់ពីបទ «រត់ពន្ធសត្វស្វា» អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងឆ្នាំ ២០១៥ ក្រុមស្រាវជ្រាវរបស់ CITES ហៅថា Species Survival Network បានដាក់ឯកសារទៅ អនុសញ្ញានេះ ដែលក្នុងនោះបាននិយាយថា ការស៊ើបអង្កេតផ្ទាល់នៅក្នុងប្រទេសកម្ពុជា បានរកឃើញថា សត្វស្វាកន្ទុយវែងកំពុងស្ថិតក្រោមការបង្ខំទុក នៅក្នុងខេត្តចំនួន ២ ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវបានផ្ទេរទៅកសិដ្ឋានចិញ្ចឹម។
ឯកសារនេះបាននិយាយថា «ដើម្បីជៀសវាងការត្រួតពិនិត្យដោយអាជ្ញាធរ សត្វទាំងនោះត្រូវបានគេរាយការណ៍ថា បាននាំចូលទៅក្នុងកសិដ្ឋាននៅពេលយប់ ដោយលាក់នៅក្រោមកញ្ចប់ទឹកកក នៅក្នុងរថយន្តដែលត្រូវបានកែឆ្នៃដើម្បីដាក់ទ្រុង”។
អតីតភ្នាក់ងាររបស់ Fish and Wildlife Service បានប្រាប់ NBC News ថា ស្ថាប័ននេះ មានការព្រួយបារម្ភអំពីឧស្សាហកម្មនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីស៊ើបអង្កេត ត្រូវបានរារាំងម្តងហើយម្តងទៀត។
លោក Newcomer ដែលជាភ្នាក់ងារចូលនិវត្តន៍ម្នាក់ បាននិយាយថា គាត់បានដឹងថាវាលំបាកប៉ុណ្ណា ក្នុងការកសាងសំណុំរឿងប្រឆាំងនឹងក្រុមហ៊ុននាំចូលសត្វស្វា នៅពេលដែលគាត់ត្រូវបានប្រគល់ភារកិច្ច នៅក្នុងព្រឹត្តិការណ៍មួយ ក្នុងឧស្សាហកម្មនេះកាលពីច្រើនឆ្នាំមុន។
គាត់បាននិយាយថា «ខ្ញុំធ្លាប់បន្លំខ្លួន ចូលរួមព្រឹត្តិការណ៍មួយ ក្រោមការលាក់កំបាំងដ៏តឹងរ៉ឹង ខ្លាំងជាងពេលដែលខ្ញុំត្រូវធ្វើការជាមួយសមាជិកក្រុមក្មេងទំនើងនៅភាគខាងលិច L.A. ទៅទៀត។ មនុស្សទាំងនោះនឹងសម្លាប់ខ្ញុំ ប្រសិនបើពួកគេដឹងថាខ្ញុំជានរណា» ។
លោក Craig Tabor អតីតភ្នាក់ងាររបស់ Fish and Wildlife Service ដែលបានចូលនិវត្តន៍កាលពីឆ្នាំមុន បាននិយាយថា លោកបានពិនិត្យលើការចោទប្រកាន់អំពីការរត់ពន្ធសត្វស្វាជាងមួយទសវត្សរ៍មុន ប៉ុន្តែការស៊ើបអង្កេតត្រូវបានទម្លាក់ចោល ដោយមូលហេតុមួយក្នុងចំណោមនោះគឺ អំពីការព្រួយបារម្ភថា តើមន្ត្រីសត្វព្រៃនៅក្រៅប្រទេស អាចជឿទុកចិត្តបានដែរឬទេ។
លោកបានបន្តថា «យើងត្រូវដោះស្រាយការងារ ជាមួយបុគ្គល ដែលមិនស្គាល់នៅក្នុងរដ្ឋាភិបាលបរទេស ដែលពួកគេភាគច្រើនពុករលួយ។ យើងគ្មានផ្លូវដឹងថាអ្នកណាត្រូវបានសូក ដោយអ្នកប្រព្រឹត្តខុសច្បាប់ ដើម្បីជួយសម្រួលក្នុងការយកសត្វទាំងនេះចេញពីប្រទេសដើម និងចូលសហរដ្ឋអាមេរិក»។
កាលពីខែមុន មន្ត្រីកម្ពុជាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជូនសត្វស្វាដែលចាប់បាននៅក្នុងព្រៃដោយផ្ទាល់ ទៅកាន់កសិដ្ឋាន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Vanny Resources ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលបង្កាត់ពូជសត្វស្វា ដើម្បីស្រាវជ្រាវ។ លោក គ្រី មះផល វ័យ ៤៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy មិនទាន់បានចូលបំភ្លឺនៅឡើយ ហើយមេធាវីរបស់គាត់ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ក្រុមហ៊ុនមិនស្គាល់អត្តសញ្ញាណចំនួនពីរនៅសហរដ្ឋអាមេរិក មួយនៅរដ្ឋផ្លរីដា និងមួយនៅ Alice រដ្ឋតិចសាស់ បាននាំចូលសត្វស្វារាប់រយក្បាលដែលចាប់ពីព្រៃ នេះបើយោងតាមការចោទប្រកាន់ ដែលសំដៅទៅលើក្រុមហ៊ុនទាំងនោះថាជា «អាចជាអ្នករួមគំនិត ដោយពុំទាន់មានការចោទប្រកាន់»។
ទីក្រុងតូចមួយឈ្មោះ Alice គឺជាទីតាំងរបស់ Orient BioResource Center ជាក្រុមហ៊ុនដែលលោក Tucker ធ្លាប់ជាអនុប្រធាន នៅពេលដែលគាត់ត្រូវបានចោទប្រកាន់ពីបទ កុហកភ្នាក់ងារសហព័ន្ធ។
ក្នុងករណីនោះ លោកបានសារភាពថា ក្រុមហ៊ុនមិនបានផលិតរបាយការណ៍លម្អិត ពីលក្ខខណ្ឌនៃកន្លែងបង្កាត់ពូជក្នុងប្រទេសកម្ពុជា ទាំងចំនួន និងលក្ខណៈរបស់ស្វាដែលចិញ្ចឹមនៅក្នុងនោះទេ។
របាយការណ៍នេះនឹងផ្តល់ឱ្យព្រះរាជអាជ្ញានូវ «រូបភាពពិតនៃកន្លែងបង្កាត់ពូជស្វាជាច្រើន ដែលគេជឿថា ធាតុពិតគឺការ រត់ពន្ឋ[ស្វា]កខ្វក់ និងនាំចូលទីផ្សារដោយខុសច្បាប់ នៅក្នុងទីផ្សារពិភពលោកតាមរយះការចាប់សត្វ ដែលយកដោយខុសច្បាប់ពីព្រៃ ក្រោមសន្ធិសញ្ញា និងក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក ជាមួយនឹងឯកសារក្លែងក្លាយ»។ ជំនួយការមេធាវីសហរដ្ឋអាមេរិក លោក Thomas Watts-Fitzgerald បាននិយាយ នៅឯការកាត់ទោសរបស់ Tucker ក្នុងខែតុលា ឆ្នាំ ២០២១ ។ នេះបើយោងតាមប្រតិចារិកនៃសវនាការ។
លោកបានបន្ថែមថា «ហើយនោះជាអ្វីដែលពួកគេទាំងអស់គ្នាខ្លាច»។
លោក Tucker ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
Orient BioResource Center ត្រូវបានទិញដោយក្រុមហ៊ុនមួយផ្សេងទៀតគឺ Inotiv កាលពីខែមករា។ Inotiv បានទទួលស្គាល់ថា Orient និងក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ Envigo Global Services ត្រូវបានកោះហៅនៅក្នុងការស៊ើបអង្កេតរបស់សហព័ន្ធ។
អ្នកនាំពាក្យម្នាក់បាននិយាយក្នុងការឆ្លើយតបទៅនឹងសំណើសុំយោបល់ថា «Inotiv កំពុងសហការយ៉ាងពេញលេញ ជាមួយនឹងការស៊ើបអង្កេតរបស់សហព័ន្ធ ដែលកំពុងបន្តទាក់ទងនឹងការនាំចូលពូជសត្វស្វា។ លោក Gary Tucker បានចាកចេញពី Orient BioResource Center ទាក់ទងនឹងការទិញយកក្រុមហ៊ុនរបស់ Inotiv ហើយគាត់ក៏មិនដែលធ្វើជាបុគ្គលិក Inotiv ដែរ»។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Inotiv បានប្រកាសថា ខ្លួននឹងមិននាំចូលសត្វស្វាពីប្រទេសកម្ពុជាទេ នាពេលបច្ចុប្បន្ន ហើយខ្លួនកំពុងបដិសេធមិនលក់ ឬចែកចាយសត្វស្វាមកពីកម្ពុជា នៅឯកន្លែងរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក រហូតដល់ពួកគេអាច «កំណត់ឱ្យបានសមហេតុផលថា ស្វាទាំងនេះជាពូជដែលបង្កត់ដោយមានគោលបំណង»។
ប៉ុន្តែកម្ពុជានៅតែនាំចេញសត្វស្វា ទៅកាន់សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។
តាមដានការដឹកជញ្ជូនសត្វស្វា
កង្វះខាតសត្វស្វា ដោយសារការហាមឃាត់ការនាំចេញ របស់ប្រទេសចិន បានជំរុញឱ្យអ្នកវិទ្យាសាស្ត្រអាមេរិកមួយចំនួន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីជំរុញការផ្គត់ផ្គង់សត្វស្វាក្នុងស្រុក សម្រាប់ការស្រាវជ្រាវ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដំណើរការកសិដ្ឋានបង្កាត់ស្វា ចំនួនប្រាំពីរដែលមានសត្វស្វា ស្វាបាប៊ូន និងប្រភេទដទៃទៀត ប្រហែល ២១ ០០០ ក្បាល ។
អ្នកស្រី Deborah Fuller នាយករងនៃការស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវ Primate National Washington បាននិយាយថាតួនាទីរបស់សត្វស្វាដែលដើរតួក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីឌ១៩ គូសបញ្ជាក់ សារៈសំខាន់របស់វា ចំពោះការស្រាវជ្រាវថ្នាំ។
Image: Monkeys for research arrive in the U.S. in wooden crates. Pictured here is a shipment of long-tailed macaques from Southeast Asia.Action for Primates
Image: សត្វស្វាសម្រាប់ស្រាវជ្រាវ មកដល់សហរដ្ឋអាមេរិកក្នុងប្រអប់ឈើ។ រូបភាពនេះ គឺជាការដឹកជញ្ជូនសត្វស្វាកន្ទុយវែង ពីអាស៊ីអាគ្នេយ៍។ រូបភាពដោយ Action for Primates
អ្នកស្រី បាននិយាយថា «ខ្ញុំចង់និយាយថាសមត្ថភាពរបស់យើង ក្នុងការបង្កើតវ៉ាក់សាំងក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើមិនមានជំនួយពីពូជស្វាទាំងនេះទេ យើងនឹងនៅតែអង្គុយរង់ចាំវ៉ាក់សាំងដល់ឥឡូវនេះ»។
កិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ ដោយក្រុមការពារសិទ្ធិសត្វ ដើម្បីបង្អាក់ការជួញដូរសត្វស្វា បានបង្កើតនូវឥទ្ធិពលមួយចំនួន។
ប្រឈមមុខនឹងការប្រឆាំងពីសកម្មជន ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរភាគច្រើនបាន បញ្ឈប់ការដឹកជញ្ជូនសត្វស្វាក្នុងប៉ុន្មានឆ្នាំចុងក្រោនេះ។
ប៉ុន្តែសត្វស្វា នៅតែមកដល់ក្នុងយន្តហោះដឹកទំនិញ ដែលចុះចតនៅតាមទីក្រុងធំៗ ជាទីដែលពួកគេត្រូវបានជួបដោយអ្នកត្រួតពិនិត្យ Fish and Wildlife Service ក្នុងឈុតការពារ ដែលពួកគេមើលលើក្រដាសស្នាម ប៉ុន្តែមានទំនោរធ្វើការត្រួតពិនិត្យមិនពេញលេញនោះទេ។
នេះបើយោងតាម អតីតភ្នាក់ងារ។
បន្ទាប់មកសត្វទាំងនោះត្រូវបានផ្ទុកទៅក្នុងឡានដែលមិនមានស្លាកសញ្ញា ហើយត្រូវបានដឹកនាំទៅកាន់កន្លែងដាក់ឱ្យនៅដាច់ពីគេ ដែលជួនកាលមានចម្ងាយរាប់រយម៉ាយល៍។ សត្វស្វាត្រូវស្នាក់នៅកន្លែងដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣១ថ្ងៃ ជាកន្លែងដែលពួកគេត្រូវបានធ្វើតេស្តរកជំងឺជាច្រើន រួមទាំងជំងឺរបេង និងវីរុស Herpes B ។
ចាប់ពីពេលដែលពួកវា ត្រូវបានផ្ទុកនៅលើឡានដឹកទំនិញនៅក្នុងប្រទេសរបស់ពួកវា រហូតទៅដល់កន្លែងដាក់ឱ្យនៅដាច់ពីគេក្នុងសហរដ្ឋអាមេរិក សត្វស្វាអាចស្ថិតក្នុងការឆ្លងកាត់ ក្នុងរយៈពេលពេញមួយថ្ងៃ។
ពេលខ្លះគ្រោះថ្នាក់កើតឡើងនៅតាមផ្លូវ។
កាលពីខែមីនា រថយន្តដឹកសត្វស្វាពីអាកាសយានដ្ឋាន Kennedy ទៅកាន់កន្លែងបង្កាត់ពូជនៅរដ្ឋ Missouri ត្រូវបានបុកដោយរថយន្តមួយផ្សេងទៀតនៅលើផ្លូវហាយវេ Pennsylvania ដោយបានបញ្ជូន ទ្រុងសត្វស្វាជាច្រើនមកលើផ្លូវ។
ស្វាបីក្បាលបានរត់ចេញពីទ្រុង ហើយចូលទៅក្នុងព្រៃ។ ក្រោយមក ពួកវាត្រូវបានតាមដាន និងបាញ់សម្លាប់ដោយមន្ត្រីសត្វព្រៃ។
អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ Michele Fallon បានជួបផ្ទាល់ជាមួយសត្វស្វាមួយក្បាល ដោយមិននឹកស្មានដល់ បន្ទាប់ពីនាងបានឈប់ម៉ូតូ ដើម្បីត្រួតពិនិត្យអ្នកបើកបរនៅក្នុងគ្រោះថ្នាក់នោះ។ នាងមានរោគសញ្ញាដូចភ្នែកពណ៌ផ្កាឈូក ដែលក្រោយមកបានធូរស្រាលបន្ទាប់ពីប៉ុន្មានថ្ងៃ (មិនច្បាស់ថារោគសញ្ញារបស់នាងកើតឡើងដោយសត្វទេ)។
នាងបាននិយាយថា «ខ្ញុំមានការតក់ស្លុត ខ្ញុំមិនអាចជឿថាវា[ឡាន] កំពុងដឹកសត្វស្វាទេ។ ទ្រុងមិនមានដាក់់សញ្ញាអ្វីទាំងអស់ អំពីសត្វដែលមានគ្រោះថ្នាក់នៅខាងក្នុង ឬសត្វដែលអ្នកអាចកើតជំងឺបាន»។
ឧប្បត្តិហេតុនេះ បានបង្ហាញការយកចិត្តទុកដាក់ដ៏កម្រមួយ លើការជួញដូរសត្វស្វា ដែលភាគច្រើនកើតឡើង ក្រៅការមើលឃើញរបស់សាធារណៈជន។
អ្នកស្រី Sarah Kite ដែលជាសហស្ថាបនិកនៃអង្គការសិទ្ធិសត្វ Action for Primates បាននិយាយថា «ខ្ញុំគិតថា យើងមិនអាចមើលស្រាលភាពតានតឹង និងការឈឺចាប់ដែលសត្វទាំងនេះត្រូវទទួលរង នៅពេលដែលពួកវា ត្រូវបានដឹកជញ្ជូនឆ្លងកាត់តំបន់ទាំងនេះ ឆ្លងកាត់អាកាសធាតុផ្សេងៗគ្នារហូតដល់ ៣០ម៉ោង ឬច្រើនជាងនេះ។ ទាំងនេះគឺជាសត្វ ដែលបង្កអោយមានភាពរសើបខ្លាំង ដែលត្រូវបានបង្ខាំង និងដាក់គុក នៅក្នុងប្រអប់ដឹកជញ្ជូនតូចៗទាំងនេះ»។
នាងពឹងផ្អែកលើបណ្តាញអ្នកផ្តល់ព័ត៌មាន នៅតាមអាកាសយានដ្ឋានក្នុងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដើម្បីជួយតាមដានជើងហោះហើររបស់សត្វស្វា ទៅកាន់សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។
អ្នកស្រី Kite បាននិយាយថា «ព័ត៌មានតិចតួចណាស់ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ អំពីការស្លាប់[ស្វា]នៅលើយន្តហោះ ឬរបួស ជំងឺ ឬជំងឺឆ្លង។ នេះជាអ្វីមួយដែលមិនទៅដល់ដៃសាធារណៈជន» ។
លោក Fuentes ដែលជាអ្នកជំនាញខាងសត្វស្វា នៃសាកលវិទ្យាល័យ Princeton មិនបានតស៊ូមតិចំពោះការហាមប្រាម លើការប្រើប្រាស់សត្វស្វាសម្រាប់ការធ្វើតេស្តវេជ្ជសាស្រ្តទេ ប៉ុន្តែគាត់ជឿថា ឧស្សាហកម្មនេះត្រូវតែមានការស្គាល់ពីសាធារណៈជន។
លោកបានមានប្រសាសន៍ថា «ប្រសិនបើវាត្រឹមត្រូវតាមច្បាប់ពិតមែន ហើយមិនមានការខុសច្បាប់ ឬ មិនមានអ្វីមិនធម្មតាកើតឡើង… ហេតុអ្វីបានជាវាពិបាកក្នុងការស្វែងរកព័ត៌មានអំពីពួកគេដូច្នេះ?»៕
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។