ចំណាយពេលអស់ប្រមាណ ៣ឆ្នាំ ក្នុងការរៀបចំ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានដាក់បញ្ចូលឯកសាររបស់ខ្លួនប្រហែល ៤សែនទំព័រ ទៅកាន់លើវេបសាយផ្លូវការរបស់សារមន្ទីរ។ វាមានលទ្ធភាពអនុញ្ញាតឱ្យសាធារណៈជននៅទូទាំងពិភពលោកចូលទស្សនាដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រកាន់តែងាយស្រួល។
រស់ ពុទ្ធិណារោត្ត ធ្លាប់បានធ្វើបទយកការណ៍ ជាសម្លេងទាក់ទងនឹងអ្នកថតរូបក្នុងមន្ទីរស-២១ ឬគុកទួលស្លែង កាលពីសម័យខ្មែរក្រហម។ នោះគឺជាកិច្ចការសាលា សម្រាប់មុខវិជ្ជាសារព័ត៌មានវិទ្យុ កាលពីចុងឆ្នាំ២០២០។
ក្នុងនាមជានិស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ណារោត្តបានឱ្យដឹងថា ខ្លួនចាប់អារម្មណ៍នឹងប្រវត្តិសាស្ត្រខ្មែរក្រហម ហើយសម្រេចជ្រើសរើសប្រធានបទនោះ មកធ្វើជាកិច្ចការសាលា ដោយសារគេគិតថា ខ្មែរក្រហមជាសម័យកាលដ៏ខ្មៅងងឹតមួយ ក្នុងចំណោមសម័យកាលប្រវត្តិសាស្ត្រទាំងអស់នៃកម្ពុជា។
ណារោត្ត រៀបរាប់ពីបទពិសោធន៍នៅពេលស្រាវជ្រាវរកឯកសារពាក់ព័ន្ធ ដែលក្នុងនោះ មានការទៅដល់ផ្ទាល់នៅបណ្ណសារនៃសារមន្ទីរទួលស្លែង ថា៖ «[…] ជួបអ្នកទុកឯកសារនឹងអ៊ីចឹងទៅ ហើយគាត់សួរយើងថា យើងចង់បានឯកសារអ៊ីចឹងទៅ គាត់ថាឱ្យចូលទៅរកក្នុងហ្នឹងទៅ។ […]គ្រាន់តែស្តាប់ទៅក៏វាពិបាកដែរត្រូវអត់? ចូលរកហ្នឹង មិនដឹងចូលតាមណា រកតាមណាទេ ចឹងទៅក៏អត់បានចូលទៅដែរ»។
ដោយសារការរកផ្ទាល់ក្នុងបណ្ណសារមានលក្ខណៈស្មុគស្មាញ ណារោត្ត ភាគច្រើនចំណាយពេលស្រាវជ្រាវលើប្រព័ន្ធអនឡាញ តាមរយៈស្ថាប័នពាក់ព័ន្ធនានា ដែលធ្វើការលើរឿងនេះ ដូចជា DC-Cam បុប្ផាណា ជាដើម។
កាលពីចុងខែមករា ឆ្នាំ២០២១កន្លងទៅនេះ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណសារឌីជីថល នៅលើវេបសាយរបស់ខ្លួនផ្ទាល់ ដែលមានឯកសារកាលពីរបបខ្មែរក្រហមប្រមាណជាជាង ៤សែនទំព័រ។នោះគឺជាឯកសារក្នុងមន្ទីរ ស.២១ផ្ទាល់ ដែលនៅសេសសល់ ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំទៅ។
លោក មីគែល អាហ្គីរ៉េ អ៉ីឌីកេស គឺជាអ្នកសម្របសម្រួលគម្រោង នៃអង្គការយូណេស្កូ(UNESCO) លើគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង បានលើកឡើងអំពីសារសំខាន់នៃគម្រោងនេះថា៖ «តាមរយៈគម្រោងនេះ ពួកយើងចង់ឱ្យសាធារណជនទូទៅយល់ច្បាស់អំពីតម្លៃដ៏វិសេសរបស់បណ្ណសារនេះ សម្រាប់ប្រទេសកម្ពុជា»។
ក្រៅពីអនុញ្ញាតឱ្យសាធារណជនប្រើប្រាស់បានតាមអនឡាញ គម្រោងនេះក៏មានគោលបំណង លើកកម្ពស់ការយល់ដឹង អំពីអត្ថប្រយោជន៍ នៃបណ្ណសាររបស់សារមន្ទីរនេះ។
«នៅពេលដែលមនុស្សជាច្រើនបានមកសារមន្ទីរគុកទួលស្លែងនេះ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពួកគេប្រាកដជាដឹងថាវាធ្លាប់ជាទីតាំងសាលារៀន កន្លែងឃុំឃាំង ជាមួយបន្ទប់ផ្សេងៗគ្នា រូបភាពនានា ប៉ុន្តែគេមិនដឹងឡើយអំពីវត្តមានបណ្ណសារនៃសារមន្ទីរនេះ ជាមួយនឹងព័ត៌មានដ៏ទូលំទូលាយនៃប្រព័ន្ធមន្ទីរឃុំឃាំងទាំងមូលកាលពី ជំនាន់ខ្មែរក្រហម» នេះបើតាមការលើកឡើងរបស់លោក មីគែល។
កាលពីឆ្នាំ២០០៩ កន្លងទៅ បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានអង្គការយូណេស្កូបញ្ជូល ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ។ នេះមានន័យថា ឯកសារទាំងនេះ មានតម្លៃជាសាកល ត្រូវបានចាត់ទុកជាបេតិកភណ្ឌឯកសាររបស់មនុស្សជាតិ និងទាមទារឱ្យមានការអភិរក្ស។
លោក ហង្ស និស្ស័យ ជាប្រធានគ្រប់គ្រងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានឱ្យដឹងថា ការបង្កើតថ្មីនៃបណ្ណសារឌីជីថលនេះ បានធ្វើឱ្យមានភាពងាយស្រួលជាងមុន ក្នុងការប្រើប្រាស់បណ្ណសារ សម្រាប់សិស្សានុសិស្សនិងអ្នកសិក្សាស្រាវជ្រាវ។
«ចំពោះការបង្កើតនេះ វាជួយច្រើន បានន័យថាគាត់មិនចាំបាច់មកសារមន្ទីរផ្ទាល់ទេ ខុសពីមុនដែលគាត់ត្រូវមកទួលស្លែងផ្ទាល់ ដើម្បីអង្គុយអាន ហើយការបែងចែក(sort)រកឯកសារក៏ពិបាកដែរ ព្រោះអីយើងអត់ទាន់មាន Database(ប្រព័ន្ធគ្រប់គ្រងទិន្នន័យ)ត្រឹមត្រូវ។ ប៉ុន្តែឥឡូវនេះគាត់អាចអង្គុយនៅសាលាក៏បាន អង្គុយនៅផ្ទះក៏បាន គាត់Searchមើលតាមអ៉ីនធឺណែត ហើយគាត់មានការងាយស្រួល Search(ស្វែងរក) រក» លោក និស្ស័យលើកឡើង។
លោកបានបន្តថា មុនពេលដែលមានបណ្ណសារអនឡាញនេះ អ្នកសិក្សាស្រាវជ្រាវ ត្រូវស្វែងរកឯកសារនានាដោយខ្លួនឯង នៅក្នុងប្រអប់ទុកឯកសារជាច្រើនរបស់បណ្ណសារ។ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវគ្រាន់តែវាយឈ្មោះឬសញ្ជាតិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនិងរូបថតរបស់ជនរងគ្រោះ។
លោក ហង្ស និស្ស័យ បានបន្តថា ការបង្កើតនេះក៏អាចជួយដល់ការថែរក្សាឯកសារ របស់សារមន្ទីរស-២១ មួយផ្នែក ដោយសារការប៉ះពាល់ដោយផ្ទាល់ អាចប៉ះពាល់ដល់គុណភាពនៃឯកសារទាំងនោះ។ បណ្ណសារនេះត្រូវបានបែងចែកឯកសារជា៨ប្រភេទផ្សេងៗគ្នា ដូចជា៖ រូបថត ហ្វីល ប្រវត្តិរូប ចម្លើយសារភាព បញ្ជី សៀវភៅកត់ត្រាខ្មែរក្រហម ទស្សនាវដ្តីបដិវត្ត និងឯកសារផ្សេងៗ
ទោះបីជាយ៉ាងណាក៏ដោយ ឯកសារដែលនៅលើបណ្ណសារឌីជីថល របស់សារមន្ទីរគុណទួលស្លែងមួយចំនួន មិនត្រូវបានអនុញ្ញាត ឱ្យសាធារណជនមើលទាំងអស់ឡើយ។ ឯកសារមួយចំនួននោះ ក៏ត្រូវបានដាក់ចូលក្នុងបញ្ជីចូលមើលដោយមានលក្ខខណ្ឌកំណត់។
ក្នុងករណីនេះដែរ លោក ហង្ស និស្ស័យ បានពន្យល់ថា៖ «ទាក់ទងនឹងឯកជនភាព សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ហើយនិងឈ្មោះអីហ្នឹងដែលយើងគិតថា យើងត្រូវតែមានការអនុញ្ញាតអ៊ីចឹងទៅណា។ […]ប៉ុន្តែនៅពេលដែលគាត់ស្នើសុំ ហើយយើងអនុញ្ញាតជូនគាត់ លោកអាចមើលឯកសារនឹងបាន»។
លោកបានបន្តថា ជាទូទៅការស្នើសុំមើលឬប្រើប្រាស់ឯកសារ ដែលមិនត្រូវបានកំណត់ឱ្យមើលទូលំទូលាយនោះ ត្រូវឆ្លងកាត់ការស្នើសុំតាមប្រព័ន្ធអនឡាញ នៅលើគេហទំព័ររបស់សារមន្ទីរស្រាប់។ ជាទូទៅ ការស្នើសុំទាំងនោះ ប្រើប្រាស់រយៈពេលប្រហែល ១៤ថ្ងៃ ដើម្បីសម្រេចលើការអនុញ្ញាតឬបដិសេធ ដោយខាងសារមន្ទីរផ្ទាល់។ ក្នុងករណីមួយចំនួនដែលសារមន្ទីរមិនអាចសម្រេច សេចក្តីស្នើសុំនឹងត្រូវបានបញ្ជូនបន្ត ទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
គម្រោងនេះ បានប្រើប្រាស់រយៈពេលប្រមាណជា ៣ឆ្នាំ ទើបបញ្ចប់ ជាការសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សារមន្ទីរទួលស្លែង អង្គការយូណេស្កូ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងឆ្នាំ២០១៨ រហូតដល់ដើមឆ្នាំ២០២១នេះ ក្នុងនោះរួមមាន ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសថតរូប និងស្គេន ក្នុងកម្រិតគុណភាពខ្ពស់ ព្រមទាំងបញ្ចូលទិន្នន័យឯកសារក្នុងមេតាដាតា ដល់បុគ្គលិកសារមន្ទីរផ្ទាល់។
យោងតាមគេហទំព័ររបស់សារមន្ទីរទួលស្លែងបានឱ្យដឹងថា កន្លែងនេះធ្លាប់ជាគុកដ៏ធំមួយសម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និង សម្លាប់អ្នកទោសនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ មន្ទីរស-២១ ឬគុកទួលស្លែងនេះ បានធ្លាប់ឃុំខ្លួនអ្នកទោសប្រមាណ ១៥០០០ ទៅ ២០០០០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានសមាជិកនៃខ្មែរក្រហម ដែលជាប់ចោទពីបទក្បត់របបខ្មែរក្រហម កាលពីជំនាន់នោះ។ អ្នកទោសដែលមកដល់មន្ទីរស-២១ ត្រូវបានថតរូប ផ្តល់ចម្លើយសារភាព និងប្រវត្តិរូបនានា។
សារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ក៏ត្រូវបានអង្គការយូណេស្កូ បញ្ជូលក្នុងបញ្ជីឈ្មោះទីតាំងដើម្បីពិចារណា ដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។
ដោយសារនៅក្នុងបណ្ណសារមានរឿងជាច្រើន ដែលមានអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រ លោក មីគែល ក៏បានជម្រុញលើកទឹកចិត្តឱ្យយុវជនកម្ពុជា បង្កើតមាតិកានិងសាច់រឿងនានាជាច្រើន ចេញពីឯកសារទាំងនោះ។
លោក មីគែល បាននិយាយថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនខ្មែរ បង្កើតមាតិកានានាដូចជារឿងរ៉ាវជាដើម។ ពួកគេអាចទទួលបានរឿងច្រើនមែនទែនពីបណ្ណសារនោះ។ […] នេះគឺជាបណ្ណសារដ៏ធំមួយ សម្រាប់ឯកសារប្រភេទនេះ(ប្រល័យពូជសាសន៍) ក្នុងពិភពលោក។ នៅក្នុងបរិបទផ្សេង នៅប្រទេសផ្សេង ឯកសារបែបនេះប្រហែលជាត្រូវបានគេកម្ទេចចោល។ ប៉ុន្តែនៅក្នុងបរិបទកម្ពុជា យើងអាចនិយាយបានថា យើងមានសំណាង ដែលពួកខ្មែរក្រហមមិនបានកម្ទេចឯកសារទាំងនោះចោល នៅមុនពេលវៀតណាមចូលមកប្រទេសកម្ពុជា»។
សម្រាប់យុវសិស្ស ពុទ្ធិណារោត្ត យល់ឃើញថា ការបង្កើតជាបណ្ណសារឌីជីថលរបស់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនេះ នឹងអាចជួយសម្រួលដល់ការសិក្សារបស់គេអាចបង្កើតនិងព្យាយាមសរសេររឿងក៏ដូចជាអ្នកសិក្សាស្រាវជ្រាវដទៃទៀតទៅលើប្រវត្តិសាស្ត្រខ្មែរក្រហម៕
ចុចទីនេះ ដើម្បីចូលទៅកាន់បណ្ណសារឌីជីថលរបស់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង