ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ នៅពេលបច្ចុប្បន្ន ផ្ដោតចម្បងលើបញ្ហាសុវត្ថិភាពអាហារ និងអាហារូបត្ថម្ភ។ ប្រជាជនកម្ពុជា មានការព្រួយបារម្ភពីគុណភាពនៃអាហារ និងសារធាតុគីមី របស់ផលិតផលក្នុងស្រុក និងនាំចូល។ ការណ៍នេះ ធ្វើឱ្យមានការកើនឡើងនូវតម្រូវការផលិតផលសរីរាង្គ ដើម្បីធានាសុខភាព។ តើអ្នកអាចកត់សម្គាល់ពីផលិតផលសរីរាង្គដោយរបៀបណា?
តើអ្វីទៅជាផលិតផលសរីរាង្គ?
ផលិតផលសរីរាង្គមានការកំណត់និយមន័យផ្សេងៗគ្នា ដែលសំដៅទៅលើផលិតផលកសិកម្ម ដែលមិនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន ក្នុងនោះរួមមាន ការដាំដុះដោយមិនប្រើប្រាស់សារធាតុសំយោគដូចជា ជីនិងថ្នាំសត្វល្អិតដែលបង្កើតឡើងដោយមនុស្ស ការប្រើប្រាស់ថ្នាំលើសត្វពាហនៈ គ្រាប់ពូជដែលហ្សែនរបស់វាត្រូវបានកែប្រែ (genetically modified) ជាដើម។ ការអនុវត្តបែបសរីរាង្គ ផ្ដោតលើការរក្សានិងបង្កើនជីវជាតិដី រួមទាំងការការពារសត្វល្អិត និងជំងឺផ្សេងៗ។
អង្គការស្បៀងអាហារពិភពលោក (FAO) បានកំណត់និយមន័យផលិតផលសរីរាង្គថា ជាប្រព័ន្ធគ្រប់គ្រងផលិតផលកសិកម្ម ដែលលើកស្ទួយ និងពង្រឹងនូវសុខភាពកសិកម្មអេកូឡូស៊ី រួមមាន ជីវៈចម្រុះ វដ្តជីវសាស្ត្រ និងសកម្មភាពជីវសាស្ត្រដី។
តើអ្វីទៅជាគោលបំណងនៃ ផលិតផលសរីរាង្គ?
យោងតាមឯកសារ ស្តីពីស្តង់ដាអាស៊ានសម្រាប់កសិកម្មសរីរាង្គ បានឱ្យដឹងថា គោលបំណងនៃកសិកម្មសរីរាង្គ គឺសំដៅទៅលើ ប្រព័ន្ធគ្រប់គ្រងបែបសរីរាង្គអេកូឡូស៊ី រយៈពេលយូរ ប្រកបដោយចីរភាព។ ផលិតផលសរីរាង្គ អាចធានាគុណភាពដី បានរយៈពេលយូរ ហើយថែមទាំងអាចជួយកាត់បន្ថយវត្ថុធាតុដើមដែលសំយោគឡើងដោយមនុស្ស និងការការប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថាន ពីសារធាតុគីមី។
តើអ្វីទៅជាស្តង់ដារនៃការដាំដុះផលិតផលសរីរាង្គ?
ភាពពេញនិយមនៃផលិតផលសរីរាង្គមានការកើនឡើងខ្លាំង នាបណ្ដាប្រទេសអភិវឌ្ឍនៅទូទាំងពិភពលោក ហើយប្រទេសទាំងនេះមានការកំណត់ស្តង់ដារផ្សេងៗគ្នា។ បើយោងតាមស្តង់ដារអាស៊ាន មានការកំណត់ពីចំណុចមួយចំនួនលើការគ្រប់គ្រងផលិតផលកសិកម្ម វាត្រូវការដំណាក់កាលជាច្រើន ដែលរាប់បញ្ចូលចាប់តាំងពីការគ្រប់គ្រងផលិតកម្មគ្រាប់ពូជ រហូតដល់ការវេចខ្ចប់និងការចែកចាយ។
- ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជ៖ ការរៀបចំដី ការជ្រើសរើសគ្រាប់ពូជ វិធីនៃការដាំដុះ កម្រិតនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការគ្រប់គ្រងគុណភាពដី ជីវជាតិនិងទឹក ជម្រើសនៃប្រភេទដំណាំ និងការគ្រប់គ្រងសត្វល្អិត ស្មៅនិងការលូតលាស់។
- ការគ្រប់គ្រងបន្ទាប់ពីការប្រមូលផល គ្រឿងផ្សំ ការស្តុកទុក ការសម្អាតនិងសំលាប់មេរោគនៅកន្លែងផលិតឬស្តុកទុក ដំណើរការនៃការវេចខ្ចប់ ការដឹកជញ្ជូន។
- ការបិទស្លាកសម្គាល់ និងការបញ្ជាក់ផ្សេងៗ ពីស្ថាប័នមួយចំនួន ដែលបានសុំសិទ្ធពីក្រសួងមានសមត្ថកិច្ច ដើម្បីផ្ដល់វិញ្ញាបនបត្រ។
តើផលិតផលសរីរាង្គ មានបិតស្លាកសម្គាល់បញ្ជាក់ដែរឬទេ?
នៅកម្ពុជា ការប្រើប្រាស់ផលិតសរីរាង្គមានការពេញនិយមកាន់តែច្រើនឡើងៗ។ អ្នកអាចសម្គាល់ផលិតសរីរាង្គ បានតាមរយៈការបិទស្លាកសម្គាល់។ នៅកម្ពុជា ស្ថាប័ន និងក្រុមហ៊ុនមួយចំនួន ដែលអាចផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផលសរីរាង្គ រួមមាន៖
- ECOCERT
- Control Union
- OneCert
- AgriCert
- Cambodia
- Organic Agriculture Association (COrAA)
- Organic Certified Services (BCS)
ដូច្នេះ នៅពេលដែលអ្នកស្វែងរកផលិតផលកសិកម្ម អ្នកអាចចាប់ផ្តើមសង្កេត រកមើលស្លាកសញ្ញាពីស្ថាប័នខាងលើ នៅលើការវេចខ្ចប់ ឬវិញ្ញាបនបត្រដែលដាក់តាំងបង្ហាញនៅក្នុងហាងឬក្បែរៗកន្លែងគិតលុយ ដើម្បីធ្វើឱ្យប្រាកដថាផលិតផលដែលអ្នកបានទិញ ពិតជាមានការទទួលស្គាល់ មានការបញ្ជាក់ថាជាផលិតផលសរីរាង្គពិតប្រាកដមែន៕