អត្ថបទ និងរូបថតដោយ៖ មេត មន្ថារី

នៅថ្ងៃទី២នៃការមករដូវ ម៉ោង២រសៀលជាមួយនឹងអាកាសធាតុក្តៅបន្តិចនារដូវក្ដៅ បន្ទាប់ពីត្រលប់មកពីប្រជុំជាមួយនឹងសម្លៀកបំពាក់ ធូររលុងធម្មតា ដើរចូលបន្ទប់គេងរបស់នាងមិនបង្អង់ជាមួយនឹងទឹកមុខធម្មតា និងមើលទៅស្ងប់ស្ងាត់។ ហុក សុវណ្ណវត្តី បានកំពុងយក ពែងស៊ីលីកូន ចេញមក យ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់ទឹករបស់នាង។ ដៃរបស់នាងកាន់នូវឈាមរដូវប្រមាណ ១២មីលីលីត្រ នៅក្នុងពែង បន្ទាប់មកចាក់វាចូលបង្គន់ ដូចធម្មតា។
កញ្ញា ហុក សុវណ្ណវត្តី ជាស្ត្រីវ័យក្មេងម្នាក់ដែលប្រើពែងស៊ីលីកូនសម្រាប់ការមករដូវ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ ពីការប្រើប្រាស់ប្លាស្ទិក និងធនធានដែលមានស្រាប់។ និងរួមទាំងពង្រឹងការយល់ដឹងដល់ស្ត្រីវ័យក្មេងលើសុខភាពបន្តពូជផងដែរ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាក្យ ការធ្វើអោយបរិស្ថានបៃតង (going green) ការរស់នៅធ្វើអោយបរិស្ថានល្អ (eco-friendly) ការរស់នៅដោយយកចិត្តទុកដាក់ទៅលើបរិស្ថាន (environmentally-friendly) និងការកាត់បន្ថយកាកសំណល់ (zero waste) ត្រូវបានលើកឡើងនៅលើវេទិការផ្សេងៗគ្នា ទាំងការជួបជុំផ្ទាល់ និងតាមបណ្ដាញសង្គម នៅក្នុងចំណោមយុវជន អ្នកស្រាវជ្រាវ សង្គមស៊ីវិល និងរដ្ឋាភិបាល។
“ខ្ញុំគិតថាមនុស្សគួរតែចាប់ផ្តើមរៀន កាត់បន្ថយផលប៉ះពាល់របស់ពួកគេ នៅលើផែនដី ទោះបីពួកគេ ហៅខ្លួនឯងថាជា អ្នកបរិស្ថាន ឬអត់ក៏ដោយ” កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិកហ្គ្រីនឡេឌ៊ី (Green Lady) សហគ្រាសអេកូដែលផលិត ទ្រនាប់ក្រណាត់សម្រាប់ ការមករដូវរបស់ស្ត្រី បាននិយាយ។
នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជា បានអនុម័តរបៀបវារៈ របស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់ខ្លួន ដែលអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ចប់ភាពក្រីក្រ និងការពារបរិស្ថាន។
ក្នុងចំណោម សកម្មភាពដែលអាចមើលឃើញបំផុតនោះ អាជ្ញាធរបានចាត់វិធានការ ធ្វើឱ្យហាងលក់គ្រឿងទេស បង់ថ្លៃថង់ប្លាស្ទិក ដែលជំរុញឱ្យអ្នកទិញទំនិញ ប្រើប្រាស់កាបូបអេកូ ឬកាបូបដាក់ឪវ៉ាន់ដែលអាចប្រើប្រាស់ឡើងវិញបាន។ ដែលមិនទាន់មាន ទិន្នន័យជាក់ស្ដែងអំពី ចំនួនមនុស្សដែលងាកទៅផ្លាស់ប្ដូរ ការប្រើសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបានទាំងនោះ។
ហុក សុវណ្ណាវត្តី មិនមែនជាមនុស្សតែម្នាក់ទេ។ នៅពេលឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ មានកាន់តែខ្លាំងឡើងនោះ យុវជន កាន់តែច្រើនកំពុងងាកទៅរក ជម្រើសនៃការរស់នៅប្រកបដោយនិរន្តរភាពបរិស្ថាន។ ប៉ុន្តែការរស់នៅប្រកបដោយនិរន្តរភាពនេះ មិនមែនជាបែបបទរស់នៅ តែងតែលំបាកនោះទេ។
ចំណុចចាប់ផ្តើមនៃការរស់នៅប្រកបដោយនិរន្តរភាព

ហុក សុវណ្ណវត្តី បានចាប់ផ្តើមប្រើប្រាស់ ផលិផលដែលមានការយកចិត្តទុកដាក់ទៅលើបរិស្ថាន (eco-friendly) សម្រាប់ការមក រដូវរបស់នាង ដំបូងបំផុតនៅក្នុងខែធ្នូ ឆ្នាំ ២០១៦។
ដោយការប្រើទ្រនាប់ក្រណាត់សម្រាប់ការមករដូវរបស់នាង ហើយបន្ទាប់មកនៅឆ្នាំ ២០១៧ ជាមួយពែងស៊ីលីកូនសម្រាប់ការមករដូវ ។ បន្ទាប់មកនាង បានបង្កើតសហគ្រាសអេកូមួយ ដែលមានឈ្មោះថា ហ្គ្រីនឡេឌ៊ី Green Lady នៅក្នុងឆ្នាំ ២០១៧ ដែលផលិតទ្រនាប់ក្រណាត់សម្រាប់ការមករដូវរបស់ស្ត្រី នៅកម្ពុជា។
កញ្ញាបាននិយាយថា អ្វីដែលជះឥទ្ធិពលទៅលើនាង ក្នុងការចាប់ផ្ដើមរស់នៅដោយយកចិត្តទុកដាក់ទៅលើបរិស្ថាន ជាមួយនឹង ការប្រើប្រាស់ផលិតផលសម្រាប់វដ្ដរដូវស្ត្រីដែលមានការយកចិត្តទុកដាក់ទៅលើបរិស្ថាន គឺនៅពេលដែលនាង បានធ្វើដំណើរ និងស្នាក់នៅក្នុងភូមិអេកូមួយ ក្នុងប្រទេសថៃ ក្នុងគោលបំណងចង់ស្គាល់ពីបរិស្ថាន និងការរស់នៅដោយយកចិត្តទុកដាក់ ទៅលើបរិស្ថាន បន្ថែមទៀត។
“ពួកគេបានប្រាប់ខ្ញុំពីរបៀបរស់នៅដោយយកចិត្តទុកដាក់ទៅលើបរិស្ថាន (eco-friendly) របៀបកាត់បន្ថយការប្រើប្រាស់ធនធាន ផ្សេងៗ តើគួរកាត់បន្ថយយ៉ាងម៉េច និងទំហនៃការកាត់បន្ថយ ។ ពួកគេបានប្រាប់ខ្ញុំថា សម្រាប់ស្ត្រីប្រសិនបើយើងចង់ប្រើអ្វីមួយ ដើម្បីជំនួស សម្លីអនាម័យប្លាស្ទិច យើងអាចប្រើទ្រនាប់ក្រណាត់ ពែងស៊ីលីកូន ឬប៉ុងក្រណាត់បាន។ ចាប់តាំងពីពេលនោះមក ខ្ញុំដឹងថា ស្ត្រីមានជម្រើសផ្សេង។”
កញ្ញា ចេន គឹមឈី អ្នកអនុវត្តការរស់នៅដែលយកចិត្តទុកដាក់លើបរិស្ថានម្នាក់ដែរនោះ ដែលជាអ្នកធ្វើការងារសង្គម បាននិយាយ ថា ដំបូងនាងចាប់ផ្តើម អនុវត្តទម្លាប់ដែលយកចិត្តទុកដាក់លើបរិស្ថាននេះ ដោយប្រើ ដបទឹកដែលអាចប្រើឡើងវិញបាន។ បន្ទាប់មក ប្រើទុយោឬស្សី ប្រអប់អាហារដែលអាចប្រើប្រាស់ឡើងវិញបាន សមស្លាបព្រាឫស្សី។សម្រាប់ពេលខ្លះ ដែលចេញទៅក្រៅពីផ្ទះ។ អ្វីដែលជះឥទ្ធិពលដល់នាង ក្នុងការចាប់ផ្តើមវា ដោយសារតែទម្លាប់រស់តាំងពីកុមារភាព និងការបញ្ជ្រាបការយល់ដឹងតាមរយៈកម្មវិធី សាធារណៈផ្សេងៗ និងតាមប្រព័ន្ធផ្សព្វផ្សាយ។
កញ្ញាបានបន្ថែមថា អ្វីដែលអាចជះឥទ្ធិពលដល់ ការផ្លាស់ប្តូរអាកប្បកិរិយារបស់មនុស្ស គឺការអនុវត្តនៅក្នុងគ្រួសារ និងសាលារៀន។
សម្រាប់ ចៅ មនោរម្យ ដែលជាស្ថាបនិកសហគ្រាសអេកូមួយ ដែលលក់ឧបករណ៍ធ្វើជីកំប៉ុសដោយខ្លួនឯង បានចាប់ផ្តើម ការអនុវត្តន៍ ដំបូងក្នុងឆ្នាំ ២០១៣។ នៅក្នុងការអនុវត្តប្រចាំថ្ងៃដ៏សំខាន់របស់នាង ដោយបំលែងកាកសំណល់ផ្ទះបាយ របស់នាង ទៅជាជីកំប៉ុស នៅឆ្នាំ ២០២០ នាងបានបង្កើតសហគ្រាសអេកូមួយដែលមានឈ្មោះថា កំប៉ុស្តស៊ីធី Compost City។
កញ្ញាបាននិយាយថាអ្វីដែលជះឥទ្ធិពលដល់នាងក្នុងការចាប់ផ្តើម និងការព្រួយបារម្ភលើបរិស្ថាន និងការប្រើប្រាស់ធនធាន ដែលមានស្រាប់របស់មនុស្សសព្វថ្ងៃ គឺការអានអត្ថបទអំពីបរិស្ថាន និងសម្ភារៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ខ្សែរភាពយន្តឯកសារ។
“វាបានចាប់ផ្តើមនៅឆ្នាំ ២០១៣ នៅពេលដែលខ្ញុំអនុវត្តវាដំបូង ខ្ញុំបានអានអត្ថបទមួយស្តីពីបរិស្ថាន ខ្ញុំមិនចាំច្បាស់ទេ វាដូចជាអត្ថបទ ស្រាវជ្រាវអំពីការកាត់បន្ថយកាកសំណល់។ បន្ទាប់មកពេលនោះខ្ញុំបានឃើញខ្សែភាពយន្តឯកសារអំពីក្រុមម៉ាហ្វីយ៉ា (environmental mafia)។”
ស្ថាបនិកសហគ្រាសអេកូម្នាក់ទៀតគឺ ស៊ាង ឆាយលី បានចាប់ផ្តើមដឹងពីវាដំបូងនៅឆ្នាំ ២០១៦ ។ នៅឆ្នាំ ២០១៩ គាត់បានចាប់ផ្ដើមសហគ្រាសអេកូមួយ ដែលលក់ផលិតផលថែរក្សាស្បែកបែបធម្មជាតិ មានឈ្មោះថាលម្អរអង្គ LumR Ang។
“ខ្ញុំបានដឹងអំពីរឿងនេះតាមរយៈបងស្រីខ្ញុំ គាត់និងក្រុមរបស់គាត់បានធ្វើគម្រោងយុទ្ធនាការមួយ ស្តីពីការយល់ដឹងអំពីបរិស្ថាន កាលពីឆ្នាំ ២០១៦ បន្ទាប់មកខ្ញុំបានចូលរួមក្នុងយុទ្ធនាការនោះ ជាក្រុមការងារស្ម័គ្រចិត្ត។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១៩ ខ្ញុំបានចាប់ផ្តើមផលិត ផលិតផលថែរក្សាស្បែក ធ្វើពីរុក្ខជាតិសរីរាង្គផ្សេងៗសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដោយសារតែផលិតផលថែរក្សាស្បែកសរីរាង្គមួយចំនួនពិបាករកក្នុងស្រុក ខ្ញុំមិនដែលរំពឹងថាវានឹងក្លាយជាសហគ្រាសអេកូទេ។” ស៊ាង ឆៃលី និយាយ។
អ្វីដែលពួកគេអនុវត្ត
ហុក សុវណ្ណវត្តី បាននិយាយថា “ អ្វីដែលងាយស្រួលបំផុតគឺមិនប្រើថង់ប្លាស្ទិចធំៗ”។
កញ្ញាបានបន្ថែមទៀតថា នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់នាង នាងព្យាយាមកាត់បន្ថយការប្រើប្រាស់ផលិតផល ដែលមានផ្ទុកជាតិគីមីច្រើន ការទិញសម្លៀកបំពាក់មិនចាំបាច់ និងរក្សាកែវចាស់ៗ។
កញ្ញា រុំ រក្សា បាននិយាយថា “ខ្ញុំរាប់វាតាមជំហានដែលខ្ញុំធ្វើ ទៅលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ ដឹកជញ្ជូន ការស្នាក់នៅ ឬការទិញឥវ៉ាន់ គ្រឿងទេសផ្សេងៗ។ ខ្ញុំព្យាយាមបញ្ចូលវាទៅក្នុងសកម្មភាពប្រចាំថ្ងៃម្ដងបន្តិចៗ”។

“អ្វីដែលងាយស្រួលជាងនោះ គឺការចាប់ផ្តើមពីមួយជំហានទៅមួយជំហាន ក្នុងការបដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែឆ្នៃឡើងវិញ។” រុំ រស្មី និយាយ។
កញ្ញា ចេន គីមឈីបាននិយាយថា៖ “ពីព្រោះវាមានផ្នែកជាច្រើន ក្នុងការអនុវត្តទម្លាប់ដែលមិនប៉ះពាល់ដល់បរិស្ថាននេះ ប្រៀបធៀបទៅនឹងភាគរយនៅទីនេះ គឺមិនដាក់បន្ទុកលើខ្លួនយើងទេ វាគ្រាន់តែជាការងាយស្រួលក្នុងការប៉ានប្រមាណមើលថា តើបុគ្គលម្នាក់ៗ អាចចូលរួមចំណែក និងកាត់បន្ថយកាកសំណល់របស់ពួកគេបានយ៉ាងដូចម្តេច។”
ស្ត្រីត្រូវការតុបតែងខ្លួនដើម្បីសម្រស់ ការប្រើប្រាស់ ផលិតផលថែរក្សាស្បែក គ្រឿងសម្អាង ដែលផលិតមកពីសារធាតុសរីរាង្គ អាចដើរតួនាទីមួយផ្នែកជួយទៅដល់បរិស្ថាន រួមទាំងជួយទៅដល់ការថែរក្សាស្បែកផ្ទាល់ខ្លួនផងដែរ។ ចំពោះភ្នែកទទេ ស្បែករបស់អ្នកអាចមើលទៅដូចជា ស្រទាប់ដែលមិនអាចស្រូបសារធាតុផ្សេងៗបាន ប៉ុន្តែវិទ្យាសាស្ត្របង្ហាញថាសារធាតុគីមី ៦០ ភាគរយ ដែលប៉ះពាល់នឹងស្បែករបស់អ្នក ត្រូវបានស្រូបចូលទៅក្នុងស្បែករបស់អ្នក។ Wailana, The hidden dangers of cosmetics។
បញ្ហាប្រឈមក្នុងការរស់នៅប្រកបដោយនិរន្តរភាព
ហុក សុវណ្ណវត្តី បាននិយាយថា ស្ត្រីអាចជួបបញ្ហាប្រឈមជាមួយជាមួយខ្លួនពួកគេផ្ទាល់ ក្នុងការប្រើប្រាស់ផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់វដ្តរដូវ ដោយសារតែពាក្យចចាមអារ៉ាមមួយចំនួនទៅលើព្រហ្មចារីស្ត្រី ប៉ុន្តែវាពិតជាមានប្រយោជន៍ទៅដល់ បរិស្ថាន និង ខ្លួនពួកគេ។
“ការប្រើប្រាស់សម្ភារៈវដ្តរដូវដែលមានលក្ខណៈយកចិត្តទុកដាក់លើបរិស្ថាន [ប៉ុងក្រណាត់ ទ្រនាប់ក្រណាត់ ពែងស៊ីលីកុន] អាចកាត់បន្ថយសំឡីអនាម័យប្លាស្ទិកបានចំនួន ៧៦០០ បន្ទះ។ “ ហុក សុវណ្ណវត្តី និយាយ។
កញ្ញាបាននិយាយថា ការប្រើប្រាស់ទ្រនាប់ក្រណាត់ និង ពែងស៊ីលីកុន អាច កាត់បន្ថយនូវការប្រើសំឡីអនាម័យទូទៅ ដែលផលិតលាយឡំជាមួយប្លាស្ទិក រហូតដល់២០បន្ទៈ ក្នុងរយៈពេល ១ខែ។

“ជាទូទៅស្ត្រីអាចប្រើសំឡីអនាម័យចំនួន ២០បន្ទះ ក្នុងមួយខែ ។ សព្វថ្ងៃ ក្មេងស្រីភាគច្រើនអាចចាប់ផ្តើមមានរដូវដំបូងពីអាយុ ១៣ ឆ្នាំ ហើយស្ត្រីអាចឈប់មករដូវត្រឹមអាយុ ៥៥ ឆ្នាំ។ បើយើងរាប់ពីអាយុ ១៣ឆ្នាំ ទៅ ៥៥ឆ្នាំ វាមានចំនួន ៣២ ឆ្នាំ។ បើយើង គណនាទៅ មនុស្សស្រីអាចប្រើសំឡីអនាម័យទូទៅ ២០បន្ទះ ក្នុង ១ខែ ហើយយើងមាន ១២ខែ ក្នុង ១ឆ្នាំ ដោយមនុស្សស្រី អាចប្រើសំឡីអាម័យនៅក្នុងកំឡុងពេល ៣២ឆ្នាំ បើយើងគុណ សំឡីអនាម័យ ២០បន្ទះ ដែលប្រើក្នុងមួយខែ ទៅនឹង ១២ខែ (ចំនួនដែលមានក្នុងមួយឆ្នាំ) រួចគុណនឹងចំនួន ៣២ឆ្នាំ (ដែលវដ្ដរដូវមានចាប់ពី១៣ឆ្នាំ ទៅ៥៥ឆ្នាំ)។ ដូច្នេះពួកគេអាចប្រើសំឡីអនាម័យ ទូទៅប្រហែល ៧៦០០បន្ទះ នេះជាចំនួនប៉ាន់ស្មានប៉ុណ្ណោះ សម្រាប់មនុស្សស្រីដែលមិនមានសំរាលកូន ហើយអាចចាប់ផ្តើមមាន រដូវដំបូងនៅអាយុ ១៣ ឆ្នាំហើយបញ្ចប់ត្រឹមអាយុ ៥៥ ឆ្នាំ។”
ចំណុចដែលពិបាកក្នុងការទម្លាប់ទាំងនោះ អាចជាការឈានទៅកម្រិតបន្ទាប់ទៀត ដូចជាការប្រើប្រាស់ផលិតផល ដែលយកចិត្តទុកដាក់លើបរិស្ថាន ដូចជា គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងសាប៊ូផ្សេងៗ ដែលប៉ះពាល់ដល់បរិស្ថានតិចជាងមុន ជាមួយនឹងការវេចខ្ចប់ដែលយកចិត្តទុកដាក់ខ្ពស់ដល់បរិស្ថាន។
“អ្វីដែលពិបាកបំផុតគឺចំណូលរបស់យើង នៅក្នុងការរស់នៅជាមួយនឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ យើងត្រូវតែមាន ស្ថេរភាពផ្នែកហិរញ្ញវត្ថុ ។ ប្រសិនបើយើងចង់កាត់បន្ថយ [ការប្រើប្រាស់ផ្លាស្ទិច ឬធនធានដែលមានស្រាប់] ប៉ុន្តែយើងមិនអាច មានលទ្ធភាពជាមួយនឹងផលិតផលទាំងនោះ យើងមិនសប្បាយចិត្តនឹងវា [ក្នុងការព្យាយាមប្ដេជ្ញាប្រើប្រាស់វា] ដូច្នេះវាអាស្រ័យលើ កន្លែងណាខ្លះនៅក្នុងការរស់នៅរបស់យើង ដែលយើងអាចកាត់បន្ថយវា។ ការលំបាកមួយទៀត គឺប្រសិនបើយើង យើងចង់ស្វែងរក ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែយើងត្រូវបញ្ជាទិញពីប្រទេសក្រៅ។”

“ពេលខ្លះយើងចង់ប្រើសម្ភារៈដែលផលិតពីរុក្ខជាតិសរីរាង្គផ្សេងៗទាំងនោះ។ ប៉ុន្តែតម្លៃផលិតផលសរីរាង្គខ្លះលើសពីផលិតផល ទូទៅបន្តិច សាប៊ូសរីរាង្គខ្លះមានតំលៃប្រហែល ៦ ដុល្លារ ខ្ញុំអាចទិញសាប៊ូធម្មតា វាចំណាយត្រឹមតែ ០.៥០ ដុល្លារ។ ផលិតផលសរីរាង្គ ទាំងនោះ មានតម្លៃថ្លៃជាងផលិតផលទូទៅធម្មតា វាអាចបណ្តាលមកពី ផលិតផលទាំងនោះធ្វើដោយដៃ និងបរិមាណនៃតម្រូវការ ប្រើប្រាស់ រួមទាំងការផលិតផងដែរនៅទាប ។” ឆេន គឹមឈី និយាយ។
ផ្នែកដែលពិបាកមួយទៀត គឺការប្តេជ្ញាចិត្តចំពោះការប្រើប្រាស់ សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញទាំងនោះ ដោយអាចត្រូវការជាចាំបាច់ ក្នុងការសម្អាតរៀងរាល់ថ្ងៃ។
“វាស្ទើរតែមិនអាចចៀសផុតបាន ស្ទើរតែគ្រប់ហាង និងអ្នកលក់ម្ហូបអាហារទាំងអស់ ប្រើផ្លាស្ទិកសម្រាប់វេចខ្ចប់។” រុំ រក្សា និយាយ។
“វាអាចនឹងមានការប្តេជ្ញាចិត្តខ្លះ ក្នុងការត្រៀមខ្លួនសម្រាប់ប្រដាប់ប្រដា ដែលអាចប្រើប្រាស់ឡើងវិញទាំងនោះ មុនពេលចេញ ទៅក្រៅ ពេលខ្លះយើងអាចនឹងប្រញាប់បន្តិចនៅពេលព្រឹកពេលទៅធ្វើការ ដោយអាចទុកប្រដាប់ប្រដាទាំងនោះចោល មួយរយៈសិន។” ប៊ី ធូណា និយាយ។
ដំណោះស្រាយលើបញ្ហាប្រឈម
ពួកគេ [អ្នករស់នៅដោយយកចិត្តទុកដាក់លើបរិស្ថាន] យល់ថាការបញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន តាមរយៈសកម្មភាពនានា អាចមានឥទ្ធិពលក្នុងការ ផ្លាស់ប្តូរឥរិយាបទ ប៉ុន្តែវាគ្រាន់តែជាឱកាសឆ្លុះបញ្ចាំង [រៀនសម្របម្ដងបន្តិចៗ] ]ប៉ុណ្ណោះ វានៅតែមាន ឥទ្ធិពលតិចតួច ប្រសិនបើមិនមានច្បាប់ស្តីពីរឿងនោះ។
“ការបញ្រ្ជាបការយល់ដឹងអំពីបរិស្ថានអាចមានឥទ្ធិពលក្នុងការផ្លាស់ប្តូរអាកប្បកិរិយាប៉ុន្តែវាគ្រាន់តែជាឱកាសឆ្លុះបញ្ចាំងប៉ុណ្ណោះ។ វានៅតែមានប្រសិទ្ធិភាពតិចតួច ប្រសិនបើមិនមានច្បាប់ស្តីពីរឿងនោះទេ។” ចៅ មនោរម្យ និយាយ។

ពាក្យថា “ការធ្វើអោយបរិស្ថានបៃតង” (going green) “ការរស់នៅធ្វើអោយបរិស្ថានល្អ” (eco-friendly) “ការរស់នៅដោយ យកចិត្តទុកដាក់ទៅលើបរិស្ថាន” (environmentally-friendly) នៅទីនេះគឺជាពាក្យដែលអាចពិពណ៌នា អំពីអ្វីដែល “មានអត្ថប្រយោជន៍ដល់បរិស្ថាន” “បង្ករផលប៉ះពាល់តិច” ឬ “យ៉ាងហោចណាស់មិនបង្កអន្តរាយដល់បរិស្ថាន” ។ អត្ថន័យរបស់ វាអាចសំដៅទៅលើឥទ្ធិពលនៃ តម្រូវការធនធានដែលមានស្រាប់ដែលកំពុងបន្តមាន ហើយតម្រូវការនោះកាន់បន្តកើនឡើង តែច្រើនឡើងៗ និងការរស់នៅរបស់មនុស្សកាន់តែផ្ដាច់ខ្លួនខ្លាំងឡើងៗពីប្រព័ន្ធអេកូឡូស៊ី។
យោងតាម របាយការណ៍ ឆ្នាំ ២០១៨ របស់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល រាជធានីភ្នំពេញផលិតសំរាមបានជាង ៤ លានតោនជារៀងរាល់ឆ្នាំ។ សំរាមតាមផ្ទះគឺជាចូលរួមចំណែកច្រើនជាងគេ ដែលបានចូលរួមចំណែកច្រើនជាង ៥៥ ភាគរយនៃចំនួនសរុបប្រចាំឆ្នាំ។
ជាងពាក់កណ្តាលនៃកាកសំណល់ទាំងនោះគឺជាកាកសំណល់សរីរាង្គ ។ ជិត២០ ភាគរយគឺជាកាកសំណល់ប្លាស្ទិក ។ ភាគច្រើន នៃផ្លាស្ទិចដែលត្រូវបានផលិត បានយកទៅចាក់នៅកន្លែងចាក់សំរាម ដែលសារធាតុគីមីផ្សេងៗ អាចជ្រាបចូល ទៅក្នុងទឹកក្រោមដី និងហូរចាក់ទៅបន្តនៅមហាសមុទ្រ ដែលវាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតក្នុងសមុទ្រ។
កាកសំណល់ឧស្សាហកម្មដែលបានផលិត ហូរចាក់ទៅក្នុងមហាសមុទ្រកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០១០ ការផលិតប្លាស្ទិចជាសកលមានចំនួន ២៧០ លានតោន។ នេះបើយោងតាមទិន្នន័យពី ពិភពលោករបស់យើង Our World Data៕
កំណត់ចំណាំ៖ អត្ថបទនិងរូបថតឯកសារនេះ ត្រូវបានបង្កើតឡើងដោយ Cambodia Media Grant ដែលជាការផ្ដួចផ្ដើមដោយ Angkor Photo Festival & Workshops និងជាផ្នែកមួយរបស់ Mekong: Sustainable News project អនុវត្តដោយCFI ដែលទទួលបានការគាំទ្រពីFrench Ministry of Europe and Foreign Affairs ។