ខុសពី IQ ដែលផ្ដោតសំខាន់លើបញ្ញាការគិតបែបដោះស្រាយចំណោទ បញ្ហា ដែលសមប្រកបជាមួយអាយុ (Mental Age) ភាពវៃឆ្លាតអារម្មណ៍ ជាបញ្ញាដែលភ្ជាប់ជាមួយទំនាក់ទំនងសង្គម ការប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ឲ្យសមស្រប ទាំងឥរិយាបថ និងការគិត។
Emotional Intelligence (EI) ឬ «ភាពវៃឆ្លាតអារម្មណ៍» សំដៅដល់សមត្ថភាពក្នុងការស្វែងយល់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ព្រមទាំងទទួលស្គាល់ យល់ដឹង និងមានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នកដទៃ នៅជុំវិញខ្លួន។ ក្នុងន័យនេះបុគ្គលដែលមានពិន្ទុភាពវៃឆ្លាតអារម្មណ៍ ល្អ មានសមត្ថភាពយល់ដឹងថា អារម្មណ៍អាចប៉ះពាល់ដល់ការបញ្ចេញឥរិយាបថ និងជះឥទ្ធិពលដល់អ្នកដទៃ (ទាំងវិជ្ជមាននិងអវិជ្ជមាន) និងអាចរៀនគ្រប់គ្រងទាំងអារម្មណ៍ខ្លួនយើងនិងអ្នកដទៃ។
ពាក្យ «ភាពវៃឆ្លាតអារម្មណ៍» ចេញដំបូងតាំងតែពីឆ្នាំ ១៩៩០ ដោយចិត្តវិទូ Peter Salavoy និង John D. Mayer។ ប៉ុន្តែការមើលទៅកម្រិតវៃឆ្លាតត្រូវបានផ្លាស់ប្ដូរម្ដងទៀត នៅពេល ចិត្តវិទូជនជាតិអាមេរិក លោក Daniel Goleman បោះពុម្ពសៀវភៅ Emotional Intelligence : Why It can matter more than IQ នៅឆ្នាំ១៩៩៥ ដែលក្លាយជាសៀវភៅលក់ដាច់នៅបណ្ដាប្រទេសជាច្រើន និងត្រូវបានបកប្រែជាង៤០ភាសា។
សៀវភៅ Emotional Intelligence របស់ Daniel Goleman ប្រៀបដូចជាការបើកបង្ហាញពីជ្រុងមួយទៀត នៃបញ្ញាមនុស្ស។
អ្វីជាធាតុសំខាន់កំណត់«ភាពវៃឆ្លាតអារម្មណ៍»
យោងតាម លោក Daniel Goleman កំនត់ធាតុសំខាន់ប្រាំនៅក្នុង ភាពវៃឆ្លាតអារម្មណ៍។
ការយល់ដឹងពីខ្លួនឯង (self-awareness) ដោយទទួលស្គាល់អារម្មណ៍របស់ខ្លួន និងមូលហេតុនៃអារម្មណ៍ ដោយដឹងពីផលប៉ះពាល់នៃសកម្មភាព និងអារម្មណ៍របស់អ្នកលើអ្នកដទៃ។ ការគ្រប់គ្រងអារម្មណ៍ (self-regulation)និងអាចបង្ហាញអារម្មណ៍តាមវិធីដែលសមរម្យ។ ជំនាញសង្គម (social skills)ដោយការមានទំនាក់ទំនងល្អជាមួយអ្នកដទៃគឺជាទិដ្ឋភាពសំខាន់មួយទៀតនៃបញ្ញាអារម្មណ៍។ ការយល់ចិត្ត (empathy)ជាសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់អ្នកដទៃ ដែលមានសារៈសំខាន់ចំពោះបញ្ញាស្មារតី។ និងចុងក្រោយ ការលើកទឹកចិត្តខ្លួនឯង (motivation) ដោយជំរុញឱ្យមានសមិទ្ធិផល បំពេញតម្រូវការនិងគោលដៅរបស់ខ្លួន ជាមួយ ការប្ដេជ្ញាចិត្ត និងមានភាពសុទិដ្ឋិនិយម។
ក្រោយការបោះពុម្ពសៀវភៅនេះ ភាពវៃឆ្លាតអារម្មណ៍ ហាក់ក្លាយជាបរិបទថ្មីក្នុងការវិភាគ និងមើលទៅលើកម្រិតឆ្លាតវ័យ។ មានការស្រាវជ្រាវជាច្រើន ទៅលើចរិតលក្ខណៈនៃ EI ទាំងតាមបែបវិទ្យាសាស្ត្រ និងប្រព័ន្ធប្រសាទ (Neurosciences) ។
តើភាពវៃឆ្លាតអារម្មណ៍មានសារៈសំខាន់ពេលណា ?
កន្លងមកគេច្រើនយក «កូតាបញ្ញា» (intelligence quotient ឬ IQ) មកធ្វើការបែងចែកចំណាត់ថ្នាក់នៃភាពវ័យឆ្លាត ពីពិន្ទុដែលទទួលបានតាមរយៈការធ្វើតេស្តIQ មានចាប់ពី ១ ដល់ ១៨០។ ឧទាហរណ៍ ពិន្ទុចន្លោះ ៨៤-១១៤ ស្មើនឹងភាពវៃឆ្លាតជាមធ្យម ខណៈពិន្ទុលើសកម្រិតនេះបង្ហាញពីការវៃឆ្លាតខ្ពស់។
ខណៈដែល IQ នៅតែជាកូតាកម្រិតបញ្ញាជាទូទៅ កូតាលើភាពវៃឆ្លាតអារម្មណ៍ (emotional quotient) បានក្លាយជាអត្តសញ្ញាណនៃភាពវៃឆ្លាតថ្មី ជាមួយធាតុផ្សំស្មុគ្រស្មាញ។ ដោយសារលក្ខណៈដែលភ្ជាប់ជ្រៅជាមួយអារម្មណ៍នេះ ភាពវៃឆ្លាតអារម្មណ៍ មិនមែនជាភាពវៃឆ្លាតដែលមនុស្សគ្រប់គ្នា មានដោយស្រាប់ ឬអាចរៀនដោយងាយនោះទេ។
ភាពវៃឆ្លាតអារម្មណ៍កម្រិតទាប ជះឥទ្ធិពលដល់ ការបញ្ចេញឥរិយាបថអរិជ្ជមាន ឬដំណោះស្រាយមិនសមស្រប ទៅកាន់មនុស្សជុំវិញខ្លួន ដូចជាភាពឆេវឆាវ ឆាប់បញ្ចេញកំហឹង ឬទង្វើមិនអាចទទួលយកបាន ជាដើម។ រីឯអ្នកដែលមានភាពវៃឆ្លាតអារម្មណ៍ ប្រសើរ មានការគិត ដំណោះស្រាយ និងបញ្ចេញឥរិយាបថ សមស្របតាមស្ថានភាព។
គំនិតនិងឥរិយាបថទាំងនេះមានឥទ្ធិពលខ្លាំង ដោយសារវាបង្ហាញពីចរិតលក្ខណៈរបស់បុគ្គល ក្នុងសង្គម ជាពិសេសអ្នកដែលមានការងារទំនាក់ទំនងច្រើន ឬអ្នកដឹកនាំ។
ភាពវៃឆ្លាតអារម្មណ៍ ដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងបុគ្គល និងសង្គម ការងារ ព្រមទាំងគុណភាពជីវិត (សេចក្ដីសុខ) និងសូម្បីតែសុខភាពផ្លូវចិត្ត។ ហើយភាគច្រើន សារៈសំខាន់នៃភាពវៃឆ្លាតអារម្មណ៍ ត្រូវបានផ្សារភ្ជាប់ជាមួយមនុស្សពេញវ័យ ដោយសារពួកគេមានទំនាក់ទំនងជាប្រចាំជាមួយសង្គម និងការងារ។
គុណសម្បត្តិនៃភាពវៃឆ្លាតអារម្មណ៍
ភ្ជាប់ជាមួយការអភិវឌ្ឍខ្លួន ភាពវៃឆ្លាតអារម្មណ៍ ធ្វើឲ្យបុគ្គលអាចគ្រប់គ្រងអារម្មណ៍នៅពេលស្ត្រេសឬមានភាពតានតឹង និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអ្នកដទៃ។ ហើយការគ្រប់គ្រងអារម្មណ៍នេះទៀតសោត ក៏ជាផ្នែកមួយនៃសុខភាពផ្លូវចិត្ត។ នៅក្នុងសង្គម ឬការទំនាក់ទំនងវិញ សមត្ថភាពវៃឆ្លាតខាងអារម្មណ៍ខ្ពស់ ជួយដោះស្រាយទំនាស់ បង្វឹកនិងលើកទឹកចិត្តអ្នកដទៃ និងបង្កើតវប្បធម៌នៃការសហការគ្នា។
លោក Daniel Goleman និង ការស្រាវជ្រាវផ្សេងៗ ក៏បានទទួលស្គាល់ថា ភាពវៃឆ្លាតអារម្មណ៍ អាចមានតួនាទីសំខាន់លើស IQ ។ ដោយសារ EI រួមបញ្ចូលការគ្រប់គ្រង និងដឹកនាំខ្លួនឯង មនុស្សដែលអភិវឌ្ឍសមត្ថភាពខាងវៃឆ្លាតអារម្មណ៍ ល្អតាំងពីក្មេង អាចផ្ដល់នូវការយកចិត្តទុកដាក់ និងភាពជោគជ័យក្នុងការសិក្សា និងឱកាសការងារបានប្រសើរ។ ទោះបី IQ ត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធអប់រំ ដើម្បីជារង្វាស់កម្រិតវៃឆ្លាតអារម្មណ៍ ក្លាយជាបរិបទមួយ កំណត់ទៅលើភាពជោគជ័យនៃអាជីពអនាគត៕