អ្នកប្រហែលជាធ្លាប់ធ្វើដំណើរទៅខេត្តកំពតជាច្រើនដងរួចមកហើយ។ ហើយ អ្នកក៏ប្រហែលជាបានឃើញស្ពានមួយរាងដូចឥន្ធនូមួយ នៅខាងឆ្វេងដៃ ពេលជិះឆ្លងតាមស្ពានថ្មី ដើម្បីឆ្លងទៅត្រោយម្ខាងទៀតនៃក្រុងកំពតដែរ។ ធ្លាប់ដែលឆ្ងល់ទេថា ស្ពាននោះមានដើមកំណើត និង រឿងរ៉ាវដូចម្តេចខ្លះ?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបានក្លាយជាទិសដៅទេសចរណ៍ ដ៏ពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ ជនបរទេសស្នាក់អាស្រ័យក្នុងស្រុកខ្មែរ ជាពិសេស ពីស្រទាប់យុវជន។
ដោយសារកត្តាទីតាំងភូមិសាស្ត្រមានលក្ខណៈអំណោយផល មានចម្ងាយ ១៥៦ម៉ែត្រពីទីក្រុងភ្នំេពញ កន្លែងទេសចរណ៌ធម្មជាតិសំបូរបែប ខ្យល់អាកាសបរិសុទ្ធ ទេសភាពបៃតងស្រស់បំព្រង ដងព្រែកដែលមានទឹកថ្លា ស្ថាបត្យកម្មបារាំងដ៏ទាក់ទាញហើយមានប្រវត្តិយូរលង់ គ្រឿងសមុទ្រស្រស់រសជាតិឆ្ងាញ់ ទឹកត្រីកំពត ធុរេនឆ្ងាញ់មានក្លិនឈ្ងុយ និងម្រេចកំពត ខេត្តនៅភាគនិរតីនេះ ត្រូវបានមនុស្សជាច្រើន ចាត់ទុកជាជម្រើសដំបូងៗដែលគេតែងតែគិតដល់ នៅពេល ចង់រកកន្លែងលំហែកាយពេលចុងសប្ដាហ៍។
ក្រោយពេលធ្វើដំណើរ មិនថាតាមមធ្យោបាយណាក្ដី ការមើលឃើញ សំណង់ផ្ទះល្វែងបារាំង ផ្សារសាមគ្គី ឬរង្វង់មូលធុរេន គឺជាកំណត់សម្គាល់មួយ ដែលប្រាប់អ្នកថា អ្នកបានចូលដល់ទឹកដីក្រុងកំពត ដែលជាទីក្រុងចំណាស់ជាងគេ ក្នុងចំណោមខេត្តជាប់សមុទ្រនៅក្នុងប្រទេសកម្ពុជា (កាលដែលខេត្តកែបជាផ្នែកមួយនៃខេត្តកំពត)។
នៅពេលឆ្លងកាត់ស្ពានថ្មីទៅឧទ្យានជាតិបូកគោ ឬទៅបណ្ដារមណីដ្ឋានតាមដងព្រែកទឹកឈូនានា និងជាពិសេស ការជិះទូកលំហែពេលល្ងាចតាមដងព្រែក ដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមអ្នកទេសចរ អ្នកប្រហែលជាធ្លាប់បានឃើញស្ពានស៊ីម៉ងត៍ មានបង្កាន់ដៃរាងដូចឥន្ទធនូ ដែលអ្នកខ្លះហៅថា «ស្ពានចាស់»។

ទោះបី អ្នកធ្លាប់បានទៅខេត្តកំពតច្រើនដងហើយក្តី អ្នកប្រហែលជាមិនធ្លាប់ជិះលើស្ពានឥន្ទធនូ នៅឡើយទេ ព្រោះស្ពាននេះ ត្រូវបានអាជ្ញាធរចាត់ទុកជាស្ពានចាស់ទ្រុឌទ្រោមមួយ ហើយមិនអនុញ្ញាតឱ្យរថយន្តគ្រប់ធុនជិះឆ្លងកាត់នោះទេ។ ប៉ុន្តែ អ្នកអាចជិះ ម៉ូតូ កង់ និងដើរ ឆ្លងស្ពានចំណាស់ ដែលមានប្រវែងជាង ២០០ម៉ែត្រនេះបាន។
ការហាមមិនឱ្យរថយន្តជិះឆ្លងកាត់ គឺជាវិធីមួយដើម្បីទប់ស្កាត់ស្ពានដែលមានអាយុកាលចំណាស់មួយនេះ មិនឱ្យទ្រុឌទ្រោមទៅៗ ព្រោះស្ពាននេះមានអាយុជាង ៩៥ឆ្នាំហើយ បានឆ្លងកាត់ការជួសជុល ប៉ះប៉ូវជាច្រើនលើកច្រើនសារ បើគិតពីពេលដែលស្ពាននេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។
ស្ពានឥន្ទធនូ ឬស្ពានចាស់នេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់រយៈពេល២ឆ្នាំពេញ ពីឆ្នាំ១៩២៣ និងបញ្ចប់នៅក្នុងឆ្នាំ១៩២៥ ក្នុងសម័យដែល ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំង ហើយ ក្រោមការគ្រប់គ្រងរបស់ចៅហ្វាយខេត្តឈ្មោះ “ប៉ាន់ យុង” ជាប្រជាជនខ្មែរកម្ពុជាក្រោម។
តាមការបកស្រាយងាយយល់ ស្ពាននេះ ត្រូវបានសាងសង់ឡើងចម្បង ដើម្បីផ្សាភ្ជាប់កោះត្រើយខាងកើត គឺក្រុងកំពង់បាយ (ក្រុងកំពតបច្ចុប្បន្ន)ទៅ កោះត្រើយខាងលិចហៅថា ត្រើយកោះ ដែលបច្ចុប្បន្ន ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង៤របស់ខេត្តចំណាស់មួយនេះ។
ប៉ុន្តែ ស្ពាននេះមានរឿងរ៉ាវ និងដើមកំណើតលើសពីនេះ។

ផ្អែកតាមប្រធានសារមន្ទីរខេត្តកំពតបច្ចុប្បន្ន សាស្រ្តាចារ្យ ញ៉ូវ សាឯម ដែលជាអ្នកចងក្រងសៀវភៅ «ប្រវិត្តសាស្ត្រខេត្តកំពត» ព្រះបាទនរោត្តម បានឡាយហត្ថលេខាសន្ធិសញ្ញា ប្រគល់ទឹកដីត្រើយកោះឱ្យបារាំងកាន់កាប់នៅ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៨៨២។ ប៉ុន្តែ ក្នុងនោះ មិនរាប់ញ្ចូលការគ្រប់គ្រងប្រជាជន និងពន្ធដារនោះទេ។
ដោយសារបារាំងមិនបានអនុវត្តដូចកិច្ចព្រមព្រៀង ហើយមានការគាបសង្កត់ប្រជាជនកើតឡើង នៅចន្លោះឆ្នាំ១៨៨៥ ដល់១៨៨៦ ខ្មែរទូទាំងប្រទេសបះបោរប្រឆាំងនឹងបារាំង ក្នុងនោះដែលកំពតមានចលនាខ្លាំងជាងគេ។ បន្ទាប់មក បារាំងក៏បានធ្វើការចរចារជាមួយសម្តេចនរោត្តម ដើម្បីរកសន្តិភាព។ ការចរចារត្រូវបានបញ្ចប់ដោយ បារាំងសន្យានឹងផ្ទេរតំណែងឱ្យស្តេចវិញច្រើនជាងមុន។

ប៉ុន្តែ សាស្រ្តាចារ្យ សាឯមបាននិយាយផ្អែកតាមការស្រាវជ្រាវរបស់ខ្លួនកន្លងមកថា បារាំងមិនសប្បាយចិត្តនឹងប្រជាជនខ្មែររស់នៅត្រើយកោះ (ត្រើយខាងលិច) ហើយបានធ្វើការដុតភូមិខ្មែរនៅទីនោះមួយចោល។ ហើយ ផ្លាស់ប្តូរមករស់នៅកំពង់បាយ ដែលជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ ត្រើយខាងកំពង់បាយ (ក្រុងកំពតសព្វថ្ងៃ)។
គួរកត់សម្គាល់ផងដែរ មុនពេលមានសំណង់ផ្ទះល្វែង ដែលយើងនៅអាចឃើញរូបរាងនៅឡើយសព្វថ្ងៃនេះ ត្រូវបានសាងសង់ដំបូងនៅក្នុងឆ្នាំ១៩០៧ ប្រជាជនខ្មែរភាគច្រើន រស់នៅក្នុងផ្ទះលាបកំបោរលាយស្ករ មានជញ្ជាំងធ្វើពីឥដ្ឋ ផ្នែកខាងជាជញ្ជាំងឈើ ប្រកដំបូលគ្បឿង។
ពន្យល់បណ្ដើរ ព្យាយាមបើកឯកសារយោងបង្ហាញបណ្ដើរ សាស្រ្តាចារ្យ សាឯម បានថ្លែងប្រាប់ Focusថា៖ «បារាំងដុតភូមិមួយនោះនៅត្រើយកោះ មុនផ្លាស់ប្តូរមកនៅកំពង់បាយ ព្រោះភូមិនោះចូលដៃជាមួយពួកឧទ្ទាម ដែលបារាំងហៅថា ពួកRebel ប្រឆាំងនឹងបារាំង។ ប៉ុន្តែ ឯកសារមិនបានប្រាប់ថាភូមិមួយណានោះទេ»។
មុនស្ពានចាស់ ឬស្ពានឥន្ទធនូ សង់ពីស៊ីម៉ងត៍នេះ ចាប់កំណើតមានរូបរាងពេញលេញ ពេលប្តូរមករស់នៅកំពង់បាយដំបូង បារាំងបានកសាងស្ពានឈើមួយនៅក្នុងឆ្នាំ១៨៨៩ ដើម្បីឆ្លងកាត់។
បន្ទាប់មក ស្ពានស៊ីម៉ងត៍រាងកោងមើលទៅដូច ឥន្ទធនូ ៥កំណាត់ គូរប្លង់ដោយជនជាតិបារាំង បានចេញគ្រោងជើងសរសរក្នុងឆ្នាំ ១៩២៣ ហើយ រួចរាល់នៅក្នុងឆ្នាំ១៩២៥។
ក្រៅពីដើរតួរសំខាន់ក្នុងការផ្សាភ្ជាប់ខេត្តកំពតទាំងមូលឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនដែលជាមូលហេតុចម្បងនៃការសាងសង់ សាស្រ្តាចារ្យ និងប្រធានសារមន្ទីរខេត្តរូបនេះបានឱ្យដឹងថា៖ «ក្រៅពីនេះ ការសាងសង់ស្ពានស៊ីម៉ងត៍ ដែលមានលក្ខណៈរឹងមាំជាងស្ពានឈើមានការចាំបាច់ ព្រោះដើម្បីភ្ជាប់ទៅបូកគោ និង កំពង់សោម។ ស្ពានចាស់នេះ ដើរតួជាដង្ហើម ក្នុងការដឹកជញ្ចូនរវាងកំពតនិងកំពង់សោម»។
ប៉ុន្តែជាអកុសល ស្ពានថ្មចាស់នេះ ធ្លាប់បានបាក់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ១៩៧១ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដោយវៀតកុង (Viet Cong) ដាក់មីនបំផ្ទុះផ្តាច់ចរាចរណ៍ទៅមក។ ពេលនោះដែល ចៅហ្វាយខេត្តជំនាន់នោះ បានកាប់ដើមគគីរយកមកតឆ្លងបណ្ដោះអាសន្នសិន។ បន្ទាប់មកទៀត នៅក្នុងឆ្នាំ១៩៧៥ ទើបមានការយកដែកមកជួសជុល។
សាស្រ្តាចារ្យ សាឯមសរុបសេចក្តីថា ប៉ុលពត ក៏មានចំណែក្នុងការសង់តនេះដែរ។ ហើយស្ពាននេះ ត្រូវបានជួសជុលសារជាថ្មីម្តងទៀតនៅដោយ UNTAC និងចុងក្រោយបង្អស់ម្តងទៀតនៅឆ្នាំ ២០១៦ម្តងទៀត។
នៅមិនឆ្ងាយប៉ុន្មានពីស្ពានឥន្ទធនូ គឺជាស្ពានថ្មថ្មី ដែលត្រូវបានសង់ជំនួសបំពេញតម្រូវការចរាចរណ៍ក្នុងខេត្តកំពត។ យ៉ាងណាមិញ យើងមិនទាន់ដឹងពីអនាគតរបស់ស្ពានចំណាស់អាយុជិត១០០ឆ្នាំនេះ នៅឡើយនោះទេ ព្រោះវាមានលក្ខណៈទ្រុឌទ្រោមខ្លាំង។ ជាទូទៅ អនាគតរបស់សំណង់ចាស់ៗ ដែលមានលក្ខណៈទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បានបន្តទៀត គេសង្កេតឃើញថា មានតែជម្រើសពីធំៗប៉ុណ្ណោះ។ ទី១ គឺការវាយកម្ទេចចោលដើម្បីទុកទីតាំងសម្រាប់ការអភិវឌ្ឍថ្មី រីឯជម្រើសទី២ គឺជាការជួសជុលអភិរក្សទុក ប្រសិនបើគេមើលឃើញពីគុណតម្លៃប្រវត្តិសាស្ត្ររបស់សំណង់ចំណាស់ទាំងនោះ។
សម្រាប់សាស្ត្រាចារ្យ សាឯម បានចែករំលែកអនុសាសន៍ថា យុវជនជំនាន់ក្រោយ គួរបន្ថែមចំណេះដឹងទូទៅ បន្ថែមលើចំណេះជំនាញរបស់ខ្លួន។ ព្រោះថា ចំណេះដឹងទូទៅដូចជាប្រវត្តិរបស់ស្ពានឥន្ទធនូខេត្តកំពត ដែលត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌លទ្ធកម្ម នឹងធ្វើឱ្យយុវជនជំនាន់ក្រោយ ចេះសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពួកគេនឹងចេះ ស្រឡាញ់ ថែរក្សា សម្បត្តិវប្បធម៌ទាំងនោះ៕