ការតស៊ូ ជាស្រមោលអន្ទោលតាមប្រាណ សម្រាប់មនុស្សម្នាក់ៗក្នុងពេលបំពេញការងារ ព្រោះគ្មានការងារណាមួយ អាចទៅមុខបានដោយរលូនរហូតនោះទេ។ ឈ្វេងយល់ពីដំណើរតស៊ូ របស់យុវតី អេង ស្រីពៅ ក្នុងការបំពេញការងារ ជាអ្នកតស៊ូមតិផ្នែកបរិស្ថានមួយរូប ក្នុងប្រទេសកម្ពុជា។
យុវជនប្រៀបបីដូចជាមែកធាង ដែលដុះចេញពីឬសគល់នៃដើមឈើតែមួយ ប៉ុន្តែបានដុះលូតលាស់ឆ្ពោះទៅរកទិសដៅផ្សេងៗពីគ្នា។ នេះគឺជាដំណើរនៃជីវិតការងាររបស់យុវតី ក្នុងវ័យ ២៣ឆ្នាំ កញ្ញា អេង ស្រីពៅ ដែលបានជម្នះរាល់ឧបសគ្គក្នុងការចូលរួមការពារបរិស្ថាន និងការតស៊ូមតិថែរក្សាព្រៃឈើនៅកម្ពុជា ដោយបានធ្វើការយ៉ាងស្វាហាប់ជាមួយជនដើមភាគតិចព្នង និង ជនដើមភាគតិចមិល នៅតំបន់សហគមន៍ព្រៃឈើវាលកន្សែង សហគមន៍ព្រៃឈើអូរកក់ សហគមន៍ព្រៃឈើភ្នំបាក់ សហគមន៍ព្រៃឈើភ្នំសេះ សហគមន៍ព្រៃឈើរលួស សហគមន៍ព្រៃឈើប៉ាក្លែ។
Focus បានសហការជាមួយ កម្ពុអ៊ែរ៉ា ដើម្បីជួបជាមួយមន្ត្រីចងក្រងសហគមន៍មកពី សមាគមបណ្តាញយុវជនកម្ពុជារូបនេះ នឹងបានធ្វើការចែករំលែកពីដំណើរដើមទងនៃការចាប់ផ្តើមការងាររបស់ខ្លួន។ ដោយសារក្តីស្រឡាញ់ នាងបានចំណាយពេលប្រមាណ ៥ឆ្នាំកន្លងមក ក្នុងការធ្វើដំណើរទៅមក ៣០០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តក្រចេះជាប្រចាំ ដើម្បីធ្វើការបណ្តុះបណ្តាល ការប្រមូលទិន្នន័យ និងការល្បាតព្រៃឈើដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ព្រៃឈើ ដើម្បីការពារបរិស្ថាន។
តើអ្វីជាកត្តាជំរុញ អ្នកឱ្យធ្វើការងារនេះ?
តាមពិតទៅកាលនៅសាកលវិទ្យាល័យ ខ្ញុំសិក្សាជំនាញទេសចរណ៍ទេ ហើយខ្ញុំក៏មិនធ្លាប់គិតថា ខ្ញុំនឹងធ្វើការងារផ្សេង ដែលខុសពីជំនាញសិក្សារបស់ខ្ញុំដែរ។ ប៉ុន្តែការចូលរួមធ្វើការងារស្ម័គ្រចិត្តខាងបរិស្ថាន បានធ្វើអោយខ្ញុំចំណាយពេលជាច្រើន រស់នៅជាមួយបរិស្ថានធម្មជាតិដ៏ស្រស់ស្អាត ហើយវាបានអោយខ្ញុំមើលឃើញកាន់តែច្បាស់ ពីផលប៉ះពាល់របស់បរិស្ថាន ដែលបង្កឡើងដោយមនុស្ស។ហេតុនេះ ខ្ញុំមិនចង់បាត់បង់ឱកាសក្នុងការជួយថែរក្សា និងការពារបរិស្ថាននោះទេ។ ជាពិសេស កត្តាជម្រុញទឹកចិត្តដ៏សំខាន់បំផុតរបស់ខ្ញុំ ក្នុងការបំពេញការងារមួយនេះគឺ ខ្ញុំចង់ឃើញសហគមន៍មូលដ្ឋាន ឱ្យរស់នៅប្រកបដោយចីរភាព ហើយព្រៃឈើបន្តរស់នៅតាមបែបផែនធម្មជាតិរបស់វា។
ហេតុអ្វីបានជាការងារនេះសំខាន់សម្រាប់អ្នក?
សម្រាប់ខ្ញុំ ព្រៃឈើមានសារៈប្រយោជន៍ដល់មនុស្ស សត្វ ផ្ដល់ជាជម្រក អនុផលដល់ប្រជាសហគមន៍មូលដ្ឋាន ជាថ្នាំសង្កូវ និងផ្ដល់ចំណូលសេដ្ឋកិច្ចដល់ប្រជាសហគមន៍។ ជាពិសេសជាទីសក្ការៈ
សម្រាប់បងប្អូនជនជាតិដើមភាគតិច ហើយព្រៃឈើក៏ជាកន្លែងផ្ដល់នូវថាមពលជីវិត កន្លែងសម្រាប់លំហែកំសាន្ត បម្រើដល់វិស័យទេសចរណ៍ផងដែរ។
ម្យ៉ាងទៀតតាមរយៈការងារនេះ បញ្ហាដែលសហគមន៍ជួបប្រទះជារួម ដូចជា បញ្ហាកាប់រានទន្រ្ទានដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិ លក់ដីព្រៃ ដាក់អន្ទាក់សត្វ ការកាប់បំផ្លាញព្រៃឈើ បញ្ហាដីធ្លីជាមួយសហគមន៍ខ្លួនឯងផ្ទាល់ និងដីក្រុមហ៊ុន ត្រូវបានយកមកពិភាក្សា។ ហើយដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ យើងបានបង្កើតការដើរល្បាតព្រៃ និងផ្តល់វគ្គបណ្ដុះបណ្ដាលពីសិទ្ធិ ច្បាប់ ទាក់ទងនឹងការចុះទៅស៊ើបអង្កេតពីករណីកាប់ទន្រ្ទាន ដោយធ្វើការចុះវាស់វែងដីដែលបានបាត់បង់ ចងក្រងជារបាយការណ៍ និងថតវីដេអូ។
តើការងារនេះបានផ្លាស់ប្តូរជីវិតរបស់អ្នក និងសហគមន៍អ្វីខ្លះ?
មុនពេលចូលប្រឡូកក្នុងការងារនេះ ខ្ញុំជាមនុស្សសាមញ្ញម្នាក់ ដែលធ្វើការងារអ្វីមួយទៅតាមទំនើងចិត្ត និងទំនោររបស់សង្គម ដោយគ្មានចក្ខុវិស័យច្បាស់លាស់អំពីអនាគតរបស់ខ្លួនឡើយ។
ប៉ុន្តែបន្ទាប់ពីទទួលបានឱកាសបំពេញការងារនេះ វាមិនត្រឹមតែជួយពង្រីកចំណេះដឹងរបស់ខ្ញុំ ស្តីពីសិទ្ធិមនុស្ស ច្បាប់ព្រៃឈើ និងទទួលបានជំនាញសំខាន់ផ្សេងៗទៀត ដែលជំរុញឱ្យខ្ញុំក្លាយជាយុវជន
ដែលមានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យខ្ញុំរីកចម្រើនផ្នែកស្មារតី និងមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន ហើយខ្ញុំបានរកឃើញនូវការងារមួយដែលខ្ញុំពេញចិត្តពិតប្រាកដ។
ជាពិសេស ឱកាសក្នុងការឈរជើងជាមួយសហគមន៍ ក្នុងការលើកឡើងនូវបញ្ហាប្រឈម និងសម្លេង ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ ខ្ញុំបានមើលឃើញផ្ទាល់ពីក្តីសង្ឃឹមរបស់ពួកគាត់។
តើការងារនេះ មានការលំបាកអ្វីខ្លះ? ហើយអ្នកឆ្លងកាត់ឧបសគ្គទាំងនោះ ដោយរបៀបណា?
ខ្ញុំជឿថា បញ្ហាគឺជាមិត្តដ៏ស្និទ្ធស្នាលនៃការងារគ្រប់បែបយ៉ាង។ វាគ្រាន់តែកើតឡើងក្នុងទម្រង់ផ្សេងគ្នាប៉ុណ្ណោះ។ សម្រាប់ខ្ញុំផ្ទាល់ បញ្ហាចម្បង គឺកត្តាគ្រួសារ។ ការចាប់ផ្តើមដំបូង វាភាពរកាំរកូសច្រើន រវាងខ្ញុំនិងគ្រួសារ ព្រោះអ្នកផ្ទះ មិត្តភក្កិរបស់ខ្ញុំ មិនដែលគិតថា ខ្ញុំនឹងត្រូវធ្វើការងារមួយ ដែលធ្វើដំណើរទៅមក ហើយឆ្ងាយពីផ្ទះ ជាពិសេសក្តីបារម្ភរបស់ពួកគាត់ ទៅលើសុវត្ថិភាពរបស់ខ្ញុំ។ តាមពិតទៅ វាមានភាពហត់នឿយផ្លូវចិត្តសម្រាប់ភាគីទាំងសងខាង ប៉ុន្តែពេលវេលា និងការតម្លៃនៃការតាំងចិត្តរបស់ខ្ញុំ បានធ្វើអោយគ្រួសារ ចាប់ផ្តើមយល់ពីតម្លៃនៃការងារ និងការការសម្រេចចិត្តរបស់ខ្ញុំ។
បញ្ហាប្រឈមមួយទៀតដែលខ្ញុំត្រូវឆ្លងកាត់នោះគឺ កត្តាយេនឌ័រ។ការធ្វើការនៅក្នុងសហគមន៍ និងត្រូវធ្វើដំណើរចម្ងាយរាប់រយគីឡូពីផ្ទះនៅក្នុងព្រៃ ក្នុងនាមជាស្ត្រីម្នាក់ឯង ពេលខ្លះអាចបង្កជាបញ្ហាច្រើន ដោយសារអ្នកត្រូវតែត្រៀមខ្លួនឆ្លើយនូវសំណួរជាច្រើន ដែលទាក់ទងនឹងសមត្ថភាពក្នុងការបំពេញការងារ។ ហេតុនេះ ពេលខ្លះខ្ញុំត្រូវការពេលវេលា ដើម្បីទទួលបានទំនុកចិត្ត និងការធ្វើការដោយឯករាជ្យ។
ចំពោះវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ខ្ញុំ ក្នុងការយកឈ្នះលើបញ្ហាប្រឈមទាំងអស់ដែលខ្ញុំបានឆ្លងកាត់ គឺការកសាងទំនុកចិត្ត និងការគាំទ្រពីអ្នកជុំវិញខ្ញុំ។ ពិតណាស់ វាត្រូវការពេលវេលា និងចំណាយញើសឈាមជាច្រើន ប៉ុន្តែអ្វីគ្រប់យ៉ាងមានតម្លៃរបស់វា ហើយប្រសិនបើវាធ្វើឱ្យអ្នកសប្បាយចិត្ត ហេតុអ្វីត្រវបោះបង់។
តើអ្នកមានចក្ខុវិស័យយ៉ាងណា ចំពោះការងាររបស់អ្នក? តើអ្នកចង់ឃើញការផ្លាស់ប្តូរអ្វីខ្លះ នាពេលអនាគត?
ខ្ញុំចង់ឃើញវប្បធម៌មួយ ដែលយុវជនមានភាពក្លាហានក្នុងការចូលរួមពិភាក្សា ក្នុងកិច្ចការសង្គម ហើយមិនមែនផ្តោតតែលើ បញ្ហាបុគ្គលតែមួយមុខនោះទេ។ ជាពិសេស ការលើកទឹកចិត្តស្ត្រីក្នុងការចូលរួមការងារសង្គម និងការអោយតម្លៃទៅលើសម្លេងរបស់ពួកគាត់។
តាមការយល់ឃើញរបស់អ្នក តើយុវជនអាចធ្វើអ្វីបានខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាន?
តាមពិតទៅ ខ្ញុំមិនមែនជាអ្នកជំនាញ ឬអ្នកដែលមានអំណាចក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សនោះទេ។ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំ យុវជនគឺជាកម្លាំងដ៏សំខាន់ ពោរពេញដោយកម្លាំង និងចំណេះដឹង។ការបង្ហាញចំណាប់អារម្មណ៍ ទៅលើបញ្ហាដែលប៉ះពាល់ដល់យើង និងសហគមន៍ អមជាមួយនឹងឆន្ទៈក្នុងការបញ្ចេញមតិ គឺជារឿងតូចមួយ ដែលយើងទាំងអស់គ្នាអាចចាប់ផ្តើមធ្វើបាន។ ហើយការរៀនយកបញ្ហារួម មកដាក់ក្នុងការចិត្តគំនិតរបស់អ្នក ក៏ជាការចូលរួមសំខាន់ផងដែរ។
ការចំណាយពេលវេលាត្រឹមតែពីរបីនាទី ក្នុងការស្វែងយល់ពីព័ត៌មានថ្មីៗ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដើម្បីបញ្ចេញយោបល់លើបញ្ហាអ្វីមួយជាចលករដ៏ល្អសម្រាប់ការផ្លាស់ប្តូរ។ គ្រប់រូបភាពនៃការចូលរួមរបស់យើងគ្រប់គ្នា អាចបង្កើតឱ្យមានការផ្លាស់ប្តូរ ហើយវាការកើតចេញពីការលះបង់ផងដែរ។