ការបង្កើតស្នាដៃ និងអ្វីថ្មីៗទាំងអស់សុទ្ធតែត្រូវបានកកើតឡើងពីគំនិត និងការច្នៃប្រឌិតរបស់មនុស្ស។ ជាពិសេសគំនិតច្នៃប្រឌិតទាំងអស់នេះ អាចបង្កើតឱ្យមានភាពងាយស្រួលជាច្រើនដល់មនុស្ស និងសង្គមទាំងមូល។
សព្វថ្ងៃនេះយើងសង្កេតឃើញថា ពិភពលោកមានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ អ្នកដែលបានបង្កើតអ្វីដែលថ្មីនោះ ត្រូវបានគេហៅថា ជាមនុស្សដែលមានគំនិតច្នៃប្រឌិត។ ដូចនេះ តើអ្វីជាគំនិតច្នៃប្រឌិត? តើអ្នកជាប្រភេទណាមួយ នៃគំនិតច្នៃប្រឌិត? ហើយតើមានសារៈសំខាន់យ៉ាងណាសម្រាប់ជីវិតរបស់យើង និងសង្គម?
តោះមកឈ្វេងយល់ពីចំណុចសំខាន់ខ្លីៗងាយយល់អំពីគំនិតច្នៃប្រឌិតជាមួយ ផសខាស់«គួរក្រៅម៉ោង» ទាំងអស់គ្នា។
តើអ្វីជា Creative Thinking?
បើយោងតាមគេហទំព័រមួយដែលមានឈ្មោះថា Britannica ជាសព្វវចនាធិប្បាយជាភាសាអង់គ្លេស ដែលផ្ដល់ចំណេះដឹងជាច្រើនសម្រាប់អ្នកស្រាវជ្រាវតាំងពីស.វទី១៨ មក បានឲ្យនិយមន័យ Creative thinking ឬជាភាសាខ្មែរ គំនិតច្នៃប្រឌិតថា ជាសមត្ថភាពក្នុងការបង្កើតឬនាំយកអ្វីដែលថ្មីៗ មិនថាជាដំណោះស្រាយចំពោះបញ្ហាណាមួយ វីធី ឬឧបករណ៍ថ្មី ឬជាវត្ថុសិល្បៈក្នុងទម្រង់ថ្មីណាមួយ។
តើគំនិតច្នៃប្រឌិតត្រូវបានបែងចែកជាប៉ុន្មានប្រភេទ?
បើយោងតាមកិច្ចការស្រាវជ្រាថ្នាក់អនុបណ្ឌិត ដែលមានចំណងជើងថា «Creative Thinking in Foresight» របស់លោក Adam Jorlen គឺជាអ្នកអនាគតនិយម និងជាសមាជិកនៃសមាគមអ្នកជំនាញអនាគត និងសហព័ន្ធសិក្សាអនាគតពិភពលោក គំនិតច្នៃប្រឌិតត្រូវបានគេបែងចែកជា ៥ប្រភេទ។
ការគិតខុសគ្នា (Divergent Thinking)៖
ជាដំណើរការនៃគំនិតដែលមនុស្សបានប្រើប្រាស់ភាពបត់បែន ភាពស្ទាត់ជំនាញ និងភាពដើមរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយ ឬជម្រើសជាច្រើន ដែលអាចទៅរួច សម្រាប់បញ្ហាណាមួយ។ ការគិតបែបនេះត្រូវបានគេឃើញលើការពង្រាងគំនិត (Brainstorming) ច្រើនជាងគេ ព្រោះវាជាវិធីសាស្រ្តមួយ ដែលយើងអាចពង្រីកគំនិតជាច្រើន មកគាំទ្រគំនិតសំខាន់ណាមួយ។
ការគិតនៅពេលក្រោយ (Lateral Thinking)៖
ជាវិធីសាស្ត្រល្អបំផុត ក្នុងការប្រើសម្រាប់ការបង្កើតគំនិតថ្មី និងការដោះស្រាយបញ្ហា ហើយទុកចោលនូវអ្វីដែលធ្លាប់ប្រើរួច ហើយស្វែងរកជម្រើសថ្មីទាំងស្រុង។ បន្ថែមពីនេះទៅទៀត វាក៍ជាជំនួយ ដែលអាចឱ្យអ្នកគេចចេញពីទម្លាប់ដដែលៗ និង Comfort Zone ជាដើម។
ការគិតបែបសិល្បៈ( Aesthetic thinking)៖
ជាការគិតដែលផ្ដោតទៅលើការបង្កើត និងការឲ្យតម្លៃទៅលើសិល្បៈ ស្រស់ស្អាត និងប្លែកភ្នែកៗ។ ជាទូទៅការគិតបែបសោភណ្ឌ័ភាព តែងមានចំពោះស្ថាបត្យករ ជាងគំនូរ អ្នកច្នៃម៉ូត តន្រី្តករ និងមនុស្សជាច្រើនទៀត ដែលធ្វើការលើការច្នៃប្រឌិតជាដើម។
ការគិតជាប្រព័ន្ធ(System Thinking)៖
ការគិតនេះ ត្រូវបានពិពណ៌នាថាជាសមត្ថភាពក្នុងការមើលពីបញ្ហាស្មុគស្មាគ និងមើលពីទិដ្ឋភាពរួម នៃបញ្ហាក្នុងការស្វែងរកនូវដំណោះស្រាយ។ ជាពិសេសបុគ្គល ដែលមានការគិតជាប្រព័ន្ធ អាចទាញយកពីទំនាក់ទំនងគ្នានៃបញ្ហាអ្វីមួយ។
ការគិតបែបលើកទឹកចិត្ត (Inspirational Thinking)៖
ការគិតបែបលើកទឹកចិត្តនេះ ច្រើនកើតចេញពីការគិតស្រម៉ៃ និងការសង្កតមើលពីមនុស្ស បរិស្ថាន និងសង្គមជុំវិញខ្លួន ក៏ដូចជាបទពិសោធន៍កន្លងមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងការបង្កើតបានជាគំនិតថ្មីប្លែកៗ។
ហេតុអ្វីបានគំនិតច្នៃប្រឌិតមានសារៈសំខាន់?
ដើម្បីសម្រេចកិច្ចការលំបាកណាមួយ គំនិតច្នៃប្រឌិតអាចធ្វើឱ្យអ្នកមានជម្រើសក្នុងការដោះស្រាយ។ ហើយគំនិតច្នៃប្រឌិតក៏ជារបៀបមួយ ដែលអាចធ្វើឲ្យអ្នកងាយនឹងទៅដល់គោលដៅមួយ ដែលអ្នកចង់បាន។ សំខាន់ជាងនេះទៅទៀតនោះ គំនិតច្នៃប្រឌិតអាចធ្វើឲ្យអ្នកមានលទ្ធភាពក្នុងការបង្កើតនូវសម្រាប់ខ្លួនឯង និងសម្រាប់ការអភិវឌ្ឍសង្គមជាតិរបស់យើងទាំងមូលផងដែរ៕