ចំណេះបានពីរៀន មានបានមកពីរក។ ចូលរៀនជាមួយនឹងផតខាស់« គួរក្រៅម៉ោង» ដើម្បីបង្កើនចំណេះដឹងសំខាន់ៗទាក់ទងនឹងជំនាញទន់ និងវិធីសាស្ត្រងាយៗ ក្នុងការអនុវត្តជំនាញទាំងនេះ ប្រកបដោយទំនុកចិត្ត និងដុសខាត់បញ្ញាស្មារតីរបស់អ្នក ដើម្បីជាទុនសម្រាប់ថ្ងៃស្អែក។
«គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផលិតដោយ Focus – ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក គឺជាវេទិកាផ្សព្វផ្សាយ អំពីបែបផែននៃការរស់នៅ សម្រាប់យុវជនកម្ពុជា ផ្តោតសំខាន់លើការអប់រំ អាជីព សុខភាព ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងបរិស្ថាន។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្ដល់មូលនិធិពីទីភ្នាក់ងារប្រទេសស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។
គោលបំណងសំខាន់នៃគម្រោងនេះគឺ ការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម ក្នុងទម្រង់ជាផតខាស់ អមជាមួយអត្ថបទពន្យល់ និងវីដេអូ ។ ជាពិសេស ដើម្បីបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជំរុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។
យ៉ាងណាមិញ ដោយសារតែកត្តាពេលវេលា កត្តាចំណេះដឹង និងកង្វះទំនុកចិត្តលើខ្លួនឯង ការចូលរួមសង្គមរបស់យុវជននៅកម្ពុជា នៅមានកម្រិតនៅឡើយ នេះបើយោងតាមការស្រង់មតិមួយ ដែលធ្វើឡើងដោយ BBC Media Action ហើយចេញផ្សាយកាលពីឆ្នាំ២០២១ កន្លងទៅ។ បន្ថែមទៅទៀត ចំណេះដឹងខាងឌីជីថល ការស្វែងរកព័ត៌មាន និងបញ្ហាទូទៅក៏ជារនាំងឃាំងពួកគេផងដែរ។
ការសិក្សាដដែលនេះក៏បានរកឃើញដែរថា ជំនាញទន់នេះ គឺជាចលករសំខាន់ ដែលអាចបង្កើនទំនុកចិត្ត របស់យុវជន បង្កើតសមត្ថភាពរបស់ពួកគេក្នុងការចូលរួមសង្គម។
នៅក្នុងវគ្គនីមួយៗនៃផតខាស់នេះ អ្នកនឹងបានជួបជាមួយពិធីការនីពោរពេញទៅដោយសំនួនវោហាស័ព្ទ កញ្ញា បូរិន្ទ សុភាវុទ្ធតី ក្នុងការពិភាក្សាអំពីប្រធានបទនីមួយៗ ជាមួយនឹង Co-host របស់យើង ដែលជាអ្នកហាត់ការរាយការណ៍ព័ត៌មានប្រចាំFocus ដោយពួកគាត់នឹងធ្វើការចែករំលែកនូវ បទពិសោធន៍របស់ខ្លួន និងពាំនាំមកជាមួយនូវការស្រាវជ្រាវសំខាន់ៗថ្មីៗពីអ្នកជំនាញ យកមកចែករំលែកផងដែរ។
បើសិនជាអ្នកចង់ពង្រឹងជំនាញទន់របស់ខ្លួន ដោយគ្រាន់តែចំណាយពេលតិច និងតាមរយៈការរៀនតាមបែបខ្លីៗសប្បាយៗ ផតខាស់គួរក្រៅម៉ោង គឺជាអ្វីដែលអ្នកកំពុងស្វែងរកហើយ។
អ្នកទាំងអស់គ្នាអាចចូលទៅស្តាប់នៅក្នុងទំព័រ Facebook, Youtube, Spotify, Apple Podcast, និង Google Podcast របស់ពួកយើងបាន៕