ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ មិនថានៅក្នុងជីវិតរបស់យើងមិនថានៅសាលា កន្លែងធ្វើការ ឬចូលរួមសកម្មភាពសង្គមណាមួយឡើយ យើងតែងជួបមនុស្សថ្មីៗជាច្រើន ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក។
ការជួបជាមួយមនុស្សថ្មីៗជារឿងធម្មតា ប៉ុន្តែការបង្កើតសន្ទនាជាមួយមនុស្សថ្មីៗ តែងជាឧបសគ្គ សម្រាប់មនុស្សជាច្រើន។ ការស្វែងរកពាក្យពេចន៍ដែលត្រឹមត្រូវ ជាបញ្ហាប្រឈមដ៏ធំមួយនៅពេលជួបនរណាម្នាក់ជាលើកដំបូង។ ការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាព ជាការយល់ដឹងពីដំណាក់កាលនៃកិច្ចសន្ទនា ដែលយើងត្រូវដឹងពីវិធីនៃការចាប់ផ្ដើម សកម្មភាពគួរធ្វើ សំណួរមិនគួរសួរ និង តិចនិចក្នុងការបញ្ចប់កិច្ចសន្ទនានោះ។ ជាពិសេស ការមិនហ៊ាននិយាយទៅកាន់ អ្នកដែលទើបតែជួបដោយសារយើងមិនទាន់ស្គាល់គេច្បាស់។ តើគួរធ្វើដូចម្ដេច ដើម្បីនិយាយជាមួយ អ្នកដែលស្គាល់ថ្មីៗ ឱ្យមានប្រសិទ្ធភាព?
ដើម្បីបកស្រាយចំណុចសំខាន់ៗទាំងនេះកាន់តែស៉ីជម្រៅ Focus បានជួបសម្ភាសន៍ជាមួយ លោក ចាន់ សុខម៉េង ជាមន្រ្តីទំនាក់ទំនងសាធារណៈនៃ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) ដែលជួយឱ្យ យុវជនអាចមកប្រើប្រាស់ សម្រាប់ពង្រឹងសមត្ថភាពក្នុងការនិយាយជាមួយអ្នកដែលជួបឬស្គាល់ថ្មីៗ។
១. ការចាប់ផ្ដើម
ការប្រើប្រាស់សមត្ថភាពក្នុងការចាប់ផ្តើមការសន្ទនាគឺជាជំនាញដ៏សំខាន់សម្រាប់បង្កើតបណ្តាញទំនាក់ទំនងដ៏ មានប្រសិទ្ធភាពមួយ។ ជាទូទៅការចាប់ផ្ដើម អាចចេញពីការនិយាយ សួស្តី និងញញឹមទៅកាន់បុគ្គលណាដែលយើងចង់សន្ទនាជាមួយ។ ការណែនាំខ្លួន ក៏ជាតិចនិចសំខាន់ដែលយើងអាចប្រើប្រាស់ដើម្បីស្គាល់គ្នាជាមួយមនុស្សថ្មីបាន ដូចជាករណី ដែលយើងចង់ស្គាល់មិត្តថ្មីរបស់មិត្តភក្តិយើង ដូចច្នេះយើងអាចពឹងឲ្យមិត្តភក្តិយើងណែនាំខ្លួនយើងទៅកាន់មិត្តម្នាក់ នោះ ឬក៏មិត្តថ្មីនោះមកកាន់យើងវិញ ដែលនេះប្រៀបដូចជាជំហាននៃការភ្ជាប់សេចក្តីដើម្បីចាប់ផ្ដើមនិយាយជាមួយ មនុស្សថ្មីបាន។
២. ការអនុវត្ត
សម្រាប់នៅក្នុងដំណាក់កាលធ្វើសកម្មភាពនេះមានចំណុចសំខាន់ៗ ដែលអ្នកគួរអនុវត្ត៖
- គោរពដោយប្រើពាក្យសមរម្យៈ ការធ្វើឱ្យអ្នកដែលយើងកំពុងនិយាយជាមួយមានអារម្មណ៍ថាសំខាន់ និងទទួលបានការគោរពមានសារៈសំខាន់ណាស់។ តួយ៉ាងដូចជា ការប្រើប្រាស់ភាសា ពាក្យពេចន៍ជាដើម ទោះបីឃើញនរណាម្នាក់ក្មេងជាងយើង ពេលចាប់ផ្តើមក៏ត្រូវនិយាយពាក្យដែលគួរសមជានិច្ច។ ជាពិសេស នៅពេលទើបតែជួបនរណាម្នាក់ដំបូង ត្រូវដឹងពីដែនកំណត់នូវចំណុចថាអាចសួរឬមិនអាចសួរ។ ជាក់ស្ដែង ពេលជួបនរណាម្នាក់ភ្លាមៗមិនគួរសួរពាក់ព័ន្ធនឹងប្រាក់ខែ ព្រោះនៅពេលសួរនរណាម្នាក់ពីចំនួនលុយរបស់គេ វានឹងធ្វើឱ្យគាត់គិតថាយើងកំពុងតែវាយតម្លៃលើគាត់ ធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ។ ជាជាងសួរការងារប្រាក់ខែប៉ុន្មាន អាចសួរធ្វើការនៅណា និងការសួរចង់ដឹងពីបទពិសោធន៍ការងាររបស់គាត់ជាដើម។
- ការប្រើក្រសែភ្នែកៈ មិនថានិយាយជាមួយអ្នកស្គាល់ថ្មីៗឬស្គាល់យូរក៏ដោយ ពេលនិយាយជាមួយគាត់ត្រូវមើលមុខដោយ ការប្រើក្រសែភ្នែកយកចិត្តទុកដាក់ដែលអាចជួយឱ្យអ្នកនិយាយជាមួយមានអារម្មណ៍ថាយើងចាប់អារម្មណ៍ក្នុងការជជែកនោះ។ ពេលកំពុងនិយាយជាមួយគ្គ្នា មិនគួរទាញយកទូរស័ព្ទមកចុចលេងនោះទេ ព្រោះជាអកប្បកិរិយាមិនគោរពអ្នកដទៃ។
- សុំអនុញ្ញាតៈ កំឡុងពេលកំពុងនិយាយគ្នាស្រាប់តែមាននរណាទូរស័ព្ទមក មិនគួរទាញហើយដើរចេញពីកិច្ចសន្ទនានោះ ភ្លាមៗនោះទេ ត្រូវប្រាប់ឬស្នើរសុំចេញទៅនិយាយមួយភ្លែតឬអាចអាចបញ្ជាក់ទៅកាន់ភាគីម្ខាងទៀតត្រឡប់មកវិញនៅពេល ណាមួយ។
- គិតលើកាយវិការៈ ការប្រើប្រាស់កភាសាកាយវិការភ្យបានសមរម្យ ជាអ្វីដែលត្រូវបានគេមើលរំលង។ ឧទាហរណ៍ ពេលជួបគ្នាភ្លាម គេកំពុងឈរនិយាយ បែរជាយើងទាញកៅអីមកអង្គុយនិយាយជាមួយគេ ដែលជាកាយវិការមិនសមរម្យឡើយ។យោបល់ល្អគួរតែឈរឬអង្គុយនិយាយដូចគ្នាកុំឱ្យនរណាម្នាក់មានអារម្មណ៍ ទើសទាល់ ឬក៏អាចរកកន្លែងសម្រួលឥរិយាបថឱ្យបានសមរម្យទាំងអស់គ្នា។
៣. ការបញ្ចប់កិច្ចសន្ទនា
ជាទូទៅ ដើម្បីបញ្ចាប់សន្ទនាយើងអាចប្រើប្រាស់រូបភាពសាមញ្ញបាន។ អ្នកអាចប្រាប់គេថាត្រូវមានការងារបន្ទាន់ សុំចេញទៅកន្លែងណាមួយ។ ហើយប្រសិនក្នុងករណី អ្នកចង់ធ្វើការទំនាក់ទំនងសម្រាប់ពេលក្រោយ
អ្នកអាចសួរលេខទំនាក់ទំនង ឬ ផ្លាស់ប្តូរនាមប័ណ្ណ ដើម្បីភាពងាយស្រួលក្នុងការទំនាក់ទំនងនាពេលអនាគត។
ជាទូទៅមនុស្សជាច្រើនគិតថា ជំនាញប្រាស្រ័យទាក់ទង គ្រាន់តែចេះនិយាយជាមួយអ្នកដទៃ មិនឆ្គងទៅបានហើយ។ ប៉ុន្តែជាក់ស្ដែង លក្ខណៈសំខាន់នៃការប្រាស្រ័យទាក់ទងគឺផ្ដោតទាំងលើការប្រើប្រាស់ពាក្យពេចន៍ សម្លេង អារម្មណ៍ និងកាយវិការ ដើម្បីធ្វើឱ្យបុគ្គលដែលកំពុងនិយាយជាមួយទទួលបានសារយ៉ាងមានប្រសិទ្ធភាព។
ការចេះរួមបញ្ចូលនូវចំណុចទាំងនេះ នឹងអាចជួយសម្រេចនូវការបញ្ជូលសារដែលយើងចង់និយាយ មានន័យថាអ្នកដែលទទួលសារនោះ បានយល់ពីអត្ថន័យ ដោយមិនមានការភ័ន្តច្រឡំ។ ជាពិសេស ការបង្កើតបណ្តាញប្រាស្រ័យទាក់ទងគឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ខ្លួន។ លើសពីនេះការរាប់អាននិងការបង្កើតមិត្តភាពថ្មីៗមានសារៈសំខាន់សម្រាប់សុខុមាលភាពសង្គម ដែលប្រៀបដូចជាថ្នាំប៉ូវបំពេញក្នុងជីវិត និងអាចពង្រឹងភាពក្លាហានរបស់អ្នកដើម្បីក្លាយជាពលរដ្ឋពេញលេញមួយរូបផងដែរ៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8