តើយុវជនគួរពិចារណាលើអ្វីខ្លះពេលជ្រើសរើសមុខជំនាញសិក្សាថ្នាក់ឧត្តមសិក្សា?
«ដឹងថាខ្លួនឯងចង់រៀនអ្វីនៅ?» «មិនដឹងរៀនអ្វីទេ ប្រហែលតាមគ្នាយើងដែរ។» «រៀនវិស្វកម្ម ចប់ទៅធ្វើការអ្វី?» «ប៉ា ម៉ាក់ចង់ឱ្យរៀនពេទ្យ។» «មិនទាន់ដឹងទេ មិនដឹងខ្លួនចង់រៀនអ្វីឱ្យប្រាកដទេ។» «រៀនធនាគារទៅ ដឹងតែមានការងារធ្វើស្រួល។»
សំណួរនិងចម្លើយខាងលើទាំងអស់នេះ ប្រហែលសុទ្ធតែជាអ្វីដែលសិស្សថ្នាក់ទី១២ តែងតែសួរគ្នា ឬត្រូវបានអ្នកដទៃសួរ។ ការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវបានមនុស្សភាគច្រើន ក៏ដូចជាសិស្ស ចាត់ទុកជា ការសម្រេចចិត្តដ៏ធំមួយក្នុងជីវិត។
ជានិច្ចកាលក្នុងដំណាក់កាលនេះ យុវជនតែងតែគិតថាខ្លួនមានឱកាសតែម្តងប៉ុណ្នោះ ក្នុងការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ដូចនេះ ពួកគេដាក់បន្ទុកលើខ្លួនឯងថា ខ្លួនត្រូវតែជ្រើសយកជម្រើសដែលល្អបំផុត ព្រោះពេលវេលាមិនវិលត្រឡប់ក្រោយនោះទេ។ ម្យ៉ាងទៀត មនុស្សក្នុងសង្គមខែ្មរ ភាគច្រើនគិតថា មានតែការជ្រើសរើសមុខវិជ្ជាសិក្សាឱ្យបានត្រឹមត្រូវទេ ទើបមានការងារល្អធ្វើនៅថ្ងៃអនាគត។
ប៉ុន្តែ នៅពេលថ្មីនេះក៏មានបុគ្គលជាច្រើនគិតថា ការជ្រើសរើសមុខជំនាញសិក្សាមិនសំខាន់ខ្លាំងទៀតនោះទេ ពីព្រោះក្រោយពេលរៀនអស់រយៈ៤ឆ្នាំចប់ មានមនុស្សជាច្រើនបានធ្វើការខុសពីចំណេះជំនាញ។
ថ្វីបើគ្មានតួលេខជាក់ស្ដែង ប៉ុន្តែយើងអាចនិយាយបានថា នេះគឺជានិន្នាការសង្គមថ្មីផងដែរ ដូចដែលសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយអំពី បុគ្គលជោគជ័យមួយចំនួន ក្នុងអាជីវកម្មរបស់ពួកគេ។
បើក្រឡេកមើលទៅមួយជ្រុងទៀត សព្វថ្ងៃនេះ យើងកំពុងស្ថិតនៅពិភពលោកមួយដែល មនុស្សម្នាតែងតែណែនាំថា «យើងគួរតែធ្វើអ្វី និងរៀនអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ ព្រោះអ្នកគឺជាម្ចាស់ជីវិតរបស់ខ្លួន»។ ជារឿយៗ ប្រយោគនេះ ត្រូវបានគេហទំព័រអំពីការអភិវឌ្ឍខ្លួន ឬបុគ្គលជោគជ័យជាច្រើនរូបក្នុងពិភពលោក ប្រើប្រាស់ជាបច្ច័យគំនិតទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឬចាប់ផ្តើមអាជីវកម្មអ្វីមួយ។
មួយវិញទៀត យុវជនខ្មែរបច្ចុប្បន្ន នៅពេលត្រូវសម្រេចចិត្តធ្វើអ្វីមួយ ពួកគេ ក៏ឱ្យតម្លៃ ផ្ដេកផ្ដួលលើកត្តាខាងក្រៅដើម្បីស្វែងរកអ្វីដែលបណ្ដាលចិត្តដែរ។ ដូចនេះ ពាក្យសម្តី ឬការគិតមួយចំនួនរបស់បុគ្គលជោគជ័យផ្សេងៗទៀត មានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តក្នុងជីវិតរបស់ពួកគេ។
ការណែនាំខាងលើនេះ ស្តាប់ទៅដូចជារឿងដែលងាយស្រួលមួយ។ នោះគឺ ជាការសាទរមួយ ប្រសិនបើអ្នកដឹងច្បាស់ថាខ្លួន ចូលចិត្តនិងស្រឡាញ់អ្វីច្បាស់លាស់តាំងពីក្មេង ឬ នៅក្នុងពេលសិក្សាថ្នាក់វិទ្យាល័យ ប៉ុន្តែ យើងមិនគួរភ្លេចទេថា មិនមែនមនុស្សគ្រប់គ្នាដឹងថា ខ្លួនចូលចិត្ត ហើយចង់រៀនអ្វីច្បាស់លាស់តាំងពីដើមនោះទេ។
ម្យ៉ាងទៀតការជ្រើសរើសមុខជំនាញ មិនចប់ត្រឹមការដែលសាមីខ្លួនដឹងថាខ្លួនឯងស្រឡាញ់ ឬមានទំនោរទៅលើអ្វីនោះទេ។ យើងមើលឃើញថា ការជំរុញពីគ្រួសារ ការតាមគ្នីគ្នា និន្នាការសង្គម និងទីផ្សារការងារ នៅតែមានឥទ្ធិពលលើការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗនៅឡើយ។ យុវជនខ្លះដឹងច្បាស់ថាខ្លួនចូលចិត្តអ្វី ប៉ុន្តែមិនមានឱកាសរៀនជំនាញដែលខ្លួនពេញចិត្ត ដោយសារអាណាព្យាបាលមិនយល់ស្របនឹងជំនាញនោះ។ យើងអាចឃើញតាមរយៈឧទាហរណ៍អំពីជំនាញនៅក្នុងវិស័យសិល្បៈ ដែលមានអាណាព្យាបាលមួយចំនួន មិនបានផ្តល់ការគាំទ្រឱ្យកូនៗបន្តជាអាជីព លើហេតុផលថា ជាអាជីពដែលមិនមិនមានស្ថេរភាព ហើយមិនសូវមានតម្លៃក្នុងសង្គម។
កន្លងមកនេះ យើងមើលឃើញថាជំនាញសិក្សាដែលយុវជននិយមជ្រើសរើស មានដូចជា វេជ្ជសាស្ត្រ ធនាគារ ហិរញ្ញវត្ថុ វិស្វកម្ម ស្ថាបត្យកម្ម គ្រប់គ្រង នីតិសាស្ត្រ ព័ត៌មានវិទ្យា ភាសាបរទេស និងគ្រូបង្រៀន។ ការជ្រើសយកជំនាញខាងលើតៗគ្នានេះ បានធ្វើអាណាព្យាបាល និងមនុស្សភាគច្រើនគិតថា ជំនាញទាំងនោះគឺជា ជម្រើសល្អ ហើយចង់ឱ្យកូនៗរបស់ខ្លួនជ្រើសរើសដូចគេឯងដែរ។
ភាពចន្លោះប្រហោង គឺកង្វះការចោតសួរពីស្ថានភាពការងារទៅថ្ងៃអនាគតរបស់ជំនាញទាំងនោះ និងថាតើសង្គមរបស់យើងកំពុងត្រូវការជំនាញណាខ្លះនិងខ្វះខាតអ្វីឱ្យពិតប្រាកដនៅឡើយ។
តាមពិតទៅគំនាបពីគ្រួសារ មានឥទ្ធិពលអវិជ្ជមានទៅលើយុវជន ព្រោះការដែលដើរតាម និងតម្រូវចិត្តគ្រួសារទាំងស្រុង ធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការស្វែងយល់ពីខ្លួនឯង។ ការសិក្សាតាមមិត្តភក្តិ ក៏ជិះឥទ្ធិពលស្រដៀងគ្នាដែលនៅក្នុងប្រធានបទនេះ។ ដោយមិនដឹងខ្លួនចូលចិត្តអ្វី យុវជនជាភាគច្រើនជ្រើសរើសមហាវិទ្យាល័យតាមមិត្តភក្តិជិតសិ្នទ នៅថ្នាក់វិទ្យាល័យរបស់ខ្លួន ដែលការណ៍រារាំងពួកគេពីការស្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង។
ជាក់ស្តែង ការជ្រើសរើសជំនាញសិក្សា ឱ្យត្រឹមត្រូវតាមចំណង់ចំណូលចិត្ត និងឆ្លើយតបនឹងទីផ្សារការងារ ក៏មិនទាន់បញ្ចប់ ការពិភាក្សាលើប្រធានបទអាជីពនោះទេ។ សង្គមបច្ចុប្បន្ន ក៏ដូចជាពិភពលោកយើង កំពុងមានការផ្លាស់ប្តូរ ហើយវិវត្តទៅមុខក្នុងល្បឿនលឿនជារៀងរាល់ថ្ងៃ ហើយអាជីព និងការងារក៏ដូចដែរគ្នា។
កន្លងមកនេះ ក្នុងប្រវត្តិមនុស្សសាស្រ្ត យើងបានឆ្លងកាត់ “បដិវត្តធំៗក្នុងសង្គម” ច្រើនដងរួចហើយ ដែលក្នុងនោះមាន ការផ្លាស់ប្ដូរពីសង្គមកសិកម្ម (Agrarain Society) មក បដិវត្តឧស្សាហកម្ម (Industrial Revolution) និងក្រោយមកទៀត បដិវត្តស្វ័យប្រវត្តិកម្ម (Automation) ដែលមនុស្សជាច្រើន ជាពិសេសអ្នកធ្វើការក្នុងរោងចក្របានបាត់បង់ការងាររបស់ខ្លួន ព្រោះការងារទាំងនោះត្រូវបានជំនួសដោយគ្រឿងម៉ាសុីនស្វ័យប្រវត្តិវិញ។បន្ទាប់ពីបដិវត្តស្វ័យប្រវត្តិកម្ម ពិភពលោកក៏ជួបនឹង បដិវត្តឌីជីថល និងបច្ចេកទេសមនុស្សយន្តផងដែរ។ បដិវត្តឌីជីថលនិងបច្ចេកទេសមនុស្សយន្ត បានធ្វើឱ្យការងារជាច្រើនលែងជាតម្រូវការទៀតនៅក្នុងពិភពលោក។
នាពេលចុងក្រោយនេះ ប្រទេសកម្ពុជា និងពិភពលោកកំពុងត្រៀមខ្លួនសម្រាប់បដិវត្ត ឧស្សាហកម្ម ៤.០ ដែលជា ជាស្វ័យប្រវត្តិកម្ម ផ្លាស់ប្តូរការផលិតតាមបែបប្រពៃណីនិងការអនុវត្តក្នុងវិស័យឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបវិញ។ ហើយជំនាញខាងផ្នែកវិទ្យាសាស្ត្រ និងចំណេះដឹងផ្នែកបច្ចេកទេសនឹងក្លាយជាជំនាញចាំបាច់បំផុត។ ដើម្បីដើរឱ្យទាន់បដិវត្តនេះ អង្គការការងារពិភពលោក (International Labour Organization) ដាក់កំហិតឱ្យប្រទេសដែលជាសមាជិក ចាំបាច់ត្រូវធានាថា កម្មករ និយោជិក និងយុវជន ទទួលបានការអប់រំចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួលបានជំនាញមួយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់។
ធនាគារអភិវឌ្ឍន៍អាសុី (ADB) ចង្អុលនៅក្នុងរបាយការណ៍ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៩ ថា កម្ពុជាមិនទាន់មានជំនាញសម្រាប់បដិវត្តឧស្សាហកម្ម ដែលអ្នកវិនិយោគទុនត្រូវការនៅឡើយទេ។ ដូចនេះ កម្ពុជាត្រូវខិតខំកាត់បន្ថយគម្លាតនោះ ដោយការជួយឱ្យសិស្ស និស្សិតរៀននូវជំនាញដែលចាំបាច់សម្រាប់ យុគឌីជីថល។ របាយការណ៍ដដែលនេះ ក៏បានបង្ហាញថា បដិវត្តឧស្សាហកម្ម ៤.0 នឹងប៉ះពាល់លើការងាររបស់មនុស្ស ហើយនឹងនាំឱ្យមានការអត់ការងារធ្វើ។ ដូចនេះ កម្ពុជាត្រូវធ្វើឱ្យប្រាកដថា ប្រជាជនមានជំនាញសំខាន់ៗសម្រាប់ការវិវត្តន៍ខាងមុខនេះ។
ខណៈនេះ យុវជនដែលនឹងត្រូវធ្វើការជ្រើសរើសមុខជំនាញនាពេលខាងមុខក៏ត្រូវ ពិចារណាលើនិន្នាការការងារទៅថ្ងៃអនាគតផងដែរ។ យោងតាម ការស្រាវជ្រាវមួយហៅថា The Future of Employment ដោយសកលវិទ្យាល័យ Oxford ការងារដែលមិនមានសុវត្ថិភាពនៅថ្ងៃអនាគត មានដូចជា អ្នកធ្វើការក្នុងវិស័យទូរគមនាគមន៍ មន្ត្រីឥណទាន អ្នកបេឡា អ្នកជំនួយការមេធាវី អ្នកជំនួយការផ្នែកច្បាប់ អ្នកបើកតាក់សុី និង អ្នកធ្វើអាហាររហ័ស (Fast Food)។
ការសិក្សាដដែលនេះ ក៏បានបង្ហាញពីការងារដែលមានហានិភ័យតិចក្នុងការបាត់បង់នៅថ្ងៃអនាគតដែរ។ ក្នុងនោះរួមមាន អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត អ្នកប្រឹក្សាផ្នែកការងារ អ្នកឯកទេសខាងចំណីអាហារនិងអាហារូបត្ថម្ភ គ្រូពេទ្យ និង គ្រូពេទ្យវះកាត់។
យោងតាម ទស្សនាវដ្ដី Forbes អ្នកជំនាញបច្ចេកវិទ្យាព្យាករណ៍ថា ការងារដូចជា អ្នកប្រឹក្សាធានារ៉ាប់រង អ្នកធ្វើការនៅឃ្លាំង និង វិស័យផលិតកម្ម សេវាកម្មអតិថិជន អ្នកបញ្ចូលទន្និន័យការស្រាវជ្រាវ សេវាកម្មធនាគារ សេវាកម្មអាហាររហ័ស (Fast Food Service) មានហានិភ័យក្នុងការបាត់វត្តមានពីក្នុងពិភពលោក ហើយជំនួសដោយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបវិញ។
ការងារក្នុងវិស័យផុយស្រួយនៅថ្ងៃអនាគត គឺវិស័យផលិតកម្ម និងកសិកម្ម។ ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ការងារដែលប្រើកម្លាំងពលកម្មមួយចំនួននៅក្នុងវិស័យទាំងពីរនេះត្រូវបានជំនួសដោម៉ាសុីនបណ្តើរៗផងដែរ។
ទន្ទឹមគ្នានេះដែល ការងារមួយចំនួនត្រូវបានអ្នកជំនាញព្យាករណ៍ថានឹង មានតម្រូវការខ្លាំងនៅពេលអនាគត ក្រោយពេលជួបវិបិត្តកូវីដ១៩នេះមក។ ក្នុងនោះរួមមាន អ្នកឯកទេសម្លេងអនឡាញ អ្នកសម្របសម្រួលសុខភាពតាមទូរស័ព្ទ អ្នកប្រឹក្សាផ្នែកអនាម័យ និង អ្នករៀបចំកម្មវិធីអឡាញ។
ដូចនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនៅថ្ងៃអនាគត យុវជនគួរចាប់ផ្តើមឱ្យតម្លៃលើជំនាញទន់ ដូចជា អក្ខរកម្មប្រព័ន្ធឌីជីថល គំនិតឆ្នៃប្រឌិត ការប្រាស្រ័យទាក់ទង និង ការត្រិះរិះពិចារណា ឱ្យបានច្រើនជាងមុន ព្រោះនេះ គឺជាជំនាញជាប់ខ្លួនដែលមនុស្សយន្ត និងបច្ចេកវិទ្យាទំនើប មិនទាន់បំពេញបាននៅឡើយ ហើយអាចជួយឱ្យយើងមានការបត់បែនបានទាន់ពេលវេលា។
ការពិភាក្សាលើជំនាញ គឺជាប្រធានបទដែលមិនចេះ ចប់មិនចេះហើយមួយ ព្រោះសង្គមតែងតែផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយអ្វីដែលយើងអាចធ្វើបាន នោះគឺការសម្របខ្លួនហើយ ស្វ័យសិក្សាបន្ថែមតាមប្រព័ន្ធអុីនធឺណិត និងការប្រើប្រាស់វាឱ្យបានត្រឹមត្រូវ មានសុវត្ថិភាពហើយមានប្រយោជន៍។
លើសពីនេះ ទាំងយុវជនជំនាន់ក្រោយ និងអ្នកកំពុងមានការងារធ្វើក្តី ត្រូវបើកចំហរហើយទទួលយក បច្ចេកវិទ្យាទំនើប ហើយព្យាយាមអភិវឌ្ឍន៍ជំនាញខ្លួនឯងឱ្យស្របតាមការវិវត្តសង្គមជានិច្ច៕